ស្រាវជ្រាវដោយ៖ សឺង សម្រេច/VOKK
សិលាចារឹកនេះត្រូវបានចារឡើង នៅសតវត្សរ៍ទី៦នៃគ.ស. ហើយបានឲ្យដឹងថា ព្រះបាទ រុទ្រវម៌្ម ទ្រង់កាន់សាសនាព្រះពុទ្ធ ហើយគោរពព្រះសរីរិកធាតុ ដែលជាកេសាមួយសរសៃ ជាទីសក្ការៈ បូជា នៃព្រះសម្មាសម្ពុទ្ធ។ តាមឯកសារចិន ព្រះកេសាមួយសរសៃនេះ ត្រូវព្រះចៅក្រុងចិននៃរាជវង្សស៊ីខាងត្បូង បានសុំ ហើយយកបាត់ទៅ។ ចំពោះខ្លឹមសារនៃសិលាចារឹកនេះ យើងមានសេចក្តីសង្ខេប នៃសេចក្តីបកប្រែ ដោយព្រះតេជគុណព្រះនាម ប៉ាង ខាត់ ដូចខាងក្រោមនេះ៖ “ ព្រះជិនស្រីទ្រង់ឈ្នះនូវសឹកសត្រូវ ពោលគឺកិលេសព្រមទាំងវាសនា ទ្រង់ប្រកបដោយសម្បទា គ្រប់ប្រការ មានពោធិញ្ញាណឥតទើសទាល់សល់ជំពាក់អ្វីឡើយ មានព្រះទ័យប្រកបដោយករុណា ចំពោះសព្វសត្វ មានព្រះយសធំទូលាយឥតមានមន្ទិលឡើយ ហើយផ្សាយទៅគ្រប់ទិសានុទិស។ ព្រះអង្គស្រោចស្រង់សត្វដែលលិចលង់ក្នុងវាលវត្តសង្សារ គឺត្រៃភព ហើយបានផ្តល់ត្រើយត្រានឋាន ព្រះនិព្វាន ដ៏ឧត្តមរកអ្វីប្រៀបពុំបានឡើយ។ ព្រះស្រីធាតុ(គឺព្រះបរមសរីរិកធាតុ)ព្រះអង្គដែលតែងតែ ផ្តល់ផលប្រយោជន៍ធំដល់សព្វសត្វទាំងឡាយ ក៏នៅតែផ្តល់ប្រយោជន៍ដល់សព្វសត្វ លុះរហូតដល់ ឥឡូវនេះ…។ អំពើជាព្រះរាជកិច្ច ដែលទ្រង់(ព្រះបាទរុទ្រវម៌្ម) បានបំពេញចំពោះព្រះធម៌ ហើយមិនមែន ត្រឹមតែព្រះរាជករណីយកិច្ចប៉ុណ្ណោះទេ គឺទ្រង់បំពេញដើម្បីអនុគ្រោះដល់សត្វលោកទាំងមូលផង។ ទ្រង់ គោរពព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ …ទ្រង់បានតាំងព្រះអង្គពេញជាឧបាសក ដែលឥតមានអំពើបាប លាមក…”។
មុននឹងសរុបសេចក្តី គប្បីរំលឹកថា ការប្រើអក្សរសាស្ត្របានត្រូវប្រព្រឹត្តឡើង តាំងតែពីស.វ. ទី១ នៃ គ.