កូស័ងស៊ីន មិនមែន​មានន័យថា “​នាង​ទី​ប្រាំបួន​សុំ​” ទេ​

ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ

​ពាក្យ “​កូស័ងស៊ីន​” ក្នុង​ភាសា​បារាំង​ដែលជា​ពាក្យ​សំដៅលើ​ឈ្មោះ​នៃ “​ដែនដី​កម្ពុជា​ក្រោម​” នោះ ត្រូវបាន​ជនជាតិ យួន​ហៅ​ផ្តួល​ទៅជា​សំនៀង​ភាសា​យួន​ថា “​កូ​ជិន​សិន​” ហើយ​ត្រូវបាន​ពលរដ្ឋ​ខ្មែរក្រោម​ប្រែ​ចេញពី​ភាសា​យួន​មកជា​ខ្មែរ ថា “​នាង​ទី​ប្រ​បួន​សុំ​” មានន័យថា ដែនដី​កម្ពុជា​ក្រោម ជា​អំណោយ​ដែល​ជនជាតិ​យួន​បានមក ដោយ មហេសី​យួន​សុំ​ពី ព្រះមហាក្សត្រ​ខ្មែរ ។ តើ​អត្ថន័យ​ពិតរ​បស់ពាក្យ “​កូស័ងស៊ីន​” មានន័យ​យ៉ាងណាដែរ​?

​ដែនដី​កម្ពុជា​ក្រោម ត្រូវបាន​ជនជាតិ​យួន​គ្រប់​ជំនាន់​ហៅ​តាម​ភាសា​យួន​ថា ណា​ម​គី (Nam Kỳ) ឬ ណា​ម​បូ (Nam Bộ) ដែលមាន​ន័យ​ជា​ភាសា​ខ្មែរ​ថា “​ភាគខាងត្បូង​” និង​ត្រូវបាន​បារាំង និង​ពួក​បស្ចិមប្រទេស​ហៅថា “​កូស័ងស៊ីន​” ឬ “​កូ​ស័ង​ឆៃ​ណា​” ( Cochin China) ។ ក្រោយមក ជនជាតិ​យួន​មួយចំនួន​ហៅ ផ្ដួល​សំនៀង​ពាក្យ កូស័ងស៊ីន ទៅជា ភាសា​យួន​ថា “​កូ​ជិន​សិន​” (Cô Chín Xin) ដែលមាន​ន័យ​ជា​ភាសា​ខ្មែរ ថា “​នាង​ទី​ប្រាំបួន​សុំ​” ដើម្បី​បន្លំ ដាន​ខ្មែរក្រោម​ថា ដែនដី​កម្ពុជា​ក្រោម ជា​កម្មសិទ្ធិ របស់​ជនជាតិ​យួន ព្រោះ នាង ង៉ុ​ក វ៉ាង (Ngọc Vạn) មហេសី​យួន​របស់​ព្រះបាទ ជ័យជេដ្ឋា ទី ២ បាន​សុំ​ពី ព្រះមហាក្សត្រ​ខ្មែរ ។

ផែនទី ដែនដីកម្ពុជាក្រោម (Cochin China) ឆ្នាំ ១៨៦១ ។
ផែនទី ដែនដីកម្ពុជាក្រោម (Cochin China) ឆ្នាំ ១៨៦១ ។

ចម្លងទុក

ខាងក្រោម​នេះ ជាហេតុ​ផល​មួយ ចំនួន​ដែល​បញ្ជាក់​ឲ្យ​ឃើញថា “​កូស័ងស៊ីន​” មិនមែន​មានន័យថា “​នាង​ទី​ប្រាំ បួន​សុំ​” ដូច​ពាក្យ យួន​ជា​ភាសា​យួន​ថា “ កូ​ជិន​សិន​” នោះទេ ។​

