ដោយ ថាច់ ប្រីជា គឿន | សារព័ត៌មាន ព្រៃនគរ

ក្នុងបញ្ជីនៃប្រទេស ដែលចាប់ អ្នកកាសែត ដាក់គុកច្រើនជាងគេ ក្នុងពិភពលោក វៀតណាមឈរលំដាប់ លេខ ៦ ដោយមានអ្នកកាសែត ១៤ នាក់ កំពុងជាប់ពន្ធនាគារ ។ នោះគឺជា លទ្ធផល ទើបតែចេញសេចក្ដីប្រកាសពិសេស របស់គណៈកម្មការការពារ អ្នកកាសែត (CPJ) មានទីស្នាក់ការនៅសហរដ្ឋអាមេរិក ។
CPJ បានរាយការណ៍ថា ប៉ុន្មានឆ្នាំចុងក្រោយនេះ វៀតណាមបាននិង កំពុងបង្កើនយុទ្ធនាការបង្ក្រាប ទៅលើ អ្នកកាសែត ដែលមាននិន្នាការរិះគន់ រដ្ឋាភិបាល ជាពិសេសក្រុមអ្នក កាសែតដែលផ្សព្វផ្សាយអត្ថបទតាមប្រពន្ធ អិនធើណិត ។
បើយោងតាម CPJ អ្នកកាសែតនៅវៀតណាមភាគច្រើនជាប់គុកពីបទ ប្រឆាំងរដ្ឋាភិបាល ដែលទាក់ទិននឹងអត្ថបទរបស់ពួកគេ មានលក្ខណៈនយោបាយដ៏រសើប ដូចជា រឿងសមុទ្រ ចិនខាងត្បូង និងរឿងរដ្ឋាភិបាលគាបសង្កត់លើសហគមន៍អ្នកកាន់សាសនាគ្រឹស្តជាដើម ។
លោក Bob Dietz ទទួលបន្ទុកតំបន់អាស៊ី នៃគណៈកម្មការការពារអ្នកកាសែតបានថ្លែងថា៖ “យើងខ្ញុំតាមដានស្ថានភាពប្រទេសវៀតណាមតាំងពីដំបូងមក ។ យើងខ្ញុំបានចេញសេច ក្ដីថ្លែងការណ៍ស្ដី ពីស្ថានភាពបង្ក្រាបដល់អ្នកកាសែតនៅវៀតណាមក្នុងឆ្នាំនេះ និងបានផ្ញើទៅរដ្ឋការក្រុងហាណូយ ភ្ជាប់ជាមួយបញ្ជីឈ្មោះ អ្នកកាសែតដែលកំពុងជាប់គុកដើម្បីឲ្យពួកគេពិនិត្យឡើងវិញ ។ វាប្រាកដណាស់ថា ពួកគេ [រដ្ឋាភិបាលវៀតណាម] មិនឆ្លើយតប ទេ ។ ប្រសិនបើវៀតណាមចង់ក្លាយជាប្រទេសមួយ ដែលមានសង្គមជឿនលឿនប្រព័ន្ធសេដ្ឋកិច្ច ប្រកបដោយថាមពល និងរីកចម្រើននោះ ត្រូវតែមានប្រព័ន្ធព័ត៌មានសេរី ក្នុងនោះ រួមមាន ការរិះគន់រដ្ឋាភិបាល ផងដែរ ។ យើងខ្ញុំ កំពុងតែខំប្រឹងប្រែងជម្រុញ ឲ្យរដ្ឋការក្រុងហាណូយដើម្បីឲ្យពួកគេសិក្សា និងទទួលស្គាល់ថា ពលរដ្ឋត្រូវមានសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ” ។
CPJ បានឲ្យដឹងថា ក្នុងឆ្នាំ ២០១២ នេះ អ្នកកាសែតក្នុងពិភពលោកដែលត្រូវជាប់ពន្ធនាគារ មានការកើនឡើងគួរឲ្យកត់សម្គាល់ ។
គិតមកទល់ដើមឆ្នាំ ២០១២ នេះ ទូទាំងពិភពលោក មានអ្នកកាសែត និងថតរូបព័ត៌មាន ចំនួន ២៣២ នាក់ ត្រូវជាប់គុកនៅក្នុងប្រទេសទាំង ២៧ គឺ បានកើនឡើងចំនួន ៥៣ នាក់ បើប្រៀបធៀបនឹងស្ថិតិកាលពីឆ្នាំមុន និងជាតួលេខមួយខ្ពស់បំផុតចាប់តាំងពី CPJ ចាប់ ផ្ដើមសហការធ្វើជំរឿនតាំងពីឆ្នាំ ១៩៩០ មក ។
ប្រទេសនាំមុខនៅក្នុងបញ្ជីប្រទេសដែលចាប់អ្នកកាសែតច្រើនជាងគេ ក្នុងពិភពលោក គឺ ប្រទេសទូគី (Turkey) បន្ទាប់មកគឺអ៊ារ៉ង់ (Iran) និងប្រទេសចិនឈរលំដាប់លេខ ៣ ។ ប្រទេសនាំមុខទាំង ១០ បន្ទាប់មកទៀត ក្រៅពីវៀតណាម រួមមាន Eritrea, Syria, Azerbaijan, Ethiopia, Uzbekistan និង Saudi Arabia ៕