នៅក្នុងឱកាសនៃរដូវកាលឈប់សម្រាក និងឱកាសឆ្នាំថ្មីសកលឈានចូលមកដល់ ក្នុងនាមសហព័ន្ធកម្ពុជាក្រោម ខ្ញុំសូមជូនពរដល់លោកអ្នក និង ក្រុមគ្រួសារឲ្យបានប្រកបតែភាពរីករាយ ជីវិតស្រស់ថ្លា មានសុខភាពល្អ និងសុភមង្គលគ្រប់ពេលវេលា ។ សួស្ដីឆ្នាំថ្មី !

នៅក្នុងឆ្នាំ ២០១៥ សមាជិកសហព័ន្ធខ្មែរកម្ពុជាក្រោម និង ថ្នាក់ដឹកនាំបានធ្វើដំណើរជុំវិញពិភពលោក ដូចជា នៅទីក្រុងញូវយ៉ក, វ៉ាស៊ីនតោនឌីស៊ី, សាន់ហ្វ្រាន់ស៊ីស្កូ, ទីក្រុងម៉ុងរ៉េអាល, ទីក្រុងប៉ារីស, ទីក្រុងព្រុសសែល, ទីក្រុងហ្សឺណែវ, ទីក្រុងឡាអេ, ទីក្រុងគូឡាឡាំពួ ដើម្បីជម្រុញឲ្យពិភពលោកដឹងអំពីបញ្ហាខ្មែរក្រោម ដែលត្រូវកំពុងតែប្រឈមមុខនឹងការរំលោភសិទ្ធិមនុស្ស ។ សមិទ្ធផលដែលសហព័ន្ធខ្មែរកម្ពុជាក្រោមបានទទួលនេះ ជាគ្រឹះមួយយ៉ាងរឹងមាំសម្រាប់សហព័ន្ធខ្មែរកម្ពុជាក្រោមក្នុងការបោះជំហានទៅមុខថែមមួយជំហានទៀត ក្នុងដំណើរឆ្ពោះទៅរកសិទ្ធិជាមូលដ្ឋានសម្រាប់ប្រជាជនខ្មែរក្រោមជនជាតិដើមនៃដែនដីកម្ពុជាក្រោម ។
ក្រៅពីនេះ សហព័ន្ធខ្មែរកម្ពុជាក្រោម បានបញ្ជូនតំណាងរបស់ខ្លួន ដើម្បីចូលរួមក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់វេទិកាអចិន្ត្រៃយ៍អង្គការសហប្រជាជាតិស្ដីពីបញ្ហាជនជាតិដើម (UNPFII) នាការិយាល័យ អង្គការសហប្រជាជាតិ នាទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ក្នុងខែមេសា និង កិច្ចប្រជុំយន្តការអ្នក ជំនាញស្ដីអំពីសិទ្ធិជនជាតិដើម (EMRIP) នៅទីក្រុងហ្សឺណែវ ប្រទេសស្វិស នៅក្នុងខែកក្កដា ។ ខ្ញុំចង់គូសបញ្ជាក់អំពីសកម្មភាពសំខាន់ៗមួយចំនួនដែលសហព័ន្ធខ្មែរកម្ពុជាក្រោមបានបញ្ចប់ដោយជោគជ័យរួមមាន៖
នៅខែមីនា សហព័ន្ធខ្មែរកម្ពុជាក្រោមបានបញ្ជូនគណៈប្រតិភូទៅចូលរួមក្នុងសម័យប្រជុំប្រចាំឆ្នាំ លើកទី ២៨ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ ប្រទេសស្វិស ខណៈដែលអ្នករាយការណ៍ពិសេសស្តីពីសិទ្ធិវប្បធម៌ លោកស្រី Farida Shaheed និងអ្នករាយការណ៍ពិសេសស្តីពីសេរីភាពជំនឿសាសនា Heiner Bielefeldt បានបង្ហាញរបាយការណ៍ស្តីពីបេសកកម្មរបស់ខ្លួននៅប្រទេសវៀតណាម ។ លោក Heiner Bielefeldt បានលើកឡើងក្នុងកិច្ចប្រជុំ ដោយឡែកមួយសម្រាប់សេរីភាពសាសនានៅប្រទេសវៀតណាម និងនៅក្នុងតំបន់ដែនដីកម្ពុជាក្រោម ដែលបានសហការរៀបចំដោយសហព័ន្ធខ្មែរកម្ពុជាក្រោម ។
