ប្រវត្តិសាស្ត្រកម្ពុជា ភាគទី២១៖ ការសិក្សាអប់រំ

បើនិយាយអំពីស្ថានភាពនៃការស្រាវជ្រាវសព្វថ្ងៃ យើងពុំអាចនិយាយអំពីវិស័យអប់រំសិក្ស នាសម័យ នគរភ្នំ ដោយលំអិតបានទេ។ ការស្រាវជ្រាវកំពុងតែបន្ត។ ដូច្នេះហើយ អ្វីដែលយើងអធិប្បាយនៅខាងក្រោមនេះ  ត្រូវពឹងផ្អែកទៅលើវត្ថុបុរាណមួយចំនួនតូច ដែលយើងបានជួបប្រទះតែប៉ុណ្ណោះ។ តើអ្វីទៅដែលគេហៅថាការអប់រំសិក្សា ហើយការអប់រំសិក្សានាសម័យនោះ បានធ្វើឡើងដោយអ្នកណា? នេះជាបញ្ហាចម្បងដែលយើងត្រូវតែដោះស្រាយ។

ថ្មីៗនេះ អ្នកស្រុកបានជីករកឃើញ នូវបំណែកនៃផ្ទាំងរូបចម្លាក់មួយធំធ្វើអំពីថ្ម ហើយផ្ទាំងរូបនេះបានត្រូវ យកមកតាំងនៅក្នុងសារមន្ទីរស្រុកអង្គរបូរី ព្រមទាំងសិលាចារឹក និងវត្ថុបុរាណមួយចំនួនទៀត។

ការពិនិត្យយ៉ាងហ្មត់ចត់ ចំពោះរូបដែលឆ្លាក់នៅលើវត្ថុបុរាណនេះ បញ្ជាក់ឲ្យដឹងថា រូបមនុស្សដែលគេ បានឆ្លាក់ឡើងទាំងប៉ុន្មាននោះ គឺជារូបរបស់ពួកព្រាហ្មណ៍បុរោហិត ដែលជាបណ្ឌិតផ្នែកពិធីការសាសនា និងខាង ការអប់រំក្នុងព្រហ្មញ្ញសាសនា។

សូមជម្រាបថា ពួកព្រាហ្មណ៍បុរោហិតក្នុងសង្គមខ្មែរ ជាពិសេសក្នុងសម័យចេនឡា និងសម័យអង្គរវត្ត បានបំពេញនាទីយ៉ាងសំខាន់បំផុត ក្នុងព្រះបរមរាជវាំង បើយើងសំអាងលើប្រភពសិលាចារឹក ហើយតួនាទីរបស់ ពួកគេ ក៏ត្រូវបានរក្សាទុកដល់សព្វថ្ងៃ ក្នុងព្រះរាជាណាចក្រខ្មែរបច្ចុប្បន្ន ដូចជាពិធីច្រត់ព្រះនង្គ័ល ពិធីកោរសក់ និងកោរជុក ព្រះរាជពិធីអភិសេកជាដើម​​ ។ល។

សូមរំលឹកឡើងវិញថា បើគ្មានក្បួនខ្នាត គ្មានការបង្ហាត់បង្រៀន ឬការអប់រំទេ ម៉្លេះប្រពៃណីជាតិមួយចំនួន ដែលមានតាំងពីសម័យបុរាណ ពុំអាចបន្តវេនរហូតដល់សព្វថ្ងៃទេ។ បើនិយាយម៉្យាងទៀត ការផ្ទេរនូវចំណេះដឹង ឬចំណេះវិជ្ជាពីសម័យមួយទៅសម័យមួយទៀត ត្រូវធ្វើឡើងតាមរយៈការអប់រំ ។ នេះជាសេចក្តីសន្និដ្ឋានទីមួយ របស់យើង។ មិនតែចំពោះព្រហ្មញ្ញសាសនា ឬព្រះពុទ្ធសាសនាទេ ចំពោះវិស័យផ្សេងៗទៀតដែរ ដូចជាផ្នែក ស្ថាបត្យកម្មជាដើម។

យើងមានវត្ថុតាងដ៏សំខាន់ទៀត គឺវត្តមានរបស់អាស្រម ព្រោះថាការអប់រំបង្ហាត់បង្រៀនក្បួនតម្រា គម្ពីរ យុទ្ធកថា និងទេវកថានានាគ្រប់ប្រភេទ បានត្រូវអនុវត្តទីនោះ ដោយពួកព្រាហ្មណ៍ដែលភាគច្រើនជាបណ្ឌិត

