ក្រុមជើងកាងវៀតណាម បាញ់ប្រហារបណ្តាលឲ្យពលរដ្ឋខ្មែរក្រោមម្នាក់រងរបួសធ្ងន់ ក្នុងទំនាស់ដីធ្លី នៅខេត្តក្រមួនស

ដោយ ស៊ឺន ចែងចើន

គ្រួសារអ្នកមានអំណាចជាជនយួន បានជួលក្រុមជើងកាង ប្រើហិង្សារហូតឈានដល់ការបាញ់ប្រហារ ទៅលើក្រុមគ្រួសារខ្មែរក្រោម ក្នុងទំនាស់ដីធ្លីមួយកន្លែង នៅភូមិរ៉ាញហាក ក្នុងស្រុកភ្នំដី (Hòn Đất) ខេត្តក្រមួនស (Kiên Giang) កាលពីរសៀលថ្ងៃអង្គារ៍ ទី ២៧ ខែកញ្ញា ម្សិលមិញនេះ ។ ហេតុការណ៍បាញ់គ្រាប់កាំភ្លើងពិតនេះ បានបណ្ដាលឱ្យស្រ្តីខ្មែរក្រោមអាយុ ២៧ ឆ្នាំម្នាក់រងរបួសធ្ងន់ត្រង់ភ្លៅខាងស្តាំ និងត្រូវបានដឹកយកទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យមួយក្នុងខេត្តនេះ ។

រូបពេលរងរបួស ការវះកាត់យកគ្រាប់កាំភ្លើងចេញ និងរូបសញ្ញាពណ៌ក្រហម បង្ហាញពីជនដៃដល់ កំពុងកាន់កាំភ្លើងបាញ់​ភ្ជង់​ទៅ​លើ ។ រូបៈ ផ្តល់ឲ្យ

សាច់ញាតិរបស់ជនរងគ្រោះ ដែលបានរងរបួស លោក ចៅ ផល្លា ប្រាប់សំឡេងកម្ពុជាក្រោម (VOKK) និងសារព័ត៌មាន ព្រៃនគរ នៅព្រឹកថ្ងៃទី ២៨ ខែកញ្ញា ថា ក្រុមគ្រួសាររបស់គាត់ ត្រូវបានរំលោភយកដីធ្លីដោយអ្នកមានអំណាច ដែលបានឃុបឃិតជាមួយអាជ្ញាធរវៀតណាម និងបានជួលបក្ខពួក ដែលជាក្រុមអ្នកលេងប្រដាប់ដោយដំបង និងកាំភ្លើង មកធ្វើបាបក្រុមគ្រួសាររបស់លោក ហើយបញ្ជាពួកបាតដៃទីបីទាំងនោះ យកគ្រឿងចក្រឈូសឆាយលើដីលំនៅឋានរបស់គ្រួសារគាត់ ដើម្បីធ្វើរបងព័ទ្ធជុំវិញដីដែលគេរឹបអូសយកនោះ ។

លោក ចៅ ផល្លា យល់ថា ករណីជនជាតិវៀតណាម ជួលក្រុមជើងកាងឲ្យធ្វើបាបក្រុមគ្រួសារលោក ជាការគំរាមកំហែង និងបំភិតបំភ័យមិនឲ្យក្រុមគ្រួសារលោក ទាមទារយកដីរបស់ខ្លួនមកវិញ ។ លោក ផល្លា ដាក់ការសង្ស័យថា អាជ្ញាធរវៀតណាម ជាអ្នកនៅពីក្រោយ នៃ ការរៀបចំឲ្យមានអំពើហិង្សានេះ ពីព្រោះលោកថា ពលរដ្ឋធម្មតាគ្មានសិទ្ធិប្រើកាំភ្លើងនោះទេ ។

