តុលាការ​ដោះលែង​ព្រះសង្ឃ​ខ្មែរក្រោម​ក្រោយពី​ឃុំ​ព្រះកាយ​រយៈពេល ២ ឆ្នាំ

ដោយ ស៊ឺន ចែងចើន| VOKK

​ព្រះសង្ឃ​ខ្មែរក្រោម ដែល​ត្រូវបាន​សមត្ថកិច្ច​ខ្មែរ ចាប់​ព្រះកាយ​ផ្សឹក កាលពី​ថ្ងៃទី ១ ខែសីហា ២០១៥ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ទី ៣ សីហា ២០១៧ នេះ ត្រូវបាន​តុលាការ​ដោះលែង ឲ្យ​មាន​សេរីភាព​វិញ​ហើយ ក្រោយពី​ជាប់ពន្ធនាគារ​អស់​រយៈពេល ២ ឆ្នាំ ។​

ព្រះតេជព្រះគុណ ដាវ ទេព្យ កំពុងបំពេញបែបបទចេញពីពន្ធនាគារ ។ រូបថតៈ ស៊ឺន ចែងចើន
ព្រះតេជព្រះគុណ ដាវ ទេព្យ កំពុងបំពេញបែបបទចេញពីពន្ធនាគារ ។ រូបថតៈ ស៊ឺន ចែងចើន

​ព្រះសង្ឃ​ខ្មែរក្រោម ដែល​ត្រូវបាន​តុលាការ​ដោះលែង​ពេលនេះ គឺ​ព្រះនាម ដាវ ទេ​ព្យ ។ ព្រះអង្គ​ត្រូវបាន​សមត្ថកិច្ច​ខ្មែរ​ចាប់ខ្លួន កាលពី​ខែសីហា ឆ្នាំ ២០១៥ ជាមួយ​ព្រះសង្ឃ​ខ្មែរក្រោម ១ អង្គ​ផ្សេងទៀត ព្រះនាម ជា វណ្ណដា ។​

​បន្ទាប់ពី​ចេញមក​ដល់​ខាងក្រៅ​ពន្ធនាគារ ព្រះតេជព្រះគុណ ដាវ ទេ​ព្យ បាន​ស្រែក ដោយ​ចាត់ទុកថា ការសម្រេច​របស់​តុលាការ គឺជា​អំពើ​អយុត្តិធម៌​សម្រាប់​ព្រះអង្គ និង​ជា​ចេតនា​របស់ក្រុមបាតដៃ​ប្រឡាក់​ឈាម ដែល​ព្រះអង្គ​ចង់​សំដៅទៅលើក្រុម​បាតដៃ​ទី​បី ពោលគឺ​យួន ជា​អ្នក​នៅ​ពីក្រោយ និង​បញ្ជា​រដ្ឋាភិបាល​ខ្មែរ​ឲ្យ​ចាប់ខ្លួន​ព្រះអង្គ​ផ្សឹក និង​ដាក់គុក ។

ជាងនេះទៅទៀត ព្រះអង្គ​បាន​មាន​សង្ឃដីកា​បន្ថែមថា ​តុលា​ការបាន​ប្រឌិត​វត្ថុតាង​យកមក​ដាក់បន្ទុក​ធ្វើជា​មូលដ្ឋាន ដើម្បីដាក់ទោស​កំហុស និង​លាប​ពណ៌​មកលើ​ព្រះអង្គ ដើម្បី​ជា​លេស​ក្នុងការ​ចាប់ខ្លួន ។​

​ព្រះតេជព្រះគុណ ដាវ ទេ​ព្យ បាន​បញ្ជាក់ថា រដ្ឋាភិបាល​យួន​ប៉ុនប៉ង​ចាប់ខ្លួន​ព្រះអង្គ និង​ព្រះតេជព្រះគុណ ស៊ឺន ហាយ ។ ដូច្នេះ ពួកគេ​បាន​រក​គ្រប់​មធ្យោបាយ ដើម្បី​ទម្លាក់កំហុស​លើ​ព្រះ​អង្គ ។ ដោយសារតែ​ព្រះអង្គ ធ្លាប់បាន​ចូលរួម​យ៉ាងសកម្ម​ក្នុងការ​តវ៉ា​នានា ដូចជា​ការធ្វើ​បាតុកម្ម​ប្រឆាំង​ស្ថានទូត​វៀតណាម នៅ​ទីក្រុង​ភ្នំពេញ និង​ការចូលរួម​ទៅពិនិត្យ​មើល​តំបន់​ព្រំដែន​ជាដើម ។​

