សកម្មជនទាមទារដីធ្លីនៅកម្ពុជាក្រោមមួយរូបត្រូវគំរាមចាប់ខ្លួន

ព័ត៌មាន​ពី​ទឹកដី​កម្ពុជា​ក្រោម ឲ្យ​ដឹង​ថា សកម្មជន​អ្នក​ទាមទារ​ដី​កម្មសិទ្ធិ​ម្នាក់នៅ​ភូមិ​ទឹងហ៊ឹង ស្រុក​អណ្តូងទឹក ខែត្រ​ឃ្លាំង បាន​ត្រូវ​ព្រមាន​ថា នឹង​ត្រូវ​ចាប់ខ្លួន ប្រសិន​បើ​លោក​មិន​ព្រម​ឈប់​តវ៉ា​ទាមទារ​ដី​កម្មសិទ្ធិ ដែល​អាជ្ញាធរ​វៀតណាម​បាន​យក​ធ្វើ​ជា​កន្លែង​ចិញ្ចឹម​សត្វ​ជា​ច្រើន​ឆ្នាំ​មក​ហើយ​នោះ​ទេ។

លោក វិន បាវ បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី​ពី​ម្សិលមិញ​ថា លោក​បាន​ដឹង​ដែរ តែ​លោក​ក៏​មិន​ដឹង​ជា​ត្រូវ​គេច​ទៅ​ណា​ទេ ៖ «ខ្ញុំ​តវ៉ា​រឿង​ដី​ធ្លី ហើយ​នគរបាល​ចេះ​តែ​មក​ឃ្លាំ​មើល។ ឥឡូវ​ថា ពីរ​បី​ថ្ងៃ​នេះ ពួក​ខ្ញុំ​ជាប់​គុក​ហើយ។ ខ្ញុំ​តាម​រឿង​ដី​ធ្លី​ប៉ុន្មាន​១៧​-១៨​ឆ្នាំ​ហើយ គេ​មិន​ដោះស្រាយ​ឲ្យ​ហ្នឹង ហើយ​កន​ខ្ញុំ​ចេះ​តែ​ទាមទារ​មួយ​ខែ​ពីរ​ខែ ខ្ញុំ​ឡើង​ទៅ​ក្រសួង​ជនជាតិ​នៅ​ព្រៃ​ឫស្សី​ហ្នឹង មួយ​ខែ​ពីរ​ខែ​ទៅ​មួយ​ជើង​ហើយ ហើយ​គេ​ចេះ​តែ​សន្មត់​ហើយ មិន​ដោះស្រាយ​អី​ទាំង​អស់។ ហើយ​ដល់​ខ្ញុំ​ទៅ​ហ្នឹង គេ​មាន​ឲ្យ​ខាង​នគរបាល ខាង​ក្រសួង​ជនជាតិ​នៅ​ខេត្ត​ឃ្លាំង​ហ្នឹង គេ​ឲ្យ​ដំណឹងថា តែ​ពីរ​បី​ថ្ងៃ​ទៀត គេ​ចាប់​ទាំង​ខ្ញុំ​យក​ដាក់​គុក​ហើយ ចាប់​តែ​ខ្ញុំមួយ​ទេ អ្នក​ទាមទារ​ដី​ធ្លី ខ្ញុំ​ធ្វើ​ប្រធាន​នៅ​ខេត្ត​ឃ្លាំង​រឿង​ដី​ធ្លី​ហ្នឹង»។
សូម​រំឭក​ថា កាល​ពី​ថ្ងៃ​ទី​៨ ខែ​មេសា ឆ្នាំ​កន្លង​ទៅ អាជ្ញាធរ​វៀតណាម​បាន​ព័ទ្ធ​ចាប់​សកម្មជន​ទាមទារ​ដី​ធ្លី​ពីរ​នាក់​នៅ​ខែត្រ​មាត់ជ្រូក ដែល​បច្ចុប្បន្ន​សកម្មជន​ទាំង​ពីរ​នាក់​នោះ បាន​ភៀស​ខ្លួន​ដោយ​ក្តី​ភ័យ​ខ្លាច ហើយ​កំពុង​ស្វះស្វែង​សុំ​សិទ្ធិ​ជ្រកកោន​ជា​មួយ​អគ្គស្នងការ​សហប្រជាជាតិ​ទទួល​បន្ទុក​ជនភៀស​ខ្លួន ហៅ​កាត់​ថា យូ​.អិន​.អេច្ឆ​.ស៊ី​.អ័រ ប្រចាំ​ទីក្រុង​បាងកក​ប្រទេស​ថៃ៕
អត្ថបទៈ វិទ្យុអាស៊ីសេរី.