ដោយ ថាច់ ប្រីជា គឿន|សារព័ត៌មាន ព្រៃនគរ
អគ្គលេខាធិការគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក ង្វៀន ភូ ទ្រង់ បានធ្វើទស្សនកិច្ចរយៈពេល ៣ ថ្ងៃ គឺចាប់ពីថ្ងៃទី ២០ ដល់ថ្ងៃទី ២២ កក្កដា តាមការអញ្ជើញមរបស់ព្រះហាក្សត្រនៃប្រទេសកម្ពុជា ។ នៅថ្ងៃទី ២២ ខែកក្កដា លោក ង្វៀន ភូ ទ្រង់ បានចូលរួមសម្ពោធស្តូបអនុស្សាវរីយ៍ មិត្តភាព កម្ពុជា-វៀតណាម នៅខេត្តព្រះសីហនុ ។ នៅក្នុងដំណើរទស្សនកិច្ចនេះ មេដឹកនាំយួន បានស្នើឲ្យលោកនាយករដ្ឋមន្ត្រីខ្មែរជួយការពារជនជាតិយួនដែលកំពុងរស់នៅ ក្នុងប្រ ទេសកម្ពុជា សព្វថ្ងៃ ។
យោងតាមទីភ្នាក់ងារព័ត៌មានវៀតណាម (VNA) ចុះផ្សាយថ្ងៃទី ២១ ខែកក្កដា បានសរសេរថា នៅ ក្នុងកិច្ចជួបប្រជុំ នាទីស្តីការគណៈរដ្ឋមន្ត្រីខ្មែរ ជាមួយនឹងលោកនាយករដ្ឋមន្ត្រីខ្មែរ ហ៊ុន សែន និង អគ្គលេខាធិការគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក ង្វៀន ភូ ទ្រង់ កាលពីថ្ងៃទី ២០ ខែកក្កដា លោក ង្វៀន ភូ ទ្រង់ បានស្នើទៅ លោក ហ៊ុន សែន ឲ្យជួយសហគមន៍ជនជាតិយួន និងអនុវត្តភាពស្មើគ្នាចំពោះសហគមន៍ជនជាតិយួន ដែលរស់នៅកម្ពុជា ដើម្បីរួមចំណែកក្នុងការរីកចម្រើនរបស់ប្រទេសកម្ពុជា ។
ផ្ទុយពីមេដឹកនាំវៀតណាម ដែលតែងតែស្នើភាគីប្រទេសកម្ពុជា ឲ្យការពារជនអន្តោប្រវេសន៍យួន ដែលរស់នៅខុសច្បាប់ក្នុងស្រុកខ្មែរ គេមិនដែលឃើញមេដឹកនាំខ្មែរហ៊ានចេញមុខស្នើទៅភាគីវៀត ណាមឲ្យជួយការពារខ្មែរក្រោម ដែលជាជនជាតិដើម នៃដែនដីកម្ពុជាក្រោម ឡើយ ។
ស្របពេលដែលមេដឹកនាំប្រទេសវៀតណាមបំពេញទស្សកិច្ចនៅកម្ពុជា ពលរដ្ឋខ្មែរក្រោមរំឭកឡើង វិញតាមរយៈ Facebook នូវញត្តិដែល អង្គការ និង សមាគមខ្មែរក្រោម នៅប្រទេសកម្ពុជា បានផ្ញើ ទៅរដ្ឋាភិបាលវៀតណាមតាមរយៈក្រសួងការបរទេសកម្ពុជា ក្នុងឱកាសពលរដ្ឋខ្មែរក្រោមនៅទូទាំង ពិភពលោកប្រារព្ធ ទិវា ៤ មិថុនា ដែលជាខួប ៦៨ ឆ្នាំ នៃថ្ងៃបារាំងបានកាត់ដែនដីកម្ពុជាក្រោម ទៅឲ្យយួនធ្វើអាណានិគមបន្តលើប្រជាជាតិខ្មែរក្រោម ។
នៅក្នុងខ្លឹមសារនៃញត្តិ ដែលអង្គការ និង សមាគមខ្មែរកម្ពុជាក្រោម ដែលបានផ្ញើទៅរដ្ឋាភិបាលវៀត ណាម កាលពីថ្ងៃទី ៥ ខែមិថុនា នោះ បានស្នើសុំឲ្យរដ្ឋាភិបាលវៀតណាម ត្រូវតែបញ្ឈប់នូវរាល់ការរំលោភសិទ្ធិមនុស្ស និងសិទ្ធិជនជាតិដើមលើខ្មែរក្រោម ដូចជា សុំឲ្យរដ្ឋាភិបាលវៀតណាមត្រូវតែបញ្ឈប់រាល់ការរឹតត្បិតអំពីការសិក្សាអប់រំ ដូចជាការហាមប្រាមមិនឲ្យសិក្សាអំពីភូមិសាស្ត្រ ប្រវត្តិ សាស្ត្រខ្មែរកម្ពុជាក្រោម ។ សុំឲ្យរដ្ឋាភិបាលវៀតណាម បញ្ឈប់រាល់ការរឹបអូស ឬ ដកហូតដីធ្លី និងផ្ដល់ឲ្យខ្មែរក្រោមមាន “សិទ្ធិសម្រេចវាសនាខ្លួនដោយខ្លួនឯង” ដើម្បីធ្វើសេចក្ដីសម្រេច អំពីឋានៈ នយោបាយ ការអភិវឌ្ឍ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌របស់ខ្លួនដោយសេរី ស្របតាមគោល ការណ៍សិទ្ធិជនជាតិដើម ។
មកដល់ពេលនេះ គេនៅមិនទាន់ទទួលបានការឆ្លើយតបពីក្រសួងការបរទេសកម្ពុជានៅឡើយ ថាតើ ក្រសួងការបរទេសកម្ពុជា បានផ្ញើញត្តិរបស់ខ្មែរក្រោមទៅរដ្ឋាភិបាលវៀតណាមដែរឬទេ ។
ក្នុងដំណើរទស្សនកិច្ចនេះ វៀតណាមបានផ្ដល់ជំនួយដល់កម្ពុជា ចំនួន ២៥ លានដុល្លារ សម្រាប់សង់អាគាររដ្ឋបាលរបស់រដ្ឋសភាកម្ពុជា ។
ក្រៅពីផ្ដល់ជំនួយនេះ លោក ង្វៀន ភូ ទ្រង់ ក៏បានស្នើសុំឲ្យប្រទេសទាំងពីរជំរុញការតភ្ជាប់ឲ្យកាន់តែស៊ីជម្រៅតាមរយៈវិស័យផ្សេងៗ ដោយធ្វើយ៉ាងណាពង្រីកទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរឲ្យកើនឡើងដល់ ៥ ពាន់លានដុល្លារអាមេរិកនៅឆ្នាំ ២០២៥ ខាងមុខ ៕