គុណសម្បត្តិរបស់ព្រះឧបជ្ឈាយ៍ វិភទ្ទញ្ញាណ ឡឹម ពៅ

គុណ​វណ្ណនា​ការពណ៌នា​សង្ខេប​អំពី​គុណសម្បត្តិ​របស់​
​ព្រះ​ឧបជ្ឈាយ៍ វិ​ភ​ទ្ទ​ញ្ញាណ ឡឹម ពៅ ព្រះ​មេគណ​រង ខេត្ត​ព្រះ​ត្រពាំង កម្ពុជា​ក្រោម​

​ដោយ ភិក្ខុ នាថ​សី​លោ ត្រឹង ថាច់ យុង​

​ព្រះ​កិត្តិគុណ​ដែល​លេចធ្លោ​ឡើង តាម​បណីត​សកម្មភាព​បម្រើ​ផលប្រយោជន៍​ជាតិ​សាសនា របស់​ព្រះតេជព្រះគុណ ព្រះ​ឧបជ្ឈាយ៍ វិ​ភ​ទ្ទ​ញ្ញាណ ឡឹម ពៅ ដែល​ធ្វើ​ឲ្យ​យើង​គេ​គ្រាប់​គ្នា​តែងតែ​លាន់មាត់​ពោល​សរសើរ​តាំងតែ​ពី​ដើម​មក​ថា “​មិន​ងាយ​រក​បុគ្គល​ណា​នីមួយ​ដែល​ដាក់​ព្រះកាយ​ថ្វាយ​ជីវិត​បម្រើ​ជាតិ សាសនា​ដោយស្មោះ​ស្ម័គ្រ ឲ្យ​ដូច​ព្រះ​ឧបជ្ឈាយ៍ ឡឹម ពៅ​បានឡើយ​” ។ ក្នុងនាម​ខ្ញុំ​ជា​សិទ្ធិ​វិហា​រិ​ក​ដែល​ត្រូវ​ឃ្លាត​កាយ​ឆ្ងាយ​ស្រុក មិនអាច​ទៅ​ចូលរួម​បម្រើ​បុណ្យសព​ព្រះ​ឧបជ្ឈាយ៍​ជា​លើកចុង ក្រោយនោះ ខ្ញុំ​សូម​រំឭក​គុណសម្បត្តិ​ដ៏​កម្រ​មួយចំនួន​របស់​ព្រះ​ឧបជ្ឈាយ៍ ដើម្បី​ទុកជា​គតិ​ពិចារណា​នៃ​សាធារណជន ។ ព្រះ​ឧបជ្ឈាយ៍​របស់ខ្ញុំ​ជា​បុគ្គល​ដ៏​អស្ចារ្យ​មួយអង្គ​កម្រ​រកបាន ដែល​ត្រូវបាន​ទទួលស្គាល់​ពី​មជ្ឈដ្ឋាន​ជាតិ ។ ព្រះអង្គ​មិន​ត្រឹមតែ​បរិច្ចាគ​ជីវិត បូជា​ជាតិ និង​ព្រះពុទ្ធសាសនា​លុះដល់​ដង្ហើមចុងក្រោយ ដែលជា​ការ​ពលី​ដ៏​ប្រសើរ​លើសលុប​មួយ​មុខ​នោះទេ ។ ទន្ទឹមនឹងនោះ ព្រះអង្គ​ក៏បាន​បរិច្ចាគ​ទ្រព្យសម្បត្តិ​ផ្ទាល់ខ្លួន និង​កេរ​មរតក​ដែល​ញោម​ព្រះអង្គ​ចែក​ឲ្យ​តាម​តួនាទី​ជា​មាតាបិតា​ប្រកបដោយ​សង្គហធម៌ ដើម្បី​កសាង​ជាតិ និង​ព្រះពុទ្ធសាសនា​ទៀតផង គឺ​ព្រះអង្គ​បាន​លក់​ដីស្រែ​ដែលជា​កេរ​មរតក​របស់​មាតា​បិតា