សន្ធឹកគោះខែលដោយប្រើដំបង និងសំឡេងបោកគ្រាប់បែកផ្សែងរបស់កម្លាំងសមត្ថកិច្ចចម្រុះ រដ្ឋាភិបាលកម្ពុជា បានបន្លឺឡើងបន្តបន្ទាប់គ្នា នៅគ្រាដែលលោក ម៉ម សូណង់ដូ នាយកវិទ្យុសំបុកឃ្មុំដឹកនាំបាតុកម្មទាមទារបង្កើតទូរទស្សន៍ និងដំឡើងការផ្សាយវិទ្យុឯករាជ្យ។

បទយកការណ៍៖ បេសកម្មរបស់អ្នកសារព័ត៌មានស្ថិតក្នុងភាពគំរាមកំហែងនារយៈពេលចុងក្រោយនេះ
នេះជាភស្តុតាងមួយ ក្នុងចំណោមការបង្ក្រាបច្រើនករណីទៀតទៅលើក្រុមបាតុករ ដែលលើដងផ្លូវតាំងពីក្រោយការបោះឆ្នោតជាតិអាណត្តិទនេះ។
រាល់ការបង្ក្រាបម្តងៗ មិនមែនរងរបួសតែក្រុមបាតុករនោះទេ។ តែជារើយៗអ្នកយកព័ត៌មានតែងតែរងរបួសខ្លះៗ និងខូចខាតសម្ភារនៅពេលពួកគេព្យាយាមផ្តិតយកសកម្មភាពនៃការប៉ះទង្គិច គ្នារវាងក្រុមបាតុករ និងសមត្ថកិច្ច។
អ្នកថតរូបឲ្យកាសែតភ្នំពេញប៉ុស្តិ៍ លោក គាំ ច័ន្ទរស្មី បានរៀបរាប់ថា ចាប់តាំងពីលោកត្រូវបានកម្លាំងសមត្ថកិច្ចរបស់រដ្ឋាភិបាលវាយនៅពេល ព្យាយាមថតរូប ខណៈមានការផ្ទុះហិង្សារវាងសមត្ថកិច្ច និងអ្នកបឹងកក់នៅរមណីដ្ឋានវត្តភ្នំកាលពីខែវិច្ឆិកាមក សកម្មភាពប្រើហិង្សាទៅលើអ្នកសារព័ត៌មាន កើនឡើង គួរឲ្យកត់សំគាល់ ហាក់បង្ហាញថា អាជ្ញាធរកំពុងកំណត់ អ្នកព័ត៌មាន ថាជាមុខសញ្ញាមួយ។ លោកថា លោកសោកស្តាយដែលកម្ពុជា មានក្រសួងព័ត៌មាន តែមិនបានអន្តរាគមន៍ឲ្យអ្នកសារព័ត៌មានមានសុវត្ថិភាព និងជំរុញឲ្យវិស័យនេះ មានភាពល្អប្រសើរជាងមុននោះទេ ហើយបែរជាបណ្តោយឲ្យអ្នកសារព័ត៌មានធ្វើការទាំងភាពភ័យខ្លាចទៅវិញ។
«យើងមានចម្ងល់ថា ក្រសួងព័ត៌មានបង្កើតឡើងក្នុងការគ្រប់គ្រង អ្នកសារព័ត៌មានក្នុងរូបភាពបែបណា ដើម្បីការពារទៅលើស្ថាប័ន រដ្ឋាភិបាល ឬក៏គាត់បង្កើតស្ថាប័នសារព័ត៌មានហ្នឹងដើម្បីធ្វើឲ្យស្ថានភាព ការយកព័ត៌មាននៅក្នុងប្រទេស កាន់តែមានភាពប្រសើរជាងមុន អព្យាក្រឹតជាងមុន ហើយដែលធ្វើឲ្យមានប្រយោជន៍ដល់ប្រទេសជាតិទាំងមូល»។
ក្រុមមន្ត្រីសិទ្ធិមនុស្ស បញ្ជាក់ថា កាលពីការបង្ក្រាបនៅលើទីលានប្រជាធិបតេយ្យកន្លងមក អ្នកសារព័ត៌មានមួយចំនួន ត្រូវបានក្រុមសន្តិសុខ ខណ្ឌដូនពេញ ដេញវាយ ចាប់យកកាម៉េរ៉ា រុញឲ្យដួល និងបណ្តេញមិនឲ្យថតរូបជាដើម។
