ដោយ ស៊ឺន ចែងចើន
ច្បាប់ការងារ ឬច្បាប់ពលកម្ម នៅក្នុងប្រទេសវៀតណាម ទើបតែបានកែប្រែ និងធ្វើវិសោធទនកម្មលើចំណុចមួយចំនួន ហើយត្រូវបានរដ្ឋសភាវៀតណាម អនុម័ត ដែលគេមើលឃើញថា ដើម្បីការពារសិទ្ធិ និងផលប្រយោជន៍របស់កម្មករ ។ តើច្បាប់ពលកម្ម ដែលទើបតែបានកែសម្រួលលើចំណុចថ្មីមួយចំនួននេះ មានខ្លឹមសារសំខាន់ៗ អ្វីខ្លះ? និងកម្មករជនជាតិដើមខ្មែរ នៅដែនដីកម្ពុជាក្រោម ដែលធ្វើការនៅតាមរោងចក្រ បានទទួលផលប្រយោជន៍អ្វីខ្លះ ពីច្បាប់ការងារនេះ? ។

ដើម្បីឆ្លើយតប នឹងតម្រូវការនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី វៀតណាមត្រូវបានបង្ខំឲ្យធ្វើវិសោធនកម្មច្បាប់ការងារ ដោយអនុញ្ញាតឲ្យបង្កើតសហជីពឯករាជ្យ នៅកម្រិតមូលដ្ឋាន ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ស្ថានទូតអាមេរិក ប្រចាំនៅប្រទេសវៀតណាម ។
- ការពង្រឹងក្របខណ្ឌសមាហរណកម្មសេដ្ឋកិច្ចពិភពលោក បង្ខំឲ្យវៀតណាម ធ្វើវិសោធនកម្មច្បាប់ការងារ
រដ្ឋសភានៃប្រទេសវៀតណាម កាលពីថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ ២០១៩ បានអនុម័តលើច្បាប់ការងារ (ធ្វើវិសោធនកម្ម) ដែលត្រូវបានកែសំរួល និងត្រូវបានអនុម័តដោយទទួលបានសំឡេងគាំទ្រ ៩០,៦% នៃសមាជិករដ្ឋសភា ។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍ថា ច្បាប់ស្ដីពីការងារ ដែលត្រូវបានធ្វើវិសោធនកម្មថ្មីនេះ មានចំនួន ១៧ ជំពូក និង ២២០ មាត្រា ។ ក្នុងនោះ មាន ១០ មាត្រា (ថ្មី) សម្រាប់អនុវត្តចំពោះកម្មករនិយោជិត និង ៦ មាត្រា (ថ្មី) អនុវត្តចំពោះក្រុមនិយោជក ។
តាមរយៈការធ្វើវិសោធកម្មច្បាប់ការងារនេះ មានចំណុចថ្មីមួយចំនួន ដូចជា កម្មករនិយោជិត នឹងទទួលបានប្រាក់ឈ្នួល ១ ថ្ងៃបន្ថែម ទៅលើថ្ងៃឈប់សម្រាកបុណ្យជាតិវៀតណាម (ថ្ងៃទី ២ ខែកញ្ញា) ។ ចំពោះពេលវេលាធ្វើការធម្មតា ច្បាប់បានចែងថា មិនលើសពី ៨ ម៉ោងក្នុងមួយថ្ងៃ និងមិនលើសពី ៤៨ ម៉ោងក្នុងមួយសប្ដាហ៍ និងបំពេញបន្ថែមនូវបទប្បញ្ញត្តិជាក់លាក់ ទៅលើការងារបន្ថែមម៉ោងពី ២០០ ម៉ោងដល់ ៣០០ ម៉ោង ក្នុងមួយឆ្នាំ ដើម្បីធានានូវអត្ថប្រយោជន៍រយៈពេលវែង សម្រាប់កម្មករនិយោជិត ។