ចែក​ឲ្យ​ព្រះអង្គ​ទុកជា​សម្បត្តិ​មរតក​ផ្ទាល់ខ្លួន ចំនួន ២៧ កុង យកមក​កសាង​ក្លោងទ្វារ​និង​របង​វត្ត​សង្វរ​ថ្ម​មាស (​អូរទទឹង​) ដោយ​ឆ្លាក់​ឈ្មោះ​ញោមប្រុស និង​ញោមស្រី​របស់​ព្រះអង្គ ដើម្បី​តម្កើង​កិត្តិយស​ជូន​ញោមស្រី ដែល​កំពុង​មានជីវិត​រស់នៅ និង​ឧទ្ទិស​បុណ្យ​ជូន​ញោមប្រុស​ដែល​បាន​ស្លាប់​បង់​ទៅហើយ ព្រមទាំង​បងប្អូន​និង​ជនរួមជាតិ​ដែល​ពលី​ជីវិត​ព្រោះ​បុព្វហេតុ​ជាតិ និង​សាសនា​កម្ពុជា​ក្រោម ។ ខ្លោងទ្វារ និង​របង​វត្ត​ដែល​ព្រះអង្គ​សាង​នោះ​នៅ​មាំមួន​រហូតដល់​សព្វថ្ងៃ គឺ​ធ្វើ​តាំងពី​ព្រះអង្គ​នៅ​វ័យក្មេង​នៅឡើយ ។ នេះ​ជា​គុណសម្បត្តិ​ដ៏​កម្រ ១ ដែល​អ្នកដទៃ​មិន​ងាយ​ធ្វើតាម​កើត ។​

ព្រះឆាយាលក្ខណ៍ ព្រះតេជព្រះគុណ ឡឹម ពៅ ។
ព្រះឆាយាលក្ខណ៍ ព្រះតេជព្រះគុណ ឡឹម ពៅ ។

​មិនតែប៉ុណ្ណោះ​កាល​នៅ​ជា​លោកគ្រូ​សូត្រ​ក្នុង​វ័យ ២៥ ឆ្នាំ គឺ​នៅ​ឆ្នាំ ១៩៧២ ក្នុង​កលិយុគ​សង្គ្រាម​អាមេរិក និង​យៀកកុង​កុម្មុយនីស្ត កំពុងតែ​ប្រយុទ្ធ​ស្លា​ប់រស់​, ខណៈនោះ​ព្រះ​អង្គជាទ​ហរ​ភិក្ខុ​មួយអង្គ​ដ៏​អង់អាច ហ៊ាន​ប្រឈមមុខ​នឹង​ចុង​កាំភ្លើង ចុង​កាណុង​របស់​យៀកកុង និង​អាមេរិក​ទាំងសងខាង ធ្វើ​ជាម​គ្គុ​ទ្ទេសន៍​ដឹកនាំ​ឧបាសក​ឧបាសិកា​អ្នកស្នេហាជាតិ​សាសនា​មិន​ខ្លាច​ស្លាប់​ដូចគ្នា ទៅ​កាប់​ព្រៃ ជីកដី​លុប​ត្រពាំង លុប​អូរ លុបថ្លុក លុប​ជង្ហុក យក​ទី​កសាង​វត្ត​រតន​សាគរ (​ព្រើម​) ដែលជា​វត្ត​កំណើត​របស់ខ្ញុំ ដើម្បី​ងាយស្រួល​ដល់​ពុទ្ធបរិស័ទ​នៅ​ភូមិ​ព្រើម កុំ​ឲ្យ​លំបាក​ធ្វើដំណើរ ដែល​ពេលខ្លះ​ត្រូវ​វារ​លូន​តាម​ជើង​សន្ទូង​ទៅធ្វើ​វេន​បិណ្ឌ ឬ​វេន​ប្រចាំ​ថ្ងៃសីល ឬក៏​ទៅ​បុណ្យទាន​ម្តង