ចាប់ពីខែកុម្ភៈ ដល់ ខែឧសភា គណៈប្រតិភូសហព័ន្ធខ្មែរកម្ពុជាក្រោមបានធ្វើដំណើរជាច្រើនលើក ទៅ Washington DC តបតាមការអញ្ជើញរបស់រដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិកទទួល បន្ទុកខាងសេរីភាពខាងជំនឿសាសនានៅវៀតណាម ។ តំណាងសហព័ន្ធខ្មែរកម្ពុជាក្រោមក៏បានចូលរួមក្នុងសន្និសីទសង្គមស៊ីវិលអាស៊ាន / វេទិកាអាស៊ានក្នុងឆ្នាំ ២០១៥ (SEAN People’s Forum 2015 Wisma MCA ) នៅ Jalan Ampang និង Kuala Lumpur កាលពីខែមេសា ។
កាលពីខែឧសភាតំណាងសហព័ន្ធខ្មែរកម្ពុជាក្រោម បានចូលរួមប្រជុំជាមួយនឹងគណៈកម្មាធិការអង្គការមិនមែនរដ្ឋាភិបាលរបស់អង្គការសហប្រជាជាតិ ដើម្បីពិនិត្យឡើងវិញនូវសំណុំរឿងដែល សហព័ន្ធខ្មែរកម្ពុជាក្រោម បានស្នើសុំចូល ជាសមាជិកក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គមកិច្ចអង្គការ សហប្រជាជាតិ (ECOSOC) ។ គណៈកម្មាការនេះ បានចំណាយពេលជាង ៣០ នាទី ដើម្បី ពិនិត្យឡើងវិញ នូវសំណើរបស់សហព័ន្ធខ្មែរកម្ពុជាក្រោម ។ គណៈកម្មាការនេះ មិនអាចចេញសេច ក្តីសម្រេចណាមួយលើសំណើរបស់សហព័ន្ធខ្មែរកម្ពុជាក្រោមបានឡើយ តែបានផ្ញើសំណួរចំនួន ៣ សម្រាប់សហព័ន្ធខ្មែរកម្ពុជាក្រោមបំភ្លឺទាក់ទងនឹងការចោទប្រកាន់ របស់រដ្ឋាភិបាលបក្ស កុម្មុយនិស្ត យួន ដែលបានចោទថា សហព័ន្ធខ្មែរកម្ពុជាក្រោម ជាអ្នកបំបែក រដ្ឋនៅក្នុងប្រទេសវៀតណាម ។ សហព័ន្ធខ្មែរកម្ពុជាក្រោមបានឆ្លើយតបទៅនឹងសំណួរនេះនៅក្នុងខែកញ្ញាថា បេសកកម្មរបស់សហ ព័ន្ធខ្មែរកម្ពុជាក្រោម ក្នុងគោលបំណង “ស្ថាបនាមិនមែនជាការបំបែករដ្ឋ” នៅក្នុងប្រទេសវៀត ណាមឡើយ ។ គណៈកម្មាការនេះនឹងចាប់ផ្តើមពិនិត្យលើប្រវត្តិសហព័ន្ធខ្មែរកម្ពុជាក្រោមសាជាថ្មី នៅថ្ងៃទី ២៥ ខែមករា ឆ្នាំ ២០១៦ ដើមឆ្នាំនេះ ។