អ្នកប្រាជ្ញខាងតារាសាស្ត្រ ហោរាសាស្ត្រ។ល។ ជាការពិតណាស់ តាមការស្រាវជ្រាវរបស់លោក អាដេមារ ឡឺក្លែរ នាសតវត្សរ៍មុន យើងបានដឹងថា ច្បាប់ក្រិត្យក្រមខ្មែរសម្រាប់គ្រប់គ្រងរដ្ឋមួយចំនួនធំ ក្នុងវិស័យតុលាការជាដើម បានកើតចេញពីច្បាប់ព្រហ្មញ្ញសាសនាទាំងអស់ ដែលបានហូរចូលមកស្រុកខ្មែរ នាដើមសតវត្សរ៍ទី១ នៃគ.ស.។

គឺដោយសារការអប់រំបង្ហាត់បង្រៀននៃពួកព្រាហ្មណ៍ទាំងអស់នេះហើយ ដែលជាគ្រូប្រកបដោយការចេះ ដឹងជ្រៅជ្រះ ទើបភាសានិងអក្សរសាស្ត្រខ្មែរត្រូវបានថែរក្សា ឲ្យមានជីវិតរស់រវើក មិនរលត់សាបសូន្យពីសម័យ មួយទៅសម័យមួយទៀត។

សរុបសេចក្តីមក ការសិក្សាអប់រំមានតួនាទីយ៉ាងសំខាន់បំផុត ក្នុងសង្គមខ្មែរបុរាណ គឺដោយសារ មូលហេតុនេះហើយ បានជាជនជាតិឥណ្ឌាបាននិយាយអំពីវត្ថុ មានរបស់កន្លោង ឬក៏ឃ្លាំងសម្រាប់ផ្ទុកឯកសារ សរសេរនានា ដែលគេហៅថាផ្នត់ ក្នុងក្រុងភ្នំ សម្រាប់មូលហេតុចម្បង ដូចដែលបានពោលមកហើយ។

ដូចនេះ ការដែលអ្នកស្រាវជ្រាវសង្កត់ទម្ងន់ ទៅលើតួនាទីអប់រំនៃអាស្រមនានា ដូចជាអាស្រមមហា ប្ញស្សីនៅស្រុកអង្គរបូរីខេត្តតាកែវជាដើម ជាការសមហេតុផលយ៉ាងប្រាកដ។

ការបង់ពន្ធដារ

បញ្ហាពន្ធដារនៅអាណាចក្រភ្នំ ដែលជនជាតិចិនបានលើកយកមកនិយាយ ឆ្លុះបញ្ចាំងឲ្យយើងដឹង អំពី ការគ្រប់គ្រងរៀបចំសង្គមខ្មែរបុរាណ។ កាលសម័យបុរាណ ប្រជារាស្ត្របង់ពន្ធដារជាមាស ប្រាក់ ត្បូង គុជ គ្រឿង ក្រអូប និងវត្ថុមានតម្លៃផ្សេងៗទៀត។

ជាការពិតណាស់ ការបង់ពន្ធជាវត្ថុមានតម្លៃខាងលើនេះ អាចផ្តល់លទ្ធភាពសម្រាប់អ្នករាជការសម័យ បុរាណ ដើម្បីបម្រើទ្រទ្រង់សមិទ្ធិផលសង្គមនានា ដូចជាការឧបត្ថម្ភបូជនីយដ្ឋាន និងកងកម្លាំងយោធាជាដើម។ ម៉្យាងទៀត ការយកពន្ធទៅលើទំនិញនានា ជាកិច្ចមួយដែលប្រកបដោយភាពធម្មតាក្នុងសង្គម ដោយហេតុថា បើ គ្មានពន្ធដារទេ សង្គមពិតជាគ្មានថវិកាជាតិឡើយ។

ការធ្វើភាជន៍

ការធ្វើភាជន៍បានស្គាល់នូវវឌ្ឍនភាពកប់កំពូល ដូចជាវត្តមានរបស់ក្រឡ ឆ្នាំងចាន ចង្កៀងរាប់ម៉ឺនសែន ដែលស្ថិតនៅក្នុងបរិវេណនៃទីក្រុងអង្គរបូរី ជាសក្ខីភាពស្រាប់។​ ក្នុងការធ្វើភាជន៍ ជនជាតិខ្មែរបានប្រើឧបករណ៍ ដូចជាបុរេប្រវត្តិសាស្ត្រដែរ ប៉ុន្តែទន្ទឹមនឹងនេះ គេឃើញមានវត្តមានរបស់ក្រឡ ចាន ឆ្នាំង មួយចំនួន ដែលមាន លក្ខណៈជាក្លិង្គ ហើយដែលយើងពុំបានជួបប្រទះពីមុនឡើយ ក្នុងសហគមន៍ខ្មែរ។

