ព្រះបាទ ហ្វាន ស៊ីយុន ដើមឡើយជាមេទ័ពរបស់ព្រះបាទ ហ្វាន ធាន ដែលត្រូវគេធ្វើគត។ តាម យើងប៉ាន់ស្មានមើលទៅ ប្រហែលជាមានប្រតិកម្មពីសំណាក់ព្រះរាជវង្សានុវង្ស ចំពោះការគ្រប់គ្រង របស់ព្រះបាទ ហ្វាន ស៊ីយុន បានជាពង្សាវតាចិនបានរាយការណ៍ថា ក្រោយពីឡើងសោយរាជសម្បត្តិ ព្រះអង្គបានធ្វើគតព្រះរាជបុត្ររបស់ព្រះបាទ ហ្វាន ធាន មួយព្រះអង្គ។ក្រោយពីឡើងសោយរាជ ព្រះអង្គបានបញ្ជាឲ្យនាម៉ឺនសព្វមុខមន្ត្រីក្នុងព្រះរាជវាំង កសាងនូវ រមណីដ្ឋានជាច្រើនកន្លែងដើម្បីព្រះអង្គយាងកំសាន្ត។ ពីបីទៅបួនដងក្នុងមួយថ្ងៃ ព្រះអង្គបើកសាវនាការ ដោះស្រាយវិបត្តិសង្គម ជូនប្រជាពលរដ្ឋគ្រប់ជាប់ថ្នាក់ក្នុងប្រទេស ដោយគតិបណ្ឌិត។ ដូច្នេះហើយ បានជាអ្នកស្រុក ទាំងបរទេស តែងយកដង្វាយ ដូចជាសត្វចាប អណ្តើក និងអំពៅជាដើមទៅថ្វាយ ដើម្បីតបស្នងសងគុណព្រះអង្គវិញ។
រវាងឆ្នាំ២៤៥ និង ២៥០ នៃគ.ស. ព្រះមហាក្សត្រអង្គនេះបានទទួលគណបេសកកម្មទូតមួយ គឺលោក កាំង ថៃ និង ជូ យិន ក្នុងព្រះរាជវាំងខ្មែរ ហើយក្នុងខណ:នោះ គេឃើញមានវត្តមានរបស់ រាជទូតឥណ្ឌានៅទីនោះដែរ ដែលបានអញ្ជើញមកគាល់ព្រះបាទ ហ្វាន ស៊ីយុន។
តាមកំណត់ហេតុរបស់ព្រះរាជវង្ស ស៊ីន បានឲ្យដឹងថា ដើម្បីរឹតចំណងសម្ពន្ធភាពរវាងប្រទេស ចិន និងនគរភ្នំឲ្យកាន់តែមាំមួនថែមទៀត ព្រះបាទ ហ្វាន ស៊ីយុន បានផ្ញើប្រតិភូទូតខ្មែរទៅកាន់ប្រទេស ចិនជាច្រើនលើក នៅចន្លោះឆ្នាំ២៦៨ និង២៨៧ នៃគ្រិស្តសករាជ។
ព្រះបាទ ឆាន់ ថាន់
(៣៥៧ នៃគ.ស. ដល់…?)
នៅឆ្នាំ៣៥៧នៃគ.ស. ព្រះបាទ ឆាន់ ថាន់ ដែលបានប្រកាសតាំងខ្លួនធ្វើជាព្រះមហាក្សត្រនៃ នគរភ្នំ បានផ្ញើប្រតិភូទូតទៅកាន់ស្រុកចិន ដោយមានដង្វាយជាសត្វដំរីដែលគេផ្សាំងរួច។ “ព្រះចៅក្រុង ចិន នៃរជ្ជកាល ស៊ីន ពូព៌ា ក៏បានបញ្ជូនសត្វចម្លែកទាំងនោះ ឲ្យត្រឡប់មកកាន់ស្រុកកំណើតវិញ” ព្រោះ គេបានចាត់ទុកថា ជាសត្វចង្រៃ។
ព្រះបាទទេវានិកា
(ពាក់កណ្តាល ដល់ចុងសតវត្សរ៍ទី៥ នៃគ.ស.)