មិថុនាជាខែមួយរវល់បំផុតសម្រាប់សហព័ន្ធខ្មែរកម្ពុជាក្រោម ។ សាខាសហព័ន្ធខ្មែរកម្ពុជាក្រោម នៅជុំវិញពិភពលោក បានរៀបចំព្រឹត្តិការណ៍ ៤ មិថុនា ដើម្បីរំឭកដល់ថ្ងៃសោកនាដកម្មដែលដែន ដីកម្ពុជាក្រោមត្រូវកាន់កាប់ ដោយវៀតណាម ហើយពលរដ្ឋខ្មែរក្រោមវាល់លាននាក់បានបាត់បង់សិទ្ធិជាមូលដ្ឋានរបស់ខ្លួនរស់នៅទាំងវេទនាលើដីដូនតារបស់ខ្លួនក្នុងនាមជាជនជាតិភាគតិច ។ នៅក្នុងខែដដែលនេះ គណៈប្រតិភូសហព័ន្ធខ្មែរកម្ពុជាក្រោមបានទៅជួបតំណាងសភាអឺរ៉ុបនៅទីក្រុង Brussels ប្រទេស បែល សិក (Belgium) និងមន្ត្រីអគ្គស្នងការអង្គការសហប្រជាជាតិ ទទួលជនភៀសខ្លួន (UNHCR) នៅទីក្រុងហ្សឺណែវ (Geneva) ប្រទេសស្វិស ។ ការជួបប្រជុំជាមួយតំណាងអង្គការ UNHCR ដើម្បីជម្រាបអំពីការព្រួយបារម្ភរបស់ខ្លួនទាក់ទងនឹងបញ្ហាជនភៀសខ្លួនខ្មែរក្រោមដែលកំពុងតែស្វែងរកសិទ្ធិជ្រកកោននៅការិយាល័យអគ្គស្នងការអង្គការសហ ប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន (UNHCR) នៅទីក្រុងបឹងកក ប្រទេសថៃ ។ ក្រោយខែមិថុនា ជនភៀសខ្លួនខ្មែរក្រោមជាច្រើននៅក្នុងទីក្រុងបឹងកក ប្រទេសថៃ ត្រូវបានអង្គការ UNHCR បញ្ជូន ទៅតាំងទីលំនៅ នៅក្នុងទ្វីបអាមេរិកខាងជើង និងអឺរ៉ុប ។ គណៈប្រតិភូសហព័ន្ធខ្មែរកម្ពុជាក្រោមបានចូលរួមក្នុងការរំឭកខួប ៧០ ឆ្នាំ ថ្ងៃចុះហត្ថលេខាលើធម្មនុញ្ញអង្គការសហប្រជាជាតិ នៅសាលាក្រុង San Francisco សហរដ្ឋអាមេរិក ដោយមានការចូលរួមជាអធិបតីពីអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក បាន គីមូន ផងដែរ ។ លោក បាន គីមូន បានថ្លែងសុន្ទរកថា កត់សម្គាល់នូវព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏ពិសេសមួយរបស់មនុស្សជាតិនៅក្នុងអង្គប្រជុំនេះ ។
នៅក្នុងខែកក្កដា គណៈប្រតិភូសហព័ន្ធខ្មែរកម្ពុជាក្រោមបានចូលរួមក្នុងសម័យប្រជុំទី ៦១ នៃសន្និបាតអង្គការសហប្រជាជាតិ ស្ដីពីអនុសញ្ញាអន្តរជាតិស្តីពីការបំបាត់រាល់ទម្រង់នៃការរើសអើង ប្រឆាំងនឹងស្ត្រីភេទ ហៅកាត់ ជាភាសាអង់គ្លេសថា “ស៊ីដ” (CEDAW) នៅទីក្រុងហ្សឺណែវ ប្រទេសស្វិស ដើម្បីពិនិត្យឡើងវិញចំពោះរដ្ឋាភិបាលវៀតណាមដែលបានរំលោភសិទ្ធិលើស្ត្រី ។ នៅខែឧសភា មុនពេលទៅចូលរួមក្នុងកិច្ចប្រជុំនេះ សហព័ន្ធខ្មែរកម្ពុជាក្រោមបានដាក់របាយការណ៍ជូនដំណឹងដល់អ្នកជំនាញស៊ីដអំពីបញ្ហាសំខាន់ដែលស្ត្រីខ្មែរក្រោម កំពុងតែប្រឈមជាមួយនឹងការ រើសអើងពីសំណាក់រដ្ឋាភិបាលវៀតណាមនៅដែនដីកម្ពុជាក្រោម សម្រាប់កិច្ចប្រជុំមុនសម័យប្រជុំពេញអង្គរបស់ខ្លួន ។ វាត្រូវបានគេសន្យាថា រដ្ឋាភិបាលវៀតណាមនឹងអនុញ្ញាតឱ្យមានចូលរួមប្រ ជុំនៅក្នុងសន្និបាតនេះ ពីអង្គការក្រៅរដ្ឋាភិបាលមកពីប្រទេសវៀតណាម រាប់ទាំងអង្គការក្រៅរដ្ឋា ភិបាលដែលបានបង្កើតឡើងដោយរដ្ឋាភិបាល ផង ។
