ដោយ នៅ វណ្ណារិន | RFA Khmer
អាជ្ញាធរវៀតណាម កោះហៅសកម្មជនខ្មែរក្រោមម្នាក់ ទៅគំរាមកំហែងមិនឲ្យធ្វើសកម្មភាពចែកចាយព័ត៌មានពាក់ព័ន្ធនឹងសិទ្ធិសេរីភាពខ្មែរកម្ពុជាក្រោម តាមបណ្ដាញសង្គមទៀត ។ សកម្មជន និងមន្ត្រីសង្គមស៊ីវិលខ្មែរក្រោមថា វៀតណាមបំបិទសិទ្ធិខ្មែរក្រោម មិនឱ្យផ្សព្វផ្សាយរឿងរ៉ាវដែនដីកម្ពុជាក្រោម និងសិទ្ធិជនជាតិដើមរបស់ខ្មែរក្រោម នេះជាទង្វើរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ ផ្ទុយនឹងច្បាប់អន្តរជាតិ ដែលវៀតណាមទើបចូលជាសមាជិកថ្មីៗ នេះ ។

សកម្មជនខ្មែរក្រោមម្នាក់ ដែលតែងតែពាក់អាវរម្លឹកខួប ៧៣ ឆ្នាំ នៃ ការគ្រប់គ្រងរបស់វៀតណាម មកលើកម្ពុជាក្រោម បង្ហោះលើបណ្ដាញសង្គមហ្វេសប៊ុក និងចែកសៀវភៅស្ដីពីសិទ្ធិជនជាតិដើម ដល់ពលរដ្ឋខ្មែរក្រោម គឺលោក ទ្រីវ ស៊ីវ ហៅ ហ៊ីវ ត្រូវអាជ្ញាធរវៀតណាម ហៅទៅគំរាមពីរលើក គឺលើកទី ១ នៅថ្ងៃទី ២០ ខែមករា និងលើកទី ២ នៅថ្ងៃទី ២៥ ខែមករា ដោយហាមមិនឱ្យលោកបន្តនិយាយ ពីទឹកដីកម្ពុជាក្រោម លើបណ្ដាញសង្គមទៀត ។
វៀតណាមព្រមានលោក ទ្រីវ ស៊ីវ ទៀតថា បើលោកនៅតែចចេសខំចែករំលែកប្រវត្តិខ្មែរកម្ពុជាក្រោម ឬនិយាយពីសិទ្ធិជនជាតិដើម តាមបណ្ដាញសង្គមទៀត អាជ្ញាធរវៀតណាមមិនធានាពីសុវត្ថិភាពរបស់លោកឡើយ ។ នេះបើតាមការបញ្ជាក់របស់លោកក្នុងកិច្ចសម្ភាសន៍ជាមួយនឹងវិទ្យុសំឡេងកម្ពុជាក្រោម ។
សកម្មជនខ្មែរក្រោមម្នាក់ទៀត ដែលវៀតណាមបានកោះហៅលោក ៩ ដង ទៅគំរាមមិនឲ្យនិយាយរឿងខ្មែរក្រោម និងជាមិត្តភ័ក្ដិរបស់លោក ទ្រីវ ស៊ីវ គឺលោក មិន ហ្វាង ប្រាប់វិទ្យុអាស៊ីសេរី នៅព្រឹកថ្ងៃទី ២៦ ខែមករា ថា វៀតណាមមិនចង់ឲ្យខ្មែរក្រោមដឹងជ្រួតជ្រាបពីសិទ្ធិរបស់ខ្លួនទេ ព្រោះវៀតណាមខ្លាចខ្មែរក្រោមងើបឡើងប្រឆាំង ពេលដែលខ្មែរក្រោមចេះច្បាប់គ្រប់គ្នា ។ លោកយល់ថា ទង្វើរបស់វៀតណាម បានដើរបញ្ច្រាសពីច្បាប់ ដែលមានក្នុងប្រទេសខ្លួន និងច្បាប់អន្តរជាតិស្ដីពីសិទ្ធិជនជាតិដើមរបស់អង្គការសហប្រជាជាតិ ដែលវៀតណាមជាសមាជិកអចិន្ត្រៃយ៍ផងនោះ ។
លោក មិន ហ្វាង៖ «នៅលើហ្នឹងគេធ្វើត្រូវច្បាប់ដែរ អ៊ីចឹងបានប្រាប់គាត់ថា ហ្អាខាងក្រោមនេះ វាមិនគោរពច្បាប់ វាធ្វើខុសច្បាប់ ពីព្រោះវាមកបំពានច្បាប់ មកសង្កត់ប្រជាជនទទេហ្នឹង ។ អ៊ីចឹង ដូចពាក្យដែលខ្ញុំបាននិយាយហ្នឹង បើថាបងមានការអី បងយកហ្អាពាក្យសម្ដី ដែលខ្ញុំបាននិយាយមិញហ្នឹង ផ្ញើទៅរដ្ឋាភិបាលវៀតណាមផង ថាហ្អើកុំឱ្យគាបសង្កត់ខ្មែរក្រោម កនខ្ញុំពេក ព្រោះកនខ្ញុំហ្នឹងនៅក្រោមអាណានិគមយួនហើយ កនខ្ញុំពាក់អាវសញ្ញាឡូហ្គូ (Logo) ខ្មែរក្រោម នៅក្រោមអាណានិគមយួនហ្អា! តែកនខ្ញុំជាខ្មែរម្ចាស់ស្រុក» ។