ក្រៅពីនេះ ក៏មានចំណុចសំខាន់ៗ នៃមាត្រាមួយចំនួនទៀត ដែលត្រូវបានកែសម្រួល រួមមាន ការពង្រីកវិសាលភាពនៃការកែសំរួល និងមុខសញ្ញាត្រូវបានអនុវត្តក្រមប្រតិបត្តិ ចំពោះកម្មករនិយោជិត ដែលមិនជាប់កិច្ចសន្យា ។ បទប្បញ្ញត្តិ ស្តីពីការបង្កើតសហជីពឯករាជ្យ នៅក្នុងក្រុមហ៊ុន និងសហគ្រាសដោយផ្ទាល់ ដែលមិនស្ថិតនៅក្រោម ការគ្រប់គ្រងរបស់សហជីពពលកម្មការងារវៀតណាម ដើម្បីជំរុញ និងលើកកម្ពស់ប្រសិទ្ធភាព ការពារសិទ្ធិ និងផលប្រយោជន៍របស់កម្មករ ក្នុងទំនាក់ទំនងការងារ ស្របជាមួយអនុសញ្ញារបស់អង្គការពលកម្មអន្តរជាតិ (ILO) និងបណ្តាកិច្ចព្រមព្រៀងអន្ដរជាតិផ្សេងទៀត ។ បន្ថែមពីលើនេះ គឺច្បាប់ការងារថ្មី ក៏បានលើកកំពស់ សម្រាប់កម្មករជាស្ត្រី និងធានាលើកកម្ពស់នូវសមភាពយេនឌ័រ និងការមិនរើសអើងភេទ ការការពារកម្មករជាអនីតិជន ការដោះស្រាយវិវាទការងារ និងការបង្កើនអាយុចូលនិវត្តន៍ដល់ ៦០ ឆ្នាំសម្រាប់ស្ត្រី និង ៦២ ឆ្នាំ សម្រាប់បុរស (បុរស នឹងអាចធ្វើការរហូតដល់អាយុ ៦២ ឆ្នាំ គិតដល់ឆ្នាំ ២០២៨ ចំណែកស្ត្រី នឹងធ្វើការរហូតដល់អាយុ ៦០ ឆ្នាំ គិតដល់ឆ្នាំ ២០៣៥) ដើម្បីត្រៀម និងទប់ទល់ នឹងដំណើរការវ័យចំណាស់របស់ប្រជាជន ដើម្បីឆ្លើយតប នឹងតម្រូវការទីផ្សារការងារ ។ បច្ចុប្បន្ន អាយុចូលនិវត្តន៍ របស់បុរស និងស្រ្តី នៅវៀតណាម ត្រឹម ៥៥ ឆ្នាំ ។
ស្ថានទូតអាមេរិក ប្រចាំនៅទីក្រុងហាណូយ កាលពីថ្ងៃទី ២០ ខែវិច្ឆិកា បានចេញសេចក្តីថ្លែងការណ៍មួយ ដោយសាទរ ចំពោះរដ្ឋាភិបាល និងរដ្ឋសភាវៀតណាម បានអនុម័តកំណែទម្រង់ច្បាប់ការងារ ដែលស្ថានទូតអាមេរិកចាត់ទុកថាជា «ប្រវត្តិសាស្ត្រ» ថ្មី ។ ពីព្រោះវាជាការបោះជំហានសំខាន់មួយ ដើម្បីធានានាំមកនូវប្រព័ន្ធច្បាប់របស់ប្រទេសវៀតណាម ផ្សារភ្ជាប់ពាណិជ្ជកម្មអន្តរជាតិទៅ នឹងលក្ខខណ្ឌការងារ និងសមស្របតាមបទដ្ឋានការងារក្នុងក្របខ័ណ្ឌច្បាប់អន្តរជាតិ ។
