កម្មវិធី​សិក្សា​ថ្នាក់ពុទ្ធិក​មធ្យមសិក្សា​ទុតិយភូមិ​ទី ៣ នៅវត្ត​សំរោង​ឯក​ ខេត្ត​ព្រះត្រពាំង​

អត្ថបទ និង​រូបថត​ផ្ដល់​ដោយ​ពលរដ្ឋ​​ ពី​កម្ពុជាក្រោម

ថ្វីត្បិតតែ​ប្រជាជន និង​ព្រះសង្ឃ​ខ្មែរក្រោម រស់នៅ​ក្រោម​ការគ្រប់គ្រង​របស់​រដ្ឋាភិបាល​វៀតណាម​ ដែល​ជា​ប្រទេស​កុម្មយ​និ​ស្ត ក៏​ពិតមែន ។ ប៉ុន្តែ ព្រះសង្ឃ និង​ប្រជាជន​ខ្មែរក្រោម​ នៅតែ​ថែរក្សា​អត្តសញ្ញាណ​ជាតិ​របស់​ខ្លួន ដូចជា វប្បធម៌ ប្រពៃណី ភាសា អក្សរ​សាស្រ្ត និង​ព្រះពុទ្ធ​សាសនា​ បាន​យ៉ាង​ខ្ជាប់ខ្ជួន ។

វត្ត​សំរោង​ឯក ជាវ​ត្ត​ព្រះពុទ្ធ​សាសនា​ខ្មែរ​មួយ បាន​កសាង​នៅ គ.ស​ ៦៤២ និង​ស្ថាបនា​ឡើងវិញ នៅក្នុង​ឆ្នាំ គ.ស ១៨៥០ ។ វត្ត​នេះ ឋិតនៅ​ភូមិ​សំរោង​ឯក អនុ​សង្កាត់​ទី​ ៦ សង្កាត់​ទី ៧ ក្រុង​ត្រា​វិញ ខេត្ត​ព្រះត្រពាំង ។

ក្នុងចំណោម ១៤៣ វត្ដ នៅ​ទូទាំង​ខេត្ត​ព្រះត្រពាំង វត្ត​សំរោង​ឯក​ជាវ​ត្ត​មួយ​ ដែល​មាន​វ័យ​ចំណាស់​ជាងគេ ឈរ​លំដាប់ទី ៤ បន្ទាប់ពី​វត្ត​សម្បួរ​ង្សី (សម្បួរ​-៣៧៣​) វត្ត​កោះកែវ​សិរី​ (កោះ​-៦១៣​) និង​វត្ត​បិដ​កត្យា​រាម (ក្នុង​ស្រុក​-៦១៤​) ។

វត្ត​សំរោង​ឯក មិន​ត្រឹមតែ​ជា​កន្លែង​សម្រាប់​ពុទ្ធបរិស័ទ​ជួបជុំគ្នា​ និង​គោរព​បូជា​ប៉ុណ្ណោះទេ ថែមទាំង​ជា​កន្លែង​សិក្សាអប់រំ​ដល់​ព្រះសង្ឃ និង​កូនចៅ​ខ្មែរក្រោម​ ទៀតផង ។

ដូច​វត្តអារាម​នានា នៅ​ដែនដី​កម្ពុជាក្រោម​ដែរ វត្ត​សំរោង​ឯក ក៏បាន​បើក​សាលា​ពុទ្ធិក​សិក្សា​ សម្រាប់​ព្រះសង្ឃ​ខ្មែរក្រោម​និមន្ត​មក​សិក្សា​រៀនសូត្រ​ភាសាបាលី ភាសាខ្មែរ និង​ភាសាបរទេស​ជាដើម​ ។ បច្ច​បុ​ប្ប​ន្ន វត្ត​សំរោង​ឯក បាន​បើក​សាលា​ពុទ្ធិក​មធ្យមសិក្សា​ទុតិយភូមិ​ទី ៣ ឬថ្នាក់​គរុកោសល្យ​ទី​ ៣ សម្រប់​សមណ​សិស្ស​-សិស្ស ដែល​និមន្ត​មក​ពី​វត្ត​អា​រាម​ផ្សេង​ៗ ក្នុង​ខេត្ត​ព្រះត្រពាំង​ និង​បណ្តា​ខេ​ត្ត​ដទៃ​ៗ ទៀត នៅ​ដែនដី​កម្ពុជាក្រោម មក​សិក្សា​ទាំង​ផ្លូវពុទ្ធចក្រ និង​អាណាចក្រ​ ដើម្បី​បន្តវេន​ថែរក្សា និង​លើកកម្ពស់​ការសិក្សា​អក្សរសាស្ត្រ​ជាតិខ្មែរ ។

