១១ ឆ្នាំ វត្តមាន​ខ្មែរក្រោម​នៅក្នុង​ឆាក​អន្តរជាតិ​

​ដោយ ថាច់ ប្រីជា គឿន| សារព័ត៌មាន ព្រៃនគរ

​នៅ​ថ្ងៃទី ១៥ ខែកក្កដា ឆ្នាំនេះ ជា​ថ្ងៃ​គម្រប់​ខួប ១១ ឆ្នាំ ដែល​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម (Khmers Kampu chea – Krom Federation) បាន​ចូល​ជា​សមាជិក នៃ​អង្គការ​ប្រជាជាតិ និង​ពលរដ្ឋ​ដែល​គ្មាន​តំណាង (Unrepr esented Nations and Peoples Organization) ហៅ​កាត់​ថា UNPO កាលពី​ថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ២០០១ នៅ​ទី​ក្រុ​ឡាអេ ប្រទេស​ហូ​ឡង់ ។ សមិទ្ធិផល​ជាបឋម​ដែល​កើតចេញ ពី​ការចូល​ជា​សមាជិក នៃ​អង្គ​អន្តរជាតិ​មួយ​នេះ គឺ​បានធ្វើ​ឲ្យ​អង្គការ​នេះ​ទទួល​ស្គាល់ឈ្មោះ «​ខ្មែរក្រោម​» ហើយ​បាន​កត់ចូល​ក្នុង​បញ្ជី​សមាជិក របស់គេ​ជា​ភាសា​អង់គ្លេស​ថា « Khmer Krom » ដោយ​គេ​បានទទួល​ស្គាល់ «​ខ្មែរក្រោម​» ថា​ជា ប្រជាជាតិ​មួយ​នៃ​ដែនដី​កម្ពុជា​ក្រោម ឬ ភាគខាងត្បូង​វៀតណាម ។​

ប្រតិភូសហព័ន្ធខ្មែរកម្ពុជាក្រោម នៅមុខការិយល័យកណ្ដាល នៃអង្គការសហប្រជាជាតិ នាបុរី New York សហរដ្ឋអាមេរិក ពេលចូលរួមវេទិកាអចិន្ត្រៃយ៍ លើកទី ១២ ស្ដីពីបញ្ហា ជនជាតិដើមរបស់អង្គការសហប្រជាជាតិ (UNPFII) កាលពីចាប់ពីថ្ងៃទី ១៩ ដល់ ៣១ ខែ ឧសភា ឆ្នាំ ២០១៣ ។
ប្រតិភូសហព័ន្ធខ្មែរកម្ពុជាក្រោម នៅមុខការិយល័យកណ្ដាល នៃអង្គការសហប្រជាជាតិ នាបុរី New York សហរដ្ឋអាមេរិក ពេលចូលរួមវេទិកាអចិន្ត្រៃយ៍ លើកទី ១២ ស្ដីពីបញ្ហា ជនជាតិដើមរបស់អង្គការសហប្រជាជាតិ (UNPFII) កាលពីចាប់ពីថ្ងៃទី ១៩ ដល់ ៣១ ខែ ឧសភា ឆ្នាំ ២០១៣ ។

​នេះ​ជាការ​កត់សម្គាល់​ជំហាន ចាប់ផ្ដើម​មួយ ដែល​បានធ្វើ​ឲ្យ​វត្តមាន​របស់ « ខ្មែរក្រោម » បាន​លេចមុខ​ចេញ​នៅក្នុង​ឆាក​អន្តរជាតិ រហូតមកដល់​ថ្ងៃនេះ ។ ខណៈដែល​ពលរដ្ឋ​ខ្មែរក្រោម​មាន​ប្រមាណ​ជិត ៨ លាន​នាក់​ដែល​កំពុង​រស់នៅ​ដែនដី​កម្ពុជា ក្រោម​សព្វថ្ងៃ​ត្រូវបាន​មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ​ដឹងឮ​ព័ត៌មាន ពី​ពួកគេ​កាន់តែច្រើន​នាពេល​បច្ចុប្បន្ននេះ មាន​ពលរដ្ឋ​ខ្មែរក្រោម​ខ្លួនឯង​ផង និង​ពលរដ្ឋ​ខ្មែរ​នៃ​ប្រទេស​កម្ពុជា​ផង ក្នុងនោះ​មាន​អ្នកកាសែត​និង​មន្ត្រី   រដ្ឋាភិបាល​មួយចំនួន បាន​និយាយ​និង​ប្រើប្រាស់​ឈ្មោះ «​ខ្មែរក្រោម​» និង​ដែនដី « កម្ពុជា​ក្រោម » មិនទាន់បាន​ត្រឹមត្រូវ​នៅឡើយ ។​

