(សារព័ត៌មាន ព្រៃនគរ) ព្រះសង្ឃវត្តមុនីរង្សី (មេពាំង) ស្ថិតនៅក្នុងភូមិមេពាំង ឬ ភូមិទី ៤ (Ấp 4) ឃុំឫស្សី ស្រុក (Xã Phong Phú) ស្រុកកំពង់ស្ពាន (Huyện Cầu Kè) ខេត្ត ព្រះត្រពាំង (Tỉnh Trà Vinh) បាន លើកឡើងថា រដ្ឋាភិបាលវៀតណាម បានកាន់កាប់ដីកេរដូនតារបស់វត្តដែលមានមកតាំងពីបុរាណ ហើយ ពេលវត្តធ្វើលិខិតស្នាម ទាមទារមកវិញរដ្ឋាភិបាលមិនព្រមសង ព្រោះវត្តមិនមានលិខិតកម្មសិទ្ធិដីធ្លី ។

ព្រះសង្ឃវត្តមុនីរង្សី (មេពាំង) មួយអង្គដែលសុំមិនចេញព្រះនាម បានប្រាប់វិទ្យុសំឡេងកម្ពុជាក្រោម កាល ពីថ្ងៃ ទី ២៧ ខែសីហា ថា ដីធាចាស់ដែលពុទ្ធបរិស័ទបានប្រគេនដល់វត្តជាច្រើនកន្លែង បច្ចុប្បន្ន ត្រូវបាន អាជ្ញាធរវៀតណាមកាន់កាប់ដោយលើកហេតុផលថា ដីមិនមានម្ចាស់ ព្រោះវត្តមិនទាន់ធ្វើលិខិតកម្ម សិទ្ធិដី ។ បច្ចុប្បន្ន ដីកេរវត្តនេះ មួយចំណែកត្រូវបានអាជ្ញាធរវៀតណាមយកទៅសាងសាលារៀនភាសា យួន និងមួយចំណែកនៅទំនេរ តែរដ្ឋាភិបាលមិនព្រមសងមវិញ ពេលដែលព្រះសង្ឃទាមទារ ។
ព្រះអង្គបានបន្តទៀតថា ព្រះសង្ឃធ្លាប់បាននាំគ្នាទៅកាប់ឆ្ការនៅផ្ទៃដីវត្តនោះដែរ ដើម្បីកសាងទីសម្រាប់ពុទ្ធបរិស័ទធ្វើបុណ្យ តែត្រូវបានកម្មាភិបាលវៀតណាមហាមឃាត់ ដោយលើកឡើងថា នឹងមានបញ្ហា ប្រសិនបើព្រះសង្ឃនៅតែកាប់ឆ្ការលើដីដែលមិនមានលិខិតបញ្ជាក់ពីកម្មសិទ្ធិ ។
យោងតាមបញ្ជីវត្តនៅកម្ពុជាក្រោម វត្តមុនីរង្សី (មេពាំង)បានកកើតឡើងក្នុង ព.ស. ២៣៩៥ គ.ស. ១៨៥១ បើគិតមកដល់ឆ្នាំ ២០១៣ នេះ វត្តនេះ មានអាយុកាល ១៦២ ឆ្នាំ ហើយ ។
តាមថេរដីការបស់ ព្រះសង្ឃខាងលើ វត្តនេះ បានរើទីតាំងចេញពីកន្លែងមួយទៅកន្លែងមួយជាច្រើនលើក ហើយបានបន្សល់ទុកនូវដីធាវត្តចាស់ជាច្រើនកន្លែងនៅខាងក្រៅវត្តដោយមិនបានធ្វើលិខិតកម្មសិទ្ធិដីធ្លី ឡើយ ។ ព្រះសង្ឃបានអះអាងថា វត្តកំពុងតែដំណើរការទាមទារដីកេររបស់វត្តទាំងនោះមកវិញ ៕