ស្ដ្រីខ្មែរកម្ពុជាក្រោម និងកូនប្រុស បានស្លាប់ក្នុងឧបទ្ទវហេតុ នៅលើស្ពាន កោះពេជ្រ

ស្ដ្រីខ្មែរកម្ពុជាក្រោមម្នាក់ និងកូនប្រុសម្នាក់ បានស្លាប់ក្នុងឧបទ្ទវហេតុ បានកើតឡើង នៅលើស្ពានកោះពេជ្រ នារាត្រីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១០ ត្រូវ នឹងថ្ងៃទី ៣ ដែលជា ថ្ងៃចុងក្រោយ នៃរាជពិធីប្រណាំងទូកង អកអំបុក បណ្ដែតប្រទីប សំពះព្រះខែ នៅរម្មណីយដ្ឋានកោះពេជ្រ ក្នុងសង្កាត់ទន្លេ បាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
កាលពីរាត្រីថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ២០១០  ត្រូវ នឹងថ្ងៃទី ៣ ដែលជាថ្ងៃចុងក្រោយ នៃរាជ ពិធីប្រណាំងទូកង អកអំបុក បណ្ដែតប្រទីប សំពះព្រះខែ នៅវេលាប្រមាណជាម៉ោង៨-៩ យប់មានឧទ្ទវហេតុមួយ យ៉ាងចំឡែកអស្ចារ្យ បានធ្វើឲ្យមនុស្សភ័យផ្អើលឆោរឡោរ រត់ជាន់ គ្នាស្លាប់ និងរងរបួសជាច្រើនរយនាក់ នៅលើ ស្ពានកោះពេជ្រ។ ស្ពានកោះពេជ្រមានប្រវែង បណ្ដោយប្រមាណជាជិត១០០ម៉ែត្រ និងប្រវែងទទឹងប្រមាណជាជិត១០ម៉ែត្រ ឆ្លងកាត់ទន្លេពីត្រើយម្ខាងទល់មុខ Nagar world (Casino) ឆ្ពោះទៅកាន់កោះពេជ្រ ជារម្មណីយដ្ឋានមួយដែលទើបតែបានអភិវឌ្ឍថ្មី និងមានការដាក់តាងលក់វត្ថុអនុស្សាវរីយ៍ គ្រឿងតាក់តែងកាយ និងសម្ភារៈទំនើបៗជាច្រើនផ្សេងទៀត ធ្វើឲ្យមនុស្សចាប់អារម្មណ៍នាំគ្នីគ្នាទៅលេងកំសាន នៅទីនោះយ៉ាងច្រើនកុះករ។
ក្នុងឧបទ្ទវហេតុនោះ មនុស្សប្រមាណជា ៤៥៣នាក់បានស្លាប់ និងរងរបួសប្រមាណជា ៧៥៥នាក់ សុទ្ធសឹង តែជាយុវជនមកពីតាមបណ្ដាខេត្តនានា នៃព្រះរាជាណាចក្រកម្ពុជា។ សាកសពត្រូវបានគេ បញ្ជូនយកទៅ តម្កល់ទុក នៅសាលាក្រុងភ្នំពេញដើម្បីស្វែងរក និងរងចាំក្រុមញាតិមកទទួលយក ទៅធ្វើបុណ្យតាមប្រពៃណី និងជនរងគ្រោះត្រូវបានគេនាំយកទៅព្យាបាលនៅមន្ទីពេទ្យកាល់ម៉ែត្រ មន្ទីរពេទ្យព្រះកុសុមៈ (ហៅមន្ទីរពេទ្យ លោកសង្ឃ) និងមន្ទីរពេទ្យមិត្តិភាពខ្មែរ-សូវៀត(ហៅមន្ទីរពេទ្យរ៉ូស្ស៊ី)។
ក្នុងចំណោមជនរងគ្រោះទាំងនោះ មានប្រជាពលរដ្ឋខ្មែរកម្ពុជាក្រោមមួយគ្រួសារដែលស្ដ្រីជាម្ដាយ និងកូនប្រុស ម្នាក់ បានស្លាប់ រីឯបុរសជាប្ដី និងកូនប្រុសម្នាក់ទៀតរងរបួស។
លោក ហួត គឹម លី អាយុ៣៦ឆ្នាំ បានមានប្រសាសន៍ប្រាប់អ្នកយកព័ត៌មាននៃការិយាល័យវប្បធម៌ នៃសម្ព័ន្ធ សមណនិស្សិត-និស្សិត ខ្មែរកម្ពុជាក្រោមថា លោកជាមួយ និងប្រពន្ធឈ្មោះ ហុង វណ្ណី (ឈ្មោះពិតគឺ យឿង ធីឡង) បាននាំកូនប្រុស២នាក់ ដែលជាកូនភ្លោះអាយុ ១០ឆ្នាំទៅលេងកំសាន នៅរម្មណីយដ្ឋានកោះពេជ្រ នារាត្រីនោះ ពេលដែលលោកធ្វើដំណើរត្រឡប់ចេញមកវិញ ដល់ជាងពាក់កណ្តាលដងស្ពាន ស្រាប់តែកើត មានព្រឹត្តិការណ៍មួយ ដោយមិនបានដឹងមូលហេតុធ្វើឲ្យមនុស្សរត់ជាន់ដួលគពីលើគ្នា យ៉ាងណែនណាន់តាន់តាប់ រើខ្លួនមិនរួច ខ្លះបានស្លាប់ ខ្លះសន្លប់បាត់ស្មារតី និងខ្លះទៀតរងរបួសជាទម្ងន់។ រីឯលោក និងប្រពន្ធ ព្រមទាំងកូនៗរបស់លោកត្រូវបានគេជាន់ និងកិនពីលើ លោក និងប្រពន្ធរបស់លោកក៏បានស្រាវា អោបកូនម្នាក់មួយ និងព្យាយាមឃុំគ្រងកូនគាត់ យ៉ាងណាក៏ដោយ ដោយសារតែប្រពន្ធលោកជាស្ដ្រីភេទ មានកម្លាំងទន់ខ្សោយមិនអាចឃុំគ្រងកូនបាន ត្រូវបានគេសង្កត់ពីលើ បណ្ដាលឲ្យសន្លប់បាត់បង់ស្មារតី ក្នុងខណៈនោះទាំងអស់គ្នា។

