ភ្នំពេញៈ មួយរយៈចុងក្រោយនេះអ្នកសារព័ត៌មាននៅកម្ពុជា បានរងនូវអំពើហិង្សានិងបំពាន ការរំលោភសិទ្ធិ ពីសំណាក់សមត្ថកិច្ចដែលបង្ក្រាបបាតុកម្មរហូតដល់ធ្វើឲ្យប៉ះពាល់រាង កាយនិងបាត់បង់សម្ភារ ក្នុងពេលបំពេញការងារទៀតផង។

កាលពីថ្ងៃ ទី២៧ មករា ដែលមានការធ្វើបាតុកម្មទៅដាក់ញត្តិនៅក្រសួង ព័ត៌មាន ដឹកនាំដោយប្រធានវិទ្យុសម្បុកឃ្មុំ ដែលសុំបង្កើតទូរទស្សន៍ឯករាជ្យ លោក តាំង ជិនសុធី អ្នកថតរូបអាជីពរបស់ទីភ្នាក់ងារសារព័ត៌មាន បារាំង អាអេហ្វប៉េ (AFP) បានរងការវាយនឹងដំបងពីសំណាក់សមត្ថកិច្ចស្លៀកឯកសណ្ឋាន។
លោក ជិន សុធី អាយុ ៤០ឆ្នាំ ដែលបម្រើការឲ្យសារព័ត៌មានក្រៅស្រុកជាង ១០ឆ្នាំ និយាយថា លោកមិននឹកស្មានសោះថា សមត្ថកិច្ចវាយលោកនៅពេលលោកប្រាប់ថា ជាអ្នកកាសែត។ លោកថា៖
«ខ្ញុំស្រែកហៅមិត្តម្នាក់ជាជនជាតិ ជប៉ុន កុំឲ្យទៅជិតកន្លែងវ៉ៃ គ្នាពេក គេក៏មកវាយខ្ញុំ ហើយខ្ញុំស្រែកថា អ្នកកាសែតបរទេសទេ គេក៏វាយ ហើយថា អ្នកកាសែតក៏វ៉ៃដែរ។ នេះកុំតែបានមួក កុំអីខ្ញុំ…»។
លោកហួសចិត្តនឹងសមត្ថកិច្ចដែលនេះមិនមែនលើក ទី១ ក្នុងការបំពានលើសេរីភាពសារព័ត៌មានក្នុងពេលចុះថតយករូបភាពក្នុង បាតុកម្មផ្សេងៗ ក្នុង ២ ខែចុងក្រោយនេះទេ។ លោកបន្តថា៖
«ការបង្រ្កាបអ្នកតវ៉ាជារឿងរបស់អាជ្ញាធរនិងបាតុករ តែយើងអ្នកកាសែត គ្រាន់តែចង់ផ្សាយពីរឿងហ្នឹងទេ ហើយមិនមែនជាបាតុករដែរ។ សូមអាជ្ញាធរយល់ដឹងពីសិទ្ធិសារព័ត៌មានផង»។
ក្រៅពីរងរបួសក៏មានករណីអ្នកកាសែតបាត់សម្ភារផ្ទាល់ខ្លួនក្នុង ការបង្ក្រាបបាតុកម្មដែរ។ នៅថ្ងៃ ទី៤ មករា ដែលកងសន្តិសុខ ខណ្ឌ ដូនពេញ និងអាជ្ញាធរចម្រុះចុះបណ្តេញបាតុកររបស់គណបក្សសង្គ្រោះជាតិ ចេញពីទីលានប្រជាធិបតេយ្យលោក ស៊ឺន ចែងចើន អ្នកកាសែត ព្រៃនគរ បានបាត់ម៉ាស៊ីនថតរូប ករណីនេះលោកបានដាក់ពាក្យប្តឹងសុំម៉ាស៊ីនថតវិញ តែមិនបាននោះទេ។ លោក ចែងចើន ថា៖
«សន្តិសុខប្រើដំបងឆក់ខ្ញុំ ធ្វើឲ្យខ្ញុំរបូតកាមេរ៉ាពីដៃ រួចគេក៏យកបាត់ទៅ។ ពេលប្តឹងខាងខណ្ឌថា មិនដឹងថា ក្រុមណាយកទេ។ អ្នកយកនោះជាក្រុមពាក់មួកសុវត្ថិភាព ពាក់ឯកសណ្ឋានពណ៌ខៀវទឹកប៊ិក»។