ៗ នៅឯ​វត្ត​សង្វរ​ថ្ម​មាស (​អូរទទឹង​) និង​វត្ត​ចុង​ព្រលាន​មានជ័យ ដែលជា​ហេតុ​អាច​នាំ​ឲ្យ​លំបាកលំបិន​ផង និង​មាន​គ្រោះថ្នាក់​ដល់​ជីវិត​ពុទ្ធបរិស័ទ​ផង ព្រោះ​កំពុង​ឋិត​នៅក្នុង​ភ្លើងសង្គ្រាម ។ ម្ល៉ោះហើយ​ព្រះអង្គ​ប្តេជ្ញា​តស៊ូ​ប្តូរជីវិត​មក​កសាង​វត្ត​រតន​សាគរ (​ព្រើម​) ឲ្យ​ទាល់តែ​បានសម្រេច​សមបំណង ។ ព្រះអង្គ​ធ្លាប់​ដំណាល​ប្រាប់​ខ្ញុំ​ពី​រឿង​កសាង​វត្ត​ថា កាល​ជាន់​នោះ ព្រះអង្គ​ត្រូវធ្វើ​ដំណើរ​ចេញពី​វត្ត​សង្វរ​ថ្ម​មាស (​អូរទទឹង​) តាំងពី​មាន់រងាវ​ម៉ោង ៣ ម៉ោង ៤ ទៀបភ្លឺ ដើម្បី​មក​ធ្វើការ​កសាង​វត្ត​ព្រើម​ជា​រៀងរាល់ថ្ងៃ រួចហើយ​ត្រូវ​ធ្វើដំណើរ​ចេញពី​វត្ត​ព្រើម​ទៅ​វត្ត​សង្វរ​ថ្ម​មាស​អូរទទឹង​វិញ​នៅ​ពេលយប់​អធ្រាត្រ ។ ព្រះអង្គ​មាន​ព្រះពុទ្ធដីកា​ថា កាលសម័យ​នោះ ការធ្វើដំណើរ​បែបនេះ​តែងតែ​ជួបប្រទះ​គ្រោះថ្នាក់​ច្រើនណាស់ ជួនកាល​ទៅដល់​ពាក់​កណ្តាលផ្លូវ​ពួក​យៀកកុង​ចាំ​ស្ទាក់ផ្លូវ​សម្លុត​គំរាម​ប៉ង​ពាធា ឬ​គំរាម​បាញ់សម្លាប់ ឬក៏​គំរាម​ដោយ​ពាក្យ​មាថ​ថា បើ​លោក​ឯង​នៅតែ​ហ៊ាន​រឹងទទឹង​ទៅ​ក​វត្ត​នៅ​ភូមិ​ព្រើម​ទៀត ពួក​អញ​នឹង​សំឡេះ​លោក​ឯង​ចោល​ជាមិនខាន បើ​មិន​ដូច្នោះ​ក៏​ពួក​អញចាប់​លោក​ឯង​ដាក់គុក​គ្មាន​ថ្ងៃ​រួចខ្លួន​ដែរ ។ ព្រះអង្គ​ប្រាប់ថា មិនតែប៉ុណ្ណោះ ពេលខ្លះ​កំពុងធ្វើដំណើរ​ទៅ ជួន​ជា​ត្រង់​ពេល​យៀកកុង និង​ទាហាន​អាមេរិក​កំពុង​ប្រយុទ្ធ ឬ​បាញ់​ផ្លោង​គ្នា​ទៅវិញទៅមក ពេលនោះ​ព្រះអង្គ​ត្រូវ​ចុក​ក្បិន​ស្បង់​ឲ្យ​ជាប់ ដោះ​ចីវរ​ពាក់​កលូន​តាម​ជើង​សន្ទូង មក​រហូតដល់​វត្ត ប្រឡាក់​ភក់​ស្រមេកស្រមក