ពលរដ្ឋខ្មែរកម្ពុជាក្រោមថា សមត្ថកិច្ចស្លៀកពាក់ស៊ីវិលវៀតណាមហាមឃាត់ខ្មែរក្រោម មិនឱ្យប្រារព្ធពិធីរំឭកការបាត់បង់ទឹកដី

ដោយ ជីវិតា | RFA Khmer 

ពលរដ្ឋខ្មែរក្រោមនៅលើទឹកដីខ្មែរ និងនៅឯខ្មែរក្រោមកម្ពុជាក្រោម បាននាំគ្នាប្រារព្ធពិធីរំឭកខួប៧៤ឆ្នាំ ដែលអាណានិគមបារាំងបានកាត់ដីកម្ពុជាក្រោមចំនួន២១ខេត្ត ឱ្យវៀតណាមគ្រប់គ្រងកាលពីថ្ងៃទី៤ខែមិថុនាឆ្នាំ១៩៤៩។ ប៉ុន្តែការប្រារព្ធពិធីនេះនៅលើទឹកដីកម្ពុជាក្រោម ត្រូវបានអាជ្ញាធរវៀតណាមទៅរារាំង និងបានប្រើប្រាស់អំពើហិង្សាលើព្រះសង្ឃនិងពលរដ្ឋខ្មែរក្រោមឱ្យរងរបួសជាច្រើននាក់។

អាជ្ញាធរយួនបញ្ជូន​ក្រុម​ជើងកាងទៅ​អុកឡុក​រំខាន​ និងបង្កអំពើហិង្សាដល់​ការ​ប្រមូល​ផ្តុំ​របស់​ព្រះស្ឃ និងពលរដ្ឋខ្មែរក្រោម ដែលប្រារព្វពិធីខួប ៧៤ ឆ្នាំ កម្ពុជាក្រោម នៅក្រោមអាណានិគមយួន នៅវត្តពោធិចុឡាមណីចេតិយ ឋិតនៅភូមិចេតីយ៍ ឃុំចាបភ្លើង ស្រុកថ្កូវ ខេត្តព្រះត្រពាំង ។ រូបៈ Screenshot
អាជ្ញាធរយួនបញ្ជូន​ក្រុម​ជើងកាងទៅ​អុកឡុក​រំខាន​ និងបង្កអំពើហិង្សាដល់​ការ​ប្រមូល​ផ្តុំ​របស់​ព្រះស្ឃ និងពលរដ្ឋខ្មែរក្រោម ដែលប្រារព្វពិធីខួប ៧៤ ឆ្នាំ កម្ពុជាក្រោម នៅក្រោមអាណានិគមយួន នៅវត្តពោធិចុឡាមណីចេតិយ ឋិតនៅភូមិចេតីយ៍ ឃុំចាបភ្លើង ស្រុកថ្កូវ ខេត្តព្រះត្រពាំង ។ រូបៈ Screenshot

ទិវាចងចាំ៤មិថុនា ត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំ នៅតាមប្រទេសក្នុងពិភពលោក ដែលមានពលរដ្ឋខ្មែរកម្ពុជាក្រោមរស់នៅ ប៉ុន្តែពិធីនេះ ត្រូវបានអាជ្ញាធរវៀតណាមតែងរឹតត្បិតរំខាន មិនអាចរៀបចំឡើង នៅឯទឹកដីខ្មែរក្រោមឡើយ។

ពលរដ្ឋរស់នៅខេត្តព្រះត្រពាំងឬខេត្តត្រាវិញ( Tra  Vinh) លោក ថាន់ ញ៉ា ប្រាប់អាស៊ីសេរីថា នៅវេលាម៉ោងជាង១រសៀលថ្ងៃទី៤មិថុនា សមត្ថកិច្ចវៀតណាមស្លៀកពាក់ស៊ីវិលប្រហែល៥០នាក់ ដែលខ្លះបានពាក់ម៉ាស់បិទមុខ និងពាក់មួក បានដើរជាក្រុមចូលទៅក្នុងវត្ត រារាំងព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោមប្រហែល៤០នាក់ មិនឱ្យរៀបចំប្រារព្ធពិធីរំឭកគុណដល់បុព្វបុរស និងដើម្បីរំឭកទិវារចងចាំនៃថ្ងៃផ្ទេរទឹកដីខ្មែរទៅឱ្យវៀតណាមគ្រប់គ្រង។

