សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​នឹង​បើក​កិច្ច ប្រជុំ​ដំណាច់ឆ្នាំ​នៅ​ខែធ្នូ នៅ​រដ្ឋ Washington

សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម នឹង​រៀបចំ​សន្និបាត​ប្រចាំឆ្នាំ ២០១៥ នៅ​ខែធ្នូ ខាងមុខនេះ នៅ​រដ្ឋ Washington សហរដ្ឋអាមេរិក ដើម្បី​ថ្នាក់ដឹកនាំ និង​សមាជិក​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម នៅ​ជុំវិញ​ពិភពលោក​ពិភាក្សា​អំពី សមិទ្ធផល​ដែល​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បានធ្វើ​មួយឆ្នាំ​កន្លងមក និង​ឡើង​គម្រោង​សម្រាប់​បេសកម្ម ឆ្នាំ​ថ្មី ។ នេះ​បើ​យោងតាម​លិខិត​ជូនដំណឹង​មួយ​ចុះ​ថ្ងៃទី ១២ ខែសីហា ឆ្នាំ ២០១៥ ដោយ លោក ថាច់ ង៉ុ​ក ថាច់ ប្រធាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ។​

ថតរូបអនុស្សាវរីយ៍ បន្ទាប់ពីបញ្ចប់កិច្ចប្រជុំដំណាច់ឆ្នាំ នៃសហព័ន្ធខ្មែរកម្ពុជាក្រោម នៅ វត្តកម្ពុជាក្រោម ទីក្រុង Long Beach រដ្ឋ California សហរដ្ឋអាមេរិក ថ្ងៃទី ១៤ ខែធ្នុ ឆ្នាំ ២០១៤ ។
ថតរូបអនុស្សាវរីយ៍ បន្ទាប់ពីបញ្ចប់កិច្ចប្រជុំដំណាច់ឆ្នាំ នៃសហព័ន្ធខ្មែរកម្ពុជាក្រោម នៅ វត្តកម្ពុជាក្រោម ទីក្រុង Long Beach រដ្ឋ California សហរដ្ឋអាមេរិក ថ្ងៃទី ១៤ ខែធ្នុ ឆ្នាំ ២០១៤ ។

យោងតាម​លិខិត​នេះ​បាន​បញ្ជាក់ថា​៖ ” យើងខ្ញុំ​មាន​សេចក្តីសោមនស្ស​សូម​និមន្ត និង​អញ្ជើញលោក លោក ស្រី​ជា​គណៈ កម្ម​ការ​នាយក​, តំណាង​ទទួលខុសត្រូវ​គ្រប់​ស្ថាប័ន​នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​, ប្រធាន​ទ្វីប​, ប្រទេស​, រដ្ឋ និង ស្រុក​ជុំវិញ ពិភពលោក សូម​និមន្ត និង​អញ្ជើញ​ទៅ​ចូលរួម​សន្និបាត​ប្រចាំឆ្នាំ​របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ចាប់ពី​ថ្ងៃទី ១៨ ដល់ទី ២០ ខែធ្នូ ឆ្នាំ ២0១៥ នៅ​ទីក្រុង Tacoma រដ្ឋ Washington សហរដ្ឋអាមេរិក ។​

​សន្និបាត​នឹងត្រូវ​ទំ​នុង​បំរុង និង​រៀបចំ​ដោយ​សមាជិក សមាជិកា និង​អ្នកគាំទ្រ​សាខា​សហព័ន្ធ​ខ្មែរ កម្ពុជា​ក្រោម ប្រចាំ​រដ្ឋ Washington ។​

​កិច្ចប្រជុំ​ប្រចាំឆ្នាំ ជា​ឱកាស​ដែល​តំណាង​នីមួយៗ​បាន​ពិគ្រោះ​ផ្តល់យោបល់​លើ​ចំណុច​សំខាន់ៗ ដូចជា គោលនយោបាយ “​ដំណើរ​ឆ្ពោះទៅកាន់​មាតុភូមិ​កម្ពុជា​ក្រោម​” យោងតាម​សេចក្ដីប្រកាស​ជា​សកល​ស្ដីពី សិទ្ធិមនុស្ស និង​សិទ្ធិ​ជនជាតិដើម របស់ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ។​

​ក្រៅពីនេះ គណៈកម្មការ​នាយក​, តំណាង​ទទួលខុសត្រូវ​គ្រប់​ស្ថាប័ន​នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​, ប្រធាន​ទ្វីប​, ប្រទេស​, រដ្ឋ និង​ស្រុក​ជុំវិញ​ពិភពលោក នឹង​ឡើង​ធ្វើ​សេចក្ដីរាយការណ៍​ដល់​អ​ង្គ​ប្រជុំ​អំពី​សមិទ្ធិផល ដែល​ខ្លួន​បាន ធ្វើ​ក្នុង មួយឆ្នាំ​កន្លងទៅ នេះ និង​ចេញ​ផែនការ​ថ្មី​សម្រាប់​អនុវត្ត​ក្នុង​ឆ្នាំ​ថ្មី ផងដែរ ។​

​កិច្ចប្រជុំ​នេះ ក៏​នឹង​ពិភាក្សា​អំពី​គម្រោង​ការរៀបចំ​មហាសន្និបាត​សកល លើក​ទី ១០ នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា ក្រោម​ដែល នឹង​ប្រព្រឹត្ត ទៅ​នៅក្នុង​ខែមិថុនា ឆ្នាំ ២០១៦ ខាងមុខនេះ ដើម្បី​បោះឆ្នោត​ជ្រើសរើស​គណៈកម្មការ នាយក សហព័ន្ធ​ខ្មែរ​កម្ពុជា ក្រោម សម្រាប់​អាណត្តិ​កាល ទី ៦ ពី​ឆ្នាំ ២០១៦ ដល់ ២០២០ ។​

​កម្មវិធី​ពិស្តារ​នឹង​ជម្រាបជូន​នាពេល​ក្រោយ មុនពេល​សន្និបាត ។​

អាស្រ័យហេតុនេះ សូម​ព្រះតេជព្រះគុណ លោក លោកស្រី យុវជន យុវតី មេត្តា​ទាក់ទង​មក​៖

១. លោក តាំង ឡា​ត ទូរស័ព្ទ​៖ ២៥៣ ២៧១ ១៤៩៣
២. លោក ថាច់ សាមី ទូរស័ព្ទ​៖ ២៥៣ ២២៨ ៥៣៧៨​