
នាយកដ្ឋានព័ត៌មាននៃសហព័ន្ធខ្មែរកម្ពុជាក្រោម សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះសមាគមខ្មែរកម្ពុជាក្រោម ខែត្រអនធើរីអូ (Ontario) នៃប្រទេសកាណាដា ដែលបានបរិច្ចាគថវិកា ចំនួន ៣,៦០០ដុល្លារ (បីពាន់ប្រាំមួយរយដុល្លារ) ដើម្បីឧបត្ថម្ភ ដល់ការផ្សាយ វិទ្យុសំឡេងកម្ពុជាក្រោម (VOKK) ចំនួន ១,២០០ដុល្លារ, សម្ព័ន្ធសមណ និស្សិតនិស្សិតខ្មែរកម្ពុជាក្រោម ប្រចាំប្រទេសកម្ពុជា ចំនួន ១,២០០ ដុល្លារ និងនិស្សិត ខ្មែរក្រោម នៅទឹកដីកម្ពុជាក្រោម ចំនួន ១២០០ដុល្លារ ។
ការបរិច្ចាគថវិកា របស់ លោក លោកស្រី ដែលជាសមាជិក សមាជិកា នៃសមាគម ខ្មែរកម្ពុជាក្រោម ខែត្រអនធើរីអូ (Ontario) គឺជាសក្ខីភាពមួយ ក្នុងការគាំទ្រ និងលើក ទឹកចិត្ត ចំពោះ ព្រះសង្ឃ និងនិស្សិតខ្មែរក្រោម ដែលកំពុងបន្តការសិក្សា នៅក្នុងប្រទេស កម្ពុជា និងលើដែនដីកម្ពុជាក្រោម ព្រមទាំងគាំទ្រនូវការផ្សាយវិទ្យុសំឡេងកម្ពុជាក្រោម VOKK ដែលជាសំឡេងខ្មែរក្រោមតែមួយគត់ ក្នុងបេសកកម្មទាមទារសិទ្ធិសម្រេចវាស នាខ្លួនដោយខ្លួនឯង ពីរបបគ្រប់គ្រងក្រុងហាណូយសព្វថ្ងៃ ។
សូមពុទ្ធពរទាំងឡាយ ៤ ប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ ចូលកើតមានដល់ លោក លោកស្រី សមាជិក សមាជិកា នៃសមាគមខ្មែរកម្ពុជាក្រោម ខេត្តអនធើរីអូ គ្រប់ ពេលវេលា កុំបីឃ្លៀងឃ្លាតឡើយ ។
សហរដ្ឋអាមេរិក, ថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ ២០១៥ ។
ភិក្ខុ សឺង យ៉ឹង រតនា
ប្រធាននាយកដ្ឋានព័ត៌មាន សហព័ន្ធខ្មែរកម្ពុជាក្រោម