លោកបន្តថា ការចុះទៅរារាំងនេះ សមត្ថកិច្ចវៀតណាមបានប្រើអំពើហិង្សា រួមមានការចាប់ក្រៀកព្រះសង្ឃ ចាប់ស្រ្ដីខ្មែរផ្ដួលទៅលើដី និងការវាយប្រតាយប្រតប់ដាល់រូបលោកជាច្រើនដៃ និងពលរដ្ឋផ្សេងទៀត ឱ្យរងរបួស។ លោកបញ្ជាក់ថា ពិធីរំឭកគុណបុព្វបុរសនិងការចងចាំនៃការផ្ទេរទឹកដីនេះ ធ្វើឡើងនៅក្បែរចេតិយលោកឧកញ៉ា សឺន គុយ ស្ថិតនៅវត្តពោធិចុឡាមណីចេតិយ៍ ភូមិចេតីយ៍ ឃុំចាបភ្លើង ស្រុកថ្កូវ ខេត្តព្រះត្រពាំង។

លោកថា «បាទ! ស្លៀកពាក់ខោអាវស៊ីវិល ដូចជាមនុស្សធម្មតា ខ្ញុំប្រៀបធៀបដូចមនុស្សជើងកាង ប្រើអំពើសាហាវឃោរឃៅ ដេញវាយព្រះសង្ឃ ព្រមទាំងដេញវាយពលរដ្ឋទៀត។ មានបងខ្លះ គាត់របួសដៃ មានបងខ្លះទៀត គាត់ហើមដៃ ព្រមទាំងខ្ញុំបាទ ត្រូវបីបួនដៃ វាយខ្ញុំត្រង់ក្បាល»

លោកលើកឡើងទៀតថា ក្រុមសមត្ថកិច្ចវៀតណាមបន្លំខ្លួនធ្វើជាក្រុមជើងកាងទាំងនោះ បានបង្ខំពលរដ្ឋខ្មែរក្រោម ឱ្យដោះអាវយឺតដែលមានរូបទង់ជាតិខ្មែរក្រោម និងមានសរសេរអក្សររំឭកខួប៧៤ឆ្នាំនៃការផ្ទេរទឹកដីខ្មែរក្រោមពីសំណាក់បារាំងទៅឱ្យវៀតណាមគ្រប់គ្រង។ លើសពីនេះ ពួកគេ បានព្យាយាមដកហូតទូរសព្ទពីពលរដ្ឋខ្មែរក្រោម កុំឱ្យថតរូបនិងវីដេអូទៀតផង។

ពលរដ្ឋខ្មែរក្រោមប្រារព្វពិធីខួប ៧៤ ឆ្នាំ កម្ពុជាក្រោម នៅក្រោមអាណានិគមយួន នៅតាមគេហដ្ឋានរៀងៗ ខ្លួន។ រូបៈ ផ្តល់ឲ្យ
ពលរដ្ឋខ្មែរក្រោមប្រារព្វពិធីខួប ៧៤ ឆ្នាំ កម្ពុជាក្រោម នៅក្រោមអាណានិគមយួន នៅតាមគេហដ្ឋានរៀងៗ ខ្លួន។ រូបៈ ផ្តល់ឲ្យ

ទឹកដីខ្មែរក្រោម មានព្រំប្រទល់ខាងលិចជាប់ខេត្តមណ្ឌលគីរី ក្រចេះ ត្បូងឃ្មុំ ស្វាយរៀង ព្រៃវែង កណ្ដាល តាកែវ និងខេត្តកំពត។  ចំណែកប៉ែកខាងត្បូងឆៀងខាងលិច ជាប់ឈូងសមុទ្រថៃ និងខាងកើតជាប់សមុទ្រចិនខាងត្បូង ដែលមានចំនួន២១ខេត្តក្រុង ប៉ុន្តែត្រូវបានអាជ្ញាធរវៀតណាមប្ដូរទៅជាឈ្មោះវៀតណាមចំនួន១៩ខេត្តក្រុង។