ស. ក្នុងខណ្ឌសីមានៃអតីតៈនគរភ្នំ ដូចជានៅម្តុំដែនដែនដីសណ្តកម្ពុជាក្រោម ឬនៅខេត្តដែលនៅ ជាប់មាត់សមុទ្រមួយចំនួននៃប្រទេសថៃ ដូចជាខេត្តសុផាន់បូរី(សុវណ្ណបូរី)យ៉ាលា នគរស្រីធម្មរាជ។ល។ ដែលស្ថិតនៅក្រោមឥទ្ធិពលនៃវប្បធម៌ក្លិង្គ នាគ្រាបឋមនៃប្រវត្តិសាស្ត្រ។ បញ្ហាដែលចោទនៅទីនេះ ចំពោះអ្នកស្រាវជ្រាវគឺ តើចាត់ទុកថា វត្តមានរបស់តួអក្សរទាំងនោះ ដែលភាគច្រើនបានត្រូវគេសរសេរ ឡើង នៅលើបន្តោងខ្សែកដែលពាក់ជាគ្រឿងអលង្កាជាដើម ជាភស្តុតាងនៃអក្សរសាស្ត្រខ្មែរដែរឬទេ? ចំពោះបញ្ហានេះ យើងពុំអាចសន្និដ្ឋានដោយច្បាស់លាស់បានទេ ក៏ប៉ុន្តែអ្វីៗដែលយើងអាចនិយាយបាន គឺអក្សរសាស្ត្រក្លិង្គ បន្តិចម្តងៗ បានជ្រាបចូលក្នុងគំនិតបណ្តាជនខ្មែរតាំងពីដើមសតវត្សរ៍ទី១ម៉្លេះ ដូចជា គម្ពីរដីកាឬជាតកនានា ដែលជាយានយ៉ាងសំខាន់នៃសាសនាក្លិង្គទាំងពីរ គឺព្រហ្មញ្ញសាសនានិងព្រះពុទ្ធ សាសនា។ កត្តានៃការចម្រើនរបស់អក្សរសាស្ត្រខ្មែរ នាស.វ.ទី៣ នៃគ.ស. គឺការផ្សព្វផ្សាយនៃសាសនា ដែលគេអាចកំណត់យ៉ាងច្បាស់លាស់ប្រាកដ តាមរយៈសិលាចារឹក វូកាញ់។
សូមជម្រាបថា បើយើងយកអត្ថបទនៃសិលាចារឹកទាំងប៉ុន្មានខាងលើនេះ ដែលប្រកបដោយ ហេតុការណ៍វប្បធម៌-អារ្យធម៌ខ្មែរដំបូងមកវិភាគ យើងអាចសន្និដ្ឋានដោយឥតមន្ទិលសង្ស័យថា ខ្មែរ យើងមានអក្សរសាស្ត្ររបស់ខ្លួន មានលក្ខណៈភស្តុតាងយ៉ាងពិតប្រាកដមែន ចាប់តាំងពីសតវត្សរ៍ទី៣ នៃគ.ស. ថ្វីត្បិតតែអក្សរសាស្ត្រនាសម័យនោះ បានត្រូវសរសេរឡើងជាភាសាសំស្ក្រឹតក៏ដោយ។ ម៉្យាង ទៀត យើងក៏អាចសន្និដ្ឋានដែរថា គោលបំណងរបស់អ្នកតែងអត្ថបទសិលាចារឹកនាសម័យបុរាណ គ្មានបំណងអ្វីក្រៅពីការលាតត្រដាង នូវប្រវត្តិស្តីពីព្រះមហាក្សត្រ ឬវីរជនសម័យនោះ ដែលសព្វព្រះរាជ ហប្ញទ័យចំពោះជំនឿក្នុងសាសនា ដូចជាព្រះរាជឳវាទស្តីពីការអន្ទោលកើតស្លាប់របស់មនុស្សលោកក្នុង វដ្តសង្សារ ឬអំពីវណ្ណកម្មនានា ដូចជាការធ្វើអំណោយ ព្រះរាជសម្បត្តិ ចំពោះប្រាសាទ និងវត្តអារាម នានា ឬក៏ការកសាងនូវសាសនា វត្ថុសម្រាប់ជាគ្រឿងសក្ការៈបូជាក្នុងព្រះរាជាណាចក្រ។