ជាទូទៅ​កម្មវិធី​រៀន​ផ្នែក​ពុទ្ធិក​សិក្សា នៅ​កម្ពុជាក្រោម ទាំង​នៅ​ថ្នាក់​ស្រុក​ និង​ថ្នាក់​ខេត្ត តម្រូវឲ្យ​សិក្សា​រយៈពេល ៩ ខែ គឺ​ចាប់ពី​ថ្ងៃ ១ រោច​ខែវិសាខ រហូតដល់​ខែបុស្ស​ នៃ​ចន្ទគតិ​រៀងរាល់​ឆ្នាំ ។

បើ​តាម​ការ​ឲ្យដឹង​ពី​ព្រះសង្ឃ ដែល​ជា​គ្រូបង្រៀន​ថា វិញ្ញាសា ដែល​សមណ​សិស្ស​ បាន​សិក្សា​នៅក្នុង​ថ្នាក់​ពុទ្ធិក​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំទី ៣ មាន​ចំនួន ១០​ វិញ្ញាសា គឺ​សរសេរ​តាម​អាន ព្រះ​បាតិមោក្ខ បរមាធិប្បាយ សាសនា​សកលលោក កំណាព្យ​ខ្មែរ​ ភាសាខ្មែរ សម្ព័ន្ធ មង្គល​ត្ថ​ទីប​នី អង់គ្លេស គណិតវិទ្យា ។ ចំណែក​កម្មវិធី​សិក្សា​ភាសាអង់គ្លេស​រៀន​ ៣ ម៉ោង​ក្នុង​មួ​យស​បា្តហ៍ ។ រី​ឯស​មណ​សិស្ស ដែល​និមន្ត​មក​សិក្សា នៅ​សាលា​បាលី​វត្ត​សំរោង​ឯក គឺ​សុទ្ធសឹងតែ​មាន​ស្រុក​កំ​ណើ​តផ្សេង​ៗ ពីគ្នា មាន​ជាអាទិ៍​និមន្ត​មក​ពី​ខេត្ត​មាត់ជ្រូក ខេត្ត​ពល​លាវ ខេត្ត​ទឹកខ្មៅ និង​ខេត្ត​ឃ្លាំង​ជាដើម​ ។

សមណ​សិស្ស​មួយ​អង្គ កំពុង​សិក្សា​នៅ​វត្ត​សំរោង​ឯក ឲ្យដឹង​ថា ព្រះអង្គ​មានឱកាស​និមន្ត​មក​សិក្សា​ នៅ​ខេត្ត​ព្រះត្រពាំង​នេះ គឺ​អាស្រ័យ​ដោយ​ការ​ជួយឧបត្ថម្ភ ពី​ពុទ្ធបរិស័ទ​ចំណុះជើងវត្ត​របស់​ព្រះអង្គ​ផ្ទាល់​ មាន​ដូចជា សិក្ខូ​បក​រណ៍ និង​បច្ច័យ ៤ ។ ចំណែក​ចង្ហាន់​បិណ្ឌបាត​វិញ គឺ​ទំនុកបម្រុង ដោយ​ពុទ្ធបរិស័ទ​ចំណុះជើងវត្ត​សំរោង​ឯក​ ។

