ដោយ ស៊ឺន ចែងចើន|VOKK
អង្គការ-សមាគមខ្មែរកម្ពុជាក្រោម ដែលមានមូលដ្ឋាន នៅប្រទេសកម្ពុជា បានរៀបចំប្រារព្ធខួបលើកទី ៦៨ នៃទិវាសិទ្ធិមនុស្សអន្ដរជាតិ ១០ ធ្នូ នៅព្រឹកមិញនេះ ។
ពិធីអបអរទិវាសិទ្ធិមនុស្សអន្ដរជាតិនេះ ធ្វើឡើងនៅទីស្នាក់ការសមាគមខ្មែរកម្ពុជាក្រោម ដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ ស្ថិតនៅសហគមន៍បូរីព្រៃនគរ ភូមិគោកឃ្លាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដែលមានអ្នកចូលរួមជាព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោមប្រមាណ ២០០ នាក់ ។
ពិធីអបអរសាទរខួបលើកទី ៦៨ នៃសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស នៅថ្ងៃទី ១០ ខែធ្នូ ឆ្នាំនេះ អង្គការសមាគមខ្មែរកម្ពុជាក្រោម បានលើកយកប្រធានបទគឺ «ខ្មែរក្រោមត្រូវតែទទួលស្គាល់តាមផ្លូវស្របច្បាប់ជាពលរដ្ឋខ្មែរ តាមគោលការណ៍សិទ្ធិមនុស្សអន្តរជាតិ» ដើម្បីជំរុញឲ្យមានការគោរពសិទ្ធិមនុស្សខ្មែរក្រោម រួមបញ្ចូលការផ្សព្វផ្សាយនូវសិទ្ធិរបស់ជនជាតិដើម សេចក្តីប្រកាសជាសាកលស្តីពីសិទ្ធិមនុស្ស រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ច្បាប់សញ្ជាតិកម្ពុជា និងបទដ្ឋានច្បាប់ផ្សេងៗ ដែលពាក់ព័ន្ធ ។
គួររំឭកថា ទិវាសិទ្ធិមនុស្សអន្តរជាតិ ត្រូវបានមនុស្សទៅទាំងពិភពលោក ប្រារព្វឡើងជារៀងរាល់ឆ្នាំ នៅថ្ងៃទី១០ ខែធ្នូ ដើម្បីរំឭកដល់ការតស៊ូប្រឆាំងអំពើរំលោភសិទ្ធិមនុស្ស ដែលបន្តប៉ះពាល់ដល់សង្គម និងសហគមន៍ នៅគ្រប់ប្រទេស ។
ការប្រារព្វទិវាសិទ្ធិមនុស្សអន្តរជាតិ គឺជាការផ្តល់ឱកាសដល់សង្គមស៊ីវិល រដ្ឋាភិបាល អង្គការអន្តរជាតិ និងពលរដ្ឋគ្រប់ស្រទាប់បង្ហាញនូវកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ក្នុងការធានាឲ្យមានការទទួលស្គាល់ និងអនុវត្តតាមគោលការណ៍សិទ្ធិមនុស្សជាមូលដ្ឋាន ។
រូបថតខ្លះៗ នៃពិធីខួបលើកទី ៦៨ នៃសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស ។ រូបថតៈ ស៊ឺន ចែងចើន