ដោយ ថាច់ ប្រីជា គឿន | សារព័ត៌មាន ព្រៃនគរ
ថ្ងៃនេះ ថ្ងៃសៅរ៍ ១ រោច ខែវិសាខ ឆ្នាំ ម្សាញ់ បញ្ចស័ក ព្រះពុទ្ធសករាជ (ព.ស.) បានឈានចូល ២៥៥៧ ត្រូវចំថ្ងៃទី ២៥ ខែឧសភា គ. ស. ២០១៣ ក្រោយពីពុទ្ធបរិស័ទខ្មែរនៅជុំវិញពិភព លោកបាននាំគ្នាប្រារព្ធ ពិធីបុណ្យ វិសាខបូជាកាលពីថ្ងៃម្សិលមិញ ។

ការកំណត់យកពុទ្ធសករាជនៅក្នុងពុទ្ធសាសនា គឺកំណត់យកថ្ងៃ ១ រោចខែវិសាខ ក្រោយពីព្រះពុទ្ធ សមណគោត្តមបរិនិព្វានទៅបានមួយថ្ងៃ ។
អំពីថ្ងៃវិសាខបូជា៖
វិសាខបូជា ឬ ពិសាខបូជា (អានថាៈ វិសាខៈ បូជា) ជាពិធីបុណ្យដ៏សំខាន់ និង ដ៏ធំមួយ នៅ ក្នុងព្រះពុទ្ធសាសនានិងជាទិវាមួយដែលអង្គការសហប្រជាជាតិបានប្រកាសសម្រេចទទួលស្គាល់ ថាជា «ទិវាវប្បធម៌មនុស្សជាតិ» ចាប់តាំងពីឆ្នាំ ១៩៩៩ មក ។
កម្មវិធីបុណ្យវិសាខបូជាត្រូវបានពុទ្ធសាសនិកប្រារព្ធឡើងនៅថ្ងៃបូណ៌មីខែវិសាខទៅតាម ប្រតិទិន ចន្ទគតិ នៃប្រទេសនីមួយៗជារៀងរាល់ឆ្នាំ ។ បុណ្យវិសាខបូជាឆ្នាំនេះ ខ្មែរក្រោមនៅកម្ពុជាក្រោម ពលរដ្ឋខ្មែរ នៅប្រទេសកម្ពុជា និងនៅក្រៅប្រទេសជាពុទ្ធសាសនិកប្រារព្ធ នៅថ្ងៃសុក្រ ១៥ កើតខែពិសាខ ឆ្នាំ ថោះត្រីស័ក ព. ស. ២៥៥៥ ត្រូវនឹងថ្ងៃទី ២៤ ខែឧសភា គ. ស.២០១៣ ។ ពិធីបុណ្យនេះ ត្រូវ បានគេប្រារព្ធឡើងដើម្បីឧទ្ទិសដល់ថ្ងៃដែលព្រះពុទ្ធសមណគោត្តមជាស្ថាបនិកព្រះពុទ្ធសាសនាទ្រង់ប្រ សូត ទ្រង់បានបរមាភិ សម្ពោធិ (បានត្រាស់) និងទ្រង់រលត់ខន្ធចូលកាន់បរិនិព្វាន (អស់ព្រះជន្ម) នៅក្នុង តិថី “បុណ្ណមី” មានសេចក្ដីថា “ខែពេញបូណ៌មី” នៃខែវិសាខ ។
ក្រៅពីពុទ្ធសាសនិកខ្មែរក្រោមជាង ៨ លាននាក់នៅកម្ពុជាក្រោមប្រារព្ធពិធីបុណ្យវិសាខ បូជាមួយនេះ គេក៏សង្កេតឃើញមាន ពលរដ្ឋនៃប្រទេសក្នុងលោករាប់លាននាក់បាន ប្រារព្ធផងដែរ ក្នុងនោះមាន សាមន្តប្រទេសជាប់ព្រំដែនប្រទេសឥណ្ឌា ដូចជា នេប៉ាល ស្រីលង្កា និងទីបេត៍ ។
