ដោយ ស៊ឺន ចែងចើន| VOKK
មកដល់ថ្ងៃទី ៨ ខែកុម្ភៈ ឆ្នាំ ២០១៨ នេះ គឺមានរយៈពេល ១១ ឆ្នាំហើយ ដែលកាលណោះនៅថ្ងៃទី ៨ ខែកុម្ភៈ ឆ្នាំ ២០០៧ សមណសិស្សសាលាបំពេញវិជ្ជាបាលីមធ្យមសិក្សាភាគខាងត្បូង (Trường Bổ Túc Văn Hóa Pali Trung Cấp Nam Bộ) ឬសាលាបាលីជាន់ខ្ពស់ខេត្តឃ្លាំង ឋិតនៅក្នុងវត្តឃ្លាំង ទីរួមខេត្តឃ្លាំង បានធ្វើបាតុកម្មទាមទារឲ្យអាជ្ញាធរវៀណាម គោរពសិទ្ធិសេរីភាពរបស់ខ្មែរក្រោមម្ចាស់ស្រុក នៅដែនដីកម្ពុជាក្រោម ។

ការធ្វើបាតុកម្មនេះ មានព្រះសង្ឃខ្មែរក្រោម ប្រមាណជាង ២០០ អង្គ បានធ្វើក្បួនដង្ហែចេញពីវត្តឃ្លាំង ឆ្ពោះទៅមន្ទីរនគរបាលខេត្ត នៃរដ្ឋាភិបាលបក្សកុម្មុយនិស្តវៀតណាម ដោយលើកហេតុផលថា នគរបាលចរាចរណ៍របស់វៀតណាម បានហាមព្រះសង្ឃខ្មែរក្រោមក្នុងសាលាមួយនេះ មិនឲ្យនិមន្តចេញបិណ្ឌបាត្រ ។
ក្រោយពីការធ្វើបាតុកម្មនេះ សមណសិស្សរាប់សិបអង្គ ត្រូវបានរដ្ឋាភិបាលវៀតណាមចាប់ផ្សឹក ដេញចេញពីសាលា ចាប់ដាក់ពន្ធនាគារ និងច្រើនអង្គទៀត បានរត់ភៀសខ្លួន ទៅក្រៅប្រទេស ។ ចំណែកសមណសិស្ស ចំនួន ៥ អង្គ ដែលជាមេដឹកនាំធ្វើបាតុកម្មនោះ ត្រូវបានតុលាការបក្សកុម្មុយនិស្តវៀតណាម កាត់ទោសនៅថ្ងៃទី ១០ ខែឧសភា ឆ្នាំ ២០០៧ ឲ្យជាប់ពន្ធនាគារម្នាក់ៗ ពី ២ ទៅ ៤ ឆ្នាំ ពីបទ “បង្កអសន្តិសុខ ទីសាធារណៈ” តាមមាត្រា ២៤៥ នៃក្រមព្រហ្មទណ្ឌរបស់ប្រទេសសាធារណរដ្ឋសង្គមនិយមវៀតណាម ។
ព្រះសង្ឃទាំង ៥ អង្គនោះ រួមមាន ព្រះតេជព្រះគុណ យ័ញ តូន, គឹម មឿន, លី ហ្វាង, ថាច់ ធឿង និងលី សឿង ។ ក្រោយពីតុលាការវៀតណាម បានប្រកាសសាលក្រមសម្រេចផ្តន្ទាទោស មកលើព្រះសង្ឃខ្មែរក្រោមទាំង ៥ អង្គរួចមក ។ ពលរដ្ឋខ្មែរក្រោម នៅជុំវិញពិភពលោក បានធ្វើមហាបាតុកម្មទាមទារឲ្យប្រទេសវៀតណាម ដោះលែងព្រះសង្ឃខ្មែរក្រោម ឲ្យមានសេរីភាពឡើងវិញ ។
