វិចារណកថា វិទ្យុសំឡេងកម្ពុជាក្រោម៖ សម្បជញ្ញៈជាតិ

នៅឆ្នាំ១៩៩២ ក្នុងដំណើរវិលត្រឡប់ជាលើកទីមួយ ទៅកាន់ប្រទេសកម្ពុជា នៅពេលអង្គការ សហប្រជា ជាតិ កំពុងរៀបចំការបោះឆ្នោត ខ្ញុំបានទៅលេងទីក្រុង កែប។ នៅទីនោះ ក្រៅពីតូបស្បូវលក់អាហារបន្តិច បន្តួច គឺមានតែគំនរឥដ្ឋរាយប៉ាយត្រង់កន្លែង ដែល ធ្លាប់មានផ្ទះវិឡាល្អៗ នាឆ្នេរសមុទ្រខ្មែរ។ ដោយ បានឮការសន្ទនារបស់ខ្ញុំ និងមិត្តភក្តិ និយាយពីការ សោកស្តាយ ចំពោះសម្រស់ទីក្រុងកែបពីអតីត កាល មិនគួរត្រូវពួកខ្មែរក្រហមចង្រៃ បានវាយកំទេចបំផ្លាញ រាបដល់ដី អ្នកលក់កាហ្វេជាជាតិយួន ចេះខ្មែរស្ទាត់ ក៏បានឆ្លើយមកយើងថា គាត់បានរស់ នៅទីនោះ តាំងពីពេលខ្មែរក្រហមទើបចាកចេញទៅ។ គឺក្រោយពេលខ្មែរក្រហមចេញភ្លាម ផ្ទះថ្ម នៅកែបទាំងប៉ុន្មាន នៅល្អទាំងអស់។ ទីក្រុងនេះ ទើបតែ នឹង រលាយខ្ទេចខ្ទី ពេលដែកឡើងថ្លៃខ្ពស់ ដោយមនុស្សម្នាចេះតែ នាំគ្នាមកវាយផ្ទះថ្មពន្លំ ដើម្បីរុះយកដែកទៅថ្លឹងលក់ នៅវៀតណាម…។

ឆ្នាំ១៩៩៣ ខ្ញុំបានទៅលេងនៅស្រុកកំណើត ឯខេត្តព្រះត្រពាំង កម្ពុជាក្រោម។ ជាធម្មតា អ្នក កម្ពុជាក្រោមជាទួទៅ តែងទទួលភ្ញៀវដោយទឹកតែ។ ពេលក្មួយខ្ញុំលាកញ្ចប់តែដែលទិញមកពីផ្សារ ធ្វើឱ្យ ខ្ញុំភ្ញាក់ស្រលាំងកាំង ព្រោះក្រដាស់ខ្ចប់តែជាន់ខាងក្នុង ជាសន្លឹកសៀវភៅធម៌ ’’គិហិបតិបត្តិ ’’។ លាមួយ កញ្ចប់ទៀត គឺសន្លឹកសៀវភៅព្រះត្រៃបិដក…។ ឃើញខ្ញុំបើកភ្នែកធំៗ ក្មួយប្រុសម្នាក់បានឆ្លើយបំភ្លឺថា ៖ ’’ពូកុំទៅឆ្ងល់អី ខ្ញុំលាកញ្ចប់តែ ឃើញសៀវភៅអក្សរខ្មែររាល់តែលើក ជាច្រើនឆ្នាំជាប់ៗគ្នាមកហើយ ! យួនឃើញខ្មែរក្រ អត់លុយ គេជួយទិញក្រដាសពីស្រុកខ្មែរ ខ្មែរលក់ខ្ទេច លក់ខ្ទី ! ខ្មោចតាបានផ្តាំថា បើឃើញក្រដាសមានអក្សរខ្មែរ គាត់ហាមមិនឱ្យដើរជាន់ទេ ព្រោះខ្លាចបាប កនខ្ញុំសុទ្ធតែនាំគ្នារើស ប្រមូល ទុកជារហូត !…។’’

រឿងទាំងនេះសុទ្ធតែធ្ងន់ធ្ងរ ប៉ុន្តែចាត់ទុកជាអតីតកាលចុះ។ ប៉ុន្តែមានរឿងធ្ងន់ធ្ងរដែលកំពុងកើត ឡើង នាពេល នេះ ហើយបន្តទៅអនាគត ដែលអាចសម្លាប់ខ្មែរ តាមរបៀបផ្សេងទៀត។