សិលាចារឹកខ្មែរចាស់ជាងគេបំផុត ដែលគេបានរកឃើញនៅម្តុំវត្តភូ ចម្ប៉ាសាក់សព្វថ្ងៃនេះ បាន ពិពណ៌នាអំពីព្រះបាទ ទេវានិកា ដែលជាមហារាជាធិរាជខ្មែរមួយព្រះអង្គ។ តាមខ្លឹមសារនៃសិលាចារឹក ព្រះមហាក្សត្រអង្គនេះ បានស្តេចយាងពីឆ្ងាយមកសោយរាជនៅភូមិភាគនេះ។ លោកសាស្ត្រាចារ្យ ឃ្លោត ហ្ស័ក បានសិក្សាសិលាចារឹកនេះ ហើយសន្និដ្ឋានថា ព្រះបាទ ទេវានិកា ជាព្រះរាជាខ្មែរ ពុំមែនជា ជនជាតិចាម ដូចដែលអ្នកខ្លះបានពោលនោះឡើយ ថ្វីត្បិតតែគេពុំបានស្គាល់ច្បាស់ នូវស្រុកកំណើត របស់ព្រះអង្គក៏ដោយ។
ព្រះបាទជ័យវម៌្ម កៅណ្ឌិន្យ
(៤៨០ – ៥១៤ នៃ គ.ស.)
ព្រះបាទ ចោយេប៉ាម៉ោ ឬ ជ័យវម៌្ម ដែលហៅថា គាវ ឆេនជូ ឬ កៅណ្ឌិន្យ ពោលគឺព្រះបាទ ជ័យវម៌្ម បានសោយរាជរវាងឆ្នាំ៤៧០ និង៥១៤ នៃគ.ស. គឺក្នុងរជ្ជកាលរបស់ព្រះអង្គនេះហើយ ដែល ព្រះពុទ្ធសាសនាបានទទួលនូវភាពរុងរឿងអស្ចារ្យ។
ព្រះអង្គដែលជាស្តេចមួយព្រះអង្គនៅនគរភ្នំ មានប្ញទ្ធានុភាពយ៉ាងខ្លាំងក្លាអស្ចារ្យ ជាហេតុធ្វើឲ្យ ព្រះចៅអធិរាជ វូទី នៃរាជវង្ស លាង បានថ្វាយឋានន្តរសក្តិជា “ឧត្តមសេនីយ៍សន្តិភាពប៉ែកខាងត្បូង “ នៅឆ្នាំ៥០៧ នៃគ.ស.។ក្នុងរជ្ជកាលរបស់ព្រះមហាក្សត្រអង្គនេះ គេឃើញមានទំនាក់ទំនងរវាងប្រទេស ខ្មែរនឹងប្រទេសឥណ្ឌាយ៉ាងជិតស្និទ្ធ ប៉ុន្តែព្រឹត្តិការណ៍ដែលគេត្រូវចងចាំ គឺព្រះរាជអង្គនេះបានទទួល ព្រះសង្ឃពីរអង្គ ដែលបាននិមន្តពីប្រទេសឥណ្ឌា មានព្រះនាមថា សក្យា នាគសេន នៅឆ្នាំ៤៨៤ នៃ គ.ស. (ក្នុងរាជវង្ស ស៊ី)និងពោធិភទ្រ: ក្នុងរាជវង្ស លាង នៅឆ្នាំ៥០៩ នៃគ.ស.។ ព្រះអង្គបានចូលទីវង្គត នៅឆ្នាំ៥១៤ នៃគ.ស. ដែលជាឆ្នាំព្រះរាជបុត្ររបស់ព្រះអង្គ គឺព្រះបាទ រុទ្ទ្រវម៌្ម ឡើងសោយរាជស្នង ព្រះអង្គ។ តាមសិលាចារឹកអ្នកតាដំបងដែក នៃខេត្តតាកែវ បញ្ជាក់ថា ព្រះអគ្គមហេសីរបស់ព្រះអង្គ គឺព្រះនាង កុលប្រភាវតី។ សិលាចារឹកនេះបានបញ្ជាក់ទៀតថា មុនព្រះនាងសោយទីវង្គត ព្រះនាងបាន ចាត់ចែងឲ្យសាងសង់ ទេវាល័យ សម្រាប់តម្កល់ព្រះវិស្នុមួយព្រះអង្គ ដែលធ្វើអំពីមាសសុទ្ធ ព្រមទាំង លំនៅស្ថានសម្រាប់ពួកព្រហ្មបុរោហិត និងបានជីកស្រះទុកជាប្រយោជន៍ចំពោះអ្នកស្រុកផង។
ព្រះរាជកុមារ គុណធម៌
(ពីឆ្នាំ៥១០ ដល់ …?)