បន្ទាប់ពី ការធ្វើបាតុកម្មរបស់ពលរដ្ឋខ្មែរក្រោម នៅគ្រប់ទិសទីប្រឆាំង នឹងការកាត់ទោសពលរដ្ឋខ្មែរក្រោម ពីសំណាក់អាជ្ញាធរប្រទេសវៀតណាម ទៅលើព្រះសង្ឃ តុលាការខេត្តឃ្លាំងនៃប្រទេសវៀតណាម ក៏បានសម្រេចដោះលែងចេញពីពន្ធនាគារ និងក្រោយមកព្រះសង្ឃទាំង ៥ អង្គនោះ បានភៀសខ្លួនទៅដល់ប្រទេសថៃ ដើម្បីសុំសិទ្ធិជ្រកកោនផ្នែកនយោបាយ នៅក្នុងអង្គការ U.N.H.C.R នាថ្ងៃទី ២៥ ខែមេសា ឆ្នាំ ២០០៩ ហើយត្រូវបានអង្គការមួយនេះ បញ្ជូនទៅតាំងទីលំនៅ នៅប្រទេសទីបី នៅថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០០៩ ។
ក្នុងឱកាសខួបគម្រប់ ១១ ឆ្នាំ នៃព្រឹត្តិការណ៍ ៨ កុម្ភៈនេះ អតីតព្រះសង្ឃខ្មែរក្រោម ដែលធ្លាប់ចូលរួមតស៊ូ នៅក្នុងព្រឹត្តិការណ៍មួយនេះ បានបង្ហោះសារ និងរូបថតពីសកម្មភាពនៃការតវ៉ា នៅលើបណ្តាញសង្គមហ្វេសប៊ុក ដើម្បីរំឭកឡើងវិញនូវការឈឺចាប់របស់ខ្លួន ដែលត្រូវបានអាជ្ញាធរវៀតណាម បណ្តេញចេញពីសាលា ចាប់ផ្សឹក ចាប់ដាក់គុក និងធ្វើទុក្ខបុកម្នេញមកលើពលរដ្ឋ និងព្រះសង្ឃខ្មែរក្រោម ដែលហ៊ានក្រោកឡើងធ្វើបាតុកម្ម ដោយអហិង្សាទាមទារឲ្យអជ្ញាធរវៀតណាម គោរពសិទ្ធិខ្មែរក្រោម ក្នុងនាមជាជនជាតិដើម នៅដែនដីកម្ពុជាក្រោម ។
ពីប្រទេសហូឡង់ លោក លី សឿង ជាអតីតសមណប្បាតុករ ក្នុងព្រឹត្តិការណ៍ ០៨ កុម្ភៈ ដែលត្រូវបានអាជ្ញាធរយួនចាប់ផ្សឹក ហើយញាត់គុកនៅខេត្តឃ្លាំងនោះ បានបង្ហោះរូបថតសកម្មភាពព្រះសង្ឃ កំពុងបាតុកម្មអហឹង្សា នៅមុខការិយាល័យនគរបាលខេត្តឃ្លាំង អមដោយសារជាអក្សរថា៖
«រឿងរាវមួយចំនួនកាលមុន និងខែ ឆាំ្ន កើតជាក្រាំងមាស ឬហៅថា ប្រវតិ្តសាស្ត្រថ្មី នៅថ្ងៃទី 08/02/2007- 08/02/2018 (រូបភាពពិកាលមុន នឹងក្រោយកើតហេតុ) ។ រូបដែលព្រះអង្គគ្រូ លីរ៉ាន ថតជាមួយប៉ូលីស ពេលដែលរឿងយួនដឹងផែនការក្តៅទើបគេចុះមកចចារសួរសុខទុក្ខ ។ ល។»