នៅកម្ពុជាក្រោមសព្វថ្ងៃ អាជ្ញាធរយួនបានធ្វើការហាមប្រាមមិនឱ្យខ្មែរក្រោមប្រើខ្សែកាប ដែលអាចមើល ទូរទស្សន៍ឃើញពីកម្ពុជា។ មិនមានខ្មែរច្រើនគ្នាទេ ជាពិសេសខ្មែរ នៅប្រទេសកម្ពុជា ដែលអាចដឹង ឬក៏យកចិត្តទុកដាក់ចង់ដឹង អំពីបំណងរបស់យួនក្នុងរឿងនេះ។ ប៉ុន្តែបើតាមការពិចារណា របស់យើងផ្ទាល់ គឺក្រៅពីយួនមិនចង់ឱ្យខ្មែរក្រោមមានចំណងទាក់ទងកាន់តែជិតដិត ជាមួយខ្មែរ កណ្តាលជាសាច់សារលោហិត យួនចង់ក្តិចពន្លកត្រួយនៃការលូតលាស់ថ្មីៗ ដែលខ្មែរក្រោម កំពុងចម្លងយកវិញនូវវប្បធម៌សិល្បៈ និងទំនៀម ទម្លាប់នានា ដែលបាត់បង់ទៅ ពីបងប្អូនខ្មែរនៅកម្ពុជា ទៅសាបព្រោះលើទឹកដីកម្ពុជាក្រោមវិញ។ ពិតមែនតែនៅខេត្តព្រះត្រពាំងសព្វថ្ងៃ ក្រុមល្ខោនបាសាក់ ’’រស្មីប្រទីប’’ បានត្រូវយួនប្រមូលទៅឧបត្ថម្ភ ឱ្យរស់នៅម្តុំ ប៉ុន្តែនោះមិនមានន័យថា យួនជួយអភិរក្ស សិល្បៈខ្មែរទេ គឺគេគ្រាន់តែយកអ្នកសិល្បករទាំងនោះ ឱ្យនៅក្រោមការឃុំគ្រងមួយដ៏ប្រយ័ត្នប្រយែង ដើម្បីចាត់ចែងឱ្យសំដែងអ្វីៗ សម្រាប់តែបំរើផលប្រយោជន៍ របស់បក្សកុម្មុយនិស្តយួនតែប៉ុណ្ណោះ។ សព្វថ្ងៃនេះ ប្រសិនបើខ្មែរអ្នកស្នេហាសិល្បៈជាតិ និងមានគំនិតអភិរក្ស និយម ចំពោះទម្រង់សិល្បៈ បុរាណខ្មែរ ឬក៏គ្រាន់តែធ្វើចំណាប់អារម្មណ៍ ចំពោះកាយវិការក្បាច់នៃសិល្បករខ្មែរ នៅកម្ពុជាក្រោម ដែលផ្សាយតាមទូរទស្សន៍យួននោះ គេនឹងមានអារម្មណ៍ពីរបែប។ អារម្មណ៍ដំបូង គឺក្តីរីករាយ ដោយ ឃើញខ្មែរក្រោមខំរក្សាបាន នូវសិល្បៈជាតិរបស់ខ្លួន ក្នុងទឹកដីដែលត្រួតត្រាដោយបរទេស។ ប៉ុន្តែបើ បានពិនិត្យពិច្ច័យ ចំពោះក្បាច់រាំសំដែង នោះអារម្មណ៍ទីពីរនឹងធ្វើឱ្យគេនឹកសង្វេករន្ធត់ក្នុងចិត្ត ព្រោះ វាមិនមែនជាក្បាច់ដើមរបស់របាំបុរាណខ្មែរទេ តែគឺជាទម្រង់សិល្បៈមួយបែប ដែលមានលក្ខណៈក្លាយ ប្រឡាយកាត់បាត់លំនាំដើម គួរឱ្យសោកស្តាយយ៉ាងក្រៃលែង។

ទស្សនីយភាពនេះ នឹងធ្វើឱ្យយើងនឹកឃើញរឿងរ៉ាវ ដែលបានកើតឡើងនៅប្រទេសកម្ពុជា កាលពីសាមសិប ឆ្នាំមុន ពេលទ័ពវៀតណាមវាយលុកចូលប្រទេសកម្ពុជា។ អន្តរាគមន៍របស់អាជ្ញាធរ វៀតណាមនាពេលនោះ គឺក្នុងទសវត្សរ៍ទី៨០ បានសាកល្បងប្តូរទម្រង់សិល្បៈរបាំបុរាណខ្មែរ ទៅតាមអ្វីដែលគេចង់បាន។ ប៉ុន្តែដោយសារ ស្មារតីស្នេហាសិល្បៈរបស់ ព្រិទ្ធបុរស អ្នកជំនាញការ និងគ្រូៗរបាំ ខ្មែរ ដែលនៅសេសសល់ជីវិតពីវាលពិឃាដ បានបង្ហាញនូវសេចក្តីក្លាហានដ៏មោះមុត ក្នុងកិច្ចគាំពារមត៌ វប្បធម៌ដ៏មានតម្លៃរបស់ជាតិ ហ៊ានជំទាស់ប្រកប ដោយជោគជ័យ ជាមួយគំនិតមិនល្អបស់យួន កុំអី សិល្បករ-សិល្បការិនីនៃរបាំបុរាណខ្មែរ ត្រូវរាំ ដោយពាក់ ស្បែកជើងតាំងពីពេលនោះមក។