​នាពេល​កន្លងមក យើង​សង្កេតឃើញ​មាន​មនុស្ស​មួយចំនួន បាន      និយាយ​ពាក្យ​សំដៅ​ទៅលើ​ពលរដ្ឋ​« ខ្មែរ ក្រោម​» ឬ « ខ្មែរ » ដែល​រស់នៅ​ដែនដី  កម្ពុជា​ក្រោម​ថា «​បងប្អូន​កម្ពុជា​ក្រោម​» និង​អ្នក​ខ្លះទៀត​និយាយ​ពាក្យ​សំដៅលើ​ឈ្មោះ​ភូមិសាស្ត្រ​ឬ​ឈ្មោះ​ដែនដី​«​កម្ពុជា​ក្រោម​» ថា «​ខ្មែរ​កម្ពុជា​ក្រោម » ឬ « ខ្មែរក្រោម » ទៅវិញ ដូចជា​និយាយ « ខ្ញុំ​មកពី​ខ្មែរក្រោម » ឬ « ខ្ញុំ​ធ្លាប់​ទៅ​ខ្មែរក្រោម​លេង » ជាដើម ដែល​មើលទៅ​ហាក់ដូចជា​ពួកគាត់ នៅមាន​ភាព​ស្រ​ពេ​ច​ស្រ ពិល​នៅឡើយ ។

​ឈ្មោះ​ទាំងពីរ​នេះ ប្រសិនបើ​លោកអ្នក​យកចិត្ត​ទុក ដាក់​នោះ វា​មិនមាន​ការយល់ច្រឡំ​គ្នា​ឡើយ​គឺ «​ខ្មែរក្រោម​» សំដៅ​ទៅលើ​មនុស្ស ឬ ពលរដ្ឋ​ដែល​រស់​នៅលើ​ទីតាំង នៃ​ដែនដី​កម្ពុជា​ក្រោម និង​រីឯ « កម្ពុជា​ក្រោម » វិញ សំដៅទៅ​ដែនដី ដែល​ខ្មែរក្រោម​កំពុង​រស់នៅ ឬ ខ្មែរក្រោម​ជា​ម្ចាស់​ស្រុក​នៃ​ដែនដី​កម្ពុជា​ក្រោម ។​

​ដូច្នេះ បើ​យើង​ចង់​និយាយ​សំដៅ​ទៅលើ​មនុស្ស ឬ ពលរដ្ឋ​គួរប្រើ​ពាក្យ​ថា « ខ្មែរក្រោម » ដូចជា​និយាយថា « ខ្ញុំ​ជា​ខ្មែរក្រោម » ឬ « បងប្អូន​ខ្មែរក្រោម​» ជាដើម​និង​បើ​ចង់​និយាយ​សំដៅ​ទៅលើ​ដែនដី ឬ ភូមិសាស្ត្រ​ត្រូវ​ហៅថា « កម្ពុជា​ក្រោម » ឬថា « ដែនដី​កម្ពុជា​ក្រោម » ដូចជា​និយាយថា «​ខ្មែរក្រោម​ជា​ម្ចាស់​ស្រុក នៃ​ដែនដី    កម្ពុជា​ក្រោម » , « ខ្មែរក្រោម​ត្រូវបាន​អាជ្ញាធរ​វៀតណាម​ធ្វើទុក្ខបុកម្នេញ នៅ​កម្ពុជា​ក្រោម » , « ខ្ញុំ​បាន​ទៅលេង​នៅ​កម្ពុជា​ក្រោម » និង «​កម្ពុជា​ក្រោម ជា​ដែនដី​មួយ​ភាគ​នៃ​ប្រទេស​កម្ពុជា​ពី​អតីតកាល » ជាដើម ។​

​ទម្រាំ​បាន​គេ​ស្គាល់​ថា « ខ្មែរក្រោម​ជា​នរណា ? » និង «​កម្ពុជា​ក្រោម​នៅទីណា ? » នោះ គឺ​ដូនតា​ខ្មែរក្រោម​បាន​តស៊ូ​យ៉ាង​ស្វិតស្វាញ ប្រឆាំងនឹង​ការព្យាយាម​លុបបំបាត់​ពូជសាសន៍​ពីរ​បប​យួន​គ្រប់​យុគសម័យ ដែល​អស់ លោក​ទាំងនោះ មាន​ឧកញ៉ា សឺ​ង គុយ ជាដើម បាន​បូជាជីវិត​ដើម្បី​រក្សា​ព្រះពុទ្ធសាសនា​ថេរវាទ ឲ្យ​បាន​គង់វង្ស​ដល់​សព្វថ្ងៃ ។​