ចំណែកពលរដ្ឋនៃប្រទេសអាស៊ីអាគ្នេយ៍វិញ មានប្រទេសកម្ពុជា វៀតណាម សិង្ហបុរី ថៃ ម៉ាឡេស៊ី ភូមា ឥណ្ឌោនេស៊ីនិងក្រៅពីនេះក៏មានបណ្តាប្រទេសជាច្រើនទៀតនៅក្នុងលោកដែលគោរពព្រះពុទ្ធសាសនាប្រារព្ធជារៀងរាល់ឆ្នាំផងដែរ ។
ឈ្មោះពិធីបុណ្យ «វិសាខបូជា» តាមការហៅរបស់ជាតិនីមួយៗ ៖
ខ្មែរ: «វិសាខបូជា» (ត្រូវអានថាៈ វិសាខៈបូជា ) នេប៉ាល: និង ឥណ្ឌា «ពុទ្ធជយន្តិ» (អានថាៈ ពុទ្ធៈជៈយ៉ាន់ តិ) បាំងក្លាដេស្ហ: «ពុទ្ធោជយន្តិ» (বুদ্ধ পূর্ণিমা/বুদ্ধ জয়ন্তী ) (អានថាៈ ពុតធោ ជោ យន តិ)
ជនជាតិយួន: ផឹកដាង (Phật Đản ) ទីបេត៍: សាគ្ហា ដាវ៉ា (ས་ག་ཟླ་བ། ) ថៃ: វ៉ាន វិសាខៈ បូឆា (วันวิสาขบูชา ) ចិន: ផ្វដាង (佛誕) ។ល។
ក្រោយពីអង្គការសហប្រជាជាតិបានសម្រេចប្រកាសទទួលស្គាល់កាលពីឆ្នាំ ១៩៩៩ ថា ថ្ងៃវិសាខបូជា ជា «ទិវាវប្បធម៌មនុស្សជាតិ» មក សហគមន៍អន្តជាតិ ហៅថ្ងៃនេះថា Vesak Day ឬ Buddha Day មានន័យថា ថ្ងៃវិសាខ [បូជា] ឬ ថ្ងៃព្រះពុទ្ធ ។
អត្ថន័យពាក្យ «ពិសាខបូជា» ៖
យោងតាមវចនានុក្រមខ្មែររបស់សម្តេចព្រះសង្ឃរាជ ជួន ណាត (ជោតញ្ញាណោ) ត្រង់ទំព័រ ៧៥៩ បានបញ្ជាក់អត្ថន័យនៃពាក្យ «ពិសាខបូជា» ថា ៖ ពិសាខបូជា –ខៈបូ–បា. ( ន. ) (វិសាខ + បូជា) ឈ្មោះ ពិធីបុណ្យ ឬការធ្វើសក្ការបូជាក្នុងថ្ងៃពេញបូណ៌មីខែពិសាខ ជាថ្ងៃដែលព្រះសក្យមុនីសម្មា សម្ពុទ្ធទ្រង់ប្រសូត, ទ្រង់បានឮ បរមាភិសម្ពោធិ, ទ្រង់រលត់ខន្ធចូលកាន់បរិនិព្វាន; ធ្វើរំឭក
ដល់ព្រះគុណរបស់ព្រះអង្គ, ជាការបូជាពិសេសមួយយ៉ាង សម្រាប់ពុទ្ធសាសនិកជនទាំងបព្វ ជិតទាំងគ្រហស្ថនាំគ្នា ធ្វើរាល់ឆ្នាំ, រាប់ថាជាបុណ្យសម្រាប់ពុទ្ធសាសនា : ថ្ងៃពិសាខ បូជា, ធ្វើពិសាខបូជា ។ វិសាខ– ។
អំពីដំណើរជីវិតព្រះពុទ្ធសមណគោត្តមចំតិថិ “បុណ្ណមី” ខែពិសាខ៖
ភាពអស្ចារ្យក្នុងដំណើរជីវិតរបស់ព្រះពុទ្ធសមណគោត្តម គឺ ប្រសូតិ ១ ការបានបានត្រាស់ ឬការស្វែង រកឃើញ នូវ អរិយសច្ច ១ និងការយាងចូលបរិនិព្វាន ឬ ការអស់ព្រះ ជន្ម ១ សុទ្ធតែត្រូវចំថ្ងៃ ១៥ កើត ឬ ថ្ងៃពេញបូណ៌មី វិសាខទាំងអស់ ។ ដូច្នេះ បានជាពុទ្ធសាសនិកក្នុងលោក បានឯកច្ឆ័ន្ទ សម្រេចជ្រើសរើសថ្ងៃ ១៥ កើត ខែវិសាខប្រារព្ធពិធីបុណ្យ «វិសាខបូជា» នេះឡើងដើម្បីសម្តែងនូវការ
