សហព័ន្ធខ្មែរកម្ពុជាក្រោម នឹងចូលរួមប្រជុំ និងថ្លែងការណ៍នៅក្នុងវេទិកាអចិន្ត្រៃយ៍នៃអង្គការសហប្រជា ជាតិស្ដីពីបញ្ហាជនជាតិដើម (UNPFII) នៅទីស្នាក់ការកណ្ដាលរបស់អង្គការសហប្រជាជាតិ នាបុរី New York សហរដ្ឋអាមេរិក ដែលនឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ២០ ខែឧសភា ឆ្នាំ ២០១៦ ។ នេះជាកិច្ចប្រជុំលើកទី ១៥ របស់ អង្គការសហ ប្រជាជាតិ និងជាលើកទី ១២ ដែលសហព័ន្ធខ្មែរកម្ពុជាក្រោម បានចូលប្រជុំ និងថ្លែងការណ៍នៅក្នុងវេទិកាមួយនេះ បន្ទាប់ពីខ្លួនបានចូលជាសមាជិក ចាប់តាំងពីឆ្នាំ ២០០៤ មក ។

កិច្ចប្រជុំលើកទី ១៥ នេះ នឹងផ្ដោតលើប្រធានបទ “ ជម្លោះ សន្តិភាព និង ដំណោះស្រាយសម្រាប់ជនជាតិ ដើម” ។
យោងតាមសេចក្ដីប្រកាសព័ត៌មានមួយនៅលើគេហទំព័រអង្គការសហប្រជាជាតិ នៅថ្ងៃទី ២០ ខែមេសា បានបញ្ជាក់ថា របៀបវារៈជាបណ្ដោះអាសន្នស្ដីពីកិច្ចប្រជុំនេះផ្ដោតលើ ១២ ចំណុចសំខាន់ៗ ដូចជា ការតាមដាននូវអនុសាសន៍ របស់ វេទិកា អចិន្ត្រៃយ៍, ការពិភាក្សាលើប្រធានបទ “ជម្លោះសន្តិភាព និង ការដោះ ស្រាយ សម្រាប់ជនជាតិដើម”, កិច្ចសន្ទនា ជាមួយ ជនជាតិដើម, កិច្ចសន្ទនាជា មួយរដ្ឋជាសមាជិក, កិច្ច សន្ទនា ជាមួយ ទីភ្នាក់ងារមូលនិធិនិង កម្មវិធីរបស់អង្គ ការសហប្រជាជាតិ, ក្នុងកិច្ចសន្ទនាជាមួយអ្នក រាយការណ៍ ពិសេសស្តីពីសិទ្ធិជនជាតិដើម និងជាប្រធាននៃយន្ត ការអ្នក ជំនាញស្តីពី សិទ្ធិ ជនជាតិដើម និង អនុម័តលើ របាយការណ៍នៃកិច្ចប្រជុំលើកទី ១៥ របស់វេទិកាអចិន្ត្រៃយ៍នៃ អង្គ ការ សហប្រជាជាតិស្ដីពី បញ្ហាជនជាតិ ដើម ។
ដូចរៀងរាល់ឆ្នាំដែរ សហព័ន្ធខ្មែរកម្ពុជាក្រោមនឹងលើកយកបញ្ហាដែលរដ្ឋាភិបាលវៀតណាមរំលោភបំពានសិទ្ធិលើ ពលរដ្ឋខ្មែរ ក្រោមនៅដែនដីកម្ពុជាក្រោមទៅថ្លែងនៅក្នុងកិច្ចប្រជុំនេះ ដើម្បីជម្រាប ដល់អង្គការសហប្រជាតិបានជ្រាប ហើយដាក់គំនាបទៅរដ្ឋាភិបាលវៀតណាមឲ្យគោរពសិទ្ធិជនជាតិដើមខ្មែរក្រោម ៕