ក្នុងខែសីហា សហព័ន្ធខ្មែរកម្ពុជាក្រោមបានរៀបចំទិវាខ្មែរក្រោម ក្នុងទីក្រុងម៉ុងរ៉េអាល (Montreal) ប្រទេសកាណាដា ។ វាជាព្រឹត្តិការណ៍ធំបំផុតដែលបានធ្វើជារៀងរាល់ឆ្នាំ ។ សាលាក្រុងម៉ុងរ៉េអាល បានចាប់ផ្តើមទទួលស្គាល់នូវព្រឹត្តការណ៍នេះ និងផ្តល់ការគាំទ្រជាផ្លូវការ ។
នៅក្នុងខែកញ្ញាតំណាងសហព័ន្ធខ្មែរកម្ពុជាក្រោម បានចូលរួមក្នុងកិច្ចប្រជុំគោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពរបស់អង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ។
នៅថ្ងៃទី ២០ ខែវិច្ឆិកា សហព័ន្ធខ្មែរកម្ពុជាក្រោម បានចូលជាសមាជិកជាផ្លូវការនៃនាយកដ្ឋាន ព័ត៌មានសាធារណៈអង្គការសហប្រជាជាតិ (UNDPI) ។ គោលបំណងដែលសហព័ន្ធខ្មែរកម្ពុជា ក្រោមចូលជាសមាជិកនាយកដ្ឋាន ព័ត៌មាន សាធារណៈអង្គការសហប្រជាជាតិនោះ សហព័ន្ធខ្មែរកម្ពុជាក្រោមចង់បង្ហាញឲ្យឃើញថា សហព័ន្ធខ្មែរកម្ពុជាក្រោម ជាអង្គការមួយស្របច្បាប់ធ្វើការ ដើម្បីការពារ និងលើកកម្ពស់សិទ្ធិមនុស្សដោយសន្តិវិធីដើម្បីទប់ស្កាត់ រាល់ទម្រង់អំពើហិង្សា លើ ពលរដ្ឋខ្មែរក្រោមនៅកម្ពុជាក្រោម ។ ពេលបានក្លាយជាសមាជិកនាយកដ្ឋាន ព័ត៌មានសាធារណៈ អង្គការសហប្រជាជាតិ (UNDPI) សហព័ន្ធខ្មែរកម្ពុជាក្រោមនឹងត្រូវបញ្ជូនសមាជិករបស់ខ្លួនចំនួន ៦ រូប ក្នុងនោះ ១ រូប ធ្វើជាប្រធានតំណាងអង្គការ មនុស្សពេញវ័យ ៣ រូបជាសមាជិក និង យុវជន ២ រូប ដើម្បីចូលរួមនៅក្នុងកិច្ចប្រជុំរបស់អង្គការសហប្រជាជាតិ នៅក្នុងទីក្រុងញូវយ៉ក (New York ) និងទីក្រុងហ្សឺណែវ (Geneva) ។
ថ្ងៃទី ៧ និង ៨ ខែធ្នូ គណៈប្រតិភូសហព័ន្ធខ្មែរកម្ពុជាក្រោម បានចូលរួមនៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំ លើកទី ៦ នៃ “វេទិកាគំនិតច្នៃប្រឌិតថ្មីប្រកដដោយនិរន្តរភាព” ឆ្នាំ ២០១៥ ហៅកាត់ថា COP21 នៅក្នុងទីក្រុងប៉ារីស (Paris) ប្រទេសបារាំង ។