គោរព និងឧទ្ទិសដល់ព្រះពុទ្ធគុណនៃព្រះសម្មាសម្ពុទ្ធជា សាស្តាចារ្យនៃព្រះពុទ្ធសាសនា ។ អ្វីដែល គួរឲ្យមានបីតិ បាមោជ្ជពន់ពេកនោះ «វិសាខបូជា» មិនមែនសម្រាប់តែ ពុទ្ធសាសនិក ជនទេ តែថ្ងៃនេះ ត្រូវបានអង្គការសហប្រជា ជាតិទទួលស្គាល់ថាជា «ទិវាវប្បធម៌មនុស្សជាតិ» និងត្រូវ អង្គការ សហ ប្រជា ជាតិរៀបចំប្រារព្ធជារាល់ឆ្នាំ ។
ទី ១៖ ព្រះពុទ្ធទ្រង់ប្រសូត៖
ឆ្នាំ ៦២៣ មុនគ្រឹស្តសករាជ ឬកាលពី ២៦៣៥ ឆ្នាំមុន នៅ ថ្ងៃសុក្រ ពេញបូណ៌មី ខែវិសាខ ឆ្នាំ ច ព្រះពុទ្ធ សក្យមុនី គោត្តម ទ្រង់ប្រសូតចាកឧទរ (ផ្ទៃ) ព្រះនាងសិរីមហាមាយា ទេវី ជាអគ្គមហេសី នៃព្រះបាទសុទ្ធោទនៈ ព្រះចៅក្រុងកបិល ភស្តុ នៅក្នុងសួនលុម្ពិនី ចន្លោះក្រុងទាំងពីរ គឺ កបិលភស្តុនៃដែនសក្កៈ (ខាងបិតា) និង ទេវទហៈ នៃដែនកោលិយៈ (ខាងមាតា) ជាអតីតសមន្តរដ្ឋ មួយនៃប្រទេសឥណ្ឌា នាពេល នោះ ដែលបច្ចុប្បន្ន សួនលុម្ពិនីជាស្រុក មួយនៃប្រទេសនេប៉ាល(Nepal) ។ ព្រះពុទ្ធសក្យមុនី ទ្រង់ប្រសូតចាកឧទរព្រះវររាជ មាតា ខណៈដែលព្រះមាតារបស់ព្រះអង្គ យាងទៅទេវទហនគរដើម្បីប្រសូតបុត្រតាមប្រពៃណី គឺស្ត្រីពួកជាតិសក្យ កាល ណាមាន បុត្រ ច្បង តែងតែត្រឡប់ទៅផ្ទះខាងម្តាយឳពុករបស់ ខ្លួនដើម្បីសម្រាលបុត្រ ។ ពេលព្រះនាងសិរីមហាមាយាយាង បានពាក់កណ្តាលផ្លូវត្រង់សួនលុម្ពិនី ក៏ទ្រង់ប្រឈួនព្រះឧទរ ហើយក៏ប្រសូតព្រះ រាជបុត្រនៅក្រោម ដើមសាលព្រឹក្ស ។
ពេលប្រសូតចាកព្រះឧទរភ្លាម ព្រះរាជបុត្រយាងទៅបាន ៧ ជំហានមានផ្កា ឈូ កទ្រ ព្រះបាទ ។ ពេលដល់ជំហានទី ៧ ព្រះរាជបុត្រទ្រង់ឈរលើកព្រហស្ត ស្តាំចង្អុលឡើងលើទ្រង់បន្លឺសហនាទ (និយាយក្អេងពេញត្រពងមាត់) ថា៖
«ខ្លួនយើងជាបុគ្គលកំពូលនៃលោក ខ្លួនយើងជាបុគ្គលប្រសើរជាងគេក្នុងលោក ខ្លូនយើងជាចម្បងជាងគេក្នុងលោក នេះជាកំណើតចុងបំផុតរបស់យើង អំណឹះតទៅមុខ យើងលែងកើតទៀតហើយ » ។
