ប៉ះទង្គិច​ដោយ​ហិង្សា​រវាង​កម្លាំង​ពលរដ្ឋខ្មែរ​ក្រោម និង​កម្លាំង​សមត្ថកិច្ច​យួន

ដោយ ស៊ឺន ចែងចើន

នៅ​រសៀល​ថ្ងៃ​អង្គារ ទី ៥ ខែឧសភា នៅ​ខេត្ត​ក្រមួនស នៃ​ដែនដី​កម្ពុជាក្រោម មាន​ករណី​ផ្ទុះ​អំពើ​ហិង្សា​រវាង​កម្លាំង​សមត្ថកិច្ច​យួន និង​អ្នកភូមិ​រាប់​រយ​នាក់ ដែល​នាំគ្នា​ទៅ​តវ៉ា​ក្នុង​ទំនាស់​ដីធ្លី​អូស​បន្លាយ​យូរ​អ្វែង​អស់​ជាច្រើន​ឆ្នាំ បណ្តាល​ឲ្យ​មនុស្ស​ប្រុសស្រី​រង​របួសធ្ងន់​ស្រាល​ប្រមាណ​ជាង ១០ នាក់ ។

(រូបឆ្វេង​) ខ្មែរក្រោម ដែល​រង​របួសក្រោយ​ការ​ផ្ទុះ​ហិង្សា​​ជាមួយនគរបាល​វៀតណាម ​និង (ស្ដាំ) ក្រុមខ្មែរក្រោម កំពុងប្រឈមមុខ​ជាមួយ​នគតបាលវៀតណាម ស្ថិត​ក្នុង​ភូមិ​​ប៉ប្រក់ ឃុំ​ប៉ប្រក់ ស្រុក​ព្រៃ​មេង ​​ខេត្ត​ក្រមួន​ស​​ ថ្ងៃ​ទី ៥ ខែ​ឧសភា ឆ្នាំ ២០២០ ។ រូបៈ Screenshot
(រូបឆ្វេង​) ខ្មែរក្រោម ដែល​រង​របួសក្រោយ​ការ​ផ្ទុះ​ហិង្សា​​ជាមួយនគរបាល​វៀតណាម ​និង (ស្ដាំ) ក្រុមខ្មែរក្រោម កំពុងប្រឈមមុខ​ជាមួយ​នគតបាលវៀតណាម ស្ថិត​ក្នុង​ភូមិ​​ប៉ប្រក់ ឃុំ​ប៉ប្រក់ ស្រុក​ព្រៃ​មេង ​​ខេត្ត​ក្រមួន​ស​​ ថ្ងៃ​ទី ៥ ខែ​ឧសភា ឆ្នាំ ២០២០ ។ រូបៈ Screenshot

យោង​តាម​វីដេអូ​ឃ្លី​បមួយ ដែល​បាន​ផ្សាយ​ផ្ទាល់ នៅ​លើ​គណនី​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ឈ្មោះ Bori Jung បាន​បង្ហាញ​អំពី​ទិដ្ឋភាព ពលរដ្ឋខ្មែរ​ក្រោម ចុះ​មក​តវ៉ា និង​ការពារ​ដីស្រែ ដែល​កំពុង​មាន​ជម្លោះ​ជាមួយ​រដ្ឋអំណាច​យួន ដើម្បី​ទាមទារ​ឲ្យ​មាន​ដំណោះស្រាយ​លើ​ដីស្រែ​របស់​ពួក​គេ ។ ការ​តវ៉ា​នោះ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ប្រមាណ​ជាង ១០០ នាក់ ប្រដាប់ដោយ​ដំបង​ឆក់ ខែល និង​អាវុធ​ក្នុង​ដៃ​ផង បាន​ធ្វើការ​បំបែក​ក្រុម​អ្នក​តវ៉ា រហូត​បណ្តាល​ឲ្យ​មនុស្ស​យ៉ាងហោចណាស់​ជាង ១០ នាក់​រង​របួស ដោយសារ​គ្រាប់​កាំភ្លើង និង​មួយចំនួន​ទៀត​រង​របួស ដោយ​ការ​វាយដំ​ដោយ​កម្លាំង​សមត្ថកិច្ច ហើយ​ស្រ្តី​វ័យ​ចំណាស់​ម្នាក់ ត្រូវ​បាន​ចាប់​វាយ​ខ្នោះដៃ ។