រឿងរ៉ាវដែលលើកមកទាំងអស់ខាងលើនេះ គឺគ្រាន់តែចង់បង្ហាញថា ទង្វើអ្វីៗរបស់យួនចំពោះ ខ្មែរយើង ដូចជាគ្មានកន្លែងណាបង្ហាញពីបំណងល្អសោះទេ។ ក្នុងផែនការវាតទឹកដី ដើម្បីពង្រាយប្រជា រាស្ត្រដ៏ច្រើន របស់ខ្លួន ដែលកំពុងរស់នៅលើទឹកដីដ៏តូចចង្អៀត យួនមានលទ្ធភាពអាចបង្កើតទិដ្ឋភាពផ្សេងៗ ដើម្បីបង្វិល ទស្សនៈប្រជារាស្រ្តខ្មែរ ដែលកំពុងរស់នៅលើដីទូលាយ ឱ្យចាប់អារម្មណ៍ និងឱ្យ តម្លៃទៅលើអ្វីផ្សេង ក្រៅពីកិច្ចការពារទឹកដីនិងអត្តសញ្ញាណជាតិរបស់ខ្លួន។ យើងធ្លាប់បានលើយក សេចក្តីសន្និដ្ឋានរបស់ លោកសាស្រ្តាចារ្យ ទិត ណារញ្ញគីរី យ៉ាងដូច្នេះ ’’ គឺចាប់តាំងពិថ្ងៃវៀតណាម វាយលុកចូលកាន់កាប់កម្ពុជា ដើម្បីរំលំរបបខ្មែរក្រហម រដ្ឋការក្រុងហាណូយបានព្យាយាមគ្រប់រូបភាព ដើម្បីអនុវត្តគោលនយោបាយ ដែលអង់គ្លេសហៅថា ethnicide ឬ ethnocide ដែលមានន័យថា ការសម្លាប់ជាតិសាសន៍មួយ ដោយរំលាយវប្បធម៌។’’ ទាក់ទងដល់រឿងនេះ ចំណាប់អារម្មណ៍ជាដំបូង នៃអារម្ភកថាក្នុងសៀវភៅឈ្មោះ ’’ដំណើរឆ្ពោះទៅទិសខាងលិច’’ ដែលសរសេរដោយលោក នួន ឃឿន ក្នុងឆ្នាំ១៩៧០មានខ្លឹមសារដូច្នេះ ’’ វិភាគទានដ៏វិសេសវិសាល ដែលជនជាតិខ្មែរម្នាក់ៗ អាចផ្តល់ចំពោះ ជាតិមាតុភូមិប្រទេសរបស់ខ្លួន ដើម្បី ឱ្យជាតិរបស់ខ្លួន នៅគង់វង្សជីវិត ក្នុងបណ្តាភូមិភាគមួយដែលប្រកប ដោយគ្រោះថ្នាក់នោះ គឺការស្គាល់ តម្លៃវប្បធម៌ អារ្យធម៌ និងជាពិសេស ប្រវត្តិសាស្រ្តជាតិខ្លួននេះឯង។’’

ដូច្នេះ នៅចំពោះមុខគ្រោះថ្នាក់ដ៏ធំធេងរបស់ជាតិនាពេលនេះ ដែលបរទេសមានបំណងលេបខ្មែរ ដោយគ្រប់ រូបភាព ជនជាតិខ្មែរគ្រប់រូប ត្រូវទទួលយកបេសកកម្មមួយប្រចាំជីវិត ដើម្បីជួយប្រទេស ជាតិឱ្យរួចផុត ពីមហន្តរាយ ខ្មែរត្រូវប្រុងស្មារតី ប្រកាន់ចិត្តឱ្យបានខ្ជាប់ខ្ជួន ក្នុង ’’សម្បជញ្ញៈជាតិ’’ ជានិច្ច ចំពោះគ្រប់កិច្ចការងារ ដែលខ្លួនកំពុងបំពេញជារៀងរាល់ថ្ងៃ។

ប្រសិនបើខ្មែរយើងមានសតិរព្ញកដឹងក្នុង’’សម្បជញ្ញៈជាតិ’’ គ្រប់ពេល គឺយើងបានឱ្យតម្លៃទៅលើ អ្វីដែលមាន តម្លៃពិតប្រាកដ សម្រាប់ប្រជាពលរដ្ឋម្នាក់ៗ និងសម្រាប់មោទនភាពជាតិរួមគ្នា ហើយ បរទេសប្រាកដជាមិនអាច បង្វិលស្មារតីយើងបានដោយងាយឡើយ៕ ដោយៈ សឺង សម្រេច/VOKK.