អតីតសមណប្បាតុករមួយអង្គផ្សេងទៀត គឺព្រះតេជព្រះគុណ យឿង តារា ដែលព្រះអង្គបានគេចផុតពីការតាមចាប់ខ្លួនរបស់ក្រុមអាជ្ញាធរយួន ហើយបានភៀសព្រះកាយចេញមកកម្ពុជា និងជាអតីតប្រធានសម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោម មានមូលដ្ឋាននៅប្រកម្ពុជាផងនោះ បានសរសេរអត្ថបទមួយយ៉ាងវែងបង្ហោះ នៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក ដោយដាក់ចំណងជើងអត្ថបទ និងអមជាមួយរូបថតសមណប្បាតុករលើកទង់ជាតិខ្មែរក្រោម ក្នុងអំឡុងពេលធ្វើបាតុកម្មនោះថា «ដំណើរឆ្ពោះទៅទាមទារសិទ្ធិសេរីភាពរបស់ខ្លួន នៅលើមាតុភូមិកម្ពុជាក្រោម»
ខ្លឹមសារនៃអត្ថបទ របស់ព្រះតេជព្រះគុណ យឿង តារា ផ្តើមឡើងដោយការរំឭកពីព្រឹត្តិការណ៍ កាលពី ១១ ឆ្នាំមុនយ៉ាងដូច្នេះ ៖
«ថ្ងៃនេះ ខែនេះ កាលពី ១១ ឆ្នាំមុន (៨ កុម្ភៈ ២០០៧ – ៨កុម្ភៈ ២០១៨ ) ព្រឹត្តិការណ៍ ៨ កុម្ភៈ ជាផ្នែកមួយនៃព្រឹត្តិការណ៍ប្រវត្តិសាស្ត្រថ្មី ក្នុងសតវត្សរ៍ទី ២១ របស់ខ្មែរក្រោម ។ ដប់មួយឆ្នាំកន្លងផុតទៅក៏ពិតមែន ប៉ុន្តែក្នុងចិត្តនៅតែនឹកឃើញព្រឹត្តិការណ៍នេះ សឹងតែរាល់យប់ថ្ងៃ ហាក់បីដូចជាទើបកើតឡើងថ្មីៗ នៅឡើយ ព្រោះការឈឺចាប់ ការមិនសុខចិត្ត នឹងការរំលោភសិទ្ធិខ្មែរក្រោមជាម្ចាស់ទឹកដី ពីរដ្ឋាភិបាលអាណានិគមវៀតណាម ទើបបណ្តាលឲ្យចិត្តអ្នករងគ្រោះគ្រប់គ្នាដិតដាមដក់ជាប់ ចំពោះព្រឹត្តិការណ៍នេះជានិច្ច ។ ដោយទ្រាំមិនបាន នឹងការជិះជាន់ ការគាបសង្កត់ និងការរំលោភសិទ្ធិជាម្ចាស់ទឹកដី ពីរដ្ឋាភិបាលវៀតណាមនោះ នាថ្ងៃទី ៨ ខែកុម្ភៈ ឆ្នាំ ២០០៧ ព្រះសង្ឃកំពុងសិក្សាសាលាបាលីខេត្តឃ្លាំង និងព្រះសង្ឃនិមន្តមកពីវត្តនានា មានមកពីវត្តទឹកប្រៃ វត្តពាមបួន និងវត្តដើមពោធិ ស្រុកអណ្ដូងទឹកជាដើម ព្រមទាំងបងប្អូនខ្មែរកម្ពុជាក្រោម ប្រមាណជាង ២០០ អង្គ និងនាក់ បានក្រោកឡើងធ្វើបាតុកម្មអហឹង្សា នៅមុខការិយាល័យនគរបាលខេត្តឃ្លាំង ដើម្បីទាមទារឲ្យរដ្ឋាភិបាលវៀតណាមគោរពសិទ្ធិសេរីភាពប្រតិបត្តិវប្បធម៌របស់ខ្លួន និងសិទ្ធិសេរីភាពជំនឿព្រះពុទ្ធសាសនា ជាដើម ។ល។»