ជួនកាល​ឈ្លើង​ទាម​ជាប់​រាប់​ក្បាល​ក៏មាន​, ហើយ​ក្នុង​ដំណើរ​យប់​ងងឹត​ដូច្នោះ​ក៏ត្រូវ​ប្រឈម​នឹង​គ្រោះថ្នាក់​ពស់​អាសិរពិស​ទៀ​ត​ផង កិច្ចការ​ដ៏​គ្រោះថ្នាក់​ទាំងនេះ សុទ្ធតែ​ធ្វើឡើង ដើម្បី​សេចក្តីសុខ សេចក្តីចម្រើន​ដល់​ជាតិ សាសនា​, ដល់​ខេមរជន ជាពិសេស​ដល់​ពុទ្ធបរិស័ទ​នៅ​ភូមិ​ព្រើម​រហូតមកដល់​បច្ចុប្បន្ន​នេះ ។ នេះ​ជា​វីរភាព និង​ជា​គុណសម្បត្តិ​មួយ​កម្រ​មាន​អ្នកធ្វើ​ដូច ។​

មួយទៀត ក្នុង​មួយឆ្នាំ ៗ ព្រះអង្គ​បរិច្ចាគ​ប្រាក់​ផ្ទាល់ខ្លួន​របស់​ព្រះអង្គ ដែល​បាន​ពី​ការ​បវារណា​បច្ច័យ ៤ របស់​ពុទ្ធ​រិ​ស័​ទ ប្រមាណ​ជាង ១០០ លាន​ដុង ( គឺ​ពី ៥ ទៅ ៦, ៧ ពាន់​ដុល្លារ​អាមេរិក​) សម្រាប់​ឧបត្ថម្ភ​សមណ​សិស្ស និង​សមណ​និស្សិត និមន្ត​ទៅ​សិក្សា​ទាំង​ក្នុង និង​ក្រៅប្រទេស ទោះ​សមណ​សិស្ស និង​សមណ​និស្សិត​ខ្លះ ត្រូវជា​សិទ្ធិ​វិហា​រិ​ក​របស់​ព្រះអង្គ​ក្តី មិនមែន​ក្តី ក៏​ព្រះអង្គ​ធ្វើ​មិនដែល​រើសមុខ​ឡើយ គឺថា​ឲ្យ​តែមាន​សមណ​សិស្ស និង​សមណ​និស្សិត​មកពី​វត្ត ឬ​ខេត្ត​ណាក៏ដោយ កាលបើ​ចូលទៅ​ថ្វាយបង្គំ​សួរសុខទុក្ខ​ព្រះអង្គ​ពេលណា ពេលនោះ​ព្រះអង្គ​បដិសណ្ឋារៈ ដោយ​រាក់ទាក់​ស្និទ្ធស្នាល​មិនដែល​ប្រកាន់​ឋានៈ​អ្វី​ទាល់តែសោះ ហើយ​ព្រះ​មិនដែល​ខាន​ប្រគេន​ប្រាក់​ទេ ដោយ​ហោចទៅ​សូម្បីតែ​ព្រះអង្គ​ជួប​តាមផ្លូវ ឬ​នៅ​ទី​បុណ្យ​សុន្ទរ៍ទាន​ផ្សេង ៗ ក៏​ព្រះអង្គ​ប្រគេន​ដែរ ព្រោះនេះ​ឧ​ត្ត​ម​គតិ​ដ៏​ខ្ពង់ខ្ពស់​របស់​ព្រះអង្គ ក្នុង​គោលការណ៍​បណ្តុះបណ្តាល​ធ​ន​ធាន​មនុស្ស​ស្នង​ជាតិ ស្នង​សាសនា សម​ដូច​ព្រះបន្ទូល​នៃ​សម្តេចព្រះសង្ឃរាជ ជួន ណាត ជា​អម្ចាស់ ថា “​អ្នកប្រាជ្ញ​រមែង​សន្សំ​អ្នកប្រាជ្ញ​ដូចគ្នា​” ។ ព្រះអង្គ​តែងមាន​ព្រះពុទ្ធដីកា​ជាមួយនឹង​សិស្សគណ​ដែល​ជិតដិត​នឹង​ព្រះអង្គ​ជារឿយ ៗ ថា “​អញ​កើត​ត្រង់​ជំនាន់​អួរ​អាប់​ឥត​រស្មី អញ​មិនបាន​រៀនសូត្រ​ខ្ពង់ខ្ពស់ ឲ្យ​តែ​កូនចៅ​បាន​រៀនសូត្រ​ខ្ពង់ខ្ពស់ ក៏ដូចជា​ខ្លួន​អញ​បាន​រៀនសូត្រ​ដែរ​” នៅពេល​ខ្លះ​ព្រះអង្គ​ប្រើពាក្យ​អញ​បង្កប់​ដោយ​ក្តី​ស្រឡាញ់​ដ៏​ជ្រាលជ្រៅ ទៅកាន់​សិស្ស​ជំនិត​របស់​ព្រះអង្គ ។ ព្រះទ័យ​ល្អល្អះ​ទូលំទូលាយ​របស់​ព្រះអង្គ​រហូតដល់​ធ្វើ​ឲ្យ​សមណ​សិស្ស និង​សមណ​និស្សិត​អង្គ​ខ្លះ ក្រែងរអែង ស្ទើរតែ​លែង​ហ៊ាន​ទទួល​ទៅយក​ប្រាក់​របស់​ព្រះអង្គ​ទៀតហើយ ព្រោះ​គោរព​ព្រះអង្គ​ពេក ពេលនោះ​ព្រះអង្គ​បែរ​ជាមាន​ព្រះពុទ្ធដីកា​បែប​កំប្លុកកំប្លែង​ដើម្បី​រម្ងាប់​ចិត្ត​រអែង​របស់​សមណ​សិស្ស ឬ​សមណ​និស្សិត​នោះ​ថា “​យើ ! ខ្មាសអៀន​អី គ្នា​យើង​ទេតើ​” ។ ព្រហ្ម​វិហារធម៌​ដ៏​ធំធេង និង​ភាពជា​បុគ្គល​បរិបូណ៌​ដោយ​សមាន​ត្ត​តា​ធម៌​នេះ បានធ្វើ​ឲ្យ​កិត្តិសព្ទ​របស់​ព្រះអង្គ​ល្បី​សុះសាយ​ទៅកាន់​ទិស​ទាំងឡាយ ។ នេះ​ជា​គុណសម្បត្តិ​មួយ​ដ៏​កម្រ​ដែល​គេ​មិន​ធ្លាប់​ឃើញ​មាន​ក្នុង​បុគ្គល​ដទៃ ។​

​មួយវិញទៀត ក្នុង​មួយឆ្នាំ ៗ ព្រះអង្គ​បំបួស​កុលបុត្ត​រាប់រយ​អង្គ (​មាន​ក្នុង​កំណត់ហេតុ​របស់​ព្រះអង្គ​ទាំងអស់​) ព្រោះ​វត្ត​ដែល​សូម​ចំណុះ​យក​ព្រះ​អង្គជា​ព្រះ​ឧបជ្ឈាយ៍ មាន​ចំនួន ១៨ វត្ត​ឯណោះ នោះ​មិនទាន់​រាប់​វត្ត​មួយចំនួនទៀត​ដែល​នៅ​ខេត្ត​ក្រៅ ដូចជា​វត្ត​សង់​ច្រវា​ចាស់ វត្ត​សង់​ច្រវា​ថ្មី និង​វត្ត​សិរី​មង្គល​តា​ធា​យ ខេត្ត​លង់​ហោ​ជាដើម​ផង ។ ក្នុងការ​បំបួស​កុលបុត្ត ព្រះអង្គ​បានកំណត់ ក្នុង​បព្វជ្ជាបេក្ខ និង​ឧបសម្បទាបេក្ខ​មួយអង្គ ៗ ដែល​បាន​បួស​ហើយ ព្រះអង្គ​បវារណា​បច្ច័យ ៤ ចំនួន ១០០.