ចាប់ពីថ្ងៃ ១៨ ដល់ ២០ ខែធ្នូ សមាជិក និងថ្នាក់ដឹកនាំសហព័ន្ធខ្មែរកម្ពុជាក្រោមប្រមាណជាង ១០០ នាក់ បានធ្វើដំណើរមកពីជុំវិញពិភពលោក ដើម្បីចូលរួមកិច្ចប្រជុំនៅប្រចាំឆ្នាំ របស់សហព័ន្ធ ខ្មែរកម្ពុជាក្រោម នៅទីក្រុង Tacoma រដ្ឋវ៉ាសិងតោន (Washington State) សហរដ្ឋអាមេរិក ដើម្បីធ្វើរបាយការណ៍ប្រចាំឆ្នាំ និងចេញផែនការថ្មីសម្រាប់សហព័ន្ធខ្មែរកម្ពុជាក្រោម យកទៅអនុវត្ត នៅក្នុងឆ្នាំ ២០១៦ ខាងមុខនេះ ។
ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមគូសបញ្ជាក់ពីការរីកចម្រើនសំខាន់មួយចំនួនដែលសហព័ន្ធខ្មែរកម្ពុជា ក្រោម បានធ្វើការតស៊ូមតិនៅលើឆាកអន្តរជាតិ ដើម្បីសិទ្ធិខ្មែរក្រោមនៅដែនដីកម្ពុជាក្រោម៖
- សព្វថ្ងៃនេះ កូនសិស្សខ្មែរក្រោមដែលសិក្សានៅតាមសាលារដ្ឋយួន អាចរៀនភាសាខ្មែរ បានខ្លះហើយ តែនៅមានកំណត់ គឺពួកគេមានសិទ្ធិរៀនអក្សរខ្មែរយ៉ាងហោច ពីមួយទៅពីរ ម៉ោងប៉ុណ្ណោះក្នុងមួយសប្តាហ៍ ។ ទោះយ៉ាងណាក៏ដោយ យើងនៅតែមើលឃើញថា ការរៀនអក្សរខ្មែរបែបនេះ មិនមែនមាននៅគ្រប់តំបន់ទាំងអស់ដែលពលរដ្ឋខ្មែរក្រោមរស់នៅទេ ។
- សាលារៀនរដ្ឋវៀតណាមមួយចំនួនបានអនុញ្ញាតឱ្យសិស្សនិស្សិតខ្មែរក្រោម បានឈប់ សម្រាក តែកូនយួននៅរៀនជាធម្មតា ក្នុងពិធីបុណ្យជាតិខ្មែរ ដូចជា បុណ្យចូលឆ្នាំខ្មែរ និង បុណ្យសែនដូនតា ប៉ុន្តែមិនមែនគ្រប់សាលារៀនទាំងអស់នៅដែនដីកម្ពុជាក្រោមឡើយ ។ សហព័ន្ធខ្មែរកម្ពុជាក្រោម ធ្លាប់បានទាមទារឲ្យរដ្ឋាភិបាលវៀតណាមចេញច្បាប់មួយឲ្យ សាលារៀនរដ្ឋនិងរោងចក្រទាំងអស់ នៅដែនដីកម្ពុជាក្រោម ត្រូវបិទទ្វារឈប់ សម្រាក ក្នុង ឱកាសបុណ្យជាតិខ្មែរនៅដែនដីកម្ពុជាក្រោម ឲ្យដូចរដ្ឋាភិបាលវៀតណាមធ្វើសម្រាប់ជន ជាតិយួននៅក្នុងពិធីបុណ្យចូលឆ្នាំយួនដែរ ។
- ពុទ្ធបរិស័ទខ្មែរក្រោមមានសេរីភាពកាន់តែច្រើន ក្នុងការរៀបចំពិធីបុណ្យសាសនានៅតាមផ្ទះនិងវត្តអារាមរបស់ពួកគេ ប៉ុន្តែពួកគេត្រូវការស្នើសុំច្បាប់ធ្វើបុណ្យ ក្នុងការរៀបចំពិធីបុណ្យ ផ្សេងៗ ។ ទង្វើបែបនេះ បង្ហាញឲ្យ ឃើញ ថា រដ្ឋាភិបាលវៀតណាមនៅតែត្រួតពិនិត្យយ៉ាងខ្លាំងលើសិទ្ធិសេរីភាពរបស់ខ្មែរក្រោម ។
- សព្វថ្ងៃនេះ ខ្មែរក្រោមអាចពាក់សម្លៀកបំពាក់តាមបែបប្រពៃណី នៅក្នុងពិធីបុណ្យផ្សេងៗ ដូចជា ពិធីបុណ្យកឋិនទានដោយគ្មានការយាយីពីអាជ្ញាធរមូលដ្ឋាន ។