ពលរដ្ឋខ្មែរក្រោម មិនដែលចាត់ទុកទឹកដីខ្មែរក្រោមទាំង២១ខេត្តនោះ ជារបស់វៀតណាមឡើយ ដោយគ្រាន់តែចាត់ទុកថា វៀតណាម ត្រួតត្រាតាមបែបអាណានិគមបន្តវេនពីបារាំង ដែលជាអំពើខុសច្បាប់ មិនអាចទទួលយកបាន។ កាលពីឆ្នាំ១៩៤៩ អាណានិគមបារាំង បានផ្ទេរទឹកដីខ្មែរទាំងនោះឱ្យវៀតណាមគ្រប់គ្រង ដោយគ្មានការឯកភាពឬដឹងឭពីពលរដ្ឋខ្មែរជាម្ចាស់ទឹកដី។ ពួកគាត់ចាត់ទុកទឹកដីទាំងនោះនៅតែជារបស់ខ្មែរ ហើយបានតស៊ូរក្សាអត្តសញ្ញាណជាពលរដ្ឋខ្មែរ រូមទាំងបានប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួននូវជំនឿ សាសនា ទំលៀមទម្លាប់ វប្បធម៌ និងប្រពៃណីរបស់ខ្មែរក្រោមរហូតមកដល់បច្ចុប្បន្នទៀតផង ដែលទង្វើទាំងនេះគឺបញ្ជាក់បង្ហាញយ៉ាងច្បាស់នូវអត្តសញ្ញាណរបស់ជនជាតិដើម។

ពលរដ្ឋខ្មែរក្រោមប្រារព្វពិធីខួប ៧៤ ឆ្នាំ កម្ពុជាក្រោម នៅក្រោមអាណានិគមយួន នៅទីសក្ការៈចេតិយបញ្ចុះសពលោកឧកញ៉ា សឺន គុយ ស្ថិតក្នុងវត្តចេតីយ៍។ រូបៈ ផ្តល់ឲ្យ
ពលរដ្ឋខ្មែរក្រោមប្រារព្វពិធីខួប ៧៤ ឆ្នាំ កម្ពុជាក្រោម នៅក្រោមអាណានិគមយួន នៅទីសក្ការៈចេតិយបញ្ចុះសពលោកឧកញ៉ា សឺន គុយ ស្ថិតក្នុងវត្តចេតីយ៍។ រូបៈ ផ្តល់ឲ្យ

ចំណែកព្រះសង្ឃនិងពលរដ្ឋខ្មែរក្រោមនៅរាជធានីភ្នំពេញ ក៏បានប្រារព្ធពិធីចងចាំថ្ងៃផ្ទេរទឹកដីនេះដែរ ដោយមានធ្វើពិធីតាមបែបព្រះពុទ្ធសាសនា និងរៀបរាប់ពីការធ្វើទុក្ខបុកម្នេញរបស់អាជ្ញាធរវៀតណាម លើពលរដ្ឋខ្មែរក្រោម។ ប្រធានលេខាធិការដ្ឋាននៃអង្គការសមាគមខ្មែរកម្ពុជាក្រោម លោក សឺន យឿង ថ្លែងនៅក្នុងពិធីនេះថា បើទោះបីជាបារាំងបានប្រគល់ទឹកដីខ្មែរក្រោមឱ្យវៀតណាមគ្រប់គ្រង ប៉ុន្តែនៅមុនការឡើងកាន់អំណាចនៃពួកវៀតណាមកុម្មុយនិស្ដឆ្នាំ១៩៧៥ ខ្មែរកណ្ដាលនិងខ្មែរក្រោម នៅមានទំនាក់ទំនងនឹងគ្នា លើការគ្រប់គ្រងវិស័យសិក្សាធិការជាតិផ្នែកភាសាខ្មែរ ចាប់ពីបឋមសិក្សារហូតដល់មធ្យមសិក្សា រួមទាំងផ្នែកពុទ្ធចក្រ និងផ្នែកអាណាចក្រ ដោយសិស្សខ្មែរក្រោម ត្រូវឡើងមកសិក្សាបន្តផ្នែកឧត្តមសិក្សា នៅខ្មែរកណ្ដាល។ លោកបន្តថា រីឯការគ្រប់គ្រងផ្នែកសាសនា នៅខ្មែរកណ្ដាលមានសម្ដេចព្រះសង្ឃរាជ និងមានពុទ្ធសាសនបណ្ឌិត្យ រីឯនៅខ្មែរក្រោម មានសម្ដេចសង្ឃនាយក និងមានពុទ្ធសាសនបណ្ឌិត្យរង ស្ថិតនៅខេត្តព្រះត្រពាំង ដែលកសាងឡើងដោយសម្ដេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ។

