ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ
នៅពេលដែលកូនក្មេងទើបតែចេះស្ដីកកែកករ ឳពុកម្តាយតែងតែបង្រៀនឱ្យលេងចាក់ទឹកដូង ។ ការ លេងចាក់ទឹកដូងនេះ ម្ដាយឪពុកឬចាស់ទុំចាប់ផ្តើមច្រៀងបណ្ដើរដោយយកចង្អុលដៃរបស់កូន ក្មេង មកចាក់តិចៗលើបាត ដៃបណ្ដើរ ធ្វើឲ្យកូនក្មេង សើច កក្អិកដោយក្តីសប្បាយរីករាយ ។

ប្រស្នា ឬ ពាក្យប្រជាប្រិយ “ចាក់ទឹកដូង” នេះ ខ្មែរនិយមលេងនៅគ្រប់ភូមិស្រុកក្នុងដែនកម្ពុជរដ្ឋ ទាំងនៅដែនដីកម្ពុជាក្រោម ផង ទាំងនៅប្រទេសកម្ពុជា ផង តែពាក្យខ្លះនៅក្នុងឃ្លានីមួយៗ ខុសគ្នា បន្តិចបន្តួចទៅតាម ភូមិស្រុកនីមួយៗ ។
ប្រស្នា ឬ ពាក្យប្រជាប្រិយ “ចាក់ទឹកដូង” នេះ មិនមាននរណាម្នាក់ដឹងថា វាមានប្រភពចេញពីណា អ្នកណាជាអ្នកនិពន្ធ និង កើតឡើងនៅសម័យណាទេ ។ បើយោងតាមសេចក្ដីអត្ថានុរូប និងអត្ថា បដិរូប គេអាចសន្និដ្ឋានបានថា ពាក្យនេះ អាចកើត ឡើងនៅក្នុងសតវត្សទី ១៧ ខណៈដែល ព្រះបាទ ជ័យ ជេដ្ឋា ទី ២ សោយរាជ្យពី ឆ្នាំ ១៦១៨ ដល់ ឆ្នាំ ១៦២៨ បានរៀប អភិសេកជាមួយ នឹងមហេសីជាតិយួនឈ្មោះ ង្វៀង ផុក ង៉ុក វ៉ាង (Nguyễn Phúc Ngọc Vạn) ដែលជាដើមហេតុ នាំឲ្យយួនអាច វាតទីយកបានទឹកដីកម្ពុជាក្រោមរហូតមកដល់សព្វថ្ងៃ ។
ប្រស្នា ឬ ពាក្យប្រជាប្រិយ “ចាក់ទឹកដូង” នេះ វាមានន័យបង្កប់ក្នុងការរិះគន់ដល់មន្ត្រីរាជការ និង ស្ដេចផែនដីខ្មែរក្នុងរាជ្យ នីមួយៗតែងតែទៅយកប្រពន្ធ និងទៅពឹងពាក់បរទេស មានយួន និងសៀម ជាដើមមកតតាំងជាមួយនឹង ខ្មែរគ្នាឯងដើម្បី ដណ្ដើម រាជបល្លង្ក ។ ដោយសារតែអ្នកប្រាជ្ញខ្មែរសម្លឹង ឃើញនូវភាពហិនហោច និងភាពវិនាសអន្តរាយដល់ប្រទេសជាតិ និងទឹកដីខ្មែរ ដោយសារតែពួក មន្ត្រី និងស្ដេចផែនដីស្រវឹងនឹងសម្រស់ស្រីយួននោះ ទើបបានបង្កើតជាប្រស្នា “ចាក់ទឹកដូង” នេះ ឡើង ដើម្បីរិះគន់ដល់រាជការ ។ ពេលដែលស្ដេចខ្មែរបានជ្រាបនូវប្រស្នានេះ ក៏បានចាត់ឲ្យរាជការ ដាក់ទោសទណ្ឌ ដល់បុគ្គល ណាដែលលេង “ចាក់ទឹកដូង” នេះ បានធ្វើឲ្យអ្នកស្រុក លែងហ៊ានលេង ចាក់ទឹកដូង ហើយបានកាឡៃ ឲ្យខុសពី ពាក្យ ឬ ប្រស្នាដើមរបស់គេ ដើម្បីកុំឲ្យរាជការចាប់ទោស ។
