ដោយ ថាច់ សាវ៉ាន់ l ទី ១០ ខែមេសា ឆ្នាំ ២០១២
សព្វថ្ងៃនេះ ខ្មែរយើង មួយចំនួនធំ ដោយ សារមូលហេតុផ្សេងៗពីគ្នា មានមូលហេតុខ្លះ កើតពីបញ្ហា ជីវភាពជាដើម បានញុំាងឱ្យ អ្នកទាំងនោះ មិនសូវចាប់ អារម្មណ៍ ពីរឿងស្រុកទេស ជាតិ កំណើតរបស់ខ្លួនឡើយ ដោយ គិតថា រឿងរ៉ាវ ទាំងអស់នេះ គឺជា រឿងនយោបាយ ។ អ្នកខ្លះ យល់ ថាការធ្វើ នយោបាយមិន ជាបាន ផលចំណេញអ្វីទេ នាំតែខាត ប្រ យោន៍ ផ្ទាល់ខ្លួន នាំតែជាប់ គុកច្រវាក់ឥតប្រយោជន៍ ម្ល៉ោះ ហើយក៏បណ្ដោយខ្លួន ឱ្យប្រព្រឹត្ត ទៅតាមយថាកម្ម ។

គឺជា អ្នកបួសមួយរូប ជនជាតិអាមេរិចកាំង, ជាអ្នកសកម្មនិយម និង ជាអ្នកដឹកនាំដ៏ពូកែ ក្នុងចលនាទាមទាសិទ្ឋិប្រជាពលរដ្ធ នៃជនជាតិអាមេរិចកាំង, ជាតិអាហ្រ្វិក ។
ប្រសិនបើយើងធ្វើការសាកល្បង ពិនិត្យពិច័យ អំពីបញ្ហាជីវិតនេះ បន្តិចមើល នោះយើងនឹងបាន ឃើញនូវពន្លឺខ្លះៗ អំពីរឿង នយោបាយនេះជាក់ ជាមិនខាន ឡើយព្រោះសកម្មភាពទាំងឡាយ របស់យើងទាំងអស់គ្នា វាតែងតែផ្សារភ្ជាប់ទៅនឺងអ្វី ដែលគេតែងសន្មតថា នយោបាយនោះ ។ បើ ពោលឱ្យងាយស្តាប់ គឺសព្វថ្ងៃនេះ ខ្លួនយើងម្នាក់ៗ ត្រូវទទួលឥទ្ធិពលនយោបាយ ឬថាត្រូវបាន អ្នកខ្លះយកនយោបាយមកប្រើប្រាស់ លើយើង ដើម្បីរកផល ប្រយោជន៍សម្រាប់ខ្លួនគេ ឬក្រុមគ្រួ សារគេ ឬក៏ក្រុមប័ក្សរបស់ពួកគេផងដែរ ។ ដូច្នេះអ្វីដែល យើងចាត់ទុកថាជានយោបាយនោះ វា អាចឱ្យផលជាវិជ្ជមាន ឬក៏ផលជាអវិជ្ជមាន វាអាស្រ័យ ទៅលើសកម្មភាពរបស់យើង ។ ឧទាទហរណ៍ នៅសហរដ្ឋអាមេរិកនេះ កាលពីសតវត្សរ៍ទីម្ភៃកន្លងទៅហើយថ្មី ៗនេះ ជនជាតិ ស្បែក ខ្មៅត្រូវបានគេមើលងាយមើលថោក ដោយហោចទៅ សូម្បីតែការធ្វើដំណើរតាមរថយន្ត ក៏ត្រូវបានទទួលការរើសអើងប្រកាន់ពូជសាសន៍ដែរ ដូចជា ករណីរបស់អ្នកស្រី រ៉ូសា ផាក (Rosa Parks) ជាដើម។ តែដោយសារជនជាតិស្បែកខ្មៅ មាន លោក ម៉ាធីន លុយធើ គិង(Martin Luther King, JR.) ជាដើមបានធ្វើនយោបាយ គឺបាននាំគ្នា រកមធ្យោបាយ (មធ្យ+ឧបាយ )ដ៏ល្អមួយ ដើម្បី បញ្ចប់ ការរើសអើងនេះ បានកែប្រែជីវភាព របស់ពួកគេឱ្យបានប្រសើឡើង ជារៀងរៀបដរាបមក ។ នៅបណ្ដាប្រទេសកំពុងតែអភិវឌ្ឍ ពួកអ្នកមានអំណាច តែងរកកលោបាយ(កិច្ចកល+ឧបាយ) ដើម្បីកេងចំណេញ ឬថា ដើម្បីធ្វើឱ្យជនមួយចំនួន