ដោយ គឹម សាវតា
ប្រវត្តិសាស្ត្របានបញ្ជាក់ហើយថា ខ្មែរក្រោម និងជនជាតិគិញ ឬយួន ឬវៀតណាម តែងតែមានភាពល្វីងជូរចត់ ដោយពុំសូវមានភាពផ្អែមល្ហែមនឹងគ្នាឡើយ ដូចជាប្រវត្តិកំពុបតែអុង ប្រវត្តិព្រែកជីកវិញតេ ប្រវត្តិឧកញ៉ា សឺន គុយ ប្រវត្តិឆ្នាំ ១៩៤៥ ជាដើម ក្នុងអំឡុងសតវត្សរ៍ទី ១៧ ១៨ និង ១៩ ប៉ុន្តែ លុះមកដល់សតវត្សរ៍ទី ២០ ថ្វីបើអរិភាពរវាងខ្មែរក្រោម និងយួននៅតែបន្តកើតមានដោយការប្រកាន់ពូជសាសន៍ទៅវិញទៅមកក៏ដោយ ប៉ុន្តែ មានភាពធូរស្រាលជាងមុនខ្លះដែរ ។ ក៏ប៉ុន្តែ អរិភាពរវាងប្រជាជាតិទាំងពីរ ដែលរស់នៅក្នុងទឹកដីតែមួយនេះ ហាក់ឡើងកម្ដៅវិញ ក្រោយពេលដែលយួនកុម្មុយនិស្តបានឈ្នះសង្គ្រាមលើយួនខាងត្បូងឬយួនសេរី នាថ្ងៃទី ៣០ ខែមេសា ឆ្នាំ ១៩៧៥ ។

តើមូលហេតុអ្វី ដែលធ្វើឱ្យអរិភាពនោះឡើងកម្ដៅវិញរហូតដល់ធ្វើឱ្យខ្មែរក្រោម តំបន់ខ្លះបានក្រោកឡើងកាន់អាវុធប្រឆាំងជាមួយរដ្ឋអំណាចយួនកុម្មុយនិស្តនាពេលនោះ និងមានកំហឹងរហូតមកដល់សព្វថ្ងៃ?
១. ពេលរដ្ឋអំណាចកុម្មុយនិស្