ប្រភព​ពាក្យ “​កូស័ងស៊ីន​” (Cochin China)៖

​ពាក្យ​នេះ “​កូស័ងស៊ីន​” នៅក្នុង​ភាសា​អង់គ្លេស កាត់ចេញ​ជា​ពីរ​សព្ទ​ដាច់ដោយឡែក​ពីគ្នា គឺ កូ​ស័ង (Cochin) និង ឆៃ​ណា (China) ។ ពាក្យ “​កូ​ស័ង​” (Cochin) ជា​ឈ្មោះ​ទីក្រុង​កំពង់ផែ​មួយ​នៅ​ភាគខាងត្បូង​នៃ​ប្រទេស​ឥណ្ឌា ដែល​ពួក​បស្ចិមប្រទេស ហៅថា Cochin India ។ ជ្រោយ​នេះ មាន​ទ្រង់ទ្រាយ​ស្រដៀង​នឹង​ជ្រោយ​ទឹ ក​ខ្មៅ​នៃ​ដែនដី​កម្ពុជា​ក្រោម​ដែរ ។ ចំណែក​ពាក្យ “​ស៊ីន​” ឬ “​ឆៃ​ណា​” (China) វិញ សំដៅលើ​ប្រទេស​ចិន ។ ពេល​ពួក បារាំង​ចុះមក​ធ្វើ​អាណានិគម​នៅ​កម្ពុជា​ក្រោម ពួកគេ​បានដាក់​ឈ្មោះ ដែនដី​កម្ពុជា​ក្រោម​ថា កូស័ងស៊ីន ឬ “​កូ​ស័ង ឆៃ​ណា​” ដែល​មានន័យថា “​កូ​ស័ង​” ជាប់​នឹង​ប្រទេស​ចិន ដើម្បី​បែងចែក កុំ​ឲ្យ​ច្រឡំ​គ្នា​នឹង​ជ្រោយ “​កូ​ស័ង​ឥណ្ឌា​” (Cochin India) ។

ផែនទីអាស៊ីអាគ្មេយ៍គូរដោយ លោក Gerardus Mercator និង លោក Jan Hondius នៅឆ្នាំ ១៦០៩ បង្ហាញ កូស័ងស៊ីន នៅតំបន់ តុងកឹង គឺ ហាណូយ ភាគខាងជើង ប្រទេសវៀតណាម សព្វថ្ងៃ ។
ផែនទីអាស៊ីអាគ្មេយ៍គូរដោយ លោក Gerardus Mercator និង លោក Jan Hondius នៅឆ្នាំ ១៦០៩ បង្ហាញ កូស័ងស៊ីន នៅតំបន់ តុងកឹង គឺ ហាណូយ ភាគខាងជើង ប្រទេសវៀតណាម សព្វថ្ងៃ ។

“​កូស័ងស៊ីន​” ឈ្មោះ​មាន​មុន​ស្ដេច​ខ្មែរ​រៀប​អភិសេក​ជាមួយនឹង​ស្រី​យួន​៖

​យោងតាម​ផែនទី​អាស៊ី​អា​គ្មេ​យ៍​ដែល​បាន​គូរ​ដោយ លោក ឈើ​រ៉ា​ឌូ​ស មើ​ខាត​ធើ (Gerardus Mercator) ទស្សនវិទូ និង​ជា គណិត វិទូ​ជនជាតិ​អាល្លឺម៉ង់ និង លោក ឆែ​ន ហន់​ឌូ​ស (Jan Hondius) នៅ​ឆ្នាំ ១៦០៩ ឃើញថា ឈ្មោះ កូស័ងស៊ីន (Cochin China) ត្រូវបាន​គេ​ហៅ​សំដៅ​នៅ​តំបន់​តុងកឹង គឺ​ហាណូយ ភាគ​ខាងជើង ប្រទេស​វៀតណាម​សព្វថ្ងៃ មិនមែន​សំដៅ លើ​តំបន់ ដែនដី​កម្ពុជា​ក្រោម ទេ ។ ម្យ៉ាងទៀត ព្រះបាទ​ជ័យជេដ្ឋា ទី ២ ព្រះមហាក្សត្រ​ខ្មែរ បាន​រៀប​អភិសេក​ជាមួយនឹង​ព្រះ​នាង ង្វៀង ផុ​ក ង៉ុ​ក វ៉ាង (Công nữ Ngọc Vạn) ជា​បុត្រី​ទី ២ របស់​ស្ដេច​យួន ង្វៀង ផុ​ក ង្វៀង ( Nguyễn Phúc Nguyên) នៅក្នុង​ឆ្នាំ ១៦១៨ ដែល​បញ្ជាក់​ឲ្យ​ឃើញថា ឈ្មោះ កូស័ងស៊ីន មានមក​មុន​ស្ដេច​ខ្មែរ​រៀប​អភិសេក​បុត្រី​យួន​ទៅទៀត ។ កក្តា​នេះ វា​ផ្ទុយ​នឹង​អ្វី ដែល​ជនជាតិ​យួន​លើក ឡើង​ក្រៅផ្លូវការ​ថា បារាំង​បានដាក់​ឈ្មោះ​ដែនដី​កម្ពុជា​ក្រោម​ថា “​កូស័ងស៊ីន​” ដើម្បី​តបស្នង​សង គុណ​ដល់ “​នាង​ទី ប្រាំបួន​” ដែល​បាន​សុំ​ដែនដី​ម្ដុំ​នេះ​ពី​ស្ដេច​ខ្មែរ ។​

