ដោយ ភិក្ខុ សល្លេខវិរិយោ
ខែត្រព្រះត្រពាំង (កម្ពុជាក្រោម) មានព្រះសង្ឃជាច្រើនរូបដែលស្រឡាញ់វប្បធម៌ប្រពៃណីខ្មែរ អក្សរសាស្ត្រខ្មែរ ។ សមាគមព្រះសង្ឃខ្មែរ ជាពិសេស សាលាគណខែត្រ ដែលជាមជ្ឈមណ្ឌល និងជាការិយាល័យសង្ឃមួយរបស់ខែត្រ ដែលធ្វើការបំរើអក្សរសាស្ត្រ វប្បធម៌ ប្រពៃណី និងព្រះសង្ឃខ្មែរ ។ សមាគមនេះ បានបើកឱកាសឲ្យកូនខ្មែរ បានសិក្សារៀនសូត្រ ស្គាល់នូវតម្លៃអក្សរសាស្ត្រខ្មែរជាច្រើនឆ្នាំមក, មានបើកថ្នាក់រៀនតាំងពី ថ្នាក់មធ្យមសិក្សាបឋមភូមិ (ថ្នាក់បាលី ទី ១ ដល់ ទី ៤ បាលីរង) និងថ្នាក់មធ្យមសិក្សាទុតិយភូមិ (គរុកោសល្យ ទី១, ទី២, ទី៣) ដែលសិក្សាក្បួនអក្សរសាស្ត្រខ្មែរនិងទ្រឹស្តីព្រះពុទ្ធសាសនា។ ថ្នាក់រៀនទាំងនេះ បានបើកនៅតាមនានាវត្តទូទាំងខែត្រ ហើយមានសមណសិស្សពីខែត្រផ្សេងៗមករៀនផង ដូចជា ខេត្តឃ្លាំង, ពលលាវ, មាត់ជ្រូក, ឡុងហោង និងខែត្រព្រែកឫស្សី។ សាលាគណខែត្រដែលស្ថិតនៅក្នុងវត្តពោធិសាលរាជ ឬវត្តកំពង់ ជាការិយាល័យនៃគណកម្មការសង្ឃ។ បច្ចុប្បន្ន កន្លែងនេះមានសមណកុដិមួយដែលអាចឲ្យព្រះសង្ឃស្នាក់អាស្រ័យនិងរៀនសូត្របាន គឺជាគោលដៅមួយដើម្បីឲ្យព្រះសង្ឃមានកន្លែងដើម្បីស្នាក់នៅ និងរៀនសូត្រអក្សរសាស្ត្រខ្មែរ ។

ដំណឹងថ្មីពីក្នុងប្រទេស បានឮឡើងថា ក្នុងឆ្នាំ២០១៤នេះ ខែត្រព្រះត្រពាំង (ខែត្រត្រាវិញ) ត្រូវបានរដ្ឋាភិបាលវៀតណាមអនុញ្ញាតឲ្យបើកថ្នាក់ មធ្យមសិក្សាពុទ្ធសាសន៍ (Trung Cap Phat Hoc)។ នេះជាចំណុចមួយគួរឲ្យកត់សម្គាល់ ដែលជាហេតុធ្វើឲ្យបាត់បង់នូវអ្វីដែលជាសារៈសំខាន់មួយចំនួនរបស់ខ្មែរនាពេលអនាគត ដែលខ្មែរមើលមិនឃើញ ។ តាមដែលដឹងមក គណៈសង្ឃខែត្របានស្នើរសុំបើកសាលានេះទាំងដែលមិនពិចារណាដល់លទ្ធផលនាអនាគត។
