ដោយ ស៊ឺន ចែងចើន
អាជ្ញាធរវៀតណាម នៅព្រឹកថ្ងៃទី ១២ ខែតុលា ឆ្នាំ ២០២២ បានបញ្ជូនភ្នាក់ងារអនុវត្តច្បាប់មួយក្រុម មកអានលិខិតបញ្ជាឱ្យអ្នកភូមិវាយកម្ទេចសំណង់សាលាឆទានមួយកន្លែង នៅភូមិកន្រែង ឃុំកំពង់ ស្រុកប្រាសាទថ្មី ខេត្តលង់ហោរ ដែលពលរដ្ឋខ្មែរក្រោម បានសាងសង់ជិតរួចរាល់ទៅហើយ ។ ការអនុវត្តរបស់អាជ្ញាធរវៀតណាម នៅថ្នាក់មូលដ្ឋាន ក្នុងខេត្តលង់ហោរ ធ្វើឡើងបន្ទាប់ពីប្រទេសកុម្មុយនិស្តមួយនេះ ទើបបានជាប់ឆ្នោតជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ កាលពីថ្ងៃទី ១១ ខែតុលា ឆ្នាំ ២០២២ ។

នៅក្នុងវីដេអូ ដែលប្រទេសវៀតណាម ផលិតឡើង ដើម្បីយកទៅឃោសនា ដល់ប្រទេសដែលជាសមាជិករបស់អង្គការសហប្រជាជាតិជាង ១៩០ ប្រទេស ឲ្យបោះឆ្នោតគាំទ្រខ្លួន បានចូលសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្ស សម្រាប់អាណត្តិ ៣ ឆ្នាំ ពីឆ្នាំ ២០២៣ ដល់ឆ្នាំ ២០២៥ នោះ លើកឡើងថា នឹងគោរពកាតព្វកិច្ចរបស់ខ្លួនក្នុងនាមជាប្រទេសសមាជិក នៃ អង្គការសហប្រជាជាតិ ។ វីដេអូឃោសនារកសំឡេងឆ្នោត ពីសហគមន៍អន្តរជាតិដដែល បានអះអាងថា វៀតណាម នឹងអនុវត្តចំពោះលិខិតូបករណ៍ទាំងឡាយ ដែលប្រទេសខ្លួនបានផ្តល់សច្ចាប័ន ដូចជាកតិកាសញ្ញា អនុសញ្ញានានា ពាក់ព័ន្ធនឹងសិទ្ធិមនុស្ស ។
បើទោះជាប្រទេសវៀតណាម គឺជារដ្ឋសមាជិក នៃ អង្គការសហប្រជាជាតិ ដែលមានកាតព្វកិច្ចគោរពសិទ្ធិជនជាតិដើម ដូចដែលពួកគេជារដ្ឋភាគីមួយ បានបោះឆ្នោតឆ្នោតគាំទ្រឱ្យមានសិទ្ធិជនជាតិដើម កាលពីឆ្នាំ ២០០៧ ក្តី ។ ប៉ុន្តែ បញ្ហាសិទ្ធមនុស្ស នៅដែនដីកម្ពុជាក្រោម នៅតែរងការរឹតត្បិត ដូចជាសិទ្ធិសេរីភាពខាងប្រតិបត្តិជំនឿសាសនា ការសិក្សាអប់រំភាសាខ្មែរ សិទ្ធេក្សាទំនៀមទម្លាប់ ប្រពៃណី វប្បធម៌ ជាដើម ។
ជាក់ស្តែង ដូចជាករណីសាលាឆទាន នៅភូមិកន្រែង ដែលពលរដ្ឋខ្មែរក្រោម មានបំណងកងសាងឡើង ដើម្បីទុកសម្រាប់ប្រតិបត្តិសាសនា និងជាកន្លែងបង្រៀនអក្សរសាស្ត្រដល់កូនខ្មែរ តែត្រូវបានអាជ្ញាធរយួន ប៉ុនប៉ងវាយកម្ទេចចោល និងគំរាមចាប់ខ្លួនម្ចាស់ដី និងអ្នកតំណាងពលរដ្ឋខ្មែរក្រោម ដែលជាអ្នកចេញមុខសាងសង់សាលាឆទានមួយនេះ ។