​ដូច្នេះ ដើម្បី​បានសម្រេច​ទិសដៅ​អ្វីមួយ ដែល​ខ្មែរក្រោម​គ្រប់រូប​ចង់បាន​នាពេល​អនាគត​នោះ  គឺ​បុគ្គល​ខ្មែរក្រោម​ខ្លួនឯង​ត្រូវ​ដឹង​ឲ្យ​បាន​ច្បាស់​អំពី​ខ្លួន​ជាងគេ​ទាំងអស់ ហើយ​នាំគ្នា​ប្រាប់​ទៅ​មជ្ឈដ្ឋាន​នានា​ឲ្យ​បាន​ជ្រាប នូវ​អត្ដ សញ្ញាណ​របស់ខ្លួន ទើប​ធ្វើ​ឲ្យ​ខ្មែរក្រោម​កាន់តែ​ពង្រឹង​បាន នូវ​ឥទ្ធិពល​របស់ខ្លួន​នៅក្នុង​ឆាក​អន្តរជាតិ ។​

​ចាប់តាំងពី​ថ្ងៃ​ដែល​«​ខ្មែរក្រោម​» បាន​ចូល​ជា​សមាជិក​អង្គការ​ប្រជាជាតិ និង​ពលរដ្ឋ​គ្មាន​តំណាង​(UNPO) ដែលមាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម (KKF) ជា​អ្នកតំណាង​ធ្វើការ​ផ្នែក​សិទ្ធិមនុស្ស​ជាមួយ​សហគមន៍​អន្តរជាតិ មកដល់​ថ្ងៃទី ១៥ ខែកក្កដា ឆ្នាំនេះ មាន​រយៈពេល​តែ ១១ ឆ្នាំ​គត់​ប៉ុណ្ណោះ បានធ្វើ​ឲ្យ​រដ្ឋាភិបាល​វៀតណាម​មាន​ការផ្លាស់ប្ដូរ​ន​យោ បាយ​សម្រាប់​ពលរដ្ឋ​ខ្មែរក្រោម នៅ​ដែនដី​កម្ពុជា​ក្រោម​គួរ​ឲ្យ​កត់សម្គាល់ ។ នេះ​ក៏​ដោយសារតែ​ឈ្មោះ « ខ្មែរក្រោម »  ត្រូវបាន​លេចមុខ​ចេញ នៅក្នុង​វេទិកា  អចិន្ត្រៃយ៍​នៃ​អង្គការសហប្រជាជាតិ​ស្ដីពី​បញ្ហា​ជនជាតិដើម (UNPFII) ជា​រៀងរាល់ឆ្នាំ ដែល​ធ្វើ​ឲ្យ​រដ្ឋាភិបាល​វៀត   ណា​ម​មិនអាច​លាក់បាំង​ខ្មែរក្រោម នៅក្នុង​រនាំង​ដែក​របស់គេ​បាន​តទៅទៀត ។​

​ដូច្នេះ ការដែល​ខ្មែរក្រោម​នាំគ្នា​ហៅ​ឈ្មោះ « ខ្មែរក្រោម » និង​ដែនដី    «​កម្ពុជា​ក្រោម​» របស់ខ្លួន​ឲ្យ​បាន​ច្បាស់​, ការ​ដុះ​ឡើង​នូវ​ធនធានមនុស្ស​ខ្មែរក្រោម​នៅ​គ្រប់​ទីកន្លែង និង​កា​រព​ង្រឹ​ក​ឥទ្ធិ​របស់​ខ្មែរក្រោម នៅក្នុង​ឆាក​អន្តរជាតិ​ជា​គន្លឹះ​មួយ​ចាប់ផ្ដើម ឆ្ពោះទៅរក​ការផ្លាស់ប្ដូរ​សង្គម​ខ្មែរក្រោម ទាំង​នៅក្រៅ​ប្រទេស និង​នៅ​ដែនដី​កម្ពុជា​ក្រោម នាពេល​អនាគត ៕
​“​ការដែល​ខ្មែរក្រោម​នាំគ្នា​ហៅ​ឈ្មោះ « ខ្មែរក្រោម » និង​ដែនដី « កម្ពុជា​ក្រោម » របស់ខ្លួន​ឲ្យ​បាន​ច្បាស់​, ការ​ដុះ​ឡើង​នូវ​ធនធានមនុស្ស​ខ្មែរក្រោម​នៅ​គ្រប់​ទីកន្លែង និង​កា​រព​ង្រឹ​ក​ឥទ្ធិ​របស់​ខ្មែរក្រោម​នៅក្នុង​ឆាក​អន្តរជាតិ ជា​គន្លឹះ​មួយ​ចាប់ផ្ដើម​ឆ្ពោះទៅរក​ការផ្លាស់ប្ដូរ​សង្គម​ខ្មែរក្រោម​ទាំង​នៅក្រៅ​ប្រទេស និង​នៅ​ដែនដី​កម្ពុជា​ក្រោម​នាពេល​អនាគត “​។​