សហរដ្ឋអាមេរិក ក៏បានសង្កត់ធ្ងន់នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន អំពីសារៈសំខាន់នៃច្បាប់ថ្មីនេះ ដូចជាការបង្កើតសហជីពឯករាជ្យ ការបង្កើនការការពារប្រឆាំង នឹងការរើសអើងនៅកន្លែងធ្វើការ ។ ពង្រីកវិសាលភាពនៃការគាំពារផ្នែកច្បាប់ដល់កម្មករ ដែលមិនជាប់កិច្ចសន្យា ។
ទាក់ទង នឹងកំណែទម្រង់ច្បាប់ការងារថ្មីនេះដែរ លោក Chang Hee Lee នាយកអង្គការពលកម្មអន្តរជាតិ (ILO) ប្រចាំនៅប្រទេសវៀតណាម ក៏បានចេញសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃទី ២០ ខែវិច្ឆិកា ដោយបានគូសបញ្ជាក់ថា សេរីភាពនៃការបង្កើតសហជីពឯករាជ្យ គឺជាសិទ្ធិមូលដ្ឋាន ដែលមានចែងនៅក្នុងគោលការណ៍ និងសិទ្ធិជាមូលដ្ឋានពលកម្មអន្តរជាតិ នៅឆ្នាំ ១៩៩៨ ។ តាម ILO ការធ្វើវិសោធនកម្មច្បាប់ការងារថ្មី គឺជា “ការបោះជំហានទៅមុខដ៏សំខាន់មួយ” ដើម្បីឆ្ពោះទៅសមាហរណកម្មអន្តរជាតិ និងពាណិជ្ជកម្មដោយសេរី និងយុត្តិធម៌ ។
សូមបញ្ជាក់ថា ការកែប្រែច្បាប់ការងារនេះ នឹងចូលជាធរមាន ចាប់ពីថ្ងៃទី ១ ខែមករា ឆ្នាំ ២០២១ ដោយអនុញ្ញាតឲ្យកម្មករបង្កើតសហជីពឯករាជ្យ ដោយមិនស្ថិតក្រោមការគ្រប់គ្រង របស់សហជីពពលកម្មការងារវៀតណាម ដែលជាអង្គភាពសហជីពរបស់រដ្ឋាភិបាល ដើម្បីធានាឲ្យបាននូវសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់កម្មករ និងនិយោជិត ។
យោងតាមវិទ្យាស្ថានជាតិស្ថិតិរបស់វៀតណាម បានបង្ហាញតួលេខប្រជាជនក្នុងប្រទេស បច្ចុប្បន្នមានប្រជាពលរដ្ឋប្រមាណ ៩៦,២ លាននាក់ គិតចាប់តាំងពីថ្ងៃទី ១ ខែមេសា ឆ្នាំ ២០១៩ មក ។ បច្ចុប្បន្នប្រជាជនសរុបចំនួន ៩៦ ២០៨ ៩៨៤ នាក់ ដែលក្នុងនោះ បុរសមានចំនួន ៤៧ លាននាក់ ហើយស្ត្រីមានចំនួន ៤៨ លាននាក់ ដោយអត្រាបុរស និងស្ត្រីហាក់ ដូចជាមានលក្ខណៈសមភាព នឹងគ្នា គឺបុរសមានប្រហែល ៤៩,៨% ខណៈពេលស្ត្រីមានប្រហែល ៥០,២% ។ វៀតណាម គឺជាប្រទេស ដែលមានចំនួនប្រជាជនច្រើន ជាប់ចំណាត់ថ្នាក់ ទី ១៥ លើពិភពលោក និងជាប់ចំណាត់ថ្នាក់ទី ៣ ក្នុងតំបន់អាស៊ីអាគ្នេយ៍ បន្ទាប់ពីឥណ្ឌូណេស៊ី និងហ្វីលីពីន ។
- តើកម្មករជនជាតិដើមខ្មែរ នៅដែនដីកម្ពុជាក្រោម ដែលធ្វើការនៅតាមរោងចក្រ បានទទួលផលប្រយោជន៍អ្វីខ្លះ ពីច្បាប់ការងារនេះ?
