សហព័ន្ធ​ខ្មែរ​ក្រោម​នឹង​ធ្វើ​បាតុកម្ម​ប្រឆាំង​វៀតណាម​នៅ​ក្រុង​ហ្សឺណែវ

សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​កំពុង​ជំរុញ​ឲ្យ​សហគមន៍​អន្តរជាតិ​ផ្តោត​ ការ​យក​ចិត្ត​ទុក​ដាក់​អំពី​បញ្ហា​ការ​រំលោភ​សិទ្ធិ​មនុស្ស​លើ​ពលរដ្ឋ​ខ្មែរ ​ក្រោម​តាមរយៈ​ការ​ធ្វើ​មហា​បាតុកម្ម​នៅ​មុខ​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​ នៃ​អង្គការ​សហ​ប្រជាជាតិ​នៅ​ថ្ងៃ​នេះ​និង​ថ្ងៃ​ស្អែក។

សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ដឹកនាំ​បាតុកម្ម​នោះ​រយៈពេល​២​ថ្ងៃ​គឺ​នៅ​ ថ្ងៃ​ទី​៧ និង​ទី​៨ ខែ​ឧសភា ឆ្នាំ​២០០៩​នេះ នៅ​មុខ​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ​នៅ​ទីក្រុង​ ហ្សឺណែវ ប្រទេស​ស្វ៊ីស គឺ​ធ្វើ​ឡើង​ដំណាល​ពេល​ដែល​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​ សហប្រជាជាតិ កោះ​អញ្ជើញ​រដ្ឋាភិបាល​នៃ​របប​សាធារណរដ្ឋ​សង្គម​និយម​វៀតណាម ឲ្យ​ទៅ​បង្ហាញ​អំពី​បញ្ហា​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ប្រទេស​វៀតណាម គឺ​ឲ្យ​វៀតណាម​ថ្លែង​បំភ្លឺ​នៅ​ក្នុង​មហា​សន្និបាត​ពិសេស​មួយ​នៅ​ថ្ងៃ​ទី​៨ ខែ​ឧសភា ឆ្នាំ​២០០៩​នេះ។

ប្រធាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម លោក ថាច់ ង៉ុកថាច់ មាន​ប្រសាសន៍​ឲ្យ​វិទ្យុ​អាស៊ីសេរី​ដឹង​កាល​ពី​ពេល​ថ្មីៗ​កន្លង​មក​នេះ​ថា ថ្ងៃ​ទី​៨ ខែ​ឧសភា ឆ្នាំ​២០០៩ គឺ​ជា​ថ្ងៃ​ប្រវត្តិសាស្រ្ត​មួយ​សម្រាប់​ពលរដ្ឋ​ខ្មែរ​ក្រោម។

លោក ថាច់ ង៉ុកថាច់ ថ្លែង​យ៉ាង​ដូច្នេះ ៖ «ថ្ងៃ​ទី​៨ គឺ​ជា​ថ្ងៃ​ប្រវត្តិសាស្រ្ដ​មួយ​ដែល​រដ្ឋាភិបាល​យួន ត្រូវ​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​នៃ​អង្គការ​សហប្រជាជាតិ​កោះ​ហៅ​ឡើង​មក​ ដើម្បី​បក​ស្រាយ​បំភ្លឺ​នូវ​សិទ្ធិ​មនុស្ស​នៅ​ប្រទេស​យួន​ហ្នឹង ហើយ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ធ្វើ​មហា​បាតុកម្ម​មួយ​យ៉ាង​ធំ​នៅ​មុខ​ ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​នៅ​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វ៊ីស ហើយ​ព្រមទាំង​ចូលរួម​ក្នុង​ការ​កោះហៅ​ប្រជុំ​របស់​អង្គការ​សហ​ប្រជាជាតិ​នោះ ​ផង»។

សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ចាត់​ទុក​ថា បាតុកម្ម​អហិង្សា​នេះ​ដែល​មាន​ពលរដ្ឋ​ខ្មែរ​ក្រោម​ចូលរួម​ប្រមាណ ៤​រយ​នាក់​នោះ គឺ​ជា​វិធី​មួយ​ដើម្បី​បង្ហាញ​និង​បញ្ចេញ​សំឡេង​របស់​ពលរដ្ឋ​ខ្មែរ​ក្រោម​ ជម្រាប​ដល់​សហគមន៍​អន្តរជាតិ​ឲ្យ​គេ​ជួយ​ដាក់​គំនាប​លើ​រដ្ឋាភិបាល​ កុម្មុយនីស្ត​ក្រុង​ហាណូយ​ឲ្យ​គោរព​សិទ្ធិ​ពលរដ្ឋ​ខ្មែរ​ក្រោម ស្រប​តាម​ច្បាប់​ដែល​មាន​ចែង។

ខែ​មិថុនា ឆ្នាំ​២០០៩​នេះ គឺ​គម្រប់​ខួប​៦០​ឆ្នាំ​ហើយ ដែល​ពលរដ្ឋ​ខ្មែរ​ក្រោម​និង​ដែន​ដី​កម្ពុជា​ក្រោម ត្រូវ​បាន​អាណានិគម​បារាំង​ប្រគល់​ឲ្យ​ប្រទេស​វៀតណាម​ក្តោប​ក្តាប់​កាន់​ កាប់​ជា​កម្មសិទ្ធិ​ផ្តាច់​មុខ តាំង​ពី​ឆ្នាំ​១៩៤៩​មក។ បច្ចុប្បន្ន ដែន​ដី​កម្ពុជា​ក្រោម​មាន​ពលរដ្ឋ​ខ្មែរ​ក្រោម​រស់​នៅ​ទាំង​អស់​ប្រមាណ ៨​លាន​នាក់៕
អត្ថបទវិទ្យុអាស៊ីសេរី.