នៅទីនេះ យើងគ្រាន់តែសូមបង្ហាញបញ្ជាក់ នូវតួនាទីរបស់ភាជន៍មួយចំនួន ដែលគេធ្វើសម្រាប់ពិធីបូជា សព ពោលគឺពុំមែនប្រើប្រាស់សម្រាប់ដាក់ម្ហូបអាហារឡើយ។ ក៏ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ក៏យើងនៅតែ ពុំដឹងច្បាស់នៅឡើយទេ ថាតើភាជន៍ខ្លះដែលមានទម្រង់ក្លិង្គ ត្រូវបានគេនាំចូលពីស្រុកក្លិង្គ ឬផលិតនៅទីកន្លែង ផ្ទាល់តែម្តង។ បើនិយាយឲ្យចំទៅ អ្វីដែលយើងចង់និយាយនៅទីនេះ គឺពិធីកប់សពក្នុងក្រឡ ដែលយើងបានជួប ប្រទះជាញឹកញាប់ ក្នុងស្ថានីយ៍អង្គរបូរី។

មុនដំបូងបង្អស់ យើងត្រូវដឹងថា វប្បធម៌នាសម័យនគរភ្នំ ជាវប្បធម៌សំយោគ ព្រោះថាជាសម័យកាល មួយ ដែលយើងចាត់ទុកថាជាសម័យបដិវត្តន៍ ផ្នែកមនោគមវិជ្ជានិងសាសនា។ ក្នុងសម័យនេះហើយ ដែល សំណង់វប្បធម៌ដើមរបស់ខ្មែរត្រូវបានផ្លាស់ប្តូរខ្នាត ឬទម្រង់ ហើយការផ្លាស់ប្តូរវប្បធម៌នេះ បានធ្វើឡើងយ៉ាង សន្សឹមៗ សមស្របតាមចំណូលចិត្ត និងសេចក្តីត្រូវការរបស់ខ្មែរ ពោលគឺពុំមែនដោយការបង្ខំណាមួយទេ។

រួមសេចក្តីមក ថ្វីត្បិតតែវប្បធម៌សម័យនគរភ្នំ ជាការបន្តនៃខឿនវប្បធម៌នាសម័យបុរេប្រវត្តិសាស្ត្រក៏ ដោយ ក៏ប៉ុន្តែសម័យនេះ គឺជាសម័យបដិវត្តន៍ក្នុងវិស័យជំនឿសាសនាយ៉ាងប្រាកដ ដោយហេតុថា ជនជាតិខ្មែរ ដែលទើបតែនិយមប្រតិបត្តិមនោគមវិជ្ជាសាសនាក្លិង្គ ចាប់ផ្តើមប្រតិបត្តិពិធីបូជាសពដោយភ្លើង ហើយបន្តិចម្តងៗ ទម្លាប់នេះបានត្រូវគេអនុវត្តជាទួទៅទូទាំងប្រទេស ដែលត្រូវបានជ្រួតជ្រាបដោយឥទ្ធិពលវប្បធម៌ក្លិង្គ។

ជាការពិតណាស់ ដែលខ្មែរយើងបាននិយមការបូជាសពបែបនេះ តាំងតែពីសម័យបុរេប្រវត្តិសាស្ត្រម៉្លេះ ហើយម៉្យាងទៀត ការបូជាសពដោយភ្លើង គឺជាភស្តុតាងបញ្ជាក់ឲ្យឃើញថា ខ្មែរសម័យនោះចេះគោរពសក្ការៈ បុព្វបុរសរបស់ខ្លួនរួចមកហើយ។ ឧទ្ទាហរណ៍ជាក់ស្តែងមួយ គឺការបានរកឃើញនៅស្រុកសង្គះ ខេត្តសុរិន្ទ្រ នូវ ក្រឡដីដុតជាច្រើនផ្ទុកដោយផេះ និងកំទេចឆ្អឹង ជាសំណល់នៃសពដែលគេបានបូជាដោយភ្លើង។