ក្នុងឆ្នាំ ២០២២ កន្លងមកនេះ វៀតណាមបានធ្វើទុក្ខបុកម្នេញពលរដ្ឋ និងសកម្មជនខ្មែរក្រោមជាញឹកញាប់ មានដូចជា ចាប់យុវជនខ្មែរក្រោមលោក ចៅ លីណា ដែលបានប្រារព្ធទិវាសិទ្ធិនារីអន្តរជាតិជូនស្ត្រីខ្មែរក្រោម និងរម្លឹកខួបថ្ងៃបារាំងផ្ទេរទឹកដីកម្ពុជាក្រោម ទៅឲ្យវៀតណាមត្រួតត្រា បាញ់ស្ត្រីខ្មែរក្រោម ឲ្យរបួសធ្ងន់ត្រង់ភ្លៅនៅខេត្តក្រមួនស ពេលចេញមកតវ៉ាដីធ្លី និងកោះហៅសកម្មជនផ្សេងទៀត មានលោក តោ ហ្វាងចឿង លោក យឿង ខាយ និងលោក ថាច់ គឿង ជាដើមដោយហាមពួកគេមិនឲ្យនិយាយប្រវត្តិរឿងខ្មែរក្រោមទៀត ។
ពាក់ព័ន្ធនឹងការកោះហៅសកម្មជនខ្មែរក្រោម នគរបាលវៀតណាមខេត្តឃ្លាំងនិយាយដោយមិនព្រមប្រាប់ឈ្មោះដល់វិទ្យុអាស៊ីសេរីថា លោកមិនដឹងរឿងប៉ូលិសវៀតណាម ចេញដីកាអញ្ជើញយុវជនខ្មែរក្រោមនោះទេ ដោយលោកឲ្យទៅសួរអ្នកដែលបានចេញលិខិតអញ្ជើញ ។ លោកបន្ថែមថា បើចង់ដឹងព័ត៌មានច្បាស់សុំឲ្យអ្នកព័ត៌មានទៅជួបលោក នៅស្នងការនគរបាលខេត្តឃ្លាំងដោយផ្ទាល់ ។
ជុំវិញរឿងនេះដែរ ប្រធានសហព័ន្ធខ្មែរកម្ពុជាក្រោម ប្រចាំកម្ពុជា លោក តាំង សារៈ លើកឡើងថា ធម្មតារបបកុម្មុយនិស្តមិនដែលទុកឲ្យសកម្មជនស្នេហាជាតិខ្មែរក្រោម ធ្វើអ្វីតាមចិត្តនោះទេ ពោលគឺវៀតណាមតែងតាមក្ដិចត្រួយយុវជនណាដែលហ៊ានតវ៉ារឿងបញ្ហាសិទ្ធិមនុស្ស ។ លោកលើកទឹកចិត្តដល់សកម្មជនខ្មែរក្រោម ឱ្យស្វែងយល់ឲ្យច្បាស់ពីច្បាប់វៀតណាម និងអន្តរជាតិ ហើយត្រូវតស៊ូមតិឲ្យស្របទៅតាមច្បាប់ ។ លោកបន្តថា សហព័ន្ធខ្មែរកម្ពុជាក្រោម ក៏មិនទុកឲ្យវៀតណាមធ្វើបាបសកម្មជនខ្មែរក្រោម តាមអំពើចិត្តទៀតទេ ។
លោក តាំង សារៈ៖ «ធ្វើយ៉ាងណាកុំឱ្យចូលអន្ទាក់វៀតណាម គឺទី ១ យើងមើលតើអ្វីដែលយើងធ្វើហ្នឹងវាស្របទៅតាម! ទៅតាមកិច្ចព្រមព្រៀង សន្ធិសញ្ញា អនុសញ្ញា ឬនែ៎កតិកាសញ្ញារបស់អន្តរជាតិ ជាពិសេសគឺអង្គការសហប្រជាជាតិដែរឬទេ? ហើយទី ២ គឺដើម្បីជៀសវាងគេយកលេសមកចោទប្រកាន់ ហើយគេចាប់យកទៅធ្វើទារុណកម្មអីផ្សេងៗ ក៏តោងមើលទៅរដ្ឋធម្មនុញ្ញរបស់វៀតណាម» ។
នគរបាលវៀតណាមខេត្តឃ្លាំង បានហៅសកម្មជនខ្មែរក្រោមលោក ទ្រីវ ស៊ីវ ទៅសួរចម្លើយនៅថ្ងៃទី ២០ ខែមករា អស់ ៣០ ម៉ោង និងធ្វើទារុណកម្មលើរាងកាយរបួសធ្ងន់ ទើបដោះលែងឲ្យលោកមកផ្ទះវិញ ដោយមានម្ដាយ និងបងថ្លៃទៅធានាខ្លួន ។ ក្រោយមក នៅថ្ងៃទី ២៥ ខែមករា នគរបាលបានហៅទៅសួរចម្លើយអស់ ៨ ម៉ោងទៀត និងបង្ខំឲ្យលោកទទួលកំហុសថា លោកបង្ហោះរឿងខ្មែរក្រោមលើបណ្ដាញសង្គមខុសច្បាប់វៀតណាម តែលោកមិនព្រមស៊ីញ៉េទទួលកំហុស ។ លោកថា លោកមិនបានធ្វើខុសដូចការចោទរបស់អាជ្ញាធរវៀតណាម នោះទេ ៕