ប៉ុន្តែលោក សឺន យឿង បញ្ជាក់ថា ទំនាក់ទំនងនេះ ត្រូវបានបញ្ចប់ជាស្ថាពរ បន្ទាប់ពីពួកវៀតណាមកុម្មុយនិស្ដ ឡើងកាន់អំណាចនៅថ្ងៃទី៣០ខែមេសាឆ្នាំ១៩៧៥ រហូតមកដល់បច្ចុប្បន្ន ហើយវៀតណាមបានព្យាយាមកែប្រែប្រវត្តិសាស្រ្ដរបស់ពលរដ្ឋខ្មែរក្រោម ដោយបានប្ដូរឈ្មោះខេត្តក្រុងទៅជាឈ្មោះវៀតណាម ដើម្បីកុំឱ្យកូនខ្មែរក្រោមជំនាន់ក្រោយ ស្គាល់ពីភូមិសាស្រ្ដនិងប្រវត្តិសាស្រ្ដរបស់ខ្លួន។ លោកបន្ថែមថា លើសពីនេះ នៅក្នុងរយៈពេលប្រហែល៤០ឆ្នាំ រដ្ឋបាលកុម្មុយនិស្ដវៀតណាម បានដកហូតសិទ្ធិជនជាតិដើមពីពលរដ្ឋខ្មែរក្រោម ឱ្យក្លាយជាជនជាតិភាគតិច និងធ្វើឱ្យក្លាយជាជនគ្មានចំណេះដឹងផ្នែកអក្សរសាស្រ្ដរបស់ខ្លួន និងបានលួចដកហូតសញ្ញាតិពលរដ្ឋខ្មែរក្រោមមួយចំនួន បញ្ចូលទៅជាជនជាតិវៀតណាមទៀតផង។

លោកថា«ហើយប្រជាពលរដ្ឋខ្មែរមួយចំនួន ត្រូវបានអាជ្ញាធរវៀតណាម ដកហូតសញ្ជាតិបញ្ជូនសញ្ជាតគិញ គឺវៀតណាមទៅវិញ ដោយមិនដឹងខ្លួន។ សាលារៀនអក្សរខ្មែរនៅតាមវត្តបន្តិចបន្តួច ក្រោមការតាមដាន និងត្រួតពិនិត្យយ៉ាងតឹងរ៉ឹងបំផុត របស់អាជ្ញាធរវៀតណាម។ វិញ្ញាសាប្រវត្តិសាស្ត្រ ភូមិសាស្ត្រ ត្រូវបានហាមឃាត់មិនឱ្យរៀនដាច់ខាត» 

របាយការណ៍អង្គការសមាគមខ្មែរកម្ពុជាក្រោមបង្ហាញថា ស្ថានភាពពលរដ្ឋខ្មែរក្រោមបច្ចុប្បន្ន នៅតែបន្តរងការរឹតត្បិតពីវៀតណាម ក្នុងការគោរពតាមវប្បធម៌ ជំនឿ និងការប្រតិបត្តិសាសនារបស់ខ្លួន។ រដ្ឋាភិបាលវៀតណាម បន្តព្យាយាមកាលៃវប្បធម៌ ប្រពៃណី សិល្បៈ ដោយបានបញ្ចូលវប្បធម៌របស់ខ្លួនលាយឡំជាមួយ និងការកាត់បន្ថយកិច្ចខ្លះនៃការសម្ដែងសិល្បៈ វប្បធម៌ និងប្រពៃណី។ ការវាយកម្ទេចសំណង់ប្រវត្តិសាស្រ្ដ ដែលមានរចនាប័ទ្មវប្បធម៌ខ្មែរ ការយកវត្តអារាមខ្មែរបញ្ចូលជាតំបន់បេតិកភណ្ឌវប្បធម៌របស់វៀតណាម ការបន្តរឹបអូសយកដីធ្លីធ្វើស្រែចម្ការរបស់ពលរដ្ឋខ្មែរក្រោមយក ទៅចែកឱ្យពលរដ្ឋវៀតណាមដោយគ្មានសំណង និងការបង្ខំឱ្យពលរដ្ឋខ្មែរក្រោមមួយចំនួនធំធ្វើចំណាកស្រុកបម្រើការឱ្យវៀតណាមតាមផ្ទះ និងរោងចក្រ និងការប្រើអំពើហិង្សា និងប្រើប្រព័ន្ធតុលាការចាប់ចងពលរដ្ឋខ្មែរក្រោម ដែលងើបតវ៉ាទាមទារដីស្រែកេរដូនតា និងការដាក់ពង្រាយភ្នាក់ងារសម្ងាត់តាមឃ្លាំមើលពលរដ្ឋខ្មែរក្រោម កុំឱ្យបញ្ចេញព័ត៌មាននៃការរំលោភសិទ្ធិមនុស្សទៅបណ្ដាញសារព័ត៌មាននិងអង្គការការពារសិទ្ធិមនុស្ស ជាដើម។

