ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ
សង្គ្រាមពាក្យសម្តីរវាង លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ និង លោក អ៊ូ វីរៈ ប្រធានមជ្ឈមណ្ឌលសិទ្ធិ មនុស្សកម្ពុជា ជុំវិញពាក្យ «យួន» នៅមិនទាន់បញ្ចប់នៅឡើយទេ ។ សម្រាប់លោកបណ្ឌិតអក្សសាស្ត្រខ្មែរ ច័ន្ទ សំណព្វ ពាក្យ «យួន» គ្មានន័យមើលងាយទេ ! ។

លោក ច័ន្ទ សំណព្វ បណ្ឌិតអក្សរសាស្ត្រខ្មែរ និងជាអនុប្រធានរាជបណ្ឌិតសភាកម្ពុជា បានពន្យល់ប្រាប់ សារព័ត៌មានថ្មីថ្មី ចំពោះ ពាក្យ «យួន» ថា មិនមានអត្ថន័យមើលងាយទេ ។ ពាក្យនេះ វាគ្រាន់តែការដាក់ងារឲ្យដោយ ប្រជាជនខ្មែរ ប៉ុណ្ណោះ ។ បើយោងតាមឯកសារចិនមួយចំនួន ពាក្យ «យួន» នេះ អាចមកពីពាក្យដើមរបស់ប្រទេសវៀតណាមថា «យៀកណាន់»។ តាមរយៈពាក្យនេះ ចិនហៅវៀតណាមថា «យៀកណាន់» តែខ្មែរវិញមិនហៅថា «យៀក» ដូចចិនទេ តែបែរជាហៅថា«យួន»វិញ ។
លោក ច័ន្ទ សំណព្វ បានរំឭកថា សម្តេចព្រះបាទ នរោត្តម សីហនុ កាលពីអតីតកាល មិនដែលហៅប្រទេសវៀត ណាម ថា «វៀតណាម» នោះទេ ។ ព្រះអង្គតែងតែហៅថា «យៀកណាម» ។ រីឯ លោក ប៉ុល ពត វិញ លោកបានហៅ ជនជាតិយួនថា «អាយួន» ។
សរុបសេចក្តីមកវិញ សម្រាប់លោក សំណព្វ ពាក្យ «យួន» មិនមានន័យមើលងាយទេ ។ ខ្មែរក្រោម នៅកម្ពុជា ក្រោម ដែលបច្ចុប្បន្ន នៅភាគខាងត្បូបប្រទេសវៀតណាមក៏ហៅជនជាតិយួនថា «យួនៗ» ដែរ ហើយគ្មានជនជាតិ យួន ណាម្នាក់ខឹងនោះទេ ។
លោក អ៊ូ វីរៈ ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា កាលពីថ្ងៃទី ១៨ ខែធ្នូ នៅតែបន្តប្រកាន់ជំហរថា ការប្រើ ពាក្យថា “យួន” របស់ លោក សម រង្ស៊ី ជាការរើសអើងនឹងជនជាតិយួនដដែល ។
លោក អ៊ូ វីរៈ បានបញ្ជាក់ក្នុងសេចក្ដីថ្លែងការណ៍កាលពីថ្ងៃពុធ ទី ១៨ ខែធ្នូ ថា “ការស្តីបន្ទោសលើប្រជាពលរដ្ឋវៀតណាម និងប្រទេសវៀតណាមចំពោះបញ្ហានានាដែលកម្ពុជា ប្រឈមនៅពេលបច្ចុប្បន្ន គឺជាគ្រោះថ្នាក់និងជាការ ខ្ជះខ្ជាយពេល វេលា ។ លោកបន្តថា គ្រប់គណបក្សនយោបាយ និងបុគ្គលសាធារណៈទាំងអស់គួរទទួលខុស ត្រូវក្នុងការលុបបំបាត់ ការរើសអើងជាជាងការចាក់សាំងលើភ្លើង ។ ក្នុងនាមជាអង្គការសិទ្ធិមនុស្ស លោកត្រូវតែលើកឡើងពីបញ្ហា ទាំងនេះ និងបង្ហាញពីករណីរំលោភបំពានសិទ្ធិមនុស្សរបស់គណបក្សកាន់អំណាច ក៏ដូចជាគណបក្សប្រឆាំង ។
កាលពីថ្ងៃទី ១២ ខែធ្នូ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានប្រតិកម្មចំពោះសម្ដីរបស់ លោក សម រង្ស៊ី ប្រធានគណ បក្សសង្គ្រោះជាតិ ដែលបានថ្លែងទៅកាន់អ្នកគាំទ្រនៅខេត្តសៀមរាប ថា លោក ហ៊ុន សែន អន់ជាងអ្នកស្រី យិង លក្សណ៍ ជិនវ័ត្រ (Yingluck Shinawatra) នាយករដ្ឋមន្ត្រីថៃ ដែលហ៊ានរំលាយសភា និងអនុញ្ញាតឲ្យមានការបោះ ឆ្នោតឡើងវិញនៅប្រទេសថៃ ។ ក្នុងលិខិតដដែលនោះ ក៏បានលើកឡើងអំពីការប្រើពាក្យ “យួន” ថាជាពាក្យសម្ដីបង្អាប់ បង្អោន និងការរើសអើងពូជសាសន៍លើជនជាតិ “យួន” ដែលលោក អ៊ូ វីរៈ ហៅថា “វៀតណាម” ។
រដ្ឋាភិបាលវៀតណាមមិនបានប្រកាសហាមប្រើពាក្យ “យួន” ៖
ថ្លែងប្រាប់វិទ្យុអាស៊ីសេរី សមាជិកក្រុមប្រឹក្សាភិបាលនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោកបណ្ឌិត កែម ឡី បានអះ អាងថា ការថ្លែងជាសាធារណៈរបស់លោក អ៊ូ វីរៈ គឺជារឿងបុគ្គល ហើយលោកមិនយល់ស្របចំពោះការប្រើពាក្យ “យួន” នេះ ថា គឺជាពាក្យសម្ដីបង្អាប់បង្អោន និងរើសអើងដល់ពលរដ្ឋវៀតណាម នោះទេ ។
លោកបណ្ឌិត កែម ឡី ដែលជាអ្នកវិភាគឯករាជ្យសង្គមដែរនោះ បានបន្តថា ពាក្យយួននេះ ត្រូវបានគេប្រើជាសាមញ្ញ នៅកម្ពុជា ជាយូរយារណាស់មកហើយ មិនដែលរដ្ឋាភិបាលវៀតណាម ចេញប្រកាសជាផ្លូវការមិនឲ្យប្រើនោះទេ រហូត មកដល់ពេលនេះ ។
ក្រោយពីការផ្សព្វផ្សាយលិខិតចំហនោះមក មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ទទួលរងការរិះគន់ជាច្រើនតាម រយៈ បណ្ដាញ ផ្សព្វផ្សាយ សង្គមថា ពាក្យ “យួន” ពុំមែនជាពាក្យសម្ដីបង្អាប់បង្អោនដល់វៀតណាម នោះទេ ។
អត្ថន័យពាក្យ “យួន” និង “វៀតណាម”៖
បើផ្អែកលើវចនានុក្រុមសម្តេចសង្ឃ ជួន ណាត ពាក្យថា បានពន្យល់ត្រង់ពាក្យ “យួន” មានសេចក្ដីថា៖
«យួន» គឺ ជាតិមនុស្សអ្នកដែនតុងក័ង ដែនអណ្ណាម ដែនកូស័ងស៊ីន ។ យួនតុងក័ង យួនកូស័ងស៊ីន យួនដែនអណ្ណាម ។ ពាក្យសាមញ្ញច្រើនហៅយួនតុងក័ង ថា យួន ហាណូយ។ ហៅយួនអណ្ណាម ថា យួន ហ្វេ។ ហៅយួនកូស័ងស៊ីនថា យួន ព្រៃនគរ “។
វចនានុក្រមរបស់សម្តេចសង្ឃជួនណាគ្រាន់តែពន្យល់ពាក្យ «យួន» គឺជាប្រភពនៃជនជាតិប៉ុណ្ណោះ ។ ប៉ុន្តែវចនានុ ក្រមនេះមិនបានពន្យល់ពាក្យ «យួន» ថា មានន័យយ៉ាងណានោះទេ ។
ជនជាតិកិន (Kinh) ជាឈ្មោះផ្លូវការសម្រាប់ហៅជនជាតិ ឬ ពូជសាសន៍ “យួន”៖
យោងតាមសព្វាវចនាធិប្បាយ (Wikipedia) ជាភាសាយួនបានពន្យល់អំពីជនជាតិយួនថា “យួន” ជាជន ជាតិមួយ មានប្រភពនៅភាគខាងជើង នៃប្រទេសវៀតណាម និងភាគខាងត្បូងនៃប្រទេសចិន ។ នេះគឺជាជន ជាតិមួយដែល មាន ចំនួនប្រមាណជិត ៩០ % នៃបណ្តាពលរដ្ឋវៀតណាមទាំង ៥៤ ជនជាតិ នៃប្រទេសវៀតណាម ។ បច្ចុប្បន្ន ជនជាតិ ឬ ពូជជាតិ “យួន” មួយនេះ ត្រូវបានរដ្ឋាភិបាលបក្សកុម្មុយនិស្តវៀតណាមប្រើឈ្មោះជាផ្លូវការ ក្នុងភាសាយួនថា ជនជាតិ កិញ ( Dân tộc Kinh) ដើម្បីបែងចែកឲ្យបានច្បាស់លាស់ រវាងជនជាតិដើមភាគតិច នីមួយៗ ទាំង ៥៣ ជនជាតិ ដទៃទៀត នៅក្នុងប្រទេសវៀតណាម ក្នុងនោះ មានខ្មែរក្រោម , ចាម, ហ្មុង និង ព្នង ជាដើម ។

“វៀតណាម” ជាឈ្មោះសម្រាប់ហៅប្រទេស៖
វៀតណាមជាឈ្មោះប្រទេសនៃជនជាតិយួនដែលមានឈ្មោះពេញថា សាធារណរដ្ឋ សង្គម និយម វៀតណាម ។ ឈ្មោះនេះ ត្រូវបានបក្សកុម្មុយនិស្តវៀតណាម ប្រើជាផ្លូវការចាប់ពីថ្ងៃទី ០២ ខែកក្កដា ឆ្នាំ ១៩៧៦ រហូតមកដល់ បច្ចុប្បន្ន ដែលមានទំហំផ្ទៃដីប្រមាណ ៣៣១.៦៩០ km2 ៕