សិលាចារឹកនៅប្រាសាទប្រាំល្វែង ដែលបានចារឡើងដោយព្រះរាជកុមារ គុណវរ្ម័ន នៅដើម សតវត្សរ៍ទី៦ នៃគ.ស. បានរៀបរាប់អំពីប្រវត្តិរបស់ទ្រង់ផ្ទាល់។ ព្រះរាជកុមារ ឬ ហ្វាន់ តាង ចេង បើ សរសេរជាភាសាចិន ជាព្រះរាជបុត្ររបស់ព្រះនាង កុលប្រភាវតី និង កៅណ្ឌិន្យ ជ័យវម៌្ម ដែលបាន សោយទីវង្គត នៅឆ្នាំ៥១៤ នៃគ.ស.។
ព្រះអង្គជារាជបុត្រនៃព្រះមហាក្សត្រដែលជា ព្រះចន្ទនៃរាជវង្ស កៅណ្ឌិន្យ ព្រះអង្គបានត្រួតត្រា កាន់កាប់តំបន់មួយដែលបិតារបស់ទ្រង់បានកសាងនៅលើទីទឹកភក់ ដែលនៅស្រុកទឹកខ្មៅ ខេត្តព្រែក- ប្ញស្សី កម្ពុជាក្រោមសព្វថ្ងៃ ។
ព្រះបាទរុទ្ទ្រវម៌្ម
(ពីឆ្នាំ ៥១៤ ដល់ឆ្នាំ៥៥០ នៃគ.ស.)
ជាបឋម ឯកសារចិនបានពណ៌នាថា ព្រះបាទ រុទ្ទ្រវម៌្ម បានសោយរាជសម្បតិ្តនៅទីក្រុង វយ្យាធបុរ: ដែលស្ថិតនៅចម្ងាយពីសមុទ្រ៥០០លី។ ព្រះរាជធានីនេះ មានទន្លេមួយហូរពីខាងជើង ឈៀងខាងលិច “ ពាយ័ព្យ “ ទៅទិសខាងកើត ឆ្ពោះទៅរកសមុទ្រ ដែលជាទិសដៅរបស់ទន្លេមេគង្គ តាមដៃទន្លេ មីថ នៅកម្ពុជាក្រោម។
កំណត់ហេតុចិនខាងលើនេះ ក៏បានបន្ថែមសេចក្តីថា នៅឆ្នាំ៥១៥ នៃគ.ស. ព្រះរាជា រុទ្រ្ទវម៌្ម នៃនគរភ្នំ បានផ្ញើដង្វាយទៅស្តេចក្រុងចិន ដោយមានព្រះបដិមាតំណាងព្រះអង្គមួយធ្វើពីឈើក្រអូប ដែលមកពីប្រទេសក្លិង្គ សិក សូឡូ (សាលា) និងផ្កា ហួស៊ី និងឈើខ្លឹមចន្ទជាច្រើនប្រភេទផង។ សូម រំលឹកដែរថា ព្រះសម្មាសម្ពុទ្ធទ្រង់បានចូលព្រះបរិនិព្វាន នៅក្រោមដើមសាលា ដែលជាឈើមួយ ប្រភេទ។
ក្រោយនេះបន្តិច គឺនៅឆ្នាំ៥៣៩ នៃគ.ស.ព្រះបាទ រុទ្ទ្រវម៌្ម បានផ្ញើប្រតិភូទូតខ្មែរទៅកាន់រាជធានី នៃរាជវង្ស លាង ណាន កិន ដោយនាំទៅជាមួយ នូវសត្វរមាសរស់មួយ និងរបស់របសរមួយចំនួន របស់ នគរភ្នំ។ ព្រះបាទ រុទ្ទ្រវម៌្ម បានប្រាប់ទៅចិនថា ព្រះអង្គមានសារីរិកធាតុ និងសក់មួយសសៃរបស់ព្រះពុទ្ធ អង្គ ដែលមានប្រវែងដល់ទៅ៣ម៉ែត្រ៣០។ ព្រះចៅអធិរាជនៃសន្តតិវង្ស លាង ក៏បានផ្ញើព្រះភិក្ខុ ថាំង ប៉ាវឡៅ និមន្តទៅកាន់នគរភ្នំ ដើម្បីសូមដង្ហែព្រះសីរិកធាតុដ៏មានតម្លៃនោះ។