នៅក្នុងករណីបំពានជាច្រើនថ្មីៗនេះ ក្រុមអ្នកសារព័ត៌មានមើលឃើញថា ក្រសួង ព័ត៌មានហាក់មិនបានបញ្ចេញប្រតិកម្មលើការរំលោភសិទ្ធិសេរីភាពអ្នក សារព័ត៌មានទេ ខុសពីថ្ងៃទី១០ ខែ ធ្នូ កន្លងទៅដែលអ្នកថតរូប ទូរទស្សន៍ជាតិកម្ពុជា សេង ចាន់ ត្រូវគេរារាំងនិងបណ្តេញចេញពីការថតយករូបភាពប្រារព្ធទិវាសិទ្ធិ មនុស្សរបស់អង្គការសង្គមស៊ីវិលនិងគណបក្សសង្គ្រោះ ជាតិ លោករដ្ឋមន្ត្រីក្រសួង ព័ត៌មាន ខៀវ កាញារីទ្ធ បានប្រតិកម្មតាមបណ្តាញសង្គមភ្លាមៗថា នឹងបញ្ឈប់ការបញ្ជូនអ្នកព័ត៌មានទៅថតយកព័ត៌មាន ទាក់ទងនឹងគណបក្សប្រឆាំងនេះ ហើយកុំបន្ទោសថា ទ.ទ.ក លម្អៀង។
លោករដ្ឋមន្ត្រី ខៀវ កាញារីទ្ធ មិនអាចទាក់ទងបានទេ កាលពីម្សិលមិញ។
ក្រុមប្រឹក្សាសារព័ត៌មានកម្ពុជាពីម្សិលមិញបានចេញសេចក្តី ថ្លែងការណ៍ថា ការប៉ះទង្គិចនៅមុខក្រសួង ព័ត៌មាន ពីថ្ងៃចន្ទថា អ្នកសារព័ត៌មានបីរូបរងរបួស។
ក្រុមប្រឹក្សាបានថ្កោលទោសសមត្ថកិច្ចនិងសុំឲ្យចៀសវាងការប្រើ ហិង្សាមកលើអ្នកសារព័ត៌មានព្រោះថា៖
«អ្នកសារព័ត៌មានគ្រាន់តែមានអាជីពពាំនាំដំណឹងដែលកើតឡើង ក្នុងសង្គមទៅជូនប្រជាពលរដ្ឋដែលចង់ដឹងចង់ឮតែប៉ុណ្ណោះ»។
ក្លិបអ្នកកាសែតកម្ពុជា ដែលចេញសេចក្តីថ្លែងការណ៍យ៉ាងលឿន ក្នុងពេលអ្នកថតរូបទូរទស្សន៍ជាតិជួបបញ្ហារំលោភសិទ្ធិអះអាងថា នឹងចេញសេចក្តីថ្លែងការណ៍ថ្កោលទោស ជាពិសេសការវាយលើអ្នកសារព័ត៌មាន អាអេហ្វប៉េ។ លោក ឆាយ សុផល គណៈនាយកក្លិបអ្នកកាសែតថ្លែងថា៖
«ខ្ញុំរវល់ ទើបមិនបានចេញសេចក្តីថ្លែងការណ៍តែយើងកំពុងតែសរសេរ ហើយអាចចេញផ្សាយល្ងាចនេះ»។
លោកថា ក្នុងនាមអ្នកសារព័ត៌មាន មានពិសោធន៍មួយរូប យល់ថា អំពើបំពានសារព័ត៌មានក្នុងពេលបំពេញវិជ្ជាជីវៈជា
«ការមិនអាចទទួលយកបានដូច្នេះ ក្រសួង ការពារជាតិ និងក្រសួង មហាផ្ទៃ ត្រូវបញ្ជាឲ្យកងកម្លាំងខ្លួនចៀសវាងនូវការប្រើហិង្សាលើអ្នក កាសែតជាបន្តទៀត»។
ដោយឡែកសហព័ន្ធអ្នកកាសែតអន្តរជាតិ (IFJ) និងសមាគមកម្ពុជាការពារអ្នកកាសែត (CAPJ) ក៏សម្តែងការព្រួយបារម្ភពីសកម្មភាពរំលោភលើសិទ្ធិអ្នកសារព័ត៌មាន នៅកម្ពុជា ពីសំណាក់សមត្ថកិច្ចរដ្ឋាភិបាលនេះដែរ កាលពីម្សិលមិញ។