ការ​ប្រារព្ធរំលឹក​ខួបបាត់ទឹកដីខ្មែរកម្ពុជាក្រោមរបស់ពលរដ្ឋ ព្រះសង្ឃ និងសហព័ន្ធខ្មែរកម្ពុជាក្រោម នៅវត្ត​សាមគ្គីរង្សី រាជធានីភ្នំពេញ នៅថ្ងៃទី៤ មិថុនា ២០២៣។ រូប៖ ពលរដ្ឋផ្ដល់ឱ្យ
ការ​ប្រារព្ធរំលឹក​ខួបបាត់ទឹកដីខ្មែរកម្ពុជាក្រោមរបស់ពលរដ្ឋ ព្រះសង្ឃ និងសហព័ន្ធខ្មែរកម្ពុជាក្រោម នៅវត្ត​សាមគ្គីរង្សី រាជធានីភ្នំពេញ នៅថ្ងៃទី៤ មិថុនា ២០២៣។ រូប៖ ពលរដ្ឋផ្ដល់ឱ្យ

ពលរដ្ឋខ្មែរក្រោមអំពាវនាវដល់ពលរដ្ឋខ្មែរគ្រប់ទិសទី សូមឱ្យសាមគ្គីគ្នាជាធ្នុងមួយ ទើបអាចជំរុញឱ្យការតវ៉ាតាមបែបអហិង្សាស្របតាមច្បាប់អន្តរជាតិនានាទទួលបានជោគជ័យ ក្នុងការទាមទាឱ្យវៀតណាមគោរពសិទ្ធិមនុស្ស និងសិទ្ធិសេរីភាពនានានៃជនជាតិដើមដែលចែងកំណត់ក្នុងច្បាប់អង្គការសហប្រជាជតិ។

អង្គការសមាគមខ្មែរកម្ពុជាក្រោមលើកឡើងថា ថ្វីត្បិតការតស៊ូរបស់ខ្លួន មិនទាន់ទទួលបានជោគជ័យ ប៉ុន្តែបច្ចុប្បន្ន ទទួលបានលទ្ធផលមួយចំនួនជាទីមោទនភាព ដោយបានធ្វើឱ្យសហគមន៍អន្តរជាតិ កំពុងចាប់អារម្មណ៍យ៉ាងខ្លាំង និងដឹងឭយ៉ាងច្បាស់ពីទុក្ខលំបាករបស់ព្រះសង្ឃនិងពលរដ្ឋខ្មែរកម្ពុជាក្រោម ដែលរងការធ្វើទុក្ខបុកម្នេញ និងការជិះជាន់គ្រប់រូបភាពពីសំណាក់អាជ្ញាធររដ្ឋាភិបាលវៀតណាម។ លើសពីនេះ អង្គការសមាគមខ្មែរកម្ពុជាក្រោម ក៏ត្រូវបានអង្គការអន្តរជាតិនានា ទទួលយកជាសមាជិកដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្រ្ដ និ ក្ដីសង្ឃឹមមសម្រាប់ពលរដ្ឋខ្មែរក្រោម នៅថ្ងៃណាមួយ នឹងទទួលបានសិទ្ធិសេរីភាពពេញលេញដូចមនុស្សជាតិនានានៅលើពិភពលោកដែរ៕