ចំណែកលោក និងកូនប្រុសរបស់លោកម្នាក់ទៀត ទោះបីជាមិនបានសន្លប់បាត់បង់ស្មាតី តែពេលនោះ លោកហេវហត់ អស់កម្លាំង និងរន្ធត់យ៉ាងខ្លាំងរហូត ដល់និយាយស្ដីលែងកើត។ ប្រពន្ធ និងកូនប្រុសរបស់ លោកម្នាក់ទៀត ដែលសន្លប់បាត់បង់ស្មារតីនោះ ត្រូវបានប៉ូលីសដឹកយកទៅព្យាបាល នៅមន្ទីរពេទ្យ កាល់ម៉ែត្រ តែជាអកុសលត្រូវបានស្លាប់បាត់បង៉ ជីវិតទាំងពីរនាក់ម្ដាយ និងកូនក្នុងខណៈនោះតែម្ដង។ ព្រឹកឡើងថ្ងៃទី២៣ ខែវិច្ឆិកា ទើបនាំសាកសពចេញ ពីមន្ទីរពេទ្យមកតម្កល់ និងធ្វើបុណ្យតាមប្រពៃណី ព្រះពុទ្ធសាសនា នៅវត្តមហាមន្ដ្រី សង្កាត់អូឡាំពិក ខណ្ឌចំការមក រាជធានីភ្នំពេញ។
រហូតមកដល់ពេលនេះ នៅមិនទាន់មានប្រភព ណាមួយ បញ្ជាក់ថា ឧទ្ទបវហេតុនោះកើតឡើង មកពីមូលហេតុអ្វី នៅឡើយទេ។ សម្ព័ន្ធសមណនិស្សិត-និស្សិត ខ្មែរកម្ពុជាក្រោម កំពុងស៊ើអង្កេតរកយុវជន ដែលមានដើមកំណើតជាខ្មែរកម្ពុជាក្រោម ដែលរងគ្រោះក្នុងឧបទ្ទវហេតុនោះ តែមកដល់ពេលនេះ នៅមិនទាន់មានទិន្នន័យបន្ថែមនៅឡើយទេ ក្រៅពីសាកសពរបស់ស្ត្រីដែលជាម្ដាយ និងកូនប្រុសនោះ។
ក្រុមយុវជនដែលមានដើមកំណើតជាខ្មែរកម្ពុជាក្រោម សព្វថ្ងៃកំពុងរស់នៅទីក្រុងភ្នំពេញ ក៏ដូចជានៅក្នុងទឹកដី នៃព្រះរាជាណាចក្រកម្ពុជា ដែលអ្នកយលព័ត៌មាននៃការិយាល័យវប្បធម៌ របស់សម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោមបានជួប ពួកគេជាទូទៅបានមានប្រសាសន៍ថា កាលពីរាត្រីថ្ងៃទី១ និងទី២ នៃទិវាប្រណាំងទូកង ពួកគេក៏បានទៅលេងកំសាន នៅរម្មណីយដ្ឋានកោះពេជ្រនោះដែរ តែនៅរាត្រីថ្ងៃទី៣ ដែលជាថ្ងៃទីបញ្ចប់នេះពួកគេមិនបានទៅណាលេងទៀតទេ គឺពួកគេនៅផ្ទះរៀងៗខ្លួន។ មានអ្នកខ្លះទៀតបានទៅ លេង នៅកោះពេជ្រនោះដែរ តែពួកគេបានចាកចេញពីទីនោះបានមុនពេលកើតហេតុ។
ប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅលើទឹកដីកម្ពុជាក្រោម ក្រោយពីទទួលបានដំណឹងអំពីឧបទ្ទវហេតុនោះ គាត់ក៏កើតក្តីព្រួយបារម្ភអំពីជោគវាសនារបស់បង ប្អូន កូន ក្មួយ ចៅ និងមិត្តភ័ក្តិ ដែលកំពុងរស់នៅទីក្រុងភ្នំពេញ ក៏ដូចជានៅកម្ពុជានោះ ក៏បានម្នីរម្នារទូរស័ព្ទមកសួរសុខទុក្ខ ក្រែងលោបង ប្អូន កូន ក្មួយ ចៅ និងមិត្តភ័ក្តិ របស់ពួកគាត់បានទៅលេង នៅរម្មណីយដ្ឋានកោះពេជ្រ និងទទួលរងគ្រោះ៕ ប្រភព​ ukkbs.org

.