ដោយ ស៊ឺន ចែងចើន
អាជ្ញាធរវៀតណាម នៃខេត្តចង្វាត្រពាំង ឬវៀតណាម ដាក់ឈ្មោះថ្មីថា ខេត្តដូនណៃ ដោះលែងយុវជនម្នាក់ ដែលសកម្មខាងតស៊ូមតិលើសិទ្ធិការងារ ឲ្យមានសេរីភាពវិញ ក្រោយចាប់បញ្ជូនខ្លួនទៅទីស្នាក់ការប៉ូលិស ដើម្បីសាកសួរ ទាំងគ្មានដីកា និងគ្មានមូលហេតុច្បាស់លាស់ ។ អាជ្ញាធរវៀតណាម ចោទប្រកាន់យុវជនខ្មែរក្រោម រូបនោះ ពីបទបោះពុម្ពសៀវភៅសេចក្តីប្រកាស របស់អង្គការសហប្រជាជាតិ ស្តីពី «សិទ្ធិជនជាតិដើម» ដោយគ្មានច្បាប់អនុញ្ញាត ។ ចំណែកសកម្មជនសិទ្ធិមនុស្សខ្មែរក្រោម នៅក្នុងស្រុកយល់ថា ការចាប់ខ្លួនសកម្មជនសិទ្ធិការងារ គឺជាការបំបិទសិទ្ធិសេរីភាពបញ្ចេញមតិរបស់ពលរដ្ឋ ដែលធានាដោយច្បាប់ជាតិ និងអន្តរជាតិ ។

សាច់ញាតិយុវជន យឿង ខាយ ឲ្យវិទ្យុសំឡេងកម្ពុជាក្រោម និងសារព័ត៌មាន ព្រៃនគរ ដឹងនៅថ្ងៃទី ១៣ ខែមេសាថា អាជ្ញាធរវៀតណាម ខេត្តដូនណៃ រាយកម្លាំងចម្រុះ ប្រមាណជាង ១៤០ នាក់ បានចុះទៅឡោមព័ទ្ធផ្ទះជួលរបស់លោក ដើម្បីឆែកឆេរ ដោយគ្មានដីកាពីតុលាការ នៅវេលាម៉ោង ៤ រសៀលថ្ងៃទី ១៣ ខែមេសា ឆ្នាំ ២០២១ ។ បន្ទាប់ពីបានធ្វើការរុករក និងឆែកឆេរ អស់រយៈពេលប្រាំមួយម៉ោងរួចមក កម្លាំងសមត្ថកិច្ចនគរបាលខេត្តដូនណៃ បានដកហូត និងចាប់យកសម្ភារៈទ្រព្យសម្បត្តិរបស់បងប្រុសរបស់លោកមួយចំនួន មានដូចជា ទូរស័ព្ទដៃ កុំព្យូទ័រ និងរឹបអូសយកសៀវភៅសេចក្តីប្រកាស អង្គការសហប្រជាជាតិ ស្តីពី «សិទ្ធិជនជាតិដើមភាគតិច» អស់ជាង ១០០ ក្បាល ។
ប្អូនប្រុសរបស់លោក យឿង ខាយ គឺលោក យឿង ភុក បញ្ជាក់ថា នៅវេលាម៉ោង ១០ យប់ថ្ងៃដដៃលនោះ កងកម្លាំងនគរបាលចម្រុះ បាននាំខ្លួនបងប្រុសលោកទៅសួរនាំនៅអធិការដ្ឋាននគរបាលស្រុក ត្រាង បូម ពេញមួយយប់ ទើបដោះលែងមកវិញ នៅម៉ោង ១២ ថ្ងៃត្រង់ ថ្ងៃទី ១៤ ខែមេសា ។
ភ្លាមៗ ក្រោយពេលដោះលែង យុវជន យឿង ខាយ ឲ្យដឹងថា អាជ្ញាធរវៀតណាម ចោទប្រកាន់លោក ពីបទបោះពុម្ពសៀវភៅសេចក្តីប្រកាសរបស់អង្គការសហប្រជាជាតិ ស្តីពី «សិទ្ធិជនជាតិដើម» ដោយគ្មានច្បាប់អនុញ្ញាត និងមិនបង់ពន្ធឲ្យរដ្ឋ គឺជារឿងខុសច្បាប់ ។
យុវជន យឿង ខាយ ឲ្យដឹងបន្ថែមទៀតថា ក្នុងពេលសួរចម្លើយ នៅស្នងការដ្ឋាននគរបាលស្រុក ត្រាង បូម មុនពេលឲ្យត្រឡប់មកផ្ទះវិញ ។ នៅទីនោះ លោកត្រូវបានសួរចំលើយ ដោយមាននគរបាលប្រហែល ៣០ នាក់នៅព័ទ្ធជុំវិញ ។ លោកត្រូវបាននគរបាលទាំងនោះ បណ្តាក់គ្នាសួរ និងបានសម្លុតគំរាមកំហែង លោកផងដែរ ។ នគរបាលខ្លះគំរាមថា បើយុវជន យឿង ខាយ មិនព្រមប្រាប់ថា អ្នកណានៅពីក្រោយទេ ពួកគេនឹងទាត់បំបាក់ឆ្អឹងជំនីរបស់លោក ហើយខ្លះទៀត គំរាមថា វាយខ្នោះលោកផង ។ ទោះជាយ៉ាងណាក៏ដោយ លោក យឿង ខាយ មិនតក់ស្លុត ចំពោះចំនួននគរបាលដ៏ច្រើនលើសលុប និងញញើត ចំពោះការគំរាមកំហែងរបស់ពួកគេនោះទេ និងនៅតែបដិសេធមិនចុះ ហត្ថលេខាលើលិខិតសួរចំលើយរបស់ក្រុមនគរបាល ។
ទោះជាយ៉ាងនេះក្តី យុវជន យឿង ខាយ បញ្ជាក់ថា លោកកំពុងបារម្ភពីសុវត្ថិភាពរបស់ខ្លួន បើទោះបីជាអាជ្ញាធរវៀតណាម ដោះលែងឲ្យមានសេរីភាពវិញក៏ដោយ ។ ការព្រួយបារម្ភ ចំពោះសន្តិសុខផ្ទាល់ខ្លួននេះ កើតឡើងបន្ទាប់មាននគរបាលវៀតណាម នៃខេត្តដូនណៃ បានមកជួលផ្ទះស្នាក់នៅក្បែរផ្ទះលោក ដើម្បីបន្តឃ្លាំមើលតាមដាន ពីសកម្មភាពរបស់លោក ។ លោកថា សកម្មភាពរបស់នគរបាលវៀតណាម កំពុងតែធ្វើឲ្យប៉ះពាល់អារម្មណ៍ រស់នៅប្រចាំថ្ងៃរបស់លោកជាខ្លាំង ក្នុងពេលដែលលោកមិនបានប្រព្រឹត្តអ្វីខុសច្បាប់ផងនោះ ។
ទាក់ទងបញ្ហានេះ សកម្មជនសិទ្ធិមនុស្សខ្មែរក្រោម នៅលើទឹកដីកំណើត លើកឡើងស្រដៀងៗ គ្នាថា រដ្ឋាភិបាលវៀតណាម នៅតែបន្តរំលោភសិទ្ធិសេរីភាព ពលរដ្ឋខ្មែរក្រោម ជុំវិញរឿងប្រើប្រាស់សិទ្ធិបញ្ចេញមតិតាមបណ្ដាញសង្គម ដើម្បីចែកចាយព័ត៌មានពាក់ព័ន្ធនឹងច្បាប់សិទ្ធិមនុស្សអន្តរជាតិ ។ ជាពិសេស ការចែកចាយព័ត៌មាន ពីសកម្មភាពរបស់សហព័ន្ធខ្មែរកម្ពុជាក្រោម ដែលអាចឲ្យពលរដ្ឋខ្មែរក្រោមយល់ដឹងពីសិទ្ធិរបស់ខ្លួន ដើម្បីឈានទៅទាមទារសិទ្ធិស្វ័យសម្រេចវាសនាខ្លួនឯង ដោយខ្លួនឯង ទៅថ្ងៃអនាគត ។
សកម្មជនតស៊ូមតិខ្មែរក្រោម គឺយុវជន ថាច់ កឿង បានចេញប្រតិកម្មថ្កោលទោស ចំពោះការរំលោភបំពានសិទ្ធិ ពីអាជ្ញាធរវៀតណាម មកលើពលរដ្ឋខ្មែរក្រោមម្ចាស់ស្រុក ។ លោកស្នើឲ្យរដ្ឋាភិបាលវៀតណាម ពិនិត្យឡើងវិញ ចំពោះការរឹតត្បិតសេរីភាពគ្រប់យ៉ាងមកលើពលរដ្ឋខ្មែរក្រោម កំពុងរស់នៅលើទឹកដីកំណើតរបស់ខ្លួន ។
យុវជន ថាច់ កឿង ដែលកាលពីយប់ថ្ងៃទី ៤ ខែមេសា ឆ្នាំ ២០២១ ត្រូវអាជ្ញាធរសមត្ថកិច្ចវៀតណាម នៅទីក្រុងព្រៃនគរ បានលើកគ្នាចូលអុកឡុកដោយបំពានកន្លែងប្រកបអាជីវកម្មលក់សំលៀកបំពាក់ប្រពៃណីខ្មែរ របស់លោកក្នុងបំណងរុករកសៀវភៅ «ពន្លឹនៃសិទ្ធិសម្រេចវាសនាខ្លួនដោយខ្លួនឯង» សរសេរដោយព្រះសង្ឃខ្មែរក្រោម នៅសហរដ្ឋអាមេរិក ព្រះនាម ថាច់ ប្រីជាគឿន ដោយ មិនមានដីកាបញ្ជាពីតុលាការត្រឹមត្រូវដែរនោះ ទទូចឲ្យរដ្ឋាភិបាលវៀតណាម ត្រូវតែគោរពច្បាប់ជាតិ និងអន្តរជាតិ ។ ជាពិសេស ប្រទេសវៀតណាម ខ្លួនឯង ក៏សមាជិកនៃអង្គការសហប្រជាជាតិ ដែលមានកាតព្វកិច្ចគោរពសិទ្ធិជនជាតិដើម ដែលចែងដោយអង្គការសហប្រជាជាតិ ។
ដូចគ្នានេះដែរ យុវជន តោ ហ្វាង ចឿង ដែលជាសកម្មជនតស៊ូមតិ ដើម្បីសេរីភាពខ្មែរក្រោម និងធ្លាប់ត្រូវអាជ្ញាធរវៀតណាម ពិន័យជាប្រាក់ចំនួន ៧ លានដុង ឬស្មើប្រមាណ ៣០០ ដុល្លារអាមេរិក ដោយចោទប្រកាន់លោក ថា បានង្ហោះព័ត៌មានក្លែងក្លាយ ទាក់ទងនឹងលិខិតរបស់មេដឹកនាំវៀតណាម លោក ហូ ជីមិញ តាមបណ្ដាញសង្គមហ្វេសប៊ុក ដែលមានខ្លឹមសារថា ដែនដីកម្ពុជាក្រោម ស្ថិតនៅក្រោមការគ្រប់គ្រង និងជាកម្មសិទ្ធិរបស់ខ្មែរក្រោម នោះ ហៅចំណាត់ការរបស់អាជ្ញាធរខេត្តដូនណៃថា ជាការបំបិទសិទ្ធិសេរីភាពខ្មែរក្រោម និងគំរាមកំហែងសម្លុតបែបនេះ ជាអំពើរំលោភច្បាប់ និងសិទ្ធិខ្មែរក្រោម ។
នាយករងទទួលបន្ទុកកិច្ចការតំបន់អាស៊ីនៃអង្គការយូមែនរ៉ៃត៍វ៉ច្ឆ (Human Rights Watch) លោក ហ្វីល រ៉ូបឺតសុន (Phil Robertson) មានប្រសាសន៍ប្រាប់វិទ្យុសំឡេងកម្ពុជាក្រោម តាមសារអ៊ីមែល (E-mail) ថា ករណីឃាត់ខ្លួនយុវជនខ្មែរក្រោម យឿង ខាយ ដោយអាជ្ញាធរសមត្ថកិច្ចវៀតណាម និងរឹបអូសយកសៀវភៅសិទ្ធិជនជាតិដើមនោះ គឺជារឿងគួរឲ្យស្អប់ខ្ពើម និងមិនអាចទទួលយកបានឡើយ ។ លោកថា ការបោះពុម្ពចំលងសៀវភៅដ៏ សំខាន់នៃសេចក្តីប្រកាសរបស់ អ.ស.ប. ស្តីអំពីសិទ្ធិមនុស្សទាក់ទងនឹងសិទ្ធិជនជាតិដើម មិនអាចត្រូវបានចាត់ចូលក្នុងអំពើខុសច្បាប់នោះឡើយ ហើយដែលអាជ្ញាធរបានអៈអាង ថាការផលិតនេះមិនបានឆ្លងកាត់ការបង់ពន្ធជូនរដ្ឋនោះ ក៏សុទ្ធតែជាលេសក្លែងបន្លំ ទាំងស្រុង ដែលគេមិនអាចនឹងជឿបាន សូម្បីតែបន្តិច ។
មេសិទ្ធិមនុស្សអន្តរជាតិរូបនេះ ស្នើទៅរដ្ឋាភិបាលបក្សកុម្មុនិស្តវៀតណាម គប្បីបញ្ឈប់ការតាមឃ្លាំមើលសកម្មភាពរបស់លោក យឿង ខាយ ហើយ និងអនុញ្ញាតឲ្យខ្មែរក្រោមប្រារព្ធ ពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ដោយមិនប្រឈមមុខនឹងការតាមយាយី ឬការសម្លុតបំភ័យពីក្រុមប៉ូលីស ។
សូមបញ្ជាក់ថា លោក យឿង ខាយ មានស្រុកកំណើត នៅភូមិដាយតាប៉ាយ ឃុំឡាកហ្វា (Lạc Hòa) ស្រុកជ្រោយ ញ ខេត្តឃ្លាំង ។ បច្ចុប្បន លោកធ្វើការជាកម្មករ នៅរោងចក្រ SAN LIM FURNITURE នាតំបន់សួនឧស្សាហកម្មខេត្តដូនណៃ ។
កាលពីខែមករា ឆ្នាំ ២០២១ យុវជន យឿង ខាយ ធ្លាប់បានដាក់លិខិតជាលើកទីពីរ ទៅកាន់រដ្ឋាភិបាលវៀតណាម ដើម្បីស្នើសុំឲ្យពលករខ្មែរក្រោម ធ្វើការនៅតាមទីក្រុង បានឈប់សម្រាកទៅលេងស្រុកកំណើត នៅថ្ងៃបុណ្យចូលឆ្នាំខ្មែរ និងពិធីបុណ្យប្រពៃណីខ្មែរក្រោម ផ្សេងទៀត ។ តែមិនមាន ការឆ្លើយតបពីរដ្ឋាភិបាលវៀតណាម នោះឡើយ ៕