ព្រះសង្ឃនិងប្រជាជនខ្មែរខែត្រព្រះត្រពាំង ជាជាតិមួយដែលរដ្ឋាភិបាលនិងជនជាតិវៀតណាមទាំងអស់កំពុងរើសអើង និងសម្លឹងមើលក្នុងក្រសែភ្នែកស្អប់ខ្ពើម។ ជាច្រើនទស្សវត្សរ៍មកហើយ ប្រជាជននិងព្រះសង្ឃខ្មែរនៅតែមានសាមគ្គីភាព និងរក្សាទំនៀមទម្លាប់ដូនតាបានខ្ជាប់ខ្ជួន ។ ទំនៀមប្រតិបត្តិផ្សេងៗខាងពុទ្ធសាសនានៅតាមភូមិស្រុក ក៏នៅតែប្រព្រឹត្តទៅតាមប្រក្រតី, ការសិក្សារៀនសូត្ររបស់ព្រះសង្ឃក៏នៅតែមានតាមវត្តនានា ទាំងថ្នាក់បាលីទី ១ រហូតដល់គរុកោសល្យទី ៣ ។ ជាពិសេសទៀត នៅតាមបណ្តារស្រុក ក៏មានការបើកប្រឡងរួមគ្នានូវថ្នាក់ បាលីទី១ ទី២ និងទី៣ ចំណែកថ្នាក់ បាលីរង និងគរុកោសល្យទី ៣ ដែលនឹងប្រឡងយកសញ្ញាបត្រ ក៏បានគណៈកម្មការសង្ឃខែត្របើកប្រឡងរួមគ្នាទូទាំងខែត្រជាប្រចាំរាល់ឆ្នាំដែរ។ នេះជាព្រឹត្តិការណ៍ដែលគួរឲ្យកត់សម្គាល់ថា ព្រះសង្ឃនៅតែមានការសាមគ្គីគ្នា និងមានការជួបជុំគ្នា នៅពេលប្រឡងរួមម្តងៗ ដែលធ្វើឲ្យរដ្ឋាភិបាលវៀតណាមមានការក្រែងរអែង និងមិនទុកចិត្តមកលើព្រះសង្ឃ។ បច្ចុប្បន្ន ការដែលបានរដ្ឋាភិបាលអនុញ្ញាតឲ្យបើកថ្នាក់មធ្យមពុទ្ធសាសន៍ (Trung Cap Phat Hoc) ក្នុងខែត្រ ដោយយកត្រឹមអ្នកដែលបញ្ចប់ថ្នាក់បាលីរង និងវៀតណាមថ្នាក់ទី ៩ ចូលរៀន ។ ហើយព្រះសង្ឃអង្គណាក៏ចង់បានរៀនសាលានេះដែរទាំងដែលមិនដឹងថាវាជាយ៉ាងណានោះ ព្រោះមានឈ្មោះថាសាលារដ្ឋ សាលាដែលជាជាន់ខ្ពស់ជាងគរុកោសល្យ។ នេះក៏ជាករណីមួយ ដើម្បីវាយបំបាក់ភាពសាមគ្គីនិងបំបែកការជួបជុំគ្នានាពេលប្រឡងបាន ដោយហេតុថា ក្នុងកាលអនាគត អាចនឹងលែងមានថ្នាក់គរុកោសល្យទៀត ព្រោះឥឡូវតិចមានព្រះសង្ឃដែលមានកម្រឹតសិក្សាភាសាវៀតណាមទាបជាងទី៩ណាស់។ កាលណាបើមិនមានព្រះសង្ឃដែលមានចំណេះខាងភាសាវៀតណាមក្រោមពីទី៩ហើយ ក៏នឹងបន្ថយសាលាថ្នាក់គរុកោសល្យចុះបន្តិចម្តងៗ, បើមិនមានថ្នាក់គរុកោសល្យ ការប្រឡងរួមក៏អាចនិងបិទចោលបាន, កាលណាមិនមានការប្រឡងរួមទេ ព្រះសង្ឃក៏ដូចជាមិនមានការជួបជុំគ្នាទូទាំងខែត្រ ហើយជាហេតុមួយឲ្យគិតថា យើងមិនចុះសម្រុងគ្នា មិនសាមគ្គីគ្នា។ ការរៀនក៏នឹងកាត់បន្ថយរហូតបំបាត់ចោលដោយស្វ័យប្រវត្តិ, សាលារៀន បើបំបិទហើយ នឹងសុំអនុញ្ញាតបើកឡើងវិញក៏លំបាកណាស់ ដោយអាងថាយើងបិទខ្លួនឯង ។ ហេតុនេះ ពេលអនាគតក៏មិនអាចបន្ទោសបានថា រដ្ឋបំបិទសាលាយើងដែរ អ្វីវាស្របតាមច្បាប់ទាំងអស់ គឺមកពីយើងមិនបានគិតដល់លទ្ធផលខាងមុខ។ គណៈកម្មការសង្ឃធ្វើការគឺចង់តែលើកតម្កើងនិងជម្រុញ អក្សរវប្បធម៌ខ្មែរឲ្យជម្រឿនទៅមុខក៏ពិតមែន, ការដែកមានសាលាដើម្បីឲ្យព្រះសង្ឃរៀនក៏ល្អមែន ប៉ុន្តែគួរណាស់តែបើសាលាដែលអាចបន្ថែមចំណេះខ្ពស់ឡើងទៀត មិនមែនត្រឹមដដែលនោះទេ។ បើធ្វើដូច្នេះ គឺជាការលុបបំបាត់ចោលនូវទម្រង់ចំណេះដឹងនិងអក្សរសាស្ត្ររបស់ខ្លួនវិញតែប៉ុណ្ណោះ។ យើងមានមេរៀនមួយដ៏ច្បាស់នឹងភ្នែកហើយ នៅខែត្រឃ្លាំង។
សូមក្រឡេកមើលប្រវត្តិសាស្ត្រនៃការបាត់បង់ នៅខែត្រឃ្លាំង ។ តាំងពីបានរដ្ឋាភិបាលអនុញ្ញាតបើកសាលាបាលីជាន់ខ្ពស់នោះមក ការផ្លាស់ប្តូរទម្រង់ជាច្រើនត្រូវបានគេសម្គាល់ថាប្រព្រឹត្តទៅដើម្បីលុបបំបាត់ទម្រង់អក្សរសាស្ត្រនិងវប្បធម៌ក្នុងខែត្រ។ អំពីទម្រង់នៃការសិក្សារ ទូទាំងខែត្របានបញ្ឈប់ថ្នាក់គរុកោសល្យផ្នែកធម្មបរិយត្តិ ដែលពីមុនធ្លាប់មានតាំងពីថ្នាក់ ត្រី ទោ ឯក និងថ្នាក់គរុកោសល្យ បច្ចុប្បន្ននៅមានតែត្រឹម ត្រី ទោ ឯក ប៉ុណ្ណោះ។ ដោយយោងទៅតាមចំនួនសិស្សនិងល័ក្ខណ៍ខ័ណ្ឌនៃសាលាបាលីជាន់ខ្ពស់នោះ សិស្សនិស្សិតខ្មែរដែលរៀនចប់ថ្នាក់ឯកខាងធម្មបរិយត្តិ និងបានចប់ថ្នាក់ទី៦វៀតណាម អាចចូលរៀននៅសាលានេះបាន ហើយសាលានឹងបើកឲ្យរៀនទាំងភាសាខ្មែរ និងវៀតណាមដើរទន្ទឹមគ្នា (ចំណុចសំខាន់គឺរដ្ឋជាអ្នកចាត់ចែងដំណើររឿងទាំងអស់ ទាំងក្នុងការរកគ្រូបង្រៀន និងរបៀបវារៈក្នុងសាលា)។ កាលណាបើបានឱកាសដូច្នេះ ព្រះសង្ឃតែងតែមានបំណង់ចង់រៀនសាលានេះដោយគោលគំនិតមួយថា