អគ្គលេខាធិការ​សហប្រជាជាតិ​ផ្ញើ​សារ ជូន​ពុទ្ធបរិស័ទ​ថ្ងៃបុណ្យ​វិសាខបូជា​

ដោយ ថាច់ ប្រីជា គឿន

​នៅ​ថ្ងៃទី ១០ ខែឧសភា ឆ្នាំ ២០១៧ ត្រូវ​នឹង​ថ្ងៃ ១៥ កើត ខែវិសាខ អង្គការសហប្រជាជាតិ បាន​ប្រារព្ធ បុណ្យ​វិសាខបូជា​អន្តរជាតិ នៅ​ការិយាល័យ​កណ្ដាល​របស់​ខ្លួន នាទី​ក្រុង New York សហរដ្ឋអាមេរិក និង​ការិយាល័យ​អង្គការសហប្រជាជាតិ នៅតាម​តំបន់​ផ្សេងទៀត​ដើម្បី​រំឭក​ដល់​ថ្ងៃ​ព្រះពុទ្ធ ទ្រង់​ប្រសូត បាន​ត្រាស់ និង​បរិនិព្វាន ។​

លោក António Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ ។
លោក António Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ ។

នៅក្នុង​ថ្ងៃបុណ្យ​វិសាខបូជា​នេះ អគ្គលេខាធិការ​អង្គការសហប្រជាជាតិ លោក António Guterres បាន​ថ្លែង​សារ​ទៅកាន់​ពុទ្ធបរិស័ទ និង​មនុស្សជាតិ​ទូទាំង​ពិភពលោក​ថា នៅក្នុង​ថ្ងៃ​វិសាខបូជា​នេះ សូម​ឲ្យ​មនុស្ស​គ្រប់រូប​រំឭក​នឹក​ដល់​បញ្ញា​គុណ​របស់​ព្រះពុទ្ធ​ជា​ម្ចាស់ តាមរយៈ​ការធ្វើសកម្មភាព​ស​ម្រា​ប់​អ្នកដទៃ​ប្រកបដោយ​ស្មារតី​សាមគ្គី​ដ៏​ខ្លាំងក្លា​បំផុត ។​

លោក​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ António Guterres បាន​ថ្លែង​យ៉ាងនេះ​ថា​៖

“​ខ្ញុំ​សូម​ប្រគេន និង​ជូនពរ​ប្រកបដោយ​ភាពកក់ក្ដៅ​ជាទីបំផុត ដល់​សាធុជន​គ្រប់រូប​ដែល​កំពុងតែ​ប្រារព្ធ​ពិធីបុណ្យ​វិសាខបូជា ដើម្បី​រំឭក​ដល់​ថ្ងៃ​ដែល​ព្រះពុទ្ធ​ជា​ម្ចាស់​ទ្រង់​ប្រសូត ។ មនុស្ស​គ្រប់រូប​អាច​បណ្ដុះ​គំនិត​តាម​ព្រះរាជដំណើរ​របស់​ព្រះអង្គ​បាន ។ ប្រសូត​ក្នុងឋានៈ​ជា​ព្រះរាជបុត្រ ព្រះពុទ្ធ​សក្យមុនី បាន​យាង​ចេញទៅ​កាន់​ពិភពលោក ដើម្បី​ស្វែងរក​ព្រះធម៌ និង​រំដោះ​សត្វលោក​ឲ្យ​រួច​ចាក​ពី​ទុក្ខ​ទាំងពួង ។ ដូចជា​នៅក្នុង​ព្រះ​សូត្រ​បាន​ចែងថា “​សព្វ​សត្វ​ទាំងអស់​តែងតែមាន​ជំ​ង៉ តថាគត​ក៏មាន​ជំងឺ​ដែរ​” ។​

សារ​ប្រកបដោយ​មេ​ត្ត​នេះ នឹង​ឋិត​នៅ​ជា​រៀងរហូត ។ នៅក្នុង​ពិភពលោក​ទំនាក់ទំនង​របស់​យើង វា​មិន​អាចមាន​សន្តិភាព​ទេ ប់ើ​អ្នក​ផ្សេងទៀត​កំពុង​តែមាន​គ្រោះថ្នាក់ មិន​អាចមាន​សន្តិសុខ​ទេ បើ​មនុស្ស​ផ្សេងទៀត​កំពុងតែ​ជួប​គ្រោះ​អត់ឃ្លាន និង​មិនមាន​អនាគត​រឹងមាំ​ទេ ដរាបណា​សមាជិក​ទាំង​អស់នៃ​គ្រួសារ​មនុស្សជាតិ​របស់​យើង​រីករាយ​នៅលើ​បញ្ហា​សិ​ទិ្ធ​មនុស្ស​របស់​ពួកគេ ។ សូម​ឲ្យ​យើងទាំងអស់គ្នា​រំឭក​នឹក​ដល់​បញ្ញា​គុណ​របស់​ព្រះពុទ្ធ​ជា​ម្ចាស់ តាមរយៈ​ការធ្វើសកម្មភាព​ស​ម្រេ​ា​ប់​អ្នកដទៃ​ប្រកបដោយ​ស្មារតី​សាមគ្គី​ដ៏​ខ្លាំងក្លា​បំផុត​” ។​

​សូមបញ្ជាក់ថា មហាសន្និបាត​របស់​អង្គការសហប្រជាជាតិ​បាន​អនុមតិ​លើ​ញត្តិ​លេខ ៥៤/១១៥ ឆ្នាំ ១៩៩៩ ទទួលស្គាល់​បុណ្យ​វិសាខបូជា ថា​ជា​ទិវា​អន្តរជាតិ ដើម្បី​ទទួលស្គាល់​ការចូលរួមចំណែក​រប​ស់​ព្រះពុទ្ធសាសនា​ជា​សាសនា​មួយ​ដែលមាន​វ័យ​ចំណាស់​ក្នុង​ពិភពលោក​មាន​អាយុកាល​ជាង ២៥០០ ឆ្នាំ មកហើយ នៅតែ​បន្តធ្វើ​ឲ្យ​មាន​សទ្ធា (​ជំនឿ​) នៅក្នុង​ចិត្ត​វិញ្ញាណ​របស់​មនុស្សជាតិ ៕​