ដែលរស់នៅក្នុងសង្គមឬក្នុងប្រទេសជាមួយគ្នា តែមិនមែនជា សាច់ញាតិពួកក្រុមរបស់ពួកគេឱ្យខ្សោយចុះ ដើម្បីមិនអាចបានទទួលឋានៈស្មើនឹង ខ្លួន ដោយក្រុមមនុស្សអ្នកមានអំណាចទាំងនេះ ព្យាយាមបង្កើតច្បាប់ បំប៉នកម្លាំងលួងលោម ដាក់ ទោសទណ្ឌ ដល់ជនរូបណាមួយ ដែលហ៊ានធ្វើសកម្មភាពផ្ទុយ ពីបំណងរបស់ពួកនកកាន់ អំណាច ។
ការសង្កេតខ្លះៗនេះ ក៏ល្មមអាចឱ្យយើងយល់បានថា នយោបាយពុំមែនអ្វីក្រៅពី សកម្មភាពជីវិត របស់យើងឡើយ វាពិតជាសកម្មភាពទាំងឡាយដែលផ្សារភ្ជាប់ជាមួយ នឹងជីវភាពរបស់យើង ទាំងអស់គ្នា វាគ្រាន់តែខុសគ្នាត្រង់ថា សកម្មភាពខ្លះជាមធ្យោបាយ ឯសកម្មភាពខ្លះទៀត ជាឧបាយកលតែប៉ុណ្ណោះ។
នៅព្រះរាជាណាចក្រកម្ពុជា យើងបានឮតាមវិទ្យុផ្សាយសំឡេង ឬបានឮតៗតាមញាតិមិត្រ ឬក៏បានឃើញ តាមឯកសាររូបភាពនានា មានវីដេអូជាដើម បាននិយាយអំពីទុក្ខលំបាក សោកនាដកម្ម របស់ជនរួមជាតិខ្មែរយើង និងការអភិវឌ្ឍន៍នៅប្រទេសនេះ ។ ចំពោះការ អភិវឌ្ឍន៍នោះ យើងមិនអាចបដិសេធថា ប្រទេសមួយនេះ មិនមានការផ្លាស់ប្ដូរនោះទេ តាមពិតទៅវាមាន ការផ្លាស់ប្ដូរគួរឱ្យកត់សម្គាល់មែន ពោលគឺផ្លាស់ប្ដូរឱ្យមាន ភូមិគ្រឹៈ វីឡា និងអាគារទំនើបៗជាច្រើន បើយើងប្រៀបធៀបរឿងនេះទៅនឹងអតីតកាល។ តែការផ្លាស់ ទាំងនេះ នឹងឆ្លុះបញ្ចាំង ឬអាចចាត់ទុកថាជាការអភិវឌ្ឍន៍បានដែរឬទេ? ឬវាគ្រាន់តែជាការវិវត្តន៍មួយប៉ុណ្ណោះ បើប្រជា ជាតិខ្មែរត្រូវបានគេដេញចេញពីលំនៅឋានរបស់ពួកគាត់ ឱ្យទៅនៅទីចុងកាត់មាត់ញក ឬតំបន់ឆ្ងាយដាច់ ស្រយាល ដែលពុំមានគ្រឿងឧបភោគ គ្រឿងបរិភោគគ្រប់គ្រាន់ សម្រាប់ពួកគាត់ផងនោះ ។
នៅកម្ពុជាក្រោម ឬប្រទេសវៀតណាមវិញ ជនរួមជាតិខ្មែរក្រោមយើងខ្លាចណាស់ រឿងនយោបាយ នេះ ព្រោះថានៅទីនោះ ឱ្យតែសកម្មភាពណាមួយ មានលក្ខណៈមិនស្រប នឹងបំណងរបស់ ជនជាតិយួន ជាពិសេសគឺបំណងរបស់អ្នកកាន់អំណាចយួន នឹងត្រូវបាន គេចោទប្រកាន់ថា ធ្វើនយោបាយ ។ ជាលទ្ធផល គឺអ្នកធ្វើត្រូវជាប់គុក ឬត្រូវគេសម្លាប់ចោល ដូចករណីរបស់ព្រះសង្ឃ និងកុលបុត្តកុលធីតាខ្មែរកម្ពុជាក្រោម កាលពីឆ្នាំ១៩៧៦ និងអម្លុងប៉ុន្មានឆ្នាំខាងដើម នៃទសវត្សទី ៨០ នៅខែត្រព្រះត្រពាំង ដោយកាលណោះ ព្រះសង្ឃនិងកូនចៅខ្មែរយើងគ្រាន់តែ ទៅរៀនអក្សរ ខ្មែរ តាមគោលនយោបាយជនជាតិរបស់រដ្ឋាភិបាលយួន ប៉ុណ្ណោះ។ រឿងនេះ ខាងក្រោយមក រដ្ឋាភិបាលយួន ទោះបីមិនទាន់បានសុំទោសប្រជាជាតិខ្មែរជាសាធារណៈ ក៏ដោយក៏អ្នកដឹក នាំយួនបានក្លែង ធ្វើជាសុំទោស ដោយស្ងាត់ៗ ចំពោះជនរងគ្រោះ និងក្រុមគ្រួសាររបស់ ពួកគាត់ថា អំពើមិនគប្បីដែលបានកើត មានកន្លងមកហើយនោះ គឺជាការប្រព្រឹត្តិឆ្គាំឆ្គងមួយ របស់រដ្ឋាភិបាល មូលដ្ឋាន។ តាមពិតទៅ អំពើឆ្គាំឆ្គងរបស់រដ្ឋាភិបាលមូលដ្ឋាន នៃបក្សកុម្មុយនិស្ដ យួន នៅជំនាន់នោះ គឺជាអំពើ អមនុស្សធម៌មួយ ដែលពិភពលោកតែងតែស្អប់ខ្ពើមជាទីបំផុត។ ទោះបីអំពើខុសឆ្គង ដែលយួនបានប្រព្រឹត្ត រំលោភមកលើប្រជាជាតិខ្មែរ ហើយត្រូវបាន រដ្ឋាភិបាល យួនយល់ថា ជា’’ការភ័ន្ដច្រឡំ’’ ថែមទាំងបាន សុំទោសក្រុមគ្រួសារជនរងគ្រោះក៏ដោយ ក៏វានៅតែជា អភូតហេតុមួយដ៏អាក្រក់ តាមលងខ្មែរគ្រប់ពេល វាលាឱ្យបាក់ស្បាត មិនហ៊ាន និយាយ ឬ មិនហ៊ានធ្វើ នូវសកម្មភាពណាមួយ ដែលទំនាស់នឹងយួន ។ ចំណែកខ្មែរ ដែលមករស់នៅ ឯបរទេសវិញ ក៏ធុញទ្រាន់ឬខ្លាចរអា មិនចង់ ឬមិនហ៊ាននិយាយរឿងស្រុកទេស ជាតិសាសន៏ នេះដែរ។ ចំពោះអ្នក ដែលមានការចាប់អារម្មណ៍ ក្នុងរឿងនេះវិញ បែរជាមានគំនិត ខុសគ្នាមានសកម្មភាព ផ្ទុយគ្នា បង្កើតក្រុមប័ក្សជាច្រើន រហូតដល់ទៅមានក្រុមខ្លះ ធ្វើសកម្មភាព ដើម្បី បំរើមនោគមន៍វិជ្ជាបរទេស បំរើផលប្រយោជន៍បរទស នាំមកនូវភាពវិនាសអន្តរាយ ដល់ប្រជាជាតិខ្មែរ ដែលធ្វើឱ្យកិត្តិយសខ្មែរយើង ធ្លាក់ចុះ រហូតដល់ស្ទើតែរកលេខដាក់គ្មាន។ តាមពិតទៅ ខ្មែរយើងមានអង្គការទីទៃៗពីរគ្នានោះ ក៏មិនជាការ ខុសឆ្គងអ្វីដែរ ព្រោះនេះជា លក្ខណៈ ធម្មតារបស់សង្គមមនុស្ស ដែលមនុស្សរាល់រូបតែងតែមានគំនិត ខុសគ្នានោះឯង។ តែប្រសិន បើការបែកបាក់របស់ខ្មែរ ដូចជាការបាក់បែករបស់ជនបរទេសខ្លះ ដែលគេធ្វើដើម្បីបំរើ ផែនការ ពង្រីកទឹកដីរបស់គេនោះ វាប្រសើណាស់ វាជាមោទនភាពមួយរបស់ខ្មែរយើង ព្រោះវាត្រូវ នឹងពាក្យទំនៀមខ្មែរយើងថា បំបែកដើម្បីរួមមត៌ក។ ផ្ទុយមកវិញ បើខ្មែរយើងនៅប្រកាន់ អស្មិមានះ មិនព្រមធ្វើខ្លួនឱ្យស្របទៅតាមសភាពការណ៍ ឬចរន្តនយោបាយពិភពលោក ទេនោះ តើពេលណា ទៅ ទើបស្រុកយើងនឹងបានទទួលនូវសុខសន្ដិភាព ប្រជាជាតិខ្មែរ នឹងបានថ្កុំថ្កើងរុងរឿង ?។