អ្នកសារព័ត៌មានព្រៃនគរលោក សឺន ចែងចើន មានប្រសាសន៍ថា ម៉ាស៊ីនថត (canon 600D) តម្លៃ១១៥០ដុល្លារ ដែលកងកម្លាំងសន្តិសុខដណ្តើមយក ដោយប្រើដំបងឆក់ លើរូបគាត់ នៅលើទីលានប្រជាធិតេយ្យ កាលពីថ្ងៃទី៤ ខែមករា តែមិនមានអាជ្ញាធរណាស្វែងរកឲ្យគាត់វិញនៅឡើយទេ។ លោកយល់ថា សេរីភាពអ្នកសារព័ត៌មានត្រូវបានរឹតត្បិតយ៉ាងធ្ងន់ធ្ងរបំផុត។
«ស្ថានភាពបច្ចុប្បន្ន សេរីភាពនៃការបញ្ចេញមតិ ឬក៏សេរីភាពនៃក្រុមអ្នកកាសែតត្រូវបានរំលោភយ៉ាងធ្ងន់ធ្ងរ។ សកម្មភាពទាំងអស់ហ្នឹង ភាគច្រើនពួកគេរុញច្រាននៅពេល ដែលយើងចេះតែចូលផ្តិតយករូបភាព គេបានរុញច្រាន់យើងឲ្យដួល រឺក៏គេយកដំបងជន្លយើង ឬក៏បើយើងមិនចេញទៅឆ្ងាយទេ គេនឹងវ៉ៃយើងតែម្តង នេះចុងក្រោយដែលខ្ញុំសង្កេតឃើញនោះ ភាគច្រើនគឺប្រើដំបងរុញច្រាន»។

ករណីនេះស្រដៀងគ្នានេះក៏កើតមានបន្តបន្ទាប់ទៀត ទាំងនៅមុខក្រសួងព័ត៌មាន កាលពីថ្ងៃចន្ទ ខណៈសមត្ថិច្ច វាយបំបែកក្រុមបាតុកររបស់លោក ម៉ម សូណង់ដូ។
អ្នកថតរូបរបស់ ទីភ្នាក់ងារព័ត៌មាន បារាំង (AFP) លោក តាំង ឈិនសុធី ត្រូវបានសមត្ថកិច្ច វាយឲ្យរបួសក្បាល ខណៈដែលគាត់ព្យាយាមថតយកព្រឹត្តិការណ៍ សមត្ថកិច្ចកម្ពុជា ចុះបង្ក្រាបបាតុកម្ម របស់លោក ម៉ម សូណង់ដូ កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ។

នាយកវិទ្យាស្ថានកម្ពុជាសម្រាប់ផ្នែកសារព័ត៌មាន លោក មឿន ឈានណារិទ្ធិ មានប្រសាសន៍ថា នេះគឺជាការរំលោភយ៉ាងធ្ងន់ធ្ងរបំផុតទៅលើសេរីភាពអ្នកសារព័ត៌ និងសេរីភាពបញ្ចេញមតិ។ លោកថា ការបាត់បង់សេរីភាពទាំងពីរនេះ គឺជាបណ្តាសារមួយសម្រាប់កម្ពុជា ដែលធ្វើឲ្យកម្ពុជាខាតបង់ធ្ងន់ធ្ងរបំផុត និងដើរទៅរកសម័យដែលមិនទាន់មានច្បាប់សារព័ត៌មាន។
«វាហាក់ដូចជាបណ្តាសាមួយនៅលើប្រទេសកម្ពុជាអញ្ចឹង ព្រោះយើងដឹងថា សង្គ្រាមជាង២ទស្សវត្សនៅក្នុងប្រទេសកម្ពុជា អាចថាមួយផ្នែកដោយសារតែប្រជាពលរដ្ឋកម្ពុជាយើង មិនមានសេរីភាព មិនមានសិទ្ធិក្នុងការបញ្ចេញមតិ ពុំមានសិទ្ធិក្នុងការធ្វើបាតុកម្ម ទាមទារដោយអហិង្សា»។
កម្ពុជាមានច្បាប់ស្តីពីរបបសារព័ត៌មាន តាំងពីឆ្នាំ១៩៩៥ តែអ្នកជំនាញ យល់ថា ច្បាប់នេះហាក់មិនបានការពារអ្នកសារព័ត៌មានពេញលេញនោះទេ។ ដោយឡែកច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មាននៅកម្ពុជា ក្រសួងព័ត៌មាន ធ្លាប់អះអាងថា ត្រូវការរយៈពេល៣ឆ្នាំទៀតទើបអាចបង្កើតច្បាប់នេះបាន។