រៀនបានខ្ពស់ជាងថ្នាក់គរុកោសល្យ និងអាចរកការងារបានធ្វើយ៉ាងងាយដែរ ព្រោះរៀនចប់ថ្នាក់បាលីជាន់ខ្ពស់នោះ នឹងបានចប់ថ្នាក់ទី១២វៀតណាមទន្ទឹមគ្នាដែរ វាជាជម្រើសមួយដើម្បីនឹងឈានទៅរៀនថ្នាក់បាលីជាន់ខ្ពស់ដោយលះបង់ថ្នាក់គរុកោសល្យ។ មានអ្នកណាដឹងអំពីទិន្នន័យសំខាន់ដែលលាក់បង្កប់នៅខាងក្រោយនេះទេ? តាមពិត ថ្នាក់បាលីជាន់ខ្ពស់នៅខែត្រឃ្លាំង ត្រូវបានចាប់បង្ខំឲ្យមានការបង្រៀនភាសាវៀតណាមច្រើនជាងភាសាខ្មែរ ហើយវិញ្ញាសាដែលយកមកបង្រៀន ខាងភាសាខ្មែរមានតែ ២វិញ្ញាសាប៉ុណ្ណោះ គឺ ប្រែមង្គលត្ថទីបនី និងសម្ព័ន្ធបាលី ចំណែកខាងភាសាវៀតណាមដែលមានវិញ្ញាសារៀនច្រើនជាងខ្មែរ គ្រូបង្រៀនក៏គេជាអ្នករកមក មានតែគ្រូដែលខ្វះសមត្ថភាពក្នុងការបង្រៀន និងអន់ខ្សោយខាងចំណេះដឹង។ ម្យ៉ាងទៀត ដូចដែលយើងដឹងស្រាប់ថា ខែត្រឃ្លាំងមានសាលាធម្មបរិយត្តិ ត្រី ទោ ឯក មិនមែនសាលាបាលីទេ តែបែរជាមានសាលាបាលីជាន់ខ្ពស់ ហើយបង្រៀនមង្គលត្ថទីបនី, បើមិនដែលរៀនបាលី មិនដែលដឹងក្បួនវេយ្យាករណ៍បាលី តើអាចទៅរៀនប្រែនិងសម្ពន័ន្ធភាសាបាលីបានកម្រឹតណាដែរ? ដូច្នេះ សមណនិស្សិតដែលចប់ពីថ្នាក់បាលីជាន់ខ្ពស់មក បើប្រៀបធៀបទៅ គឺគ្មានចំណេះអ្វីបានខ្ពស់ជាថ្នាក់គរុកោសល្យឡើយ។ ព្រោះថ្នាក់គរុកោសល្យ ជាថ្នាក់ដែលមានតែជនជាតិខ្មែរបង្រៀន អ្នកដែលមានសមត្ថភាព មានចំណេះដឹងមកបង្រៀន ចំណែកសាលាបាលីជាន់ខ្ពស់ មានតែគ្រូភាសាវៀតណាមដែលអន់ខ្សោយ។ យើងកត់សម្គាល់បានដោយមានព្រះសង្ឃជាច្រើនទៅរៀន ហើយក្នុងនោះមិនមានជាជាតិវៀតណាមណាម្នាក់រៀនជាមួយឡើយ ព្រោះគេដឹងនូវកម្រឹតចំណេះវិជ្ជាទីនេះថាវាទាបណាស់ ហើយទោះបើបានចប់ចែញពីសាលានេះ ក៏មិនអាប្រៀបធៀបទៅនឹងថ្នាក់ទី១២វៀតណាមបានដែរ, នៅតែមិនអាចរកការងារធ្វើបានដដែល។ បច្ចុប្បន្ននៅខែត្រឃ្លាំងនេះ ថ្នាក់គរុកោសល្យក៏ត្រូវបញ្ឈប់ ការធ្វើសង្ឃកម្មកឋិនទានក៏ត្រូវបង្ខំឲ្យធ្វើតែមួយថ្ងៃព្រមគ្នា ទំនៀមប្រតិបត្តិពុទ្ធសាសនិកក៏មានការផ្លាស់ប្តូរ។ សូម្បីការប្រឡងចម្រៀងខ្មែរ បែរជាយកជនជាតិយួនមកធ្វើជាគណៈកម្មការ, សួរថា យួនវាដឹងទំនុក រលកសម្លេង អត្ថន័យ និងលក្ខណៈសិល្បៈរបស់ខ្មែរពិតដែរទេ, ឬគ្រាន់តែមកដើម្បីជ្រៀតជ្រែកក្នុងវប្បធម៌ខ្មែរ? ទាំងនេះជាលទ្ធផល។ ខែត្រព្រះត្រពាំងក៏នឹងស្ថិតនៅក្នុងករណីដូចគ្នានេះដែរ នាពេលខាងមុខ ។
មួយទៀត មេរៀនថ្មីនៅខែត្រព្រែកឫស្សី ដែលបានបើកសាលា វិជ្ជាស្ថានពុទ្ធសាសនា កន្លងមក។ ភាគច្រើនព្រះសង្ឃ ទាំងមន្ត្រីសង្ឃ ទាំងសមណសិស្ស ដែលកំពុងសិក្សា តែងតែចូលចិត្តមានបំណងចង់ទៅរៀននៅសាលានេះជាខ្លាំងណាស់ ពីព្រោះវាហាក់ដូចជាថ្មីនិងមានកិត្តិយសសម្រាប់អ្នករៀន, មួយចំណែកទៀត គឺចង់បំពេញបន្ថែមចំណេះដឹង ដោយគិតក្នុងចិត្តរាល់គ្នាថា ប្រហែលជាវានឹងផ្តល់ផលប្រយោជន៍ងាយស្រួលក្នុងការស្វែងរកការងារធ្វើពេលចប់ហើយ ។ រដ្ឋនិងមន្ត្រីសង្ឃជាច្រើនបានលើកឡើងថា ការបើកសាលានេះ ការជម្រុញឲ្យព្រះសង្ឃខ្មែរបានឱកាសសិក្សាបន្តដើម្បីពង្រីកសមត្ថភាពចំណេះដឹងខាងព្រះពុទ្ធសាសនា។ ពិតមែនឬ? ដែលថាឲ្យព្រះសង្ឃខ្មែរសិក្សា វាហាក់ដូចជាបង្កប់ទុកនូវគោលគំនិតនៃការគៃបន្លំសតិបញ្ញាព្រះសង្ឃខ្មែរមិនឲ្យឈានទៅរកផលប្រយោជន៍ពិតបាន។ យើងមើលឃើញចំណុចជាច្រើនដែលជាលក្ខណៈបោកប្រាស់៖ ភាសា, ឱកាសការងារ, ចំណេះដឹង, គុណភាពសិក្សា។ ខ្ញុំមិនបាកនិយាយបន្ថោកឲ្យស្ថាប័ណមួយនេះទេ តែសូមលើកនូវចំណុចខ្វះខាតដែលត្រូវគេមើលកន្លង។ អំពីគុណភាពសិក្សា និងចំណេះដឹង មើលទៅវាពិតជាបានគ្រាន់ប្រសើរជាងថ្នាក់គរុកោសល្យពិតមែន ប៉ុន្តែនៅមិនគ្រប់គ្រាន់សម្រាប់និស្សិតរៀននៅកម្រឹត ឧត្តមសិក្សាទេ, វានៅមានការរៀបចំប្រព័ន្ធបណ្តុះបណ្តាលមួយដែលស្ថិតក្នុងក្របខ័ណ្ឌរដ្ឋទៀត។ ឥឡូវយើងមកគិតអំពីភាសាដែលយកមកបង្រៀននិងរៀនក្នុងសាលានេះ។ មុននឹងបើកសាលាក ក៏បានប្រកាសជាមុន និងបានដាក់លិខិតសុំអនុញ្ញាតទៅរដ្ឋាភិបាលដែរថា សុំបើកសាលាខ្មែរឲ្យព្រះសង្ឃខ្មែររៀន, តែលទ្ធផលបានមកគឺ សាលាខ្មែរ ព្រះសង្ឃខ្មែរ រៀនភាសាវៀតណាម។ នៅក្នុងមុខវិញ្ញាសាទាំងអស់ មានភាសាវៀតណាម៥០% គ្រូបង្រៀនជាជនជាតិវៀតណាម ច្រើនជាងគ្រូខ្មែរ។ ប្រព័ន្ធសិក្សា និងវិញ្ញាសាទាំងអស់ រដ្ឋាភិបាលជាអ្នកកំណត់ឲ្យ, មើលទៅមិនមានអ្វីជារបស់ខ្មែរផង។ សញ្ញាបត្រដែលចប់ពីសាលានេះមក នៅតែស្ថិតក្នុងភាពអវិជ្ជមាន, មិនអាចយកទៅប្រៀបផ្ទឹមជាមួយនឹងសញ្ញាបត្រថ្នាក់ទី១២វៀតណាមបាន ក៏មិនអាចយកទៅប្រើប្រាស់ជាផ្លូវការបាន សូម្បីតែយកទៅដាក់ពាក្យរៀនបន្តថ្នាក់មហាវិទ្យាល័យណាមួយក្នុងប្រទេស ក៏មិនបាន, ពីព្រោះរដ្ឋាភិបាលអនុញ្ញាតឲ្យបើកសាលាមែន តែមិនបានទទួលស្គាល់សញ្ញាបត្រដែលចេញពីហ្នឹងទេ។ ដូច្នេះ ឱកាសនៃការងារដែលសង្ឃឹមពីមុនថា រៀនចប់សាលានេះអាចរកបានងាយនោះ ដូចជាស្រមើស្រមៃទៅចាប់ផ្កាយលើមេឃ។ ដែលឈ្មោះថា វិជ្ជាស្ថាន គឺត្រូវមានចំណេះដឹងនិងគុណភាពសញ្ញាបត្រជាផ្លូវការខ្ពស់ជាថ្នាក់ទី១២ទូទៅ, តែអ្វីដែលទទួលបានគឺវាផ្ទុយស្រឡះ សូម្បីតែការទទួលស្គាល់ក៏គ្មានដែរ។ រាល់ចំណុចទាំងអស់ សមណនិស្សិតដែលសិក្សានៅវិជ្ជាស្ថាននេះ គ្រាន់តែអូសបន្លាយពេលវេលារបស់ខ្លួនឲ្យបាននៅបួសយូរ និងមានឈ្មោះថាជានិស្សិតដែលបានចប់ពីវិជ្ជាស្ថានមកប៉ុណ្ណោះ។
បានសាលាបាលីជាន់ខ្ពស់នៅខែត្រឃ្លាំង១ សាលាវិជ្ជាស្ថានពុទ្ធសាសនាខែត្រព្រែកឫស្សី១ តែ២នេះ មើលទៅហាក់ដូចជាយួន ឈ្មោះថាជាអ្នកមានគុណបំណាច់ក្នុងការទ្រទ្រង់អក្សរសាស្ត្រខ្មែរនៅក្នុងសង្គមខ្មែរក្រោម និងលើឆាកអន្តរាជាតិ តែតាមការពិតគឺគ្រាន់តែបំភាន់បំបាត់នូវឫសគល់អក្សរសាស្ត្រពីខ្មែរ ដែលខ្មែរមើលមិនឃើញកលល្បិចនេះ។