ទី ២៖ ការបានត្រាស់ជាព្រះពុទ្ធ ៖
ឆ្នាំ ៥៨៨ មុនគ្រឹស្តសករាជ ឬ កាលពី ២៦០២ ឆ្នាំមុន នៅថ្ងៃ ពុធ ពេញបូណ៌មី ខែវិសាខ ឆ្នាំរកា( ព្រះជន្ម ៣៥ ) ព្រះពុទ្ធសមណ គោត្តម បានត្រាស់ជាព្រះពុទ្ធ ឬ បានស្វែងរកឃើញនូវ អរិយ សច្ច ធម៌ទាំង ៤ នៅក្រោមដើមពោធិព្រឹក្ស នាមាត់ស្ទឹងនេរញ្ជរា ស្រុកពុទ្ធគយា ប្រទេស ឥណ្ឌា ក្រោយពីព្រះអង្គបាន ចេញយាងចេញសាងព្រះ អស់រយៈពេល ៦ ឆ្នាំ ។
អរិសច្ច មាន ៤ យ៉ាងគឺ៖
- ទុក្ខៈ សេចក្ដីព្រួយលំបាក
- សមុទយៈ កំណើតទុក្ខឬហេតុដែលនាំឲ្យកើតទុក្ខ
- និរោធៈ សេចក្ដីរលត់ទុក្ខ ឬធម៌សម្រាប់រម្លត់ទុក្ខ
- មគ្គៈ ផ្លូវឬឧបាយនៃសេចក្ដីរលត់ទុក្ខ (ហៅដោយរួបរួម ថា ចតុរារិយសច្ច) ។
អរិយសច្ច ឬ អារ្យសត្យ មានន័យថា សេចក្ដីពិតរបស់ អរិយបុគ្គល, សេចក្ដីពិតឥតមានល្អៀង ។
ទី ៣៖ បរិនិព្វាន ឬ អស់ព្រះជន្ម ៖
ឆ្នាំ ៥៤៣ មុនគ្រឹស្តសករាជ ឬ កាលពី ២៥៥៥ ឆ្នាំមុន នៅ ថ្ងៃអង្គារ៍ ពេញបូណ៌មី ខែវិសាខ ឆ្នាំ ម្សាញ់ ក្នុងព្រះជន្ម ៨០ ព្រះវស្សាគត់ (មុនការកំណត់យកព្រះពុទ្ធសករាជ ១ ថ្ងៃ) ព្រះពុទ្ធសក្យមុនី គោត្តម ទ្រង់បាន យាងចូលបរិព្វាន អស់ ព្រះជន្ម នៅក្រោមដើមរាំងទាំងគូ នាក្រុងកុសិនារា ចម្ងាយពីក្រុងសួនលុម្ពិនីកន្លែង ទ្រង់ប្រសូតប្រមាណ ១៨១ គីឡូ ម៉ែត្រ ក្រោយពីព្រះអង្គបានយាងចេញ សម្តែងព្រះធម៌ប្រោសសត្វអស់រយៈ ពេល ៤៥ ព្រះវស្សា ។
ចាប់តាំងពីព្រះពុទ្ធសមណគោត្តមបានត្រាស់រហូតដល់ យាងចូលបរិនិព្វាន ព្រះធម៌ដែលព្រះអង្គសម្តែង ប្រោសសត្វមានចំនួន ៨ ម៉ឺន ៤ ពាន់ធម្មក្ខន្ធ ។ ព្រះធម៌ចុងក្រោយ របស់ព្រះពុទ្ធ ដែល ទ្រង់បាន សម្តែង មុនពេលដាច់ ដង្ហើមចូលកាន់បរិនិព្វាន គឺ អប្បមាទធម៌ (អានថាៈ អ័ប-ប៉ៈ ម៉ាត-ទៈ ធរ) មានន័យថា «សេចក្ដីមិនធ្វេសប្រហែស» ដែលពេលនោះព្រះអង្គ បានមានព្រះបន្ទូល ទៅកាន់ភិក្ខុសាវ័កថា «ម្នាលភិក្ខុទាំងឡាយ ! អ្នកទាំង ឡាយចូរញ៉ាំងស្មារតីឲ្យ បរិបូរដោយ អប្បមាទ!» ៕