- ក្រុមគ្រួសារខ្មែរក្រោមមួយចំនួនដែលត្រូវរដ្ឋាភិបាលចាត់ទុកថាជាគ្រួសារក្រីក្រ នៅក្នុងតំបន់មួយចំនួន មានលទ្ធភាពទទួលបានធានារ៉ាប់រងសុខភាព ប៉ុន្តែមិនមែនទាំងអស់នោះទេ ។
- ឥឡូវនេះ ពលរដ្ឋខ្មែរក្រោម អាចមើលកម្មវិធីភាសាខ្មែរ នៅលើស្ថានីយ៍ទូរទស្សន៍ និងវិទ្យុរដ្ឋនៃបក្សកុម្មុយនិស្តវៀតណាម (VTV) រៀងរាល់ថ្ងៃ តែជាអកុសល កម្មវិធីផ្សាយទាំងនោះ គ្រាន់តែជាការឃោសនាគោលនយោបាយរបស់រដ្ឋាភិបាលយួនប៉ុណ្ណោះ ។ រដ្ឋាភិបាល យួន មិនអនុញ្ញាតិឱ្យខ្មែរក្រោមបង្កើតស្ថាប័នព័ត៌មានឯករាជ្យរបស់ខ្លួនបានដោយសេរី និងការច្នៃប្រឌិតឡើយ ។ ម្យ៉ាងទៀត រាល់ការផ្សព្វផ្សាយនៅលើទូរ ទស្សន៍ និងវិទ្យុរដ្ឋ យួន រដ្ឋា ភិបាលយួនបានកែកាឡៃភាសាខ្មែរឲ្យប្រាសចាកទម្រង់ប្រយោគភាសាខ្មែរ ទៅជាប្រយោគ ភាសាយួនយ៉ាងគគ្លើន ។
- ប្រជាជនខ្មែរក្រោមពីបរទេសមកលេងស្រុកកំណើតរបស់ពួកគេ ត្រូវរំខានដោយអាជ្ញាធរមូលដ្ឋានតិចជាងមុន ប៉ុន្តែ ពួកគេនៅតែត្រូវតម្រូវឱ្យរាយការណ៍ទៅកាន់ស្នងការប៉ូលិសមូលដ្ឋាន អំពីការស្នាក់នៅរបស់ពួកគេ បើទោះបីជារដ្ឋាភិបាលវៀតណាមមិនបានតម្រូវឱ្យពួកគេធ្វើដូច្នេះ យ៉ាងណាក៏ដោយ ។ វានៅតែជាបទប្បញ្ញត្តិមួយដាក់គំនាបជាទម្ងន់លើ ពលរដ្ឋខ្មែរក្រោម ដូចជា ករណីមួយចំនួនដែលពលរដ្ឋខ្មែរក្រោមនៅក្រៅប្រទេស នៅតែត្រូវ កោះហៅទៅសួរចម្លើយអំពីសកម្មភាពរបស់សហព័ន្ធខ្មែរកម្ពុជាក្រោម សូម្បីតែសកម្មភាពទាំងនោះ ត្រូវបានបង្ហោះជាសាធារណៈនៅលើអ៊ីនធើណិត ។
ក្នុងនាមជាអង្គការតស៊ូមតិដើម្បីសិទ្ធិជាមូលដ្ឋានរបស់ពលរដ្ឋខ្មែរក្រោម សហព័ន្ធខ្មែរកម្ពុជាក្រោមបានជំរុញឱ្យប្រទេសវៀតណាម បើកការសន្ទនាដោយចំហនៅលើវេទិកាអចិន្ត្រៃយ៍អង្គការសហ ប្រជាតិស្ដីពីបញ្ហាជនជាតិដើម (UNPFII) ជាច្រើនឆ្នាំមកហើយ ដើម្បីដោះស្រាយបញ្ហារបស់ ប្រជាជនខ្មែរក្រោមនៅកម្ពុជាក្រោមដែលកំពុងតែប្រឈមមុខនឹងការរំលោភសិទ្ធិមនុស្ស តែបែរជា ត្រូវរដ្ឋាភិបាលវៀតណាមចោទប្រកាន់ក្នុងគោល បំណង បង្ខូចកេរ្តិ៍ឈ្មោះក្នុងការតស៊ូមតិពិតប្រាកដរបស់សហព័ន្ធខ្មែរកម្ពុជាក្រោម ។ សព្វថ្ងៃនេះ សហព័ន្ធខ្មែរកម្ពុជាក្រោមជាសមាជិកជាផ្លូវការ នៃនាយកដ្ឋានព័ត៌មានសាធារណៈអង្គការសហប្រជាជាតិ (UNDPI) ហើយ ។ វាបង្ហាញឲ្យឃើញ ថា ការងាររបស់សហព័ន្ធខ្មែរកម្ពុជាក្រោម ជាសកម្មភាពតស៊ូមួយពិតប្រាកដបានចូលរួមចំណែកជាវិជ្ជមានជាមួយនឹងបេសកកម្មរបស់អង្គការសហប្រជាជាតិ ផ្តោតសំខាន់លើសិទ្ធិសេរីភាពជាមូលដ្ឋានរបស់មនុស្ស ។