អ្វីដែលបានពោលខាងលើនេះ អាចជួយយើងឲ្យយល់ដល់តួនាទីរបស់ក្រឡ និងឆ្នាំងមួយចំនួនធំ ដែល ឥតមានរន្ធ ឬមានរន្ធតូចមួយចោះនៅខាងក្រោមគូថ ឬពីចំហៀង។ រួមសេចក្តីមក គឺដោយសារខ្មែរយើងបាន ចូលសាសនាក្លិង្គនាសម័យនោះ ហើយការចូលសាសនាក្លិង្គ គឺជាការវិវត្តន៍ធម្មតារបស់សង្គម បានជាគេបានជួប ប្រទះនៅស្ថានីយ៍អង្គរបូរី និងនៅតំបន់នានាជុំវិញរាជធានីបុរាណនេះ នូវក្រឡ និងឆ្នាំង ដែលមានចំនួនច្រើន លើសលប់រាប់មិនអស់។ កត្តានេះក៏បញ្ជាក់ឲ្យឃើញ នូវការរីកដុះដាល ឬភាពរុងរឿងនៃសាសនាក្លិង្គ ក្នុងសង្គម ខ្មែរបុរាណ។

គប្បីរំលឹកឡើងវិញថា ការធ្វើភាជន៍នៅតែរស់រវើកនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដូចជានៅខេត្តកំពង់ ឆ្នាំង និងខេត្តតាកែវជាដើម ទាំងនេះបញ្ជាក់នូវនិរន្តភាពនៃប្រពៃណីធ្វើចានឆ្នាំងរបស់ខ្មែរ ដែលជាសមិទ្ធិផលមួយ មានអាយុកាលរាប់ពាន់ឆ្នាំមកហើយ។

ពពួកសត្វស្រុក និងសត្វព្រៃ

តាមរូបដែលគេឆ្លាក់នៅលើបន្តោងធ្វើអំពីកែវស្ល និងចម្លាក់ដីដុត នៃស្ថានីយ៍អង្គរបូរី យើងអាចសង្កេត ឃើញនូវសត្វមួយចំនួន ដែលរស់នៅតាមព្រៃ ឬក្នុងភូមិស្រុក ដូចជាប្រើស រមាស ខ្លា គោ ក្របី ឆ្កែ ឆ្មា ស្វា កណ្តុរ ដំរី ទន្សាយ សេះ ជាដើម។

រីឯសត្វស្លាបវិញ យើងបានឃើញសត្វក្រួច ក្ងោក មាន់ និងមេអំបៅ។ ចំណែកសត្វដែលរស់ក្នុងទឹកសាប មានត្រី កង្កែប ហ៊ីង អណ្តើក កន្ធាយ ពស់។ វត្តមានរបស់សំបកខ្យងសមុទ្រដូចជាឆ្អឹងត្រីបបែល និងរូបចម្លាក់មឹក ជាភស្តុតាងនៃទំនាក់ទំនងផ្នែកពាណិជ្ជកម្មរវាងអង្គរបូរី នឹងឈូងសមុទ្រសៀមសព្វថ្ងៃ។

សារសំខាន់របស់វត្ថុបុរាណទាំងឡាយខាងលើនេះ អាចធ្វើឲ្យយើងស្គាល់នូវបរិស្ថាន ដែលខ្មែនាសម័យ នគរភ្នំរស់នៅប្រចាំថ្ងៃយ៉ាងប្រាកដ។ យ៉ាងណាមិញ វត្ថុបុរាណទាំងនោះ ក៏អាចឲ្យយើងដឹងនូវប្រភេទសត្វ ដែល ជនជាតិខ្មែរយើងទទួលទានជាម្ហូបអាហារផងដែរ។

វិស័យនិយោបាយក្រៅប្រទេស

តាមរយៈវត្ថុបុរាណ ដូចជាកាក់ ផ្គាំ ចង្កៀង បដិមាករ និងកំណត់ហេតុចិន យើងអាចសន្និដ្ឋានថា នគរភ្នំ បានមានស្ពានមេត្រីជាមួយប្រទេសឥណ្ឌា ប្រទេសចិន និងជាពិសេស ចក្រភពរ៉ូម៉ាំង។ ទំនាក់ទំនងទាំងនេះ ត្រូវបានធ្វើឡើងយ៉ាងសកម្ម តាមរយៈផ្លូវទូតនិងផ្លូវពាណិជ្ជកម្មផង តែក្រោយមក មានក៏ការរអាក់រអួល ចាប់តាំង ពីចុងសតវត្សរ៍ទី៦ នៃគ.ស. ដែលជាហេតុធ្វើឲ្យសេដ្ឋកិច្ចនគរភ្នំចុះទន់ខ្សោយ រហូតដល់មានការចុះខ្សោយនូវ អំណាចកណ្តាលរបស់នគរភ្នំ ដែលត្រូវប្រឈមនឹងការងើបរើបំរាស់របស់ចេនឡា ហើយបន្តិចម្តងៗ ចេនឡា បានធ្វើការគាបសង្កត់ រហូតបានលេបចក្រភពភ្នំ នៅទីបញ្ចប់តែម្តង។