កាលពី​ថ្ងៃទី ១ ខែមេសា ២០១៦ សាលាដំបូង​រាជធានី​ភ្នំពេញ ផ្ដន្ទាទោស​ព្រះសង្ឃ​ខ្មែរក្រោម​ទាំង ២ អង្គ​ ឲ្យ​ជាប់ពន្ធនាគារ​ពី ៣ ខែ ដល់ ២ ឆ្នាំ ពីបទ​គំរាម​សម្លាប់ និង​រក្សា​សារធាតុ​ញៀន ។​

ព្រះតេជព្រះគុណ ដាវ ទេ​ព្យ ត្រូវបាន​តុលាការ​កាត់ទោស​ឲ្យ​ជាប់ពន្ធនាគារ​ចំនួន ២ ឆ្នាំ ។ ចំណែក ព្រះតេជព្រះគុណ ជា វណ្ណដា ត្រូវបាន​កាត់​ឲ្យ​ជាប់ទោស​ចំនួន ៣ ខែ ដោយ​កែប្រែ​បទចោទ ពី​ការប្រើប្រាស់​ឯកសារ​សាធារណៈ​ក្លែង ទៅជា​បទ​ស្លៀកដណ្តប់​បែប​ព្រះពុទ្ធសាសនា ដោយ​គ្មាន​សិទ្ធិ ។ រីឯ​បទ​គំរាម​សម្លាប់ និង​ការ​រក្សាទុក​សារធាតុ​ញៀន ត្រូវបាន​តុលាការ ទម្លាក់ចោល​វិញ ។

នៅថ្ងៃទី ១៦ មេសា ២០១៦ ព្រះតេជព្រះគុណ​ ជា វណ្ណដា ត្រូវ​បាន​តុលាការ​ដោះលែង​វិញ ក្រោយ​ឃុំ​ខ្លួន​ ៨​ ខែ ។ ប៉ុន្តែ ក្នុង​ពេល​រង់ចាំប្រកាស​សាលក្រមផ្តន្ទាទោស ព្រះអង្គ​ត្រូវ​បាន​ឃុំ​ខ្លួនលើសចំនួន ៥ ​ខែ​ហើយ បើគិត​ចាប់​តាំង​ពី​ខែ​សីហាឆ្នាំ​ ២០១៥ មក ។ ​

ក្រោយពីរួច​ទោស ​ចេញ​ពី​ពន្ធនាគារ​ ព្រះតេជព្រះគុណ ជា វណ្ណដា ក៏​បាន​បួស​ជា​ព្រះសង្ឃ​ឡើង​វិញ នៅ​វត្ត​សាមគ្គីរង្សី សង្កាត់​ស្ទឹងមានជ័យ ខណ្ឌ​មានជ័យ រហូត​មក​ ។

គួររំឭកថា កាលពី​ថ្ងៃទី ១ ខែសីហា ២០១៥ អាជ្ញាធរ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​សហការ​ជាមួយ​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​ក្រុង និង​មន្ត្រី​ធម្មការ បាន​ចុះទៅ​ត្រួតពិនិត្យ​រដ្ឋបាល នៅក្នុង​វត្ត​អង្គ​តា​ម៉ិ​ញ ស្ថិតនៅ​ភូមិ​គោក​ចំបក់ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ ក្នុង​ប្រតិបត្តិការ​នោះ អាជ្ញាធរ​បាន​ឃាត់ខ្លួន​ព្រះសង្ឃ​ពីរ​អង្គ ដែលជា​ព្រះ​ខ្មែរក្រោម បន្ទាប់មក​អាជ្ញាធរ​ចម្រុះ ក៏បាន​រកឃើញ​នៅក្នុង​កុដិ​ព្រះសង្ឃ​ទាំងពីរ​អង្គ​នេះ នូវ​គ្រឿងញៀន​មួយកញ្ចប់​តូច ដាវ​សាំ​មា​រ៉ៃ ១ កូនកាំបិត ១ ប៉័ងតោ ១ ស្រោមអនាម័យ ១ កញ្ចប់ និង​សម្ភារៈ​មួយចំនួនទៀត ។​