ការធ្វើវិសោធនកម្មនៃច្បាប់ស្តីពីការងារ ត្រូវបានរដ្ឋសភាវៀតណាម សម្រេចអនុម័តទាំងស្រុងដោយសំឡេងគាំទ្រ ៩០,៦% នៃសមាជិករដ្ឋសភា ដែលមានគោលដៅការពារផលប្រយោជន៍កម្មករ ដោយបានបន្ថែម ១០ មាត្រា (ថ្មី) ដែលក្នុងនោះ គឺមានមាត្រាមួយអនុញ្ញាតឲ្យកម្មករបង្កើតសហជីពមូលដ្ឋាន ។
នៅពេលច្បាប់ស្តីពីការងារ ប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៅឆ្នាំ ២០២១ កម្មករខ្មែរក្រោម នឹងទទួលបានផលប្រយោជន៍យ៉ាងច្រើន ពីការបង្កើតសហជីពនេះ ។ ពីព្រោះសហជីពមានតួនាទីក្នុងការតំណាងឲ្យកម្មករនិយោជិត ក្នុងការចរចាជាមួយនិយោជក ដើម្បីរកដំណោះស្រាយទៅលើបញ្ហាប្រឈមនានា ដែលកើតមានឡើងពាក់ព័ន្ធ នឹងលក្ខខណ្ឌការងារ ក៏ដូចជាឈានទៅរកការព្រមព្រៀងគ្នា រវាងកម្មករនិយោជិត និងនិយោជក ។ និយាយជារួម សហជីពមានករណីយកិច្ច ការការពារផលប្រយោជន៍កម្មករ ការពារសិទ្ធិសេរីភាពរបស់កម្មករតាមរោងចក្រ និងក្រុមហ៊ុន និងវិស័យការងារផ្សេងទៀត ដើម្បីធានានូវលក្ខខណ្ឌការងារកាន់តែប្រសើរ និងចូលរួមជួយលើកកម្ពស់ជីវភាពកម្មករ តាមរយៈការចរចាប្រាក់ឈ្នួល និងដោះស្រាយវិវាទផ្សេងៗ របស់កម្មករ និងអត្ថប្រយោជន៍ផ្សេងៗ ទៀត ។
ដោយហេតុតែ ជនជាតិដើមខ្មែរក្រោម ដែលធ្វើការនៅតាមក្រុមហ៊ុន និងរោងចក្រ នៅក្នុងទីក្រុងព្រៃនគរ និងនៅទូទាំងដែនដីកម្ពុជាក្រោម រងការរំលោភសិទ្ធិកម្មករ តម្លៃប្រាក់ឈ្នួល និងលក្ខខណ្ឌការងារ រួមទាំងបញ្ហាប្រឈមនានា ដែលពួកគេកំពុងធ្វើការងារក្នុងវិស័យក្រៅប្រព័ន្ធ តែងតែត្រូវបានថៅកែរំលោភសិទ្ធិការងារយ៉ាងធ្ងន់ធ្ងរ ។ល។
សំខាន់ជាងនេះទៅទៀត ជារៀងរាល់ឆ្នាំ កម្មករខ្មែរក្រោម នៅតែជួបការលំបាកក្នុងការអបអរ និងចូលរួមពិធីបុណ្យជាតិរបស់ខ្លួន ។ ដោយសាររដ្ឋាភិបាលវៀតណាម មិនអនុញ្ញាតឲ្យឈប់សម្រាកក្នុងថ្ងៃបុណ្យប្រពៃណីជាតិរបស់ជនជាតិខ្មែរ ។ ដូច្នេះ ការបង្កើតសហជីព សម្រាប់កម្មករខ្មែរក្រោម ពិតជាមានសារៈសំខាន់ ក្នុងការទាមទារនូវលក្ខខណ្ឌការងារ និងទាមទារគោលនយោបាយការពារនូវសិទ្ធិរបស់ជនជាតិដើមខ្មែរក្រោម ដើម្បីទទួលបានសេរីភាពគ្រប់គ្រាន់ ក្នុងការចូលរួមពិធីបុណ្យប្រពៃណីជាតិរបស់ខ្លួន ។