អត្ថបទរបស់ព្រះតេជព្រះគុណ យឿង តារា ដដែល បានរៀបរាប់ពីការរឹតត្បិតសិទ្ធិ និងការបំបិទសិទ្ធិសេរីភាពដើរហើរ ពីសំណាក់អាជ្ញាធរវៀតណាម មកលើព្រះសង្ឃ ដែលបានចូលរួមធ្វើបាតុកម្មនោះ យ៉ាងដូច្នេះថា៖
«ក្រោយពីការបាតុកម្មអហឹង្សានេះ អាជ្ញាធរវៀតណាមកាន់តែធ្វើទុក្ខមុកម្នេញព្រះសង្ឃនិងបងប្អូនខ្មែរក្រោមកាន់តែខ្លាំងឡើងៗ គឺគេបានចាប់ព្រះសង្ឃជាច្រើនអង្គយកទៅប្រគល់ឲ្យមន្ត្រីសង្ឃតាមខេត្តនីមួយៗ ផ្សឹកផ្ទាល់ រួចចាប់ដាក់គុក ៥ អង្គ និងក្រៅពីនោះឲ្យទៅនៅផ្ទះក្រោមការឃ្លាំមើលដ៏តឹងរ៉ឹងរបស់នគរបាលជាប្រចាំ និងព្រះសង្ឃជាច្រើនអង្គទៀត ដែលគេចោទថាជាអ្នកដឹកនាំធ្វើបាតុកម្ម ត្រូវអាជ្ញាធរបញ្ជាថ្នាក់ដឹកនាំសាលាបាលី ឲ្យបញ្ឈប់ពីការសិក្សា ហើយបណ្ដេញចេញពីសាលាបាលីតែម្ដង ។ ក្រៅពីព្រះសង្ឃ ៥ អង្គ ព្រះសង្ឃដែលអាជ្ញាធរចាប់ផ្សឹក និងព្រះសង្ឃដែលគេបានបញ្ឈប់ពីការសិក្សា មិនអាចទ្រាំនឹ ងការរស់នៅដោយការធ្វើទុកបុកម្នេញខាងផ្លូវកាយ និងផ្លូវចិត្តទាំងយប់ទាំងថ្ងៃ ដូចជាការកោះហៅទៅសួរចម្លើយសឹងតែរាល់ថ្ងៃ ហើយបង្ខំឲ្យសារភាព ថាមានកំហុសទាំងមិនបានប្រព្រឹត្តិល្មើសច្បាប់ ហើយគេចាត់នគរបាលសម្ងាត់ដេកចាំ យាមទាំងយប់ទាំងថ្ងៃនោះ ព្រះសង្ឃមួយចំនួនធំបានភៀសខ្លួនចេញចោលវត្ត ចោលគ្រួសារ និងមាតុភូមិ ដើម្បីទៅរកការអន្តរាគមន៍ពីសហគមន៍អន្តរជាតិ ។»
ចុងបញ្ចប់នៃអត្ថបទ ព្រះតេជព្រះគុណ យឿង តារា បានលើកឡើង ពីការជួយធ្វើអន្តរាគមន៍របស់សហព័ន្ធខ្មែរកម្ពុជាក្រោម និងប្រជាពលរដ្ឋខ្មែរក្រោម នៅជុំវិញពិភពលោក ដែលបានធ្វើហាបាតុកម្ម នៅគ្រប់ទីកន្លែង ដើម្បីទាមទារសិទ្ធិសេរីភាពរស់នៅពេញលេញរបស់ខ្មែរក្រោម នៅក្នុងប្រទេសវៀតណាម ។