សហព័ន្ធអ្នកកាសែតអន្តរជាតិ (IFJ) បានសរសេរក្នុងគេហទំព័រខ្លួនថា៖
«(IFJ) សូមធ្វើការអំពាវនាវឲ្យប៉ូលិសរបស់ប្រទេស កម្ពុជា គោរពដល់សិទ្ធិអ្នកសារព័ត៌មាននៅក្នុងពេលពួកគេចុះយកព័ត៌មានក្នុង វិជ្ជាជីវៈ»។
នៅក្នុងប្រកាសព័ត៌មានរបស់ CAPJ ក៏បានអំពាវនាវឲ្យអាជ្ញាធរគោរពសិទ្ធិអ្នកសារព័ត៌មាន អ្នកថតរូប ដែលកំពុងបំពេញការងារ ក្នុងវិជ្ជាជីវៈដោយឯករាជ្យផងដែរបន្ទាប់ពីបង្ហាញពីការព្រួយ បារម្ភពីការប្រើហិង្សាវាយដំនិង ពីការបាត់បង់សម្ភារពេលចុះប្រមូលយកព័ត៌មាននិងថតរូប ក្នុងការបង្ក្រាបបាតុកម្មនៅ ភ្នំពេញ កន្លងមក។
លោក ខេង ទីតូ អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស ថ្លែងថា ជាទូទៅសមត្ថកិច្ចគ្រាន់តែបំពេញតួនាទីអនុវត្តនូវច្បាប់ ហើយមិនបានដៅមុខសញ្ញាថា ត្រូវតែបំពានអ្នកកាសែតនេះ ឬអ្នកនោះឡើយ តែអ្វីដែលកើតឡើងជារឿងអចេតនា។
លោកបន្តថា មន្ត្រីសមត្ថកិច្ច តែងទទួលការណែនាំពីមេបញ្ជាការឲ្យគោរពក្រមសីលធម៌ពេលអនុវត្តភារកិច្ចការងារ។
លោកថ្លែងថា៖
«សមត្ថកិច្ចគ្មានចេតនា ប៉ះពារដល់អ្នកកាសែតទេ ព្រោះពេលនោះមិនដឹងអ្នកណាជាអ្នកណាឡើយ។ ព្រឹត្តការណ៍ទាំងនោះ នរណាក៏ជាអ្នកកាសែតដែរ អ៊ីចឹងសភាពការណ៍នេះ យើងមិនអាចចៀសរួចរឿងប៉ះពារគ្នាទេ។ ពួកគាត់ គ្មានចេតនាវាយអ្នកកាសែត ដើម្បីបិទបាំងមិនឲ្យថតយកសកម្មភាពបាតុកម្មឡើយ។ យើងសោកស្តាយចំពោះរឿងអចេតនានេះ»។
លោក ឈុំ សុជាតិ នាយខុទ្ទកាល័យរដ្ឋមន្ត្រីក្រសួង ព័ត៌មាន បានបដិសេធមិនអធិប្បាយពីបញ្ហានេះទេ ពីព្រោះលោកគ្មានសិទ្ធិនិយាយនឹងអ្នកកាសែតជួសលោករដ្ឋមន្ត្រីឡើយ។ ប៉ុន្តែថា លោកក៏បានឈរមើលឃើញគេវាយអ្នកកាសែតក្នុងពេលមានបាតុកម្មនៅមុខ ក្រសួងដែរ។ លោក បញ្ជាក់ថា នៅម៉ោង ៨ យប់ (ថ្ងៃពុធ) លោករដ្ឋមន្ត្រី (ខៀវ កាញារីទ្ធ) នឹងបកស្រាយពីហេតុការណ៍នៃបាតុកម្មរបស់លោក ម៉ម សូណង់ដូ ហើយថា ករណីវ៉ៃអ្នកកាសែតក៏អាចត្រូវលោករដ្ឋមន្ត្រីលើកឡើងផងដែរ៕ ដោយៈ ឆាយ ច័ន្ទនីដា – ភ្នំពេញប៉ុស្តិ៍