វត្តមានរបស់សិលាចារឹកមួយផ្ទាំងនៅប្រាសាទតាព្រហ្មនៃទន្លេបាទី ដែលចារឡើងដោយ ព្រះបាទ រុទ្ទ្រវម៌្ម នាសតវត្សរ៍ទី៦នៃគ.ស. ព្រមទាំងវត្តមាននៃសសរពេជ្រមួយកំណាត់ ជារចនាបថ សម្បូរណ៍ព្រៃគុហ៍ នៅទីនេះ សឲ្យឃើញថា តំបន់នេះធ្លាប់មានតួនាទីយ៉ាងសំខាន់ជាប្រវត្តិសាស្ត្រ ក្នុង អតីតកាល។
សិលាចារឹកខាងលើនេះ ដែលបានបកប្រែដោយលោក ហ្ស័ក សឺដែស បានធ្វើការរៀបរាប់ ឲ្យដឹងថា ព្រះបាទ រុទ្ទ្រវម៌្ម ជាព្រះរាជបុត្ររបស់ព្រះបាទ កៅណ្ឌិន្យជ័យវម៌្ម ព្រះអង្គកាន់ព្រះពុទ្ធសាសនា ហើយគោរពសក្ការ:ព្រះបរមសរីរិកធាតុនៃព្រះសម្មាសម្ពុទ្ធ ជាព្រះបរមគ្រូនៃយើង។
ខ្លឹមសារសិលាចារឹក បានបញ្ជាក់ពីប្រភពព័ត៌មានចិន ដែលយើងបានពិពណ៌នា នៅខាងមុន រួចហើយ។
ថ្វីត្បិតតែព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ ក្នុងរជ្ជកាលព្រះមហាក្សត្រ រុទ្ទ្រវម៌្ម ប៉ុន្តែព្រហ្មញ្ញ សាសនានៅតែរក្សាឥទ្ធិពលលើសង្គមយ៉ាងខ្លាំងក្លាដែរ ដោយហេតុថាភាសាខ្មែរ មានលក្ខណ:ជា សំយោគ។
តាមសិលាចារឹក k54 នៃអង្គជំនីកវិញ ដែលមានកាលបរិច្ឆេតយ៉ាងច្បាស់លាស់ គឺឆ្នាំ៥៥១ នៃ ក.ស. ដែលត្រូវនឹងឆ្នាំ ៦២៩ នៃគ.ស. យើងអាចដឹងទៀតថា ក្នុងរជ្ជកាលនៃព្រះមហាក្សត្រខ្មែរអង្គនេះ មានការសាងសង់នូវព្រះសិវលិង្គថ្ម និងអាស្រមមួយដែលមានឈ្មោះថា រុទ្ទ្រស្រម។ បូជនីយដ្ឋាននេះ បានសាងសង់ឡើងដោយព្រាហ្មម្នាក់ឈ្មោះ វិឡាវិន័យ ដោយអំណោយជាទ្រព្យ និងជាអ្នកបំរើទេវស្ថាន នេះ ពីសំណាក់មន្ត្រីម្នាក់ឈ្មោះ សិវទត្ត មានងារជា ប៉ោញ ។
ពាក្យ រុទ្ទ្រស្រម មានន័យថាអាស្រមរបស់ព្រះរុទ្ទ្រ ដែលជាឈ្មោះរបស់ព្រះសិវ:ឬព្រះឥសូរដែល មានសញ្ញានិមិត្ត ជាព្រះសិវលិង្គនាសម័យមុនអង្គរ។ ចំពោះយើង យើងជឿថាវត្តមានរបស់ពាក្យនេះ នៅទីនេះមានន័យថា ថ្វីត្បិតតែឈ្មោះរបស់ព្រះឥសូរក៏មែនពិត ក៏ប៉ុន្តែព្រាហ្ម វិឡាវិន័យ ដែលបានសាង សង់អាស្រមនេះឡើងនោះ គឺក្នុងបំណងដ៏ពិសិដ្ឋមួយ ដើម្បីឧទ្ទិសដល់ព្រះ រុទ្ទ្រវម៌្ម ដែលជាបុព្វការីរបស់ ខ្លួនដែរ។
ព្រះបាទ វីរវម៌្ម
(រវាងឆ្នាំ៥៥០ នៃ គ.ស.)