ចំណែកទំព័រហ្វេសប៊ុកមួយទៀត ដែលដាក់ឈ្មោះថា «ជនជាតិដើមខ្មែរក្រោមម្ចាស់ស្រុក នៅកម្ពុជាក្រោម» (The Indigenous Khmer-Krom Peoples in Kampuchea-Krom) បានចែករំលែកបន្ត (Share) សារបង្ហោះមួយចេញ ពីគណនីហ្វេសប៊ុករបស់លោក ស៊ឹន ចែងចើន ដែលលដាក់ចំណងជើងថា «មានតែអ្នកដែលធ្លាប់រស់នៅ ក្រោមរបប់អាណានិគមរបស់ប្រទេសណាមួយទេ ដែលយល់ពីការឈឺចាប់មួយនេះ» ដោយម្ចាស់គណនីហ្វេសប៊ុករូបនេះ រៀបរាប់ពីករណីផ្ទាល់ខ្លួនរបស់លោកថា ព្រឹត្តិការណ៍ ០៨ ខែកុម្ភៈ ឆ្នាំ ២០០៧ និងព្រឹត្តិការណ៍ ១៩ ខែមករា ២០០៧ ជាព្រឹត្តិការណ៍ដំបូងគេបង្អស់ ដែលបានកើតឡើង នាដើមសតវត្សរ៍ទី ២១ បន្ទាប់ព្រឹត្តិការណ៍តស៊ូរបស់វីរសមណៈ និងវីរជនអ្នកស្នេហាជាតិខ្មែរក្រោមជំនាន់មុនៗ មានដូចជាក្នុងសម័យព្រះតេជព្រះគុណ សឺន វ៉ង់ ព្រះតេជព្រះគុណ គឹម សាង ព្រះតេជព្រះគុណ គឹម តុកចើង និងព្រះសង្ឃជាច្រើនអង្គទៀត ដែលកាលនោះ បានក្រោកឡើងធ្វើបាតុកម្ម តវ៉ា រហូតដល់ពលិកម្មជីវិតក្នុងបុព្វហេតុការពារវប្បធម៌ ប្រពៃណី សាសនា អក្សរសាស្ត្រខ្មែរ នៅក្នុងទឹកដីកម្ពុជាក្រោម ពីការហាមឃាត់យ៉ាងតឹងរ៉ឹង មិនឲ្យបើកសាលា និងរៀនសូត្រអក្សរសាស្ត្រខ្មែរ នៅលើទឹកដីកម្ពុជាក្រោម ដោយរដ្ឋាភិបាលវៀតណាម ។
ក្រៅតែពីចែករំលែកខ្លឹមសារចេញពីម្ចាស់គណនីហ្វេសប៊ុក ដូចបានរៀបរាប់មកខាងលើ ទំព័រហ្វេសប៊ុក ដែលមានឈ្មោះថា «ជនជាតិដើមខ្មែរក្រោមម្ចាស់ស្រុក នៅកម្ពុជាក្រោម» (The Indigenous Khmer-Krom Peoples in Kampuchea-Krom) ក៏បានសរសេរសារអមបន្ថែម ដោយដាក់ចំណងជើងថា ដំណើរស្វែងរកសិទ្ធិ «សម្រេចវាសនាខ្លួន ដោយខ្លួនឯង» នៅលើមាតុភូមិកម្ពុជាក្រោម ។
ទំព័រហ្វេសប៊ុកដដែលនេះ បានសរសេរថា៖
« ខ្មែរក្រោម ដែលជាជនជាតិដើមម្ចាស់ស្រុក នៅដែនដីកម្ពុជាក្រោម ថ្វីត្បិតកំពុងតែរស់នៅក្រោមនឹមត្រួតត្រារបស់រដ្ឋាភិបាលបក្សកុម្មុយនិស្តវៀតណាម សព្វថ្ងៃ ត្រូវរងប្រឈម នឹងបញ្ហារំលោភសិទ្ធិគ្រប់សព្វបែបយ៉ាងក្តី ។ ក៏ប៉ុន្តែ ខ្មែរក្រោមមិនដែលនៅស្ងៀមបណ្តោយឲ្យខ្លួនរងការរំលោភបំពានសិទ្ធិ តាមតែអំពើចិត្តរបស់រដ្ឋការយួននោះដែរ ។ បើតាមព័ស្តុតាងឯកសារប្រវត្តិសាស្ត្រ បានចាររឿងរ៉ាវរបស់ខ្មែរក្រោមមកថា គ្រប់ព្រឹត្តិការណ៍តស៊ូរបស់យុទ្ធជនខ្មែរក្រោមជំនាន់មុនៗ គឺមិនដែលចុះញ៉មចំពោះការធ្វើទុកបុកម្នេញ ពីសំណាក់រដ្ឋអំណាចយួនម្តងណាឡើយ ពោល គឺឲ្យតែ «ទីណាមានការជិះជាន់ ទីនោះតែងមានការរើបម្រះ» ។ ដូច្នេះហើយ ដើម្បីសម្តែងនូវកតញ្ញូតាធម៌ និងគាវរកិច្ច ចំពោះព្រះវិញ្ញាណក្ខន្ធ ព្រះវីរសមណៈ វិញ្ញាណក្ខន្ធវីរបុរស វីរនារី វីរយុទ្ធជន និងខ្មែរស្នេហាជាតិជំនាន់មុនទាំងអស់ នៅឯដែនដីកម្ពុជាក្រោម ដែលហ៊ានក្រោកឡើងធ្វើបាតុកម្ម និងពលិកម្មជីវិត ដើម្បីធ្វើការប្រឆាំងជំទាស់រាល់ការលុបបំបាត់ពូជសាសន៍ ពីសំណាក់រដ្ឋាភិបាលអាណានិគមយួន ។ »
ក្នុងន័យ ជាការក្រើនរំឭកឡើងវិញនូវការតស៊ូរបស់សមណសិស្សខ្មែរក្រោម ក្នុងសម័យកាលមុនៗ ដែលហ៊ានក្រោកឡើងទាមទារឲរដ្ឋាភិបាលបក្សកុម្មុយនីស្តវៀតណាម គោរពសិទ្ធិខ្មែរក្រោមម្ចាស់ស្រុកនៃដែនដីកម្ពុជាក្រោមនោះ ។ ទំព័រហ្វេសប៊ុក «ជនជាតិដើមខ្មែរក្រោមម្ចាស់ស្រុក នៅកម្ពុជាក្រោម» បានរៀបរាប់ដោយសរសេរបន្តថា៖
«យ៉ាងណាមិញ កុលបុត្រ កុលធីតា ដែលជាបច្ឆាជនជំនាន់ក្រោយ ក៏មិនដែលព្រងើយកន្តើយម្តងណាឡើយ ចំពោះការធ្វើទុក្ខបុកម្នេញ និងការំលោភសិទ្ធិផ្សេងៗ ពីរបប់បក្សកុម្មុយនិស្តយួន ។ ជាក់ស្តែងព្រឹត្តិការណ៍ក្រោកឡើងតស៊ូមតិ ដោយអហឹង្សារបស់ព្រះសង្ឃខ្មែរក្រោម ប្រមាណជិត ៥០ អង្គ/រូប នៅខេត្តព្រះត្រពាំង កាលពីថ្ងៃទី ១៩ ខែមករា ២០០៧ ដើម្បីទាមទារឲ្យរដ្ឋអំណាចយួន ដោះលែងព្រះសង្ឃខ្មែរក្រោមមួយអង្គ ដែលត្រូវបានកងនគរបាលយួនចាប់យកទៅដាក់ឃុំឃាំង ដោយគ្មានមូលហេតុ និងព្រឹត្តិការណ៍ថ្ងៃទី ០៨ ខែកុម្ភៈ ឆ្នាំ ២០០៧ ដែលសមណនិស្សិតសាលាបាលីជាន់ខ្ពស់ខេត្តឃ្លាំង ប្រមាណជាង ២០០ អង្គ/រូប ធ្វើបាតុកម្មទាមទារឲ្យអជ្ញាធរយួនគោរពសិទ្ធិសេរីភាពសាសនា ក្នុងនាមជាម្ចាស់ទឹកដី ។ ទាំងនេះ គឺជាព្រឹត្តិការណ៍ដំបូងគេបង្អស់ ដែលបានកើតឡើងនៅក្នុងសតវត្សរ៍ទី ២១ ។ »