ផែនការឆ្នាំ ២០១៦ របស់សហព័ន្ធខ្មែរកម្ពុជាក្រោម បានដាក់ចេញនៅក្នុងក្របខណ្ឌមួយ ដើម្បីជំរុញឲ្យសហព័ន្ធខ្មែរកម្ពុជាក្រោម មានការផ្លាស់ប្ដូរសកម្មភាពរបស់ខ្លួនឈានទៅដល់កម្រិតខ្ពស់ មួយកម្រិតទៀត ។ ឆ្នាំ ២០១៦ វៀតណាមនឹងបោះឆ្នោតជ្រើសរើសមេដឹកនាំបក្សថ្នាក់មជ្ឈិម នៅក្នុងខែមករា នេះ ។ សង្ឃឹមថា មេដឹកនាំជាប់ឆ្នោតថ្មីរបស់ប្រទេសវៀតណាមនឹងមានការបើកចំហ ទទួលយកអនុសាសន៍ពីអង្គការសង្គមស៊ីវិលទាំងនៅក្នុងនិងក្រៅប្រទេស ដើម្បីប្រជាពលរដ្ឋនៅក្នុងប្រទេសវៀតណាមអាចនឹងទទួលបាននូវសិទ្ធិមនុស្សជាមូលដ្ឋានដោយរីករាយ ជាពិសេស សេរីភាពខាងសាសនា ។ ព្រះតេជព្រះគុណ លីវ នី និង ព្រះតេជព្រះគុណ ថាច់ ធឿន ព្រះសង្ឃ វត្តសេរី តាសេក ខេត្តឃ្លាំង នៅតែត្រូវជាប់នៅក្នុងពន្ធនាគារ នៅឡើយ ។ រដ្ឋភិបាលយួន គួរតែដោះលែង ព្រះសង្ឃទាំងពីរអង្គនេះ នៅក្នុងឆ្នាំថ្មីនេះ ។ លើសពីនេះ ការចូលរួមសន្ទនាជាមួយសង្គមស៊ីវិលដោយចំហ វាអាចជួយដល់ប្រទេសវៀតណាម ក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ដែលកើត មាននៅតាមខេត្តមួយចំនួននៅដែនដីកម្ពុជាក្រោម ដូចជា ខេត្តទឹកខ្មៅ និងពលលាវ កន្លែងដែល ពលរដ្ឋខ្មែរក្រោមភាគច្រើន កំពុងតែប្រឈមនឹង វិបត្តិថវិកា ។ មន្ត្រីអាជ្ញាធរខ្មែរក្រោម ដែលធ្វើការ ឲ្យរដ្ឋាភិបាលយួនក្នុងខេត្តទាំងនេះមានក្ដីបារម្ភថា ពួកគេអាចនឹងមិនមានលទ្ធភាពក្នុងការបើក ប្រាក់ខែរបស់ខ្លួននៅក្នុងឆ្នាំ ២០១៦ នេះ ។
ក្នុងឱកាសឆ្នាំថ្មីនេះ យើងនឹងនាំគ្នារក្សាអត្តសញ្ញាណខ្មែរក្រោម និងការប្ដេជ្ញាចិត្តរបស់យើងឲ្យបាន រឹងមាំ ។ សូមឲ្យឆ្នាំថ្មីនាំមកនូវសេរីភាព យុត្តិធម៌ និង ប្រជាធិបតេយ្យ ដល់ពលរដ្ឋ ខ្មែរក្រោមគ្រប់រូប កុំបីខានឡើយ ៕
ដោយសេចក្ដីគោរព
ថាច់ ង៉ុក ថាច់
ប្រធានសហព័ន្ធខ្មែរកម្ពុជាក្រោម
——————————
ទាញយកសារជូនពរឆ្នាំថ្មីជាភាសាអង់គ្លេស
ទាញយកសារជូនពរឆ្នាំថ្មីជាភាសាយួន
…………………………………..
ប្រែសម្រួលពីភាសាអង់គ្លេសទៅជាភាសាខ្មែរដោយ ភិក្ខុ ថាច់ ប្រីជា គឿន (សុធម្មប្បញ្ញោ)