នៅ​ព្រឹកថ្ងៃ​ទី​ ​២​៩​ ​ខែកញ្ញា​ ឆ្នាំ ២០២២​ ​រូបភាព​របស់​ស្រ្តី​ខ្មែរក្រោម​ ​ត្រូវរបួស​ ​ដោយ​គ្រាប់កាំភ្លើង​ ​ត្រូវ​បាន​ក្រុម​គ្រូ​ពេទ្យវះកាត់​យកចេញ​ហើយ​ ​។​ ​ក្រុម​គ្រួសារ​សាច់ញាតិ​ ​បាន​បង្ហោះ​រូបភាព​ចំនួន​ ​៣​ ​សន្លឹក​ឡើង​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ ​បង្ហាញ​ពី​ស្ថានភាព​របួស​របស់​ជនរងគ្រោះ​ ​កំពុង​សម្រាក​ព្យាបាល​ ​នៅ​មន្ទីរពេទ្យ​មួយ​ ​ក្នុង​ខេត្ត​ក្រមួនស​ ​។​

សូមបញ្ជាក់ថា ក្រុមគ្រួសារជនរងគ្រោះ បានមកតាំងលំនៅលើដីរបស់ខ្លួននេះ ជាង ៣០ ឆ្នាំមកហើយ តែអាជ្ញាធរមូលដ្ឋានវៀតណាម បដិសេធមិនចេញលិខិតផ្លូវច្បាប់ឲ្យពួកគេឡើយ ។

ក្រោយ​កើតហេតុ​ ​សមាជិក​ក្រុម​គ្រួសារ​របស់​ជនរងគ្រោះ​ ​បាន​បង្ហោះ​វីដេអូ​ ​និង​រូបភាព​ ​អំពី​ព្រឹត្តិការណ៍​អំពើ​ហិង្សា​ ​នៅ​ពេល​នោះ​ ​ហើយ​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេសប៊ុក​ ​បាន​ចែករំលែកជាបន្តបន្ទាប់​ ​។​ ​ទោះ​ជា​យ៉ាងនេះ​ក្តី​ ​ប៉ុន្មាន​ម៉ោង​ក្រោយមក​ ​អាជ្ញាធរ​វៀតណាម​ ​បាន​បង្ខំឲ្យ​ពួកគេ​លុបចោល​វីដេអូ​ ​និង​រូបភាព​នោះ​ភ្លាម​ ​ក៏ប៉ុន្តែ​ ​មាន​អ្នកប្រើប្រាស់​បណ្តាញ​ហ្វេសប៊ុក​ជាច្រើន​ផ្សេងទៀត​ ​បាន​ថតរូប​សារ​នោះ​ទុក​ ​និង​បាន​បង្ហោះ​ចែកចាយ​ត​ៗ​ ​គ្នា​ ​។​

គិត​មក​ត្រឹម​ម៉ោង​ចេញផ្សាយ​អត្ថបទ​នេះ នៅល្ងាចថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ ២០២២ នេះ សំឡេងកម្ពុជាក្រោម (VOKK) និងសារព័ត៌មាន ព្រៃនគរ ព្យាយាមទាក់ទងទៅក្រុមគ្រួសារសាច់ញាតិជនរងគ្រោះជាច្រើនលើកច្រើនសា ដើម្បីចង់ដឹងពីការវិត្តន៍ចុងក្រោយជុំវិញរឿងនេះ ក៏ប៉ុន្តែ ការហៅតាមទូរស័ព្ទ និងបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកចូល តែមិនមានអ្នកទទួល ។

ទោះយ៉ាងនេះក្តី អ្នកភូមិម្នាក់ ដែលបានដឹងរឿងនេះ បញ្ជាក់ប្រាប់ថា សមត្ថកិច្ចប៉ូលិសវៀតណាម ចាប់ខ្លួនជនដៃដល់បានម្នាក់ហើយ និងបន្តស្វែងរកចាប់ខ្លួនបក្ខពួកជាង ១០ នាក់ផ្សេងទៀត ។