ប្រទេសថៃរាជាភិសេកស្ថាបនាសម្ដេចសង្ឃអង្គទី ២០

ក្រុងទេពមហានគរ, ស្យាមប្រទេសនៅថ្ងៃអាទិត្យ ទី ១២ ខែកុម្ភៈ ឆ្នាំ  ២០១៧ ម្សិលមិញនេះ ប្រទេសថៃបានរៀបចំពិធីរាជាភិសេកស្ថាបនាជាផ្លូវការ នូវសម្ដេចព្រះសង្ឃរាជអង្គទី ២០ នៃក្រុងរតនកោសិន្ទ្រ នៅក្នុងព្រះឧបោសថ  វត្តព្រះស្រីរតនសាស្ដារាម ព្រះកែវមរកត ក្នុងព្រះបរមមហារាជវាំង នា ក្រុងទេពមហានគរ  (បាងកក)  ។

សម្ដេចសង្ឃរាជអង្គទី ២០ របស់ប្រទេសថៃ សម្ដេចព្រះមហាមុនីវង្ស និងត្រាសញ្ញលក្សណ៍របស់ព្រះអង្គ ។
សម្ដេចសង្ឃរាជអង្គទី ២០ របស់ប្រទេសថៃ សម្ដេចព្រះមហាមុនីវង្ស និងត្រាសញ្ញលក្សណ៍របស់ព្រះអង្គ ។

សម្ដេចព្រះសង្ឃរាជអង្គទី ២០ ដែលទើបតែបានតែងតាំងនោះ មានព្រះនាមថា សម្ដេចព្រះមហាមុនីវង្ស ឬ សម្ដេច ស ព្រះអង្គប្រសូតនៅថ្ងៃទី ២៦ ខែមិថុនា ព.ស. ២៤៧០ (តាមប្រក្រតិទិនចន្ទគតិថៃ) គ. ស. ១៩២៧ ត្រូវនឹងថ្ងៃអាទិត្យ ១២ រោច ខែជេស្ឋ ឆ្នាំថោះ ចុល្លសករាជ ១២៨៩ នៅឃុំបាងប៉ា ស្រុកមឿង ខេត្តរាជបុរី និងមានព្រះនាមដើមថា អម្ពរ ប្រសត្ថពង្ស ។ ញោមមាតានាម តាល ប្រសត្ថពង្ស ឯបិតានាម ន័ប ប្រសត្ថពង្ស ដែលជាអ្នកលក់ដូរ។ បច្ចុប្បន្នព្រះអង្គមានព្រះជន្ម ៨៩ វស្សា ។

កាលគ្រាកុមារភាព បានចូលរៀនសាលាបឋមសិក្សានៅសាលារៀនទេវានុគ្រោះហ៍ នាឃុំគោកខ្ទឹម ស្រុកមឿង ខេត្តល្វបុរី រហូតដល់បញ្ចប់ថ្នាក់ទី ៤ ។

នៅ គ.ស. ១៩៣៧ ព្រះអង្គបានបួសជាសាមណេរនាវត្តសត្តនារថបរិវត្រ ឃុំនាមឿង ស្រុកមឿង ខេត្តរាជបុរី ដោយមានព្រះធម្មសេនានី (ងើន នន្ទោ) មេគណខេត្តរាជបុរី ជាព្រះឧបជ្ឈាយ៍ និងបន្ទាប់មកបានទៅសំណាក់វត្តត្រីញាតិ ឃុំពង់ស្វាយ ដើម្បីសិក្សាព្រះបរិយត្តិធម្ម ។ នៅ គ.ស.១៩៤០ ប្រឡងជាប់ជាអ្នកធម៌ ថ្នាក់ត្រី, គ. ស. ១៩៤១ ជាប់ថ្នាក់ទោ, គ. ស. ១៩៤៣ ជាប់ថ្នាក់ឯក និងប្រឡងជាប់បារៀនធម៌៣ប្រយោគ, គ. ស. ១៩៤៥ ប្រឡងជាប់បារៀនធម៌ ៤ ប្រយោគ ។

នៅ គ.ស. ១៩៤៧ បានផ្លាស់មកសំណាក់ឯវត្តរាជបពិធស្ថិតមហាសីមារាម ដោយសម្ដេចព្រះពុទ្ធបាវចនបតី (ទងចឿ ចិន្តាករោ) យកមកផ្ញើនឹងសម្ដេចព្រះអរិយវង្សាគតញ្ញាណ សម្ដេចព្រះសង្ឃរាជ សកលមហាសង្ឃបរិណាយក (វាសន៍ វាសនោ) និងបានចូលពិធីឧបសម្ប័ទ កាលពីថ្ងៃទី៩ ខែឧសភា ព.ស.២៤៩១ គ.ស. ១៩៤៨ នាមហាពទ្ធសីមាវត្តរាជបពិធ ដោយមានសម្ដេចព្រះអរិយវង្សាគតញ្ញាណ សម្ដេចព្រះសង្ឃរាជ សកលមហាសង្ឃបរិណាយក (វាសន៍ វាសនោ) ជាព្រះឧបជ្ឈាយ៍ សម្ដេចព្រះពុទ្ធបាវចនបតី (ទងចឿ ចិន្តាករោ) ជាព្រះកម្មវាចាចារ្យ ។