ថ្វីត្បិតតែព្រះសង្ឃ ដែលជាសមណសិស្សច្រើនអង្គផ្សេងទៀត ដែលរងគ្រោះនៅក្នុងព្រឹត្តិការណ៍ប្រវត្តិសាស្ត្រថ្មីមួយនេះ មិនបានសរសេរសារបង្ហាញពីអារម្មណ៍ឈឺចាប់ នៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនក្តី ។ ប៉ុន្តែ ព្រះអង្គបានចែករំលែកបន្ត សារដែលបង្ហោះ នៅលើគណីហ្វេសប៊ុកមិត្តភក្តិរបស់ព្រះអង្គ ជាពិសេសការចែករំលែកបន្តពីទំព័រហ្វេសប៊ុករបស់វិទ្យុសំឡេងកម្ពុជាក្រោម និងសារព័ត៌មាន «ព្រៃនគរ» ដែលបានចុះផ្សាយ អំពីព្រឹត្តិការណ៍មួយនេះ ។
ទោះជាយ៉ាងនេះក្តី ព្រះតេជព្រះគុណ យ៉ាញ់ តូន និងព្រះតេជព្រះគុណ សួន បូរ៉ា ជាព្រះសង្ឃ ដែលបានចូលរួមធ្វើបាតុកម្ម នៅក្នុងព្រឹត្តិការណ៍មួយនេះ បានផ្តល់កិច្ចសម្ភាសពិសេសមួយ ឲ្យទូរទស្សន៍ «ព្រៃនគរ» និងវិទ្យុសំឡេងកម្ពុជាក្រោម នៅមុនថ្ងៃខួប ១១ ឆ្នាំ នៃព្រឹត្តិការណ៍ ៨ កុម្ភៈ កាលពីសប្ដាហ៍កន្លងទៅនេះ (នៅថ្ងៃទី ២៨ ខែមករា ឆ្នាំ ២០១៨) ។
ព្រះតេជព្រះគុណ យ៉ាន់ តូន បានថ្លែងប្រាប់ទូរទស្សន៍ «ព្រៃនគរ» ថា ក្រោយពីអាជ្ញាធរ យួនបង្ក្រាប នៅក្នុងព្រឹត្តិការណ៍ ៨ កុម្ភៈ វាមិនបានធ្វើឲ្យពលរដ្ឋខ្មែរក្រោមបាក់ស្បាតឡើយ ។ ព្រះអង្គថា នៅពេលអានាគត ពលរដ្ឋខ្មែរក្រោមនៅតែហ៊ានងើបឡើងតវ៉ាដើម្បីទាមទារនូវសិទ្ធិ របស់ខ្លួនជាក់ជាមិនខាន ដរាបណារដ្ឋាភិបាលយួននៅតែបន្តធ្វើទុក្ខបុកម្នេញ និងគាបសង្កត់ ពលរដ្ឋខ្មែរក្រោម ។
ចំណែក ព្រះតេជព្រះគុណ សួន បូរ៉ា បានថ្លែងថា សម័យបច្ចេកព័ត៌មានវិទ្យានេះ រដ្ឋាភិបាល យួនមិនអាចលាក់បាំងអ្វីបានទៀតទេ ដោយព្រះអង្គបានបញ្ជាក់ថា កាលពី ១១ ឆ្នាំមុន ពលរដ្ឋខ្មែរ ក្រោមមិនសូវចេះប្រើអិនធើណិតទេ តែព្រះសង្ឃនៅតែហ៊ានចេញធ្វើបាតុកម្ម ដើម្បីទាមទារនូវ សិទ្ធិសេរីភាពពីសំណាក់អាជ្ញាធរយួន ទម្រាំមកដល់ពេលនេះ ពលរដ្ឋខ្មែរក្រោមខ្មែរក្រោមម្នាក់ៗ ចេះប្រើអិនធើណិតគ្រប់គ្នា ដែលធ្វើឲ្យពួកគាត់មានការយល់ដឹងកាន់តែច្បាស់ជាងមុននូវសិទ្ធិរបស់ ខ្លួនក្នុងនាមជាជនជាតិដើម ។ ព្រះអង្គបានប្រៀបធៀបពលរដ្ឋខ្មែរក្រោមដូចនឹងម្សៅមួយដុំនៅលើ ដៃយួន ប្រសិនបើយួនច្របាច់ខ្លាំង ម្សៅនោះ នឹងហៀរចេញតាចន្លោះម្រាមដៃ តែបើទុកបណ្ដោយ ម្សៅនោះ នឹងរឹងច្របាច់លែងបែក ។
យ៉ាងណាក៏ដោយចុះ ក្រោយពីការធ្វើបាតុកម្មនេះ ព្រះសង្ឃខ្មែរក្រោមជាច្រើនអង្គ ត្រូវបានបង្ក្រាបដោយវិធីចាប់ផ្សឹក ដេញសមណសិស្សចេញពីសាលាបាលី និងចាប់ព្រះសង្ឃញាត់គុកនៅក្នុងព្រឹត្តិការណ៍មួយនេះ ក៏លទ្ធផលនៃការធ្វើបាតុកម្មនេះ រដ្ឋាភិបាលវៀតណាម បានផ្តល់មកវិញឲ្យព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោមទូទាំងខេត្តឃ្លាំង មានសិទ្ធិប្រារព្ធបុណ្យកឋិន នៅថ្ងៃណាមួយក្នុងចំណោម ២៩ ថ្ងៃនៃរដូវកឋិនតាមពុទ្ធានុញ្ញាត ខណៈដែលពីមុន រដ្ឋាភិបាលវៀតណាម បានបង្ខំឲ្យព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោម នៅខេត្តឃ្លាំងធ្វើបុណ្យកឋិនទាន បានត្រឹមតែមួយថ្ងៃបុណ្ណោះ ។ ការដែលអាជ្ញាធរវៀតណាម ធ្វើទុក្ខបុកម្នេញមកលើព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោម នៅក្នុងស្រុក បានញ៉ាំងឲ្យព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោមទូទាំងពិភពលោក ក្រោកឡើងព្រមគ្នាធ្វើបាតុកម្មទាមទារនៅគ្រប់ទីកន្លែង ក្នុងគោលបំណងជម្រុញឲ្យអាជ្ញាធរវៀតណាម ដោះលែងព្រះសង្ឃទាំង ៥ អង្គ ដែលបានជាប់ពន្ធនាគារនោះ ឲ្យមានសេរីភាពវិញ ។ បន្ថែមពីលើនេះ ក៏បង្ហាញឲ្យមតិអន្តរជាតិមើលឃើញពីទង្វើរបស់រដ្ឋាភិបាលបក្សកម្មុយនិស្តយួន ដែលនៅតែបន្តការធ្វើទុក្ខបុកម្នេញ មកលើពលរដ្ឋខ្មែរក្រោម នៅកម្ពុជាក្រោម ៕
រូបភាពខ្លះៗ នៃព្រឹត្តិការណ៍ ៨ កុម្ភៈ និងសកម្មភាពបង្ហោះសារនៅលើហ្វេសប៊ុករបស់សមណសិស្ស ដើម្បីររំឭកឡើងវិញនូវការឈឺចាប់របស់ខ្លួន