គោលវប្បធម៌ ប្រពៃណី ដូចជាបុណ្យអុំទូកសំពះព្រះខែ បច្ចុប្បន្នត្រូវយួនជ្រៀតជ្រែកគៃបន្លំ។ ស្រះគូ ជាកេរដំណែលដូនតារបស់ខ្មែរបានកសាងទុកមកតាំងពីយូរ យួនក៏ដឹងថាជារបស់ខ្មែរ តែវាបានមកគ្រប់គ្រងនិងចាត់ចេងគ្រប់បែបយ៉ាងតាមអំពើចិត្តដោយមិនបានប្រឹក្សា ឬសុំយោបល់ពីព្រះសង្ឃ ឬប្រជាជនខ្មែរ សូម្បីតែពាក្យប្រកាសប្រាប់មួយម៉ាត់ក៏គ្មាន។ រាល់សាលារៀនបឋមសិក្សាភាសាវៀតណាមនៅតំបន់ខ្មែរ តាំងនៅលើដីវត្តដោយសេរី, ចំណែកសាលារៀនភាសាខ្មែរ មានឱកាសបើកតែក្នុងវត្តខ្លះៗប៉ុណ្ណោះ។ អ្វីៗគ្រប់យ៉ាងដែលយើងមើលឃើញនាបច្ចុប្បន្ន គឺការរុករានដោយសន្តិវិធីដែលធ្វើឲ្យខ្មែរយើងភ្លេចខ្លួន នេះសមដូចសុភាសិតខ្មែរថា “ក្តៅស៊ីរាក់ ត្រជាក់ស៊ីជ្រៅ”។ ហើយប្រសិនបើ ខ្មែរយើងទាំងអស់ ជាពិសេសគណៈមន្ត្រីសង្ឃ អ្នកសិក្សា នៅតែមិនភ្ញាក់ខ្លួន នៅតែងងឹតទៀត នោះអនាគតនៃអក្សរសាស្ត្រ ប្រពៃណី វប្បធម៌ ដែលជាឫសគល់របស់ខ្មែរ ក៏នឹងរលាយសាបសូន្យគ្មានសល់ទេ។
ជាចុងក្រោយ ក្នុងនាមខ្ញុំព្រះករុណាជាកុលបុត្តខ្មែរមួយរូប សូមការអនុញ្ញាត ដើម្បីរិះគន់នូវគណៈ កម្មការសង្ឃ ដោយឆ្ពោះសាលាគណខែត្រ ដែលធ្វើការក្នុងឆន្ទៈឯកជនជាលក្ខណៈអត្តាធិបតី មិនស្របតាមធម្មាធិបតី, មិនស្តាប់យោបល់នៃសមាជិក ឬអ្នកមានឧត្តមគតិ, មានកិច្ចការជាច្រើនបានកន្លងល្មើសលើឆន្ទៈព្រះសង្ឃនិងពុទ្ធសាសនិកខ្មែរ។ ហើយកិច្ចការអ្វីខ្លះនោះ សូមគណៈសង្ឃពិចារណាមើលដោយខ្លួនឯងចុះ ។
អ្វីៗទាំងអស់ដែលបានពោលមកគ្រាន់តែជាបទពិចារណាផ្ទាល់ខ្លួនមួយ ដែលចង់ឲ្យកុលបុត្រខ្មែរ ព្រះសង្ឃខ្មែរមើលឃើញនូវអ្វីដែលនឹងកើតមាននាពេលអនាគតខាងមុខ។ ខ្ញុំព្រះករុណាក៏សូមអភ័យទោសផងដែរនូវរាល់កំហុសឆ្គងនានាដោយអចេតនា ក្នុងគោលគំនិតស្ថាបនានិងលើកស្ទួយអក្សរសាស្ត្រ វប្បធម៌ ប្រពៃណីរបស់ខ្មែរ។ ខ្ញុំព្រះករុណារង់ចាំទទួលការរិះគន់ និងកែលម្អ ជាពិសេស ការផ្តល់យោបល់សំខាន់ៗពីសន្តានប្រិយមិត្រទាំងចតុទិសដោយមេត្រីភាព ៕