០០០ ដុង ពុំដែល​ខាន ហើយ​ខ្លះ​ថែមទាំង​មាន​ចីវរ​មួយ​ចំហៀង​ត្រៃ​ទៀតផង (​ក្នុងអំលុងពេល​ប៉ុ​ន្ម​នា​ឆ្នាំ​មក​អាយ​នេះ​) ។ ក្រៃលែង​ជាងនេះទៅទៀត ព្រះអង្គ​មាន​ព្រះទ័យ​ស្រឡាញ់​សិស្សគណ​ទាំងអស់​ដូចជា​កូន​របស់​ព្រះអង្គ​អ៊ីចឹង គឺថា​ដូចជា​ឪពុក​និង​កូន​ដោយ​ពិត ។ ម្ល៉ោះហើយ​បានជា​មាន​សិស្សគណ​អង្គ​ខ្លះ សូម្បី​មិនមែនជា​សិទ្ធិ​វិហា​រិ​ករ​បស់​ព្រះអង្គ​ក៏ដោយ ក៏​គោរព​ស្រឡាញ់​ព្រះអង្គ​ដូច​ឪពុក ដល់​កម្រិត​ហៅ​ព្រះអង្គ​ថា លោកឪពុក ឬ​លោកប៉ា ព្រះអង្គ​មិនដែល​ប្រកាន់​ក្នុង​រឿងនេះ​ទេ ទោះជា​គេ​ហៅ​ព្រះ​អង្គជា​អ្វី​ក៏​ព្រះអង្គ​ព្រមទាំង​អស់ រហូតដល់​មាន​អ្នកខ្លះ​លប​ប្រកាន់​ជំនួស​ព្រះអង្គ​ទៅទៀត ។ នេះ​ជា​គុណសម្បត្តិ​មួយ​ដែល​ឧបជ្ឈាយ៍​ដទៃ​ធ្វើបាន​ដោយ​កម្រ ។​

​ប្រការ​មួយទៀត ព្រះអង្គ​បានកំណត់​ចូល​កុសល​រាល់​បុណ្យសព​ពុទ្ធបរិស័ទ​ទូទាំង​ស្រុក​កំពង់​ស្ពាន និង​ក្រៅ​ស្រុក​ខ្លះទៀត ក្នុង​បុណ្យសព​មួយចំនួន ៥០.០០០ ដុង និង​គ្រឿង​ភេសជ្ជៈ​មួយចំនួន​ទៀតផង ហើយ​មិន​ត្រឹមតែ​បុណ្យសព​ទោះ​បុណ្យ​ផ្សេង ៗ ទៀត មានបុណ្យ​កឋិន បុណ្យពុទ្ធាភិសេក បុណ្យ​ចម្រើន​ជន្មាយុ​ជាដើម ដែល​គេ​អាធ​នា​ព្រះអង្គ​ទៅ ព្រះអង្គ​តែង​និមន្ត​ទៅ​ចូល​កុសល​បុណ្យ​ជា​ទឹកប្រាក់​និង​គ្រឿង​បរិក្ខា​មិនដែល​ខាន ។ នេះ​ជា​គុណសម្បត្តិ​ដ៏​កម្រ​មួយ​ដែលមាន​ក្នុង​ព្រះអង្គ​ជានិច្ចកាល ។​