ខាងក្រោមនេះជាប្រស្នាប្រជាប្រិយ “ចាក់ទឹកដូង” ដែលគេចាត់ទុកថា ជាប្រស្នាប្រជាប្រិយដើម បានចុះផ្សាយនៅក្នុង ទស្សនា វដ្តី កម្ពុជសុរិយា កាលពីឆ្នាំ ១៩៦៦ ។ ប្រស្នា ទាំងអស់មាន ៨ វគ្គ គឺ៖
“ចាក់ទឹកដូង អំផូងមួយពាន់
កាច់ឈើឈ្នាន់ អន្ទន់អន្ទង
កាច់របង រំលងសីមា
កន្ទុយត្រីប្រា មីនាងឧក
កន្ទុយត្រីផ្ទក់ មីនាងកែវ
អកកំបោរ ប្រចាំថង់
បំពង់ឫស្សី ប្រចាំវែក
ក្បាលទំពែក ក្អែកជុះអាចម៍ដាក់” ។
តែក្រោយមកប្រស្នានេះ ត្រូវគេកែកាឡៃមកឲ្យខុសពីសេចក្ដីដើម ទៅតាមភូមិស្រុកនីមួយៗ ។ ខាង ក្រោមនេះ ជាប្រស្នាប្រជាប្រិយ “ចាក់ទឹកដូង” នៅដែនដីកម្ពុជាក្រោម ។
“ចាក់ទឹកដូង អំផូងទឹកស្លា
ចិនចាវ៉ា ពាក់អាវក្រពើ
ក្រពើជិះសេះ អញជិះដំរី
ក្រពើកងកី អញកងកាក់
ក្រពើចាក់ច្រវាក់ អញចាក់ម្ជុល….” ។
ចំណែកនៅខេត្តតាកែវ ប្រទេសកម្ពុជាវិញ គេច្រៀងបែបនេះវិញ ។
“ចាក់ទឹកដូង មីឡូងមីឡែ
កន្ទុយមាន់ចែ ពាក់អាវក្រពើ
ក្រពើជិះសេះ អញជិះដំរី
ក្រពើកងកី អញកងចក្រ
ក្រពើចាក់វ៉ាក់ អញចាក់ម្ជុល
ក្រពើទល់មល់ អញពងប្រិច” ។
កន្លែងខ្លះនៅក្នុងប្រទេសកម្ពុជា គេច្រៀងថា៖
“ចាក់ទឹកដូង មីឡូងមីឡា
កន្ទុយត្រីប្រា មីនាងឧក
អកកំបោរ ប្រចាំថង់
បំពង់ឫស្សី ប្រចាំវែក
ក្បាលទំពែក ក្អែកជុះអាមច៍ដាក់ប៉ក់” ។
ចំពោះប្រស្នានេះ លោក លូ លិន ថាយ មន្ត្រីសហព័ន្ធខ្មែរកម្ពុជាក្រោមមួយរូប សព្វថ្ងៃនៅទីក្រុង Stockton រដ្ឋ California សហរដ្ឋ អាមេរិក បានបកស្រាយត្រង់ឃ្លាខ្លះៗ នៃសេចក្ដីដើមដូចត ទៅនេះ ។
ត្រង់ឃ្លា “ កន្ទុយត្រីប្រា មីនាងឧក” មានន័យថា ដីកម្ពុជាក្រោមប្រៀបបាននឹងកន្ទុយត្រីប្រា បានទៅ យួនព្រោះតែមហេសីយួន ប្រៀបទៅនឹងនាងឧក ។ ត្រង់ឃ្លា “ កន្ទុយត្រីផ្ទក់មីនាងកែវ” មានន័យថា ដីកម្ពុជាភាគខាងលើ ត្រូវបានទៅសៀម និង ឃ្លា “ក្បាលទំពែក ក្អែកជុះអាចម៍ដាក់” មានន័យថា ដីខ្មែរដែលនៅសល់សព្វថ្ងៃ ប្រៀបបាននឹងក្បាល ទំពែក ត្រូវក្អែកជុះអាចម៍ ដាក់ នោះបានដល់បរទេសនៅជិតខាងមានសៀម និងយួនជាដើមមើល ងាយចូលឈ្លានពានរាល់ថ្ងៃ ។
លោក លូ លី ថាយ បានបកស្រាយយ៉ាងនេះថា៖