ប្រជាពលរដ្ឋ​ខ្មែរក្រោម​ម្នាក់ ស្រែក​នៅ​លើ​គណនី​ហ្វេសប៊ុក ដែល​កំពុង​ផ្សាយ​ផ្ទាល់​នោះ​ថា ពលរដ្ឋខ្មែរ​ក្រោម ខេត្ត​ក្រមួនស បាន​ធ្វើស្រែ​នៅ​លើ​ទីតាំង​ដី កំពុង​មាន​ជម្លោះ​នោះ ចាប់តាំងពី​ឆ្នាំ ១៩៧៣ មក​ម្ល៉េះ ។ នៅ​ឆ្នាំ ២០០០ ពលរដ្ឋខ្មែរ​ក្រោម ជួប​វិបត្តិ​ជំនន់​ទឹក​លិច​ស្រែ​លិច​ស្រូវ ហើយក៏​បោះបង់​ការ​ធ្វើស្រែ និង​ផលដំណាំ រហូតដល់​ឆ្នាំ ២០០៨ ទើប​ពលរដ្ឋខ្មែរ​ក្រោម បាន​ចាប់ផ្តើម​កាប់ឆ្ការ​ធ្វើស្រែ​ឡើងវិញ តែ​ត្រូវ​រដ្ឋអំណាច​យួន​ហាមឃាត់​ទៅវិញ ។ ចាប់តាំងពី​នោះ​មក ទំនាស់​ដីធ្លី​ដ៏​រ៉ាំរ៉ៃ​មួយ​រវាង​ប្រជាពលរដ្ឋ​ខ្មែរក្រោម និង​រដ្ឋអំណាច​យួន ក៏​តែង​កើតមានឡើង​ជាហូរហែ និង​ពេលខ្លះ ឈាន​ដល់​ការ​ផ្ទុះ​អំពើ​ហិង្សា​ទៀតផង ។

ផ្អែក​តាម​វីដេអូ​ឃ្លី​បដដែល​នោះ ស្ត្រី​ខ្មែរក្រោម​ម្នាក់ទៀត ជា​ជនរងគ្រោះ​ដោយ​បញ្ហា​ដីធ្លី​បាន​ស្រែក ដោយ​ទាមទារ​ឲ្យ​រដ្ឋាភិបាល​យួន​ដោះស្រាយ​បញ្ហា​ដីធ្លី​ជូន​ពួក​គាត់​ជាបន្ទាន់ ។ ពលរដ្ឋខ្មែរ​ក្រោម​រូប​នេះ ចោទ​អាជ្ញាធរ​យួន​ថា បាន​រើសអើង​ពូជសាសន៍​ខ្មែរក្រោម និង​បង្ខំឲ្យ​បោះបង់ចោល​ដី​កេរ​ដូនតា​របស់​ពួក​គេ ដោយ​គ្មាន​សង​សំណង​ឡើយ ។

កន្លងមក​ពលរដ្ឋខ្មែរ​ក្រោម ដែល​ចូលរួម​តវ៉ា ពី​បញ្ហា​ដីធ្លី​នោះ មាន​ដូចជា ខេត្ត​មាត់ជ្រូក ខេត្ត​ឃ្លាំង ខេត្ត​ព្រះត្រពាំង និង​ខេត្ត​ក្រមួនស នៃ​ដែនដីខ្មែរ​កម្ពុជាក្រោម ដែល​បច្ចុប្បន្ន​គ្រប់គ្រង​ដោយ​ប្រទេស​វៀតណាម ។ ហើយ​ការ​តវ៉ា​នោះ ក៏​មានការ​ចាប់ខ្លួន​ពលរដ្ឋខ្មែរ​ក្រោម​ដាក់​ពន្ធ​នា​គារ​ជា​ហូ​ហែរ ៕

មើល​វីដេអូ ពីការប៉ះទង្គិច​ដោយ​ហិង្សា​រវាង​កម្លាំង​ពលរដ្ឋខ្មែរ​ក្រោម និង​កម្លាំង​សមត្ថកិច្ច​យួន