​ទាក់ទិន នឹង​ករណី​ចាប់​ព្រះកាយ​ព្រះសង្ឃ​ខ្មែរក្រោម​ផ្សឹក​នេះដែរ កន្លងមក​សង្គម​ស៊ីវិល​បាន​រិះគន់​ទៅលើ​ចំណាត់ការ​របស់​សមត្ថ​កិច្ច និង​តុលាការ​ចំពោះ​ករណី​ព្រះសង្ឃ​ទាំង ២ អង្គ ។ ពួកគេ​ថា វត្ថុតាង​ដែល​តុលា​ការយកមក​ដាក់បន្ទុក មិនអាច​យក​ធ្វើជា​មូលដ្ឋាន​ច្បាប់​បានឡើយ ដោយហេតុថា ក្នុងពេល​សមត្ថកិច្ច​ស្វែងរក​វត្ថុតាង ព្រះសង្ឃ​ទាំង ២ អង្គ​មិន​ឋិត​នៅ​កន្លែង​ឡើយ ហើយ​ក្រោយមក​ត្រូវបាន​សមត្ថកិច្ច​ចាប់បង្ខំ​ឲ្យ​ផ្តិតមេដៃ​ទទួលស្គាល់ វត្ថុតាង​ទៅវិញ ។ លើសពីនេះ យុវជន​ដែលជា​ដើមបណ្ដឹង​ប្ដឹង​ព្រះអង្គ​ទាំងពីរ ពីបទ​គំរាម​សម្លាប់ ក៏ត្រូវ​សមត្ថកិច្ច​បង្ខំ​ឲ្យ​ផ្ដិតមេដៃ​លើ​ពាក្យបណ្ដឹង ហើយ​ក្រោយមក​យុវជន​រូបនោះ​ថែមទាំង​បាន​ដក​ពាក្យបណ្ដឹង​វិញ​ទៀតផង ។​

​សូមបញ្ជាក់ថា នៅ​ព្រឹក​ថ្ងៃ​ដដែល ព្រះតេជព្រះគុណ ដាវ ទេ​ព្យ ក៏បាន​សាង​ផ្នួស​ឡើងវិញ នៅ​វត្ត​សាមគ្គី​រង្សី ស្ថិត​នៅ​ភូមិ​ទ្រា ០២ សង្កាត់​ស្ទឹងមានជ័យ ខ័​ណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ ។ ព្រះអង្គ​បាន​តាំងចិត្ត និង​ប្តេជ្ញា​ថា នឹង​នៅតែ​បន្ត​ចូលរួម​កិច្ចការងារ​សង្គម ដើម្បី​ឲ្យ​មានការ​កែប្រែ សង្គម​កម្ពុជា ទៅរក​ប្រជាធិបតេយ្យ​ពេញលេញ ។​

ចាប់តាំងពី​ចុងឆ្នាំ ២០១៤ មក មាន​ព្រះសង្ឃ​ខ្មែរក្រោម ចំនួន ៥ អង្គ​ហើយ ត្រូវបាន​សមត្ថកិច្ច​ខ្មែរ​ចាប់ខ្លួន ក្នុងនោះ​មាន​អតីត​ព្រះសង្ឃ សឺ​ន ហាយ ឃិន វណ្ណៈ សាន កុសល ព្រមទាំង​ព្រះសង្ឃ ដាវ ទេ ព្យ និង​ជា វណ្ណដា ។ ពួកគេ​ត្រូវបាន​តុលាការ​ចោទប្រកាន់​ពីបទ​ប្រើប្រាស់​ឯកសារ​សាធារណៈ​ក្លែង បទ​ប្រឆាំង​អ្នករាជការ​សាធារណៈ បទ​ចូលរួម​សមាគម​ទុច្ចរិត បទ​គម្រាម​សម្លាប់ និង​ការរក្សា​សារធាតុ​ញៀន ៕

ខាងក្រោមនេះ ជារូបថតខ្លះៗ នៃការដោះលែងចេញពីពន្ធនាគារ និងការសាងផ្នួសឡើងវិញ របស់​ព្រះតេជព្រះគុណ ដាវ ទេ​ព្យ ។ រូបថត និងវីដេអូៈ ស៊ឺន ចែងចើន