សកម្មភាពការពារជាតិ រក្សាជាតិរបស់ខ្មែរយើង នៅក្នុងបច្ចុប្បននេះគឺ ជាសកម្មភាពកកស្ទះ ប្រៀបដូចជា យើងកំពុងតែដើរក្នុងផ្លូវជាមួយគ្នា ហើយជាចៃដន្យ នៅកណ្ដាល ផ្លូវខាងមុខ យើងនោះ មានដុំថ្មដ៏ធំមួយដុំ ឋិតនៅរារាំងឃាំងឃាត់ ដែលជាឧបសស័គ្គនៃដំណើររបស់យើង ហើយយើងទាំងអស់គ្នា កំពុងតែខិតខំ បញ្ចេញកម្លាំងរៀងៗខ្លួន ដើម្បីរុញច្រានដុំថ្មដ៏ធំនោះ ឱ្យរមៀលចេញផុតពីផ្លូវដើររបស់យើង ប្រយោជន៏ឱ្យយើង អាចធ្វើដំណើរបានដល់ទិសដៅ ។ តែគួរឱ្យ អនិច្ចា! អ្នករុញទាំងអស់គ្នាកំពុងតែរុញបញ្ច្រាស់គ្នា ខ្លះរុញពីត្បូង ឯខ្លះទៀតច្រានពីជើង ជាលទ្ធផល គឺដុំថ្មនៅនឹងដដែល។ រីឯអ្នករុញច្រានទាំងអស់គ្នា កំពុងតែបែកញើស ជោគខ្លួន ហេវហត់អស់កម្លាំង សោះខ្សល់ជិតស្លាប់ ហើយពោលរអ៊ូ ថា ‹គ្មានបានការអ្វីសោះ អស់កម្លាំង ឥតប្រយោជន៏› ។ ក្នុងស្ថានភាពបច្ចុប្បន្ននេះ ខ្មែរក្រោមយើងគួតែនាំគ្នា រិះរកមធ្យោបាយណាមួយ ឱ្យសមស្រប ទៅនឹងបរិយាកាសនយោបាយរបស់ពិភពលោក ឋិតនៅក្នុងមូលដ្ឋានអភិរក្សជាតិ ខ្លួនឯង ព្រោះខ្មែរយើងគ្នាតិច កម្លាំងខ្សោយ ការរួបរួមគ្នាជាកត្តាដ៏សំខាន់ មួយក្នុងការតស៊ូរបស់ យើង ។
ពិភពលោកកំពុងតែយកចិត្តទុកដាក់យ៉ាងខ្លាំង ទៅលើបញ្ហាសិទ្ធិមនុស្ស ព្រោះសិទ្ធិជាសារវន្តមួយ ចំនួន របស់ មនុស្សជាតិ កំពុងតែត្រូវបានបំផ្លាញចោល ដោយក្រុមមនុស្សមួយក្រុមទៀត ដែលមានមធ្យោបាយរស់នៅ ប្រសើជាង ហើយបានការគាំទ្រពីអ្នកមានអំណាច។ ក្នុងការយកចិត្ត ទុកដាក់នេះ គេឃើញមានអង្គការក្រៅ រដ្ឋាភិបាលជាច្រើនបានកើតឡើង។ ជនជាតិដែលគ្មាន តំណាងនៅឯអង្គការសហប្រជាជាតិបាននាំគ្នាបង្កើត អង្គការរបស់ខ្លួនខ្នាតអន្តរជាតិមួយ ហៅកាត់ ជាភាសាអង់គ្លេសថា UNPO ។ រីឯអង្គការសហប្រជាជាតិវិញ ក៏មានផែនការ កាត់បន្ថយ ការ រើសអើងពូជសាសន៍ ដើម្បីឈានដល់ការលប់បំបាត់ ការប្រកាន់ពូជសាសន៍ ទាំងស្រុងដែរ។ ប្រជា ជាតិខ្មែរក្រោម នៅក្នុងស្រុក កំពុងតែត្រូវបានបាត់បង់ស្ទើរតែទាំងអស់ នូវសិទ្ធិជា សារវន្តរបស់ខ្លួន ព្រោះការរើសអើងពូជសាសន៍នេះឯង ។ ដូច្នេះកត្តាសំខាន់បំផុតក្នុងការតស៊ូរបស់យើង គឺស្វែងរក សិទ្ធិសេរីភាពជូនជនរួមជាតិខ្មែរយើង តាមវិធានការ របស់ពិភពលោក ដែលប្រកាន់យកភាព អហិង្សាជាមូលដ្ឋាន ៕