បុប្ផាព្រែកចាក | ដោយ ចៅ សុខ
[twocol_one]អធ្រាត្រស្ងប់ស្ងាត់ខ្យល់ផាត់កាយា
សម្លឹងតារារះខ្ពស់សែនឆ្ងាយ
អង្គុយម្នាក់ឯងក្រែងបានរំសាយ
ចិន្ដារាយមាយយប់ដប់ប្រាំកើត ។
រំពឹងរិះគិតកណ្ដាលរាត្រី
ស្រណោះដែនដីនៃភូមិកំណើត
ព្រែកចាក អណ្ដូងទឹក ស្រុកល្អឆើត
ខេត្តឃ្លាំងបង្កើតបុប្ផាខ្មែរក្រោម ។
គន់ទៅដួងច័ន្ទរស្មីភ្លឺថ្លា
ចែងចាំងលោកាសម្រស់ល្អឆោម
មនុស្សសត្វទាំងឡាយសប្បាយចោមរោម
រីករាយនៅក្រោមពន្លឺចន្ទ្រា ។
សញ្ជប់សញ្ជឹងគិតតែម្នាក់ឯង
ព្រួយចិត្តចម្បែងខ្វល់ក្នុងឱរា
នឹកដល់ខ្មែរក្រោមជាកេរដូនតា
មរតកអស្ចារ្យនៃខេមរះជាតិ ។[/twocol_one] [twocol_one_last]
ឱ ! ភូម៌ព្រែកចាកខ្ញុំនឹកអ្នកណាស់
សូមកុំប្រែផ្លាស់បែកខ្ញែកឃ្លៀងឃ្លាត
ពីស្រុកអណ្ដូងទឹកខេត្តឃ្លាំងរួមញាតិ
អ្នកជាសញ្ជាតិបុប្ផាខ្ញុំហើយ ។
អធ្រាត្រយប់ជ្រៅសន្សើមក៏ធ្លាក់
បក់មកត្រជាក់ចិត្តកាយាស្បើយ
អារម្មណ៍រីករាយរាវរកចម្លើយ
ឃើញប្រត្យក្សហើយខ្មែរក្រោមម្ចាស់ដី ។
បុប្ផាខ្មែរក្រោមចងចាំមិនភ្លេច
បណ្ដាំពាក្យពេចន៍ប្រាជ្ញព្រឹទ្ធកវី
ចារប្រវត្តិសាស្ត្រទុកជាសក្សី
ខ្មែរក្រោមប្រុសស្រីជាជនជាតិដើម ៕[/twocol_one_last]