បន្ទាប់ពីឧបសម្ប័ទ ព្រះអង្គបានបន្តសិក្សាព្រះបរិយត្តិធម៌ ក្នុងវត្តរាជបពិធ និងនៅ គ.ស.១៩៤៨ ព្រះអង្គបានប្រឡងជាប់បារៀនធម៌ ៥ ប្រយោគ និងនៅ គ.ស. ១៩៥០ ប្រឡងជាប់បារៀនធម៌ ៦ ប្រយោគ ។

ក្រោយមកព្រះអង្គបានចូលរៀននៅសាកលវិទ្យាល័យមហាមកកុដរាជវិទ្យាល័យ ជាអ្នកសិក្សាជំនាន់ទី ៥ ដោយបានបញ្ចប់ផ្នែកសាសនសាស្ត្របណ្ឌិត នាគ.ស.១៩៥៧ និងនៅ គ. ស. ១៩៦៦ បានចូលទៅអប់រំវគ្គព្រះធម្មទូត និងជាព្រះធម្មទូតជំនាន់ទីដំបូង មុននឹងទៅបន្តការសិក្សាថ្នាក់អនុបណ្ឌិតឯសាកលវិទ្យាល័យពារាណសី ប្រទេសឥណ្ឌា និងបានបញ្ចប់ការសិក្សាកាលគ្រា គ.ស. ១៩៦៩ ផ្នែកប្រវត្តិសាស្ត្រ និងបូរាណវិទ្យា ។

លំដាប់សមណស័ក្ដិ៖

  • គ.ស.១៩៧១ ទទួលបានព្រះទានដំឡើងសមណស័ក្ដិជាព្រះរាជាគណៈថ្នាក់សាមញ្ញ ទី «ព្រះបរិយត្តិកវី»
  • គ.ស.១៩៨១ ទទួលបានព្រះទានដំឡើងសមណស័ក្ដិជាព្រះរាជាគណៈថ្នាក់រាជ ទី «ព្រះរាជសារសុធី»
  • គ.ស.១៩៩០ ទទួលបានព្រះទានដំឡើងសមណស័ក្ដិជាព្រះរាជាគណៈថ្នាក់ទេព ទី «ព្រះទេពមេធាភរណ៍»
  • គ.ស.១៩៩៥ ទទួលបានព្រះទានដំឡើងសមណស័ក្ដិជាព្រះរាជាគណៈថ្នាក់ធម្ម ទី «ព្រះធម្មមេធាភរណ៍»
  • គ.ស. ២០០០ ទទួលបានព្រះទានដំឡើងសមណស័ក្ដិជាព្រះរាជាគណៈអនុគណថ្នាក់ហិរញ្ញប័ដ ឬសម្ដេចព្រះរាជាគណៈរង ទី «ព្រះសាសនសោភណ វិមលញ្ញាណអតុលសុន្ទ្រនាយក ត្រីបិដកធម្មាលង្កាភូឞិត ធម្មនិត្យសាទរ ឝាសនកិច្ចានុករ ធម្មយុត្តិកគណិស្សរបវរសង្ឃារាម គាមវាសី»។

នៅថ្ងៃទី ៥ ខែធ្នូ គ.ស. ២០០៩ ព្រះអង្គត្រូវបានព្រះមហាក្សត្រិយ៍ថៃ រាមាទី ៩ ប្រោសព្រះរាជទានស្ថាបនាឡើងជាសម្ដេចព្រះរាជាគណៈថ្នាក់សុវណ្ណប័ដ ទី «សម្ដេចព្រះមហាមុនីវង្ស ពិពឌ្ឍនពង្សវិសុត ពុទ្ធបាពចនានុឝាសន៍វាសនវរាង្កូរ វិបូលឝិលសមាចារវត្រសុន្ទរ ត្រីបិដកធម្មវរាលង្ករណវិភូឞិត ធម្មយុត្តិកគណិស្សរ បវរសង្ឃារាម គាមវាសី អរណ្យវាសី» គង់នៅវត្តរាជបពិធស្ថិតមហាសីមារាម រាជវរវិហារ ព្រះអារាមហ្លួង ក្រុងទេពមហានគរ មានឋានានុស័ក្ដិតាំងឋានានុក្រមបាន ១០ អង្គ ។