សូមកត់សម្គាល់ថា វិធីតែងអត្ថបទសិលាចារឹកខ្មែរនាសម័យនោះ ក៏ដូចជាសម័យក្រោយៗទៀត ដែរ គឺមានសេចក្តីផ្តើម តួសេចក្តី និងសេចក្តីបញ្ចប់។ រីឯអត្ថរសនៃអត្ថបទសិលាចារឹកទាំងនោះ ដែលជា តម្លៃមូលដ្ឋាន គឺស្ថិតនៅលើសង្គមរស់ នាសម័យកាលនោះ។ ដូច្នេះហើយ បានជាការសិក្សានូវអត្ថបទ សិលាចារឹកបុរាណ អាចឆ្លុះបញ្ចាំងឲ្យយើងស្គាល់ដឹងអំពីការរស់នៅ និងជំនឿទំនៀមទម្លាប់របស់ជន ជាតិខ្មែរយើងនាសម័យបុរាណកាល ដែលបានកន្លងហួសទៅហើយ។
ជាទីបញ្ចប់ គ្រប់ផ្នែកអក្សរសាស្ត្រនាសម័យនោះ ពុំទាន់មានលក្ខណៈប្រជាប្រីយដូចសព្វថ្ងៃនៅ ឡើយទេ ក៏ប៉ុន្តែមានលក្ខណៈដ៏ពិសេសមួយ គឺបំរើសាសនា ពោលគឺព្រហ្មញ្ញសាសនានិងព្រះពុទ្ធ- សាសនា។
ក– វិស័យពាណិជ្ជកម្មៈ
វត្ថុប្រើប្រាស់ដែលគេបានផលិតឡើង ពុំមែនគ្រាន់តែសម្រាប់ប្រើប្រាស់ជាឧបករណ៍តែប៉ុណ្ណោះ ទេ ក៏ប៉ុន្តែក៏សម្រាប់ជួញដូរដែរ ដូច្នេះហើយ បានជាវត្ថុទាំងនោះបានធ្វើដំណើរយ៉ាងឆ្ងាយ ពីទីតាំងដើម របស់ខ្លួន។ ពាណិជ្ជកម្មអាចធ្វើក្នុងស្រុកនិងក្រៅស្រុក ហើយបង្កើតបានជាប្រព័ន្ធពាណិជ្ជកម្មមួយយ៉ាង សកម្ម។
ដោយសារមូលហេតុដូចខាងលើនេះហើយ បានជាគេបានជួបប្រទះនូវលក្ខណៈដូចគ្នា ឬ ឯកភាពនៃវត្ថុបុរាណមួយចំនួន ដូចជាទេវរូប ព្រះពុទ្ធរូប ចានក្បានធ្វើអំពីដីដុត ដែលយើងបានជួប ប្រទះក្នុងខេត្តនានា នៃព្រះរាជាណាចក្រកម្ពុជាបច្ចុប្បន្ននេះ។
ប្រភពឯកសារក៏បានឲ្យដឹងទៀតថា ក្នុងវិស័យពាណិជ្ជកម្ម អាណាចក្រភ្នំមានការទាក់ទងយ៉ាង ជិតស្និទ្ធជាមួយអាណាចក្រ លិនយី តាមផ្លូវគោកនិងផ្លូវទឹក។
អ្នកការទូតម្នាក់ដែលបានមកដល់នគរភ្នំក្នុងអម្លុងសតវត្សរ៍ទី៣ នៃគ.ស. បានកត់ត្រាថា លោក បានជួបនឹងគណៈទូតឥណ្ឌៀ ដែលមកពីភូមិភាគកណ្ដាលនៃប្រទេសនេះ។
