សមណនិស្សិតខ្មែរក្រោម នៅប្រទេសកម្ពុជា និងថៃ ដែលត្រូវជាសិស្សគណ និងជាសិទ្ធិវិហារិក ដែលនិមន្តចេញទៅបន្តការសិក្សានៅក្រៅប្រទេស បានវិលត្រឡប់មកស្រុក គោរពព្រះសព ព្រះតេជព្រះគុណ ព្រះឧបជ្ឈាយ៍វិភទ្ទញ្ញាណ ឡឹម ពៅ ដែលបានអនិច្ចធម្ម កាលពី ថ្ងៃអាទិត្យ ១២ កើតខែផល្គុន ឆ្នាំ មមី ឆស័ក ពុទ្ធសករាជ ២៥៥៨ ត្រូវនឹងថ្ងៃទី ១ មីនា គ្រិស្តសករាជ ២០១៥ ដោយព្រះរោគាពាធ ក្នុងព្រះជន្មាយុ ៦៨ ឆ្នាំ, វស្សាផ្នួស ៥៥ វស្សា ។
ព្រះតេជព្រះគុណ ព្រះឧបជ្ឈាយ៍ វិភទ្ទញ្ញាណ ឡឹម ពៅ សព្វថ្ងៃ ជាព្រះចៅអធិការវត្តសង្វរថ្មមាស (អូរទទឹង) ឃុំអូរទទឹង ស្រុកកំពង់ស្ពាន ខេត្តព្រះត្រពាំង កម្ពុជាក្រោម, ព្រះអង្គជាព្រះស្ថាបនិកវត្តរតនសាគរ (ព្រើម) នៅឆ្នាំ ១៩៧២, ជាព្រះឧបជ្ឈាយ៍ដែលមានវត្តចំណុះចំនួន ១៨ វត្ត ស្ថិតនៅក្នុងស្រុកទាំង ២ គឺស្រុកកញ្ចោងចំនួន ៩ វត្ត និងស្រុកកំពង់ស្ពានចំនួន ៩ វត្ត រួមមានសិទ្ធិវិហារិក និងអន្តេវាសិករាប់រយអង្គ កំពុងបន្តការសិក្សា និងបំពេញសកម្មភាពសាសនកិច្ចទាំងក្នុង និងក្រៅប្រទេស, ជាប្រធានសមាគមព្រះសង្ឃស្នេហាជាតិស្រុកកំពង់ស្ពាន ក្នុងឋានៈជាព្រះអនុគណស្រុកកំពង់ស្ពាន និងជាព្រះមេគណរង ខេត្តព្រះត្រពាំង ផងដែរ ៕