សម្ដេចព្រះមហាមុនីវង្ស ជាព្រះថេរៈជាន់ខ្ពស់មួយព្រះអង្គដែលយកព្រះទ័យទុកដាក់ក្នុងកិច្ចការរបស់ព្រះអារាមហ្លួងរហូតមក ដូចដែលបានឃើញពីភារនាទីដែលបានបំពេញកន្លងមក ដោយសុទ្ធតែកើតឡើងពីចំណេះដឹង សមត្ថភាព និងបទពិសោធន៍ ព្រមទាំងការតាំងព្រះទ័យ ។ នៅថ្ងៃអង្គារ ទី ៧ ខែកុម្ភៈ គ.ស. ២០១៧ កន្លងទៅនេះ ព្រះអង្គត្រូវបានព្រះមហាក្សត្រិយ៍ថ្មីរបស់ថៃ សម្ដេចព្រះចៅយូហួមហាវជិរាលង្ករណ បតិន្ទ្រទេព្យវរាង្កូរ ទ្រង់ប្រោសព្រះរាជទាន សម្រេចតែងតាំងជាសម្ដេចព្រះសង្ឃរាជអង្គទី ២០ នៃរាជអាណាចក្រថៃ ។

អំពីត្រាសញ្ញលក្សណ៍៖

បន្ទាប់ពីការប្រកាសតែងតាំងជាផ្លូវការសម្ដេចព្រះសង្ឃរាជអង្គទី ២០ ពីសំណាក់ព្រះចៅផែនដីសៀមរួចមក នាថ្ងៃទី ៨ ខែកុម្ភៈ ឆ្នាំ ២០១៧ មានការបើកបង្ហាញអំពីត្រាសញ្ញលក្សណ៍សម្គាល់សម្រាប់សម្ដេចព្រះសង្ឃរាជអង្គថ្មី។ ត្រាសញ្ញលក្សណ៍ សម្ដេចព្រះសង្ឃរាជនេះ គឺជាព្រះសមណស័ក្ដិ និងជាសញ្ញាសម្គាល់មួយប្រចាំព្រះអង្គ តាមទំនៀមនគរសៀម ។

ត្រាសញ្ញលក្សណ៍ សម្ដេចព្រះសង្ឃរាជ អង្គទី ២០ នេះត្រូវបានរចនាដោយសំណាក់ជាង ១០ ក្រុម របស់ក្រុមសិល្បាករថៃ ដោយមានសញ្ញលក្សណ៍អក្សរកាត់ «អអប៉» (ថៃ៖ ออป) ស្ថិតនៅពីក្រោមឆត្ររួតព័ណ៌សបីជាន់ ដែលជាឆត្រសម្គាល់សម្ដេចព្រះសង្ឃរាជ និងមានអត្ថន័យដូចតទៅនេះ៖

  • អក្សរ อ. (អ) មកពីពាក្យ «อัมพร» (អម្ពរ) ជាព្រះនាមព្រះអង្គ ប្រើតួអក្សរព័ណ៌ក្រហម ដែលជាព័ណ៌ថ្ងៃប្រសូត ព្រះអង្គ ជាថ្ងៃអាទិត្យ
  • អក្សរ อ. (អ) មកពីពាក្យ «อมฺพโร» (អម្ពរោ) ជាឆាយា (នាមបញ្ញត្តិ)ព្រះអង្គ ប្រើតួអក្សរព័ណ៌លឿង សម្គាល់ព័ណ៌អាសនៈប្រចាំតំណែងសម្ដេចព្រះសង្ឃរាជ និងព័ណ៌របស់កាសាវពស្រ្ត ជាសមណគុណ
  • អក្សរ ป. (ប៉) មកពីពាក្យ «ประสัตถพงศ์» (ប្រសត្ថពង្ស) ជានាមត្រកូលរបស់ព្រះអង្គ ប្រើតួអក្សរព័ណ៌ផ្ទៃមេឃចាស់ ដែលជាព័ណ៌ប្រចាំខេត្តរាជបុរី ដែលជាជាតិភូមិនៃព្រះអង្គ ។

សូមបញ្ជាក់ថា ការតែងតាំងសម្ដេច ព្រះសង្ឃរាជអង្គទី ២០ នេះ បានធ្វើឡើងបន្ទាប់ពីសម្ដេចសង្ឃរាជអង្គ ទី ១៩ បានសុគតកាលពី ៤ ឆ្នាំ កន្លងទៅនេះ ។  ព្រះសង្ឃរាជអង្គទី ១៩ របស់ប្រទេសថៃ មានព្រះនាមថា សម្ដេចព្រះញាណសង្វារ ប្រសូត នៅថ្ងៃទី ៣ ខែតុលា ឆ្នាំ ១៩១៣ សុគត នៅថ្ងៃទី ២៤ ខែតុលា ឆ្នាំ ២០១៣ ក្នុងព្រះជន្មាយុ ១០០ វស្សា ។ ព្រះអង្គបានឡើងគ្រប់គ្រងគណៈសង្ឃក្នុងឋានៈជាសម្ដេចសង្ឃរាជ ចាប់ពីឆ្នាំ ១៩៨៩ រហូតដល់សុគត មានរយៈពេល ២៤ វស្សា  ៕

………………………

ប្រភពព័ត៌មាន៖