ព្រះអង្គ​បន្ត​ថា សមណ​និស្សិត​ភាគច្រើន ដែល​និមន្ត​ទៅ​សិក្សា​ថ្នាក់​ពុទ្ធិក​សិក្សា​ នៅ​តាម​វត្ត​អា​រា​មនានា និង​នៅ​តាម​បណ្តា​ខេត្ត​ផ្សេងទៀត មិនបាន​ទទួលការ​ឧបត្ថម្ភ​បច្ច័យ ឬថវិកា​ ពី​រដ្ឋាភិបាល​វៀតណាម​ឡើយ ។ ដូច្នេះ ព្រះសង្ឃ​ខ្មែរក្រោម​ពឹងផ្អែក​តែ​ទៅលើ​ចង្ហាន់​បិណ្ឌបាត​ និង​បច្ច័យ ដែល​ជា​ការចូលរួម​ជ្រោមជ្រែង​ឧប​ត្ត​ម្ភ និង​គាំទ្រ​ពី​ពុទ្ធបរិស័ទ​ចំ​ណុះ​ជើងវត្ត​ ដែល​ខ្លួន​កំពុង​សិក្សា​តែប៉ុណ្ណោះ ។

សមណ​សិស្ស​អង្គ​នេះ​ដដែល​បាន​បញ្ជាក់​ទៀត​ថា សម្បី​តែ​គ្រូបង្រៀន​ខ្មែរក្រោម​ ជា​ព្រះសង្ឃ​ក្តី ជា​គ្រហស្ថ​ក្តី ដែល​បាន​មក​បង្រៀន​សមណ​សិស្ស នៅ​តាម​វត្ត​អា​រា​មនានា​ នៅ​ដែនដី​កម្ពុជាក្រោម គឺ​គ្មាន​ប្រាក់ខែ​ឡើយ ។ ពួក​គាត់​សុទ្ធតែ​ជា​អ្នក​ស្ម​គ្រ​ចិត្ត​បន្តវេន​គ្នា​ ពី​ជំនាន់​មួយ​ទៅ​ជំនាន់​មួយ​មក​បង្រៀន ដើម្បី​យក​តែ​បុណ្យ​កុសល​ប៉ុណ្ណោះ ។ លើស​ពីនេះ សមណ​សិស្ស​អង្គ​នេះ​ ក៏​មានបំណង ចង់ទៅ​បន្ត​ការសិក្សា ​នៅ​ឯបរទេស​ផង​ដែរ មាន​ដូចជា​ប្រទេស​កម្ពុជា ថៃ ភូម្មា ឥណ្ឌា​ និង​សហរដ្ឋអាមេរិក​ជាដើម នៅពេល​ព្រះអង្គ​បញ្ចប់​ការសិក្សា​ថ្នា​ក់ពុ​ទិ្ធ​កមធ្យមសិក្សា​ទុតិយភូមិ​ នៅ​វត្ត​សំរោង​ឯក​នេះ​ ។

មហ​ច្ឆិ​តា​របស់​សមណ​សិស្ស​ភាគច្រើន ដែល​ចង់​ក្រេបជញ្ជក់​ចំណេះដឹង និង​ជំ​នាញ​ផ្សេង​ៗ ពី​ការរៀន​នៅ​បរទេស គឺ​គោលបំណង​តែមួយគត់ ក្រោយពេល​បញ្ចប់​ការសិក្សា នឹង​ត្រឡប់​មក​បម្រើ​មាតុភូមិ​ដ៏​កម្សត់​របស់​ខ្លួន​វិញ​ ។

បើ​ទោះជា​ជួប​ឧបសគ្គ កង្វះខាត​ថវិកា​ និង​ឧបករណ៍​សិក្សា​ក្តី ក៏​ព្រះសង្ឃ​ខ្មែរក្រោម​គ្រប់​ព្រះអង្គ នៅតែ​បន្ត​ប្តេជ្ញា​ចិត្ត​ខិតខំ​សិក្សា​ ភាសា អក្សរ​សាស្រ្ត និង​អត្តសញ្ញាណ​ជាតិ​របស់​ខ្លួន ដើម្បី​ទៅ​ថ្ងៃ​អនា​គត់​ក្លាយ​ខ្លួន​ជា​អ្នក​បន្តវេន​ផ្តល់​ចំណេះដឹង​ដល់​ការសិក្សា​អប់រំ​របស់​កូនចៅ​ខ្មែរក្រោម​ ។ ជាពិសេស​ពង្រឹង​វិស័យ​អប់រំ​ផ្នែក​ពុទ្ធចក្រ និង​ចំណេះដឹង​ទូទៅ​សម្រាប់​ប្រជាជាតិ​ខ្មែរក្រោម​ ៕