ព្រះរាជនគររបស់ព្រះបាទ វីរវម៌្ម ស្ថិតនៅក្នុងខេត្តក្រចេះសព្វថ្ងៃ។ តាមលោក ឃ្លោត ហ្ស័ក ព្រះ មហាក្សត្រអង្គនេះមានព្រះរាជបុត្រពីរព្រះអង្គ គឺព្រះបាទ ចិត្រេសន ឬ មហេន្ទ្រវម៌្ម និងព្រះបាទ ភវវម៌្មទី១ ដែលជាស្តេចសឹកពូកែ ហើយតាមសិលាចារឹក ព្រះអង្គធ្វើការបង្រួបបង្រួមជាតិក្នុងព្រះបរម នាមរបស់ព្រះបិតា។ ក៏ប៉ុន្តែតាមសិលាចារឹកខ្មែរសរសេរជាភាសាសំស្ក្រឹត នៃវត្តសុប៉ាតនារាមនៅខេត្ត អ៊ូប៊ុន សព្វថ្ងៃ យើងដឹងថាព្រះបាទ ចិត្រសេន មហេន្ទ្រវម៌្ម ជាមួយព្រះបាទ ភវវម៌្មទី១ ទ្រង់មិនបានជា ព្រះជេដ្ឋាឬព្រះអនុជ ពោលគឺរួមព្រះបិតាមាតាជាមួយគ្នាទេ តែទាំងពីរព្រះអង្គគ្រាន់តែព្រះញាតិនឹងគ្នា គឺទ្រង់ត្រឹមតែបងប្អូននឹងគ្នា តែព្រះបាទ មហេន្ទ្រវម៌្ម មានព្រះជន្មច្រើនជាព្រះបាទ ភវវម៌្ម។
យើងសូមលើកយកខ្លឹមសារនៃអក្សរថ្មនេះ បង្ហាញជូនជាព័ត៌មានដូចតទៅ : “ ព្រះបាទសម្តេច អង្គណាទ្រង់ព្រះនាមថា ចិត្រសេន ព្រះអង្គជាជាព្រះរាជឳរស(បុត្រ) របស់ព្រះបាទ ស្រីវីរវម៌្ម ជាព្រះរាជ នត្តា(ចៅ) របស់ព្រះបាទ ស្រីសារវៈភោម ។ ថ្វីត្បិតតែមានព្រះឋានៈជាព្រះអនុជ ក៏ព្រះជេដ្ឋារបស់ ព្រះបាទ ស្រីភវវម៌្ម ព្រះអង្គមានព្រះនាមយ៉ាងប្រាកដក្នុងផ្លូវគុណធម៌ តាំងតែពីព្រះអង្គក្នុងវ័យ ព្រះបាទ សម្តេចអង្គនេះបានទទួលព្រះនាមវិសេសតាំងតែពីពេលអភិសេកថា ព្រះបាទ ស្រីហេន្ទ្រវម៌្ម ក្រោយពី ឈ្នះប្រទេសទាំងអស់ហើយ បានសាងសិវលិង្គទុកជាតំណាងមួយជាសញ្ញាសំគាល់ នូវជ័យជំនះរបស់ ព្រះអង្គ តំកល់ទុកនៅលើភ្នំនេះ។