​នាង ង៉ុ​ក វ៉ាង ជា​បុត្រី​ទី ២ របស់​ស្ដេច​យួន មិនមែន​ទី ៩ ទេ​៖

​យោងតាម​ប្រវត្តិ​នាង ង្វៀង ផុ​ក ង៉ុ​ក វ៉ាង មហេសី​យួន​របស់ ព្រះបាទ ជ័យជេដ្ឋា ទី ២ ព្រះមហាក្សត្រ​ខ្មែរ ដែល​ចុះផ្សាយ នៅលើ គេហទំព័រ​ស​ព្វា​វចនាធិប្បាយ Wikipedia នាង ង៉ុ​ក វ៉ាង ជា​បុត្រី​ទី ២ របស់​ស្ដេច​យួន ង្វៀង ផុ​ក ង្វៀង មិនមែនជា​បុត្រី​ទី ៩ ទេ ។ យោងតាម​សៀវភៅ​ប្រវត្តិ​ព្រះរាជាណាចក្រ​កម្ពុជា​ជា​ភាសា​បារាំង​ឈ្មោះ ហួ​យ៉ាំ ឌូ ខាំ​បោ​ដ​ហ្គ៍ (Royaume du Cambodge) នៅ​ខែមីនា ឆ្នាំ ១៦១៨ ព្រះបាទ ជ័យ​ចេស្ដា ឬ ព្រះបាទ ជ័យជេដ្ឋា ទី ២ ត្រូវបាន​គេ​ប្រទាន​ព្រះ​គោ​រម្យ​ងារ​ជា សម្ដេចព្រះ​ជ័យ ចេស្ដា​ធិ​រាជ​រាមា​ធិបតី បរមបពិត្រ ។ ពេលនោះ ស្ដេច​យួន អាណ្ណា​ម ក៏បាន​លើក ព្រះ​នាង ង៉ុ​ក វ៉ាង បុត្រី​របស់ខ្លួន​ឲ្យ​ស្ដេច​ខ្មែរ ហើយ​ត្រូវ បាន​គេ​ប្រទាន​ព្រះ​គោ​រម្យ​ងារ​ថា សម្ដេច​ព្រះរាជ​វ​តី ព្រះវររាជ​ក្ស​ត្រី ។​

​ពាក្យ “China” ឬ “Chine” មិនមែន​ប្រែ​ថា “​សុំ​”៖

យោងតាម​អក្សរ “​សុំ​” ក្នុង​ភាសា​យួន​គេ​សរសេរថា “Xin” ផ្សំ​ពី​តួអក្សរ “X-I-N” មិនមែនជា “ China” ឬ “Chine” ដែល​សំដៅ លើ​ប្រទេស “​ចិន​” ដូច​សព្ទ​ដើមរ​បស់ពាក្យ “Cochin China” នោះទេ ។ ដូច្នេះ ពាក្យ​កូស័ងស៊ីន ឬ កូ​ស័ង​ឆៃ​ណា មានន័យថា “​ជ្រោយ​កូ​ស័ង​” នៅ​នៅជាប់​នឹង “​ប្រទេស​ចិន​” មិនមែន​មានន័យថា ដែនដី​ដែល “​នាង​ទី ប្រាំបួន​សុំ​” ទេ ។​

​កូស័ងស៊ីន ឈ្មោះ​បារាំង​ដាក់​ឲ្យ​៖

ខ្មែរក្រោម​ហៅ ដែនដី​តំបន់​នេះ​ថា កម្ពុជា​ក្រោម ចំណែក ជនជាតិ​យួន​ហៅ​ជា​ផ្លូវការ​ថា ណា​ម​គី (Nam Ky) ឬ ណា​ម​បូ (Nam Bo) ខណៈ ពាក្យ “​កូស័ងស៊ីន​” ត្រូវបាន​ពួក​ប​ស្ចិ​ស​ប្រទេស​ហៅ​សំដៅ​តំបន់​តឹង​កឹង ឬ ហាណូយ ភាគ​ខាងជើង នៃ​ប្រទេស​វៀតណាម បច្ចុប្បន្ន ទៅវិញ ។ ក្រោយមក ពេល​បារាំង បានធ្វើ​អាណានិគម​ទាំងស្រុង នៅ​កម្ពុជា​ក្រោម នា​ឆ្នាំ ១៨៦៧ ពួកគេ​បាន​ហៅ កម្ពុជា​ក្រោម ជា​ភាសា​បារាំង​ថា “​កូស័ងស៊ីន​” (Cochin China) ហើយ​ហៅ​តំបន់​អតីត​នគរ​ចាម្ប៉ា ឬ ភាគ​កណ្ដាល នៃ​ប្រទេស​វៀតណាម​បច្ចុប្បន្ន​ថា អាណ្ណា​ម និង តំបន់​ហាណូយ ហៅថា តុងកឹង វិញ ៕

………………………………….
ឯកសារពិគ្រោះ៖
• http://en.wikipedia.org/wiki/Kochi
• http://www.columbia.edu
• http://vi.wikipedia.org
• http://en.wikipedia.org/wiki/Gerardus_Mercator