គួរជម្រាបជូនថា កាលពីថ្ងៃទី ១៤ ខែមីនា ឆ្នាំ ២០១៩ កម្មករខ្មែរក្រោម ដែលធ្វើការ នៅក្នុងទីក្រុងព្រៃនគរ ក៏ធ្លាប់បានរួមគ្នាចុះហត្ថលេខា នៅលើញត្តិរួមមួយ ផ្ញើទៅប្រធានសហជីពពលកម្មវៀតណាម នៅទីក្រុងព្រៃនគរ (Chủ tịch Liên đoàn Lao động Việt Nam Thành phố Hồ Chí Minh) ដោយស្នើទៅក្រុមហ៊ុន និង រោងចក្រទាំងអស់ នៅក្នុងទីក្រុងព្រៃនគរ និង នៅទូទាំងដែនដីកម្ពុជាក្រោម អនុញ្ញាតឲកម្មករខ្មែរក្រោម បានឈប់សម្រាក ៤ ថ្ងៃ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ចាប់ពីថ្ងៃទី ១៣ ដល់ ១៦ ខែមេសា ឆ្នាំ ២០១៩ ។
ជារៀងរាល់ឆ្នាំ នៅក្នុងពិធីបុណ្យប្រពៃណីជាតិខ្មែរ ដូចជា បុណ្យចូលឆ្នាំថ្មី នៅថ្ងៃទី ១៤, ១៥ និង ១៦ ខែមេសា និង ពិធីបុណ្យភ្ជុំបិណ្ឌ ឬ បុណ្យសែនដូនតា នៅថ្ងៃ ១៤ និង ១៥ រោច ខែភទ្របទ ពលរដ្ឋខ្មែរក្រោម ដែលជានិស្សិត សិស្សសាលា កម្មករ បុគ្គលិក និងកម្មាភិបាល ដែលកំពុងតែរៀន និង ធ្វើការនៅតាមសាលា រោងចក្រ និងការិយាល័យរដ្ឋនានា មិនមានសេរីភាពគ្រប់គ្រាន់ ក្នុងការចូលរួមពិធីបុណ្យប្រពៃណីជាតិរបស់ខ្លួនទេ ។ មូលហេតុ ដោយសាររដ្ឋាភិបាលវៀតណាមមិនមានគោលនយោបាយជាមូលដ្ឋាន និងអនុម័តនូវច្បាប់ជាផ្លូវការណាមួយ សម្រាប់ឲ្យមានថ្ងៃឈប់សម្រាកក្នុងថ្ងៃ បុណ្យសែនដូនតា និង បុណ្យចូលឆ្នាំថ្មី របស់ជនជាតិខ្មែរ ។ នៅក្នុងថ្ងៃពិធីបុណ្យនេះ សាលារៀននៅតែរៀន រោងចក្រ និងការិយាល័យរដ្ឋ និងឯកជននៅតែធ្វើការជាធម្មតា ដែលធ្វើឲ្យពលរដ្ឋខ្មែរក្រោមមានអារម្មណ៍ថា ពួកគេមិនទទួលបាននូវសេរីភាព និង យុត្តិធម៌ពិតប្រាកដក្នុងការចូលរួម និង ថែរក្សាអត្តសញ្ញាណវប្បធម៌ជាតិរបស់ខ្លួនឡើយ ។ ផ្ទុយទៅវិញ ជនជាតិយួន និង ចិន រដ្ឋាភិបាលវៀតណាម បានអនុម័តច្បាប់ជាផ្លូវការឲ្យមានថ្ងៃឈប់សម្រាកទូទាំងប្រទេសពី ១០ ទៅ ១៥ ថ្ងៃ នៅក្នុងឱកាស បុណ្យចូលឆ្នាំយួន និង ចិន ជារៀងរាល់ឆ្នាំ ។ ទង្វើទាំងនេះ ត្រូវបានគេមើលឃើញថា វាផ្ទុយ នឹងអ្វីដែលរដ្ឋាភិបាលវៀតណាម តែងតែឃោសនាថា យួន ចិន និង ខ្មែរក្រោម ជាជនជាតិទាំងបីបងប្អូន នឹងគ្នារស់នៅភាគខាងត្បូងនៃប្រទេសវៀតណាម ដោយជនជាតិយួន និង ចិន បានឈប់សម្រាកក្នុងថ្ងៃបុណ្យចូលឆ្នាំប្រពៃណីជាតិរបស់ពួកគេយ៉ាងសេរី តែខ្មែរក្រោមវិញបែរជាមិនបាន ៕