មន្ត្រីកម្មវិធីសិទ្ធិការងាររបស់មជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់ សហគមន៍ លោក មឿន តុលា ដែលឃ្លាំមើលព្រឹត្តិការណ៍ហិង្សាកន្លងមក បានឲ្យដឹងថា ក្រៅពីការដណ្តើមយកម៉ាស៊ីនថត ក៏មានអ្នកសារព័ត៌មាន មន្ត្រីសង្គមស៊ីវិល និង អ្នកសង្គ្រោះបឋមទាំងជាតិ និងអន្តរជាតិ ត្រូវបានកងកម្លាំងប្រដាប់អាវុធវាយបណ្តេញចេញពីកន្លែងកើតហេតុ និងហាមមិនឲ្យថតរូប ។
រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ បានផ្តល់បទសម្ភាសឲ្យទូរទស្សន៍ជាតិកម្ពុជា នៅថ្ងៃអង្គារនេះថា រដ្ឋាភិបាលមិនបានរឹតត្បិតសេរីភាពបញញចេញមតិនៅកម្ពុជានោះទេ។ លោកថា នៅប្រទេស វៀតណាម គេបានបិទគេហទំព័ររាប់ម៉ឺន នៅតាមប្រព័ន្ធអ៊ីនធើណេត តែកម្ពុជាមិនធ្វើបែបនេះទេ។
«ហើយយើងមានវិទ្យុជាច្រើនទៀត ដែលនៅក្នុងប្រទេសកម្ពុជានេះ ដែលមាននិន្នាការកំពុងតែរិះគន់ និងការប្រឆាំងរដ្ឋាភិបាលនោះ។ ប៉ុន្តែយើងទទួលយកទាំងអស់ ក្រៅពីនេះមានកាសែតទៅទៀត ដូច្នេះកាលដែលយើងនិយាយថា ទូរទស្សន៍មួយវាជាតំណាងនៃសិទ្ធិបញ្ចេញមតិ វាជាការខុសឆ្គងណាស់។ យើងមើលឃើញថាទិដ្ឋភាពទាំងអស់ ដែលអ្នកទាំងអស់គ្នាបានធ្វើរាល់ថ្ងៃនេះ គឺជាការបង្ហាញនូវការទទួលស្គាល់ នៃសិទ្ធិបញ្ចេញមតិ។ ប៉ុន្តែយើងត្រូវបានដឹងហើយថា សិទ្ធិនៃការបញ្ចេញមតិ ត្រូវគោរពលើភាពថ្លៃថ្នូររបស់បុគ្គលផងដែរ ហើយទន្ទឹមនោះ ក៏ត្រូវគោរពលើច្បាប់ផងដែរ»។
នៅគ្រាដែលស្ថានការណ៍ប្រឈមនឹងគ្រោះថ្នាក់បែបនេះ អ្នកយកព័ត៌មាន និងអ្នកថតរូបមួយចំនួន បានបំពាក់ប្រដាប់ការពារសុវត្ថិភាព ដូចជាអាវ និងមួកជាដើម នៅពេលពួកគេចូលថតសកម្មភាពប៉ះទង្គិចដោយហិង្សា រវាងបាតុករ និងកងកម្លាំងមានសមត្ថកិច្ចទាំងប្រថុយប្រថាន។
អ្នកសារព័ត៌មានព្រៃនគរលោក សឺន ចែងចើន ទទូចឲ្យក្រសួងព័ត៌មាន និងស្ថាប័នពាក់ព័ន្ធជួយអន្តរាគមន៍ ដើម្បីបញ្ឈប់ការគំរាមកំហែង លើអ្នកសារព័ត៌មានតទៅទៀត ។
«… ស្នើឲ្យរដ្ឋាភិបាល ឲ្យចាត់វិធានការទៅលើកងកម្លាំងដែលមានសមត្ថកិច្ចមកបង្ក្រាប ធ្វើយ៉ាងណាឲ្យពួកគាត់យោគយល់ ក្រុមអ្នកកាសែតដែលចុះទៅយកព័ត៌មាន ក្នុងព្រឹត្តិការណ៍អ្វីមួយផង កុំឲ្យឃើញអ្នកកាសែត ដូចជាសត្រូវរបស់ពួកគាត់»៕
ដោយ៖ ថុល ស្រីលក្ខណ៍ និងអ៊ឹង ប៊ុនថន | ថ្ងៃអង្គារ ទី 28 ខែមករា ឆ្នាំ 2014 | សូមសរសេរមកកាន់ អ្នកនាង ថុល ស្រីលក្ខណ៍ តាមរយៈ sreyleak@vodhotnews.com