សូមជម្រាបបញ្ជាក់ថា ទំនាក់ទំនងពាណិជ្ជកម្មរវាងនគរភ្នំនិងប្រទេសឥណ្ឌានាសម័យនោះ មាន សភាពជិតដិតគ្នាណាស់។ ដូច្នេះ វត្តមានក្លិង្គក្នុងរាជធានីខ្មែរជារឿងធម្មតា គឺគ្មានហេតុអ្វីធ្វើឲ្យយើង ភ្ញាក់ផ្អើលនោះទេ រីឯភាគីចិនវិញក៏ដូចគ្នាដែរ ហើយទំនាក់ទំនងនេះ បានស្ថិតនៅជារហូតដល់ បច្ចុប្បន្នកាលនេះ។ ប្រភពព័ត៌មានចិនបានឲ្យដឹងទៀតថា ក្នុងរជ្ជកាលរបស់ព្រះបាទ ហ្វាន់ ឆេម៉ាន់ ក៏ គេបានឃើញបុរសម្នាក់មកពីប្រទេស តានយ៉ាង ដែលមិនដឹងច្បាស់ថានៅក្នុងខេត្តណា បានមកលក់ដូរ ជួញប្រែក្នុងប្រទេសឥណ្ឌា និងក្នុងនគរភ្នំ។
ចំពោះព្រះមហាក្សត្រខ្មែរ ហ្វាន់ ឆេម៉ាន់ ដែលគ្របគ្រងនគរភ្នំនាសម័យនោះ តាមការស្រាវជ្រាវ នៃអ្នកប្រាជ្ញមួយចំនួន អាចឲ្យយើងដឹងថា ឈ្មោះនេះត្រូវនឹងភាសាសំស្ក្រឹត “ស្រីមរញ” នៃសិលាចារឹក វូកាញ់។
ខ- ទំនាក់ទំនងផ្នែកវប្បធម៌និងបច្ចឹមប្រទេសៈ
ថ្វីត្បិតតែកំណត់ហេតុចិនបានឲ្យដឹង ពីគ្រាដំបូងរបស់អាណាចក្រភ្នំថា ខ្មែរយើងមានទំនាក់ ទំនងយ៉ាងជិតស្និទ្ធជាមួយប្រទេសចិននិងឥណ្ឌា ប៉ុន្តែយើងត្រូវដឹងទៀតថា ក៏នៅមានប្រទេសមួយចំនួន ទៀតដែរ បានចងមេត្រីភាពជាមួយខ្មែរយើង ដូចជាពិភពអឺរ៉ូប និងរ៉ូម៉ាំង។
ភស្តុតាងពាណិជ្ជកម្មរវាងអាណាចក្រភ្នំ ជាមួយប្រទេសទាំងឡាយនោះ ត្រូវបានគេដឹងតាម វត្ថុបុរាណដែលគេបានរកឃើញ នៅក្នុងតំបន់ជាច្រើនដែលស្ថិតនៅតាមវាលទំនាប និងឆ្នេរសមុទ្រ សៀម និងវៀតណាមខាងត្បូងសព្វថ្ងៃនេះ ដែលស្ថិតនៅក្នុងបរិវេណរបស់ដែនដីខ្មែរ តាំងពីសម័យ បុរាណកាលមកម៉្លេះ។ សូមជម្រាបថា តំបន់ទាំងអស់នេះ ត្រូវគេផ្តាច់ចេញពីព្រះរាជាណាចក្រខ្មែរ ក្រោយ ពីការបង្កើតរដ្ឋរបស់សៀម និងយួន នៅលើតំបន់ទាំងនោះ ដែលជាហេតុនាំឲ្យមានការផ្តាច់ ជនជាតិខ្មែរ ពីតំបន់សមុទ្រ។
សូមរំលឹកឡើងវិញថា ការផ្សារផ្ជាប់ជនជាតិខ្មែរទៅនឹងតំបន់សមុទ្រឡើងវិញ ត្រូវបានធ្វើឡើង ក្នុងរជ្ជកាលព្រះបាទ នរោត្តម និងព្រះបាទ នរោត្តម សីហនុ ដោយមានការបង្កើតខេត្តថ្មី ដូចជាខេត្ត កំពត និងក្រុងព្រះសីហនុ ជាដើម។
ភស្តុតាងបង្ហាញពីពាណិជ្ជកម្មជាមួយបរទេស ត្រូវបានរកឃើញនៅតាមតំបន់ជាច្រើន ដែល ធ្លាប់ជាកំពង់ផែអន្តរជាតិ ដូចជាកញ្ចនបូរី អូរកែវ កំពង់ពោធិ អង្គរបូរី…។ល។ និងមានជាអាទិ៍ដូចជាវត្ថុ ធ្វើអំពីប្រាក់ សំរឹទ្ធ ស្ពាន់ និងមាស ដែលមានរូបព្រះចៅអធិរាជ រ៉ូម៉ាំងជាច្រើនអង្គ អង្កាំធ្វើពីកែវស្ល មាន រូបស្តេចនៃរាជវង្ស ហ្សានិដ ចង្កៀងរ៉ូម៉ាំងធ្វើពីសំរឹទ្ធនិងដីដុត ផ្កាថ្មនិងកែវ មានពណ៌ចម្រុះ ចិញ្ចៀន ក្រវិលច្រមុះនិងត្រចៀក។
គួររំលឹកឡើងវិញដែរថា ដើម្បីជាព័ត៌មានទួទៅចំពោះអ្នកស្រាវជ្រាវវត្ថុបុរាណមួយភាគតូច ដែល បានមកពីស្ថានីយ៍ប្រវត្តិសាស្ត្រ ដែលមានប្រភពចេញមកពីប្រទេសអឺរ៉ូប ក្លិង្គ និងចិន ដូចជាភាជន៍ ដែលមានជំពូកកញ្ចក់ឆ្លុះ គ្រាប់អង្កាំ។ ប៉ុន្តែមួយភាគធំនៃវត្ថុបុរាណ ត្រូវបានខ្មែរយើងផលិតនៅក្នុង ទឹកដីនគរភ្នំ ដោយគ្រាន់តែចម្លងបែបពីគេតែប៉ុណ្ណោះ។
រួមសេចក្តីមក ការដែលធ្វើស្ថិតិ ឬកាប្រៀបធៀបវត្ថុបុរាណដែលជាសម្ភារៈប្រចាំថ្ងៃ ឬជាគ្រឿង អលង្ការ ដោយរាប់តាមចំនួន ដូចជាចំនួនជារបស់ក្លិង្គមានចំនួនច្រើនជាជារបស់ចិន ឬក៏វត្ថុរបស់រ៉ូម៉ាំង មានតិចជាងវត្ថុបុរាណចិន ដែលជាកិច្ចមួយគ្មានសារសំខាន់ចំពោះយើង ដោយមូលហេតុពីរប្រការ ដែលយើងទុកជាចម្បងៈ
ទី១-ការស្រាវជ្រាវពុំទាន់បានធ្វើទូទាំងទឹកដីនគរភ្នំ ដោយត្រូវរាប់បញ្ចូលក្នុងសំយោគ នូវលទ្ធផល ដែលស្រាវជ្រាវពីស្ថានីយ៍ប្រវត្តិសាស្ត្រ ដែលស្ថិតនៅតាមឆ្នេរសមុទ្រសៀមសព្វថ្ងៃ ឬនៅតាមតំបន់នានា នៃខេត្តតាកែវ។
ទី២-លើការស្រាវជ្រាវដែលពុំទាន់ត្រូវគេបញ្ចប់នៅឡើយ។
តាមពិត វត្ថុបុរាណដែលមានប្រភពផ្សេងៗ គ្រាន់តែជាសក្ខីភាពមួយសម្រាប់ឆ្លុះបញ្ចាំងឲ្យរាល់ គ្នាដឹងថា ជនជាតិខ្មែរនាដើមសតវត្សរ៍ទី១នៃគ.ស. មានទំនាក់ទំនងជាមួយប្រទេសជាច្រើន ក្នុងវិស័យ សេដ្ឋកិច្ចនិងវប្បធ៌តែប៉ុណ្ណោះ។ យ៉ាងណាមិញ ទំនាក់ទំនងផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម នយោបាយ និងវប្បធម៌ខាងលើនេះ មានលក្ខណៈសាកល ហើយក៏ជាយានសម្រាប់អភិវឌ្ឍន៍សង្គមមនុស្ស ឲ្យមាន ភាពលូតលាស់រុងរឿង។