ដោយ ថាច់ ប្រីជា គឿន
នៅថ្ងៃទី ១ ខែមករា នេះ ជាថ្ងៃចូលឆ្នាំសកល ឆ្នាំ ២០១៩ ពីសហរដ្ឋអាមេរិក ប្រធានប្រតិបត្តិ នៃ សហព័ន្ធខ្មែរកម្ពុជាក្រោម ដែលហៅកាត់ជាភាសាអង់គ្លេសថា KKF បានផ្ញើសារប្រគេន និង ជូនពរឆ្នាំថ្មី ដល់ថ្នាក់ដឹកនាំ សមាជិក អ្នកគាំទ្រ និង ពលរដ្ឋខ្មែរទូទាំងពិពភពលោក ឲ្យបានប្រកបតែនឹងសេចក្ដីសុខ សេចក្ដីចម្រើនគ្រប់ប្រការ ។
យោងតាមលិខិតប្រគេន និង ជូនពរថ្មី ឆ្នាំ ២០១៩ ជាភាសាអង់គ្លេស របស់សហព័ន្ធខ្មែរ កម្ពុជាក្រោម ចុះថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ ២០១៨ លោក ប្រាក់ សេរីវុឌ្ឍ បានបញ្ជាក់អំពី សកម្មភាព ដែលសហព័ន្ធខ្មែរកម្ពុជាក្រោម បានបំពេញក្នុង ឆ្នាំ ២០១៨ ថា ដោយសារមាន ការគាំទ្រ និង ការចូលរួមធ្វើការស្មគ្រចិត្តពីសមាជិក នៃ សហព័ន្ធខ្មែរកម្ពុជាក្រោម ទូទាំងពិភពលោក ដើម្បីបង្ហាញឲ្យពិភពលោកបានដឹងអំពីស្ថានភាពសិទ្ធិមនុស្សនៅដែនដីកម្ពុជាក្រោម ។ សារលិខិតនេះ បានបញ្ជាក់ថា សហព័ន្ធខ្មែរកម្ពុជាក្រោម “វាយតម្លៃយ៉ាងខ្ពស់ចំពោះសមាជិក នៃ សហព័ន្ធខ្មែរកម្ពុជាក្រោម និង អ្នកគាំទ្រ នៅជុំវិញពិភពលោក ដែលបានធ្វើការដោយមិនចេះនឿយហត់ ដើម្បីបង្ហាញឲ្យពិភពលោកបានដឹងថា ជនជាតិដើមខ្មែរក្រោមនៅកម្ពុជាក្រោម នៅតែត្រូវប្រឈមនឹងការរំលោភសិទ្ធិមនុស្ស និង ជិះជាន់លើសេរីភាពសាសនា ពីសំណាក់រដ្ឋាភិបាលវៀតណាម ជាទម្ងន់” ។
ក្នុងសារលិខិតនេះដដែលបានបញ្ជាក់ថា នៅក្នុងឆ្នាំ ២០១៩ នេះ ជាឆ្នាំសហព័ន្ធខ្មែរកម្ពុជាក្រោម នឹងរំឭកឡើងវិញនូវប្រវត្តិសាស្ត្រកម្ពុជាក្រោម កត់សម្គាល់នូវខួប ៧០ ឆ្នាំ ដែល ដែនដីកម្ពុជាក្រោម ឬ កូស័ងស៊ីន ត្រូវផ្ទេរដោយអំណាចអាណានិគមនិយមបារាំងនៅឥណ្ឌូចិន ឲ្យទៅ ស្ដេច បាវ ដាយ របស់វៀតណាម នាថ្ងៃទី ៤ ខែមិថុនា ឆ្នាំ ១៩៤៩ ដោយគ្មានការយល់ព្រមពីប្រជាពលរដ្ឋខ្មែរក្រោមម្ចាស់ស្រុកឡើយ ។
សហព័ន្ធខ្មែរកម្ពុជាក្រោម ជាចលនាតស៊ូមួយ របស់ពលរដ្ឋខ្មែរក្រោម ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក ធ្វើការតស៊ូដោយសន្តិវិធិ និង អហិង្សា ដើម្បី ស្វែងរក “សិទ្ធិសម្រេចវាសនាខ្លួនដោយខ្លួនឯង” ជូនពលរដ្ឋខ្មែរ នៅដែនដីកម្ពុជាក្រោម សព្វថ្ងៃ ។