ទឹម សាខន ត្រេកអរ​ចំពោះ​ដំណឹង​ថា​នឹង​ត្រូវ​បាន​បំបួស​ជា​ថ្មី

ប្រធាន​គណៈប្រតិភូ​សង្ឃ​នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ដែល​បាន​ចូលរួម​ សន្និសីទ​និង​ពិធី​បុណ្យ​វិសាខបូជា​អន្តរជាតិ​ដែល​នឹង​ចាប់ផ្តើម​ប្រព្រឹត្ត ​ទៅ​នៅ​ក្នុង​ប្រទេស​ថៃ​ចាប់​ពី​ថ្ងៃ​ច័ន្ទ​នេះ​បាន​ឲ្យ​ដឹងថា ព្រះអង្គ​និង​សមាជិក​គណៈប្រតិភូ​៤​អង្គ​ទៀត​បាន​ទទួល​កិច្ចសន្យា​ពី​ ព្រះសង្ឃ​ជា​មហាថេរ​ក្នុង​ប្រទេស​ថៃ ថា​នឹង​ជួយ​បំពេញ​ឧបសម្បទា​ជា​ភិក្ខុ​ភាវៈ គឺ​បំបួស​ភិក្ខុ​ប្រគេន​អតីត​ចៅ​អធិការ​វត្ត​ភ្នំ​ដិន​ខាង​ជើង​នៅ​ក្រោយ​ ថ្ងៃ​ពិសាខ​បូជា​នេះ។

ព្រះភិក្ខុ​បញ្ញា​បជោតោ ថាច់ បេរ៉ុង ព្រះសង្ឃ​នាយក​រង​នៃ​គណៈ​សង្ឃ​ក្នុង​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ដែល​ដឹក​ គណៈប្រតិភូ​ផ្លូវការ​ព្រះពុទ្ធ​សាសនា​ផ្នែក​ថេរវាទ បាន​ឲ្យ​ដឹង​ថា ក្នុង​កិច្ច​ជួប​ពិភាក្សា​ជាមួយ​ព្រះ​មហាថេរ​ថៃ​ដែល​ជា​សមាជិក​ជាន់​ខ្ពស់​ មួយ​អង្គ​នៃ​ពុទ្ធិក​មហា​វិទ្យាល័យ ជុឡាឡុងកន​នោះ ព្រះអង្គ​មាន​រំពឹង​មុតមាំ​ថា​នឹង​សម្រេច​បាន​តាម​បំណង​របស់​អតីត​ព្រះ​គ្រូ ​ចៅ​អធិការ ទឹម សាខន។

ព្រះភិក្ខុ​បញ្ញា​បជោតោ ថាច់ បេរ៉ុង បាន​មាន​ថេរដីកា​ថា ៖ «ក្នុង​ កិច្ច​ពិភាក្សា​ជាមួយ​ព្រះ​គ្រូ​សាស្រ្តាចារ្យ​បណ្ឌិត​មហាជោ​ដែល​ជា​ ព្រះសង្ឃ​ខ្មែរ​សុរិន្ទ។ លោក​មាន​ព្រះទ័យ​ទុក​ដាក់​ថា បង​ប្អូន​ខ្មែរ​កម្ពុជា​គឺ​ឈាម​ជ័រ​តែ​មួយ ហើយ​លោក​នឹង​យក​ចិត្ត​ទុក​ដាក់​ដើម្បី​ពិភាក្សា​ជាមួយ​នឹង​គណៈកម្មការ​ទទួល​ បន្ទុក​ខាង​អន្តរ​សាសនា​នៃ​ប្រទេស​ថៃ​ផ្ទាល់​ដែល​បាន​ដឹង​ឮ​អំពី​រឿងរ៉ាវ​ ទាំងអស់​ហ្នឹង បន្ទាប់​ពី​បុណ្យ​ពិសាខបូជា​ហើយ​នេះ លោក​នឹង​រៀបចំ​ចាប់ផ្ដើម​ដំណើរការ​ធ្វើការ​បំបួស​ដល់​អតីត​ព្រះ​គ្រូ​ចៅ​ អធិការ ទឹម សាខន»។

សាមណេរ ទឹម សាខន ដែល​គង់​លាក់​ខ្លួន​ក្រោម​ការការពារ​របស់​អគ្គ​ស្នងការ​អង្គការ​សហប្រជាជាតិ ​ទទួល​បន្ទុក​ជន​ភៀសខ្លួន UNHCR ហើយ​ដែល​ពុំ​ទាន់​បាន​ជួប​ព្រះភិក្ខុ​បញ្ញា​បជោតោ ថាច់ បេរ៉ុង នៅ​ឡើយ​នោះ បាន​សម្តែង​សេចក្តី​រីករាយ​ចំពោះ​ដំណឹង​នេះ ៖ «ឮ​ដំណឹង​ថា​បួស​វិញ​នេះ​ ជា​ការត្រេកអរ​ជា​ទី​បំផុត​របស់​អាត្មា​រក​អី​ប្រៀប​ផ្ទឹម​ពុំ​បាន​ទេ ព្រោះ​កាលពី​ថ្ងៃ​ទី​៣០ ខែ​៦ ឆ្នាំ​២០០៧​នោះ បាន​ត្រូវ​អាជ្ញាធរ​ខ្មែរ ហើយ​សម្ដេច​សង្ឃ ទេព វង្ស លោក នន់ ង៉ែត, សាវ ចាន់ថុល និង ជេស ឱប បញ្ឆោត​ឲ្យ​មក​វត្ត​សីហៈ ហើយ​មិន​បាន​សឹក​ត្រឹមត្រូវ​ទេ យក​ខោ​អាវ​មក​ចាប់​ដាក់​ឲ្យ​ស្លៀក​ពាក់ ហើយ​ចាប់​បញ្ជូន​ដាក់​ឡាន​យក​ទៅ​ប្រគល់​ឲ្យ​វៀតណាម​នៅ​ខេត្ត​អាងយ៉ាង​ហ្នឹង ដាក់​គុក​ទាំង​លោក​សង្ឃ​តែម្ដង»។

សូម​ជម្រាប​ថា ក្នុង​ឱកាស​ជាមួយ​គ្នា​នេះ​សម្តេច​ព្រះសង្ឃរាជ ទេព វង្ស ដែល​ព្រះតេជគុណ ទឹម សាខន ចៅ​អធិការ​វត្ត​ភ្នំ​ដិន​ខាង​ជើង ស្រុក​គិរីវង់ ខេត្ត​តាកែវ បាន​ចោទ​ថា​ជា​អ្នក​បញ្ជា​ឲ្យ​ចាប់​ព្រះអង្គ​ផ្សឹក​ហើយ​បញ្ជូន​ទៅ​ឲ្យ​ យៀកណាម​ដាក់​គុក​នោះ​ក៏​មាន​វត្តមាន​នៅ​ក្នុង​ទីក្រុង​បាងកក​ប្រទេស​ថៃ​ ផងដែរ។

អ្នក​យក​ព័ត៌មាន​វិទ្យុ​អាស៊ីសេរី​បាន​ព្យាយាម​ទាក់ទង​ព្រះអង្គ​ខណៈ​គង់​ នៅ​ជាន់​ទី​៩​នៃ​សណ្ឋាគារ Royal City ក្បែរ​វាល​ព្រះមេរុ ឬ​សាណាមលួង របស់​ថៃ ដើម្បី​សុំ​អត្ថាធិប្បាយ​អំពី​ករណី​សាមណេរ ទឹម សាខន នឹង​បាន​ទទួល​ការបំបួស​ភិក្ខុ​ពី​មហាថេរ​ថៃ​នេះ ក៏​ប៉ុន្តែ​សម្តេច​ព្រះសង្ឃរាជ​កម្ពុជា​បាន​ដាក់​ទូរស័ព្ទ​ចុះ​បដិសេធ​មិន​ ឆ្លើយ​នឹង​សំណួរ៕
អត្ថបទគេហទំព័រវិទ្យុអាស៊ីសេរី.