​ប្រការ​មួយវិញទៀត ពេល​ព្រះសង្ឃ​មានរឿង​រ៉ាវ​ព្រោះ​យួន​ចោទប្រកាន់​ទោស​ដោយ​ប្រកា​រណា​នីមួយ ក្នុងនាម​ព្រះអង្គ​ជា​អនុគណ​ស្រុក និង​ជា​ព្រះ​មេគណ​រង ព្រះអង្គ​ពុំដែល​បណ្តោយ​ឲ្យ​យួន​ធ្វើបាប​ព្រះសង្ឃ​ក្រោម​ឱវាទ​ព្រះអង្គ​បានឡើយ បើទុកជា​មាន​ករណី​ព្រះសង្ឃ​អង្គ​ខ្លះ​ដែល​ជាប់​ឈ្មោះ​ក្នុង​បញ្ជីខ្មៅ​របស់​យួន ដោយ​ត្រូវ​អាជ្ញាធរ​យួន​ចោទ​ជា​អ្នកទោសន យោបាយ ដែល​អ្នកមុខអ្នកការ​ដទៃ​គេ​ខ្លាច​មិន​ហ៊ាន​ជិតស្និទ្ធ មិន​ហ៊ាន​បដិសណ្ឋារៈ ឬក៏​មិន​ហ៊ាន​ទាំង​ធ្វើជា​ស្គាល់​ព្រោះ​ខ្លាច​ប៉ះពាល់​ពាក់ព័ន្ធ​ដល់​ខ្លួន ខ្លាច​ជាប់​ឈ្មោះ​ជា​អ្នកប្រឆាំង​យួន នាំ​ឲ្យ​មានទោស​ដល់​ខ្លួន ក៏​ព្រះអង្គ​ពុំដែល​បោះបង់​ព្រះសង្ឃ​អង្គ​នោះ​ចោល​មិន​រវល់ ឬ មិន​ហ៊ាន​រាប់អាន​ស្និទ្ធស្នាល​ដោយ​ខ្លាច​ជាប់​ពាក់ព័ន្ធ​ដល់​ព្រះអង្គ​ឡើយ ។ ផ្ទុយទៅវិញ​ព្រះអង្គ​តែងតែ​ចេញមុខ​ធានា​ធ្វើជា​ម្លប់​ការពារ ភិក្ខុ ឬ​សាមណេរ​អង្គ​នោះ​យ៉ាង​ពេញទំហឹង ឲ្យ​កិច្ចការ​នោះ​ឋិត​នៅក្នុង​លក្ខខណ្ឌ​ប្រយោជន៍​ជាតិ ប្រយោជន៍​សាសនា ព្រះអង្គ​មិនដែល​រុញ​រា​ដល់​ម្តងណា​ឡើយ ។ នៅពេល​ខ្លះ​អាជ្ញាធរ​យួន​ចេញ​បញ្ជា​ឲ្យ​ព្រះអង្គ​ទៅ​ផ្សឹក​ព្រះសង្ឃ​ដែលមាន​ទស្សនៈ ជា​អ្នក​ជាតិនិយម មិន​ចុះ​ញ៉ម ឬ​រណែបរណប​តាម​យួន ព្រះអង្គ​មាន​ព្រះពុទ្ធដីកា​ឆ្លើយតប​ទៅ​យួន​វិញ​ថា “​អាត្មា​ជា​ឧបជ្ឈាយ៍​ដែល​មានន័យថា​អ្នក​បំបួស ម្ល៉ោះហើយ​អាត្មា​ចេះតែ​បំបួស​លោក មិនចេះ​ផ្សឹក​លោក​ទេ​” ដំណោះស្រាយ​នេះ​យួន​ក៏​ទ័លគំនិត ។ តាម​ដែល​ព្រះអង្គ​ដំណាល​ប្រាប់ថា តាំងតែ​ពី​ដើម​មក​ព្រះអង្គ​ពិតជា​មិនដែល​ផ្សឹក​ភិក្ខុ សាមណេរ​អង្គណា​មែន ភារៈ​ផ្សឹក​លោក​ក្នុង​វត្ត​ព្រះអង្គ​ទុក​ឲ្យ​ភិក្ខុសង្ឃ​ក្នុង​វត្ត​ធ្វើ​ជំនួស ។ ទស្សនៈ​ត្រង់នេះ​ស​ឲ្យ​ឃើញថា ព្រះអង្គ​មិន​ចង់ឃើញ​ភិក្ខុ​សាមណេរ​ដែល​ព្រះអង្គ​បាន​បំបួស​ហើយ បែរជា​សឹក​ទៅវិញ ។ ព្រះទ័យ​របស់​ព្រះអង្គ​ចង់តែ​ឲ្យ​ព្រះ​ភិក្ខុ​សាមណេរ​ខំ​បួស​ខំរៀន​ឲ្យ​បាន​ខ្ពង់ខ្ពស់ ដើម្បី​បម្រើ​ជាតិ សាសនា ជា​ទំពាំង​ស្នង​ព្រះអង្គ​ទៅ​ថ្ងៃ​អនាគត ។ នេះ​ជា​គុណធម៌ ឬ​គុណសម្បត្តិ​មួយ​ដ៏​កម្រ​បំផុត ដែល​ស្ទើរតែ​គ្មាន​នៅសល់​ចន្លោះ​ព្រះសង្ឃ​ខ្មែរក្រោម​អង្គ​ណាមួយ​មិនដែល​ដឹង​ពី​ឧ​ត្ត​ម​គតិ​ជាតិ​សាសនា និង​បញ្ញា​វៃ​ឈ្លាស​ប្រតិពល​របស់​ព្រះអង្គ ឬ​មិន​ទទួលស្គាល់​នោះទេ ព្រោះ​វា​ជា​រឿង​ពិត​របស់​ព្រះអង្គ ១០០ ភាគរយ ដែល​សូម្បីតែ​យួន​ជាស​ត្រូវ​លេប​ប្រទេសជាតិ​របស់​ព្រះអង្គ​ក៏​កោតញញើត មិនអាច​បដិសេធ​បាន ។​

​ការរៀបរាប់​អំពី​គុណសម្បត្តិ​ដ៏​កម្រ​របស់​ព្រះ​ឧបជ្ឈាយ៍ វិ​ភ​ទ្ទ​ញ្ញាណ ឡឹម ពៅ ព្រះ​មេគណ​រង​ខេត្ត​ព្រ​ពាំង កម្ពុជា​ក្រោម មក​ទាំង​អម្បាលម៉ាន​នេះ គ្រាន់តែ​លើកយក​នូវ​ចំណែក​តូច​មួយ ក្នុង​រយ​ពាន់​ចំណែក​នៃ​គុណសម្បត្តិ​ដ៏​កម្រ​របស់​ព្រះអង្គ ដើម្បី​បង្ហាញ​ឲ្យ​ជនានុជន​ដែល​មិនទាន់​បានដឹង នឹង​បានដឹង ឯ​អ្នក​ដែល​បានដឹង​ហើយ នឹង​រឭក​ឡើងវិញ ដើម្បី​ញ៉ាំង​នូវ​កតញ្ញុតាធម៌​របស់​ខ្លួន​ចំពោះ​ព្រះអង្គ​កុំ​ឲ្យ​វិនាស ហើយ​ទុក​បណីត​សកម្មភាព វីរភាព វីរិយភាព គុណសម្បត្តិ និង​ធម្មចរិយា​របស់​ព្រះ​អង្គជា​ទិដ្ឋានុគតិ​របស់ខ្លួន និង​របស់​បច្ឆិមជនតា​ជា​ដរាប ។​

​ព្រះ​កិត្តិគុណ​របស់​ព្រះ​ឧបជ្ឈាយ៍ វិ​ភ​ទ្ទ​ញ្ញាណ ឡឹម ពៅ នឹង​ថេរ​នៅ​និត្យ​ដិត​ដក់​ជាប់​ជានិច្ច​ក្នុង​ក្រអៅបេះដូង​ខ្មែរក្រោម និង​ទំព័រ​ប្រវត្តិសាស្ត្រ​កម្ពុជា​ក្រោម ពុំ​អាច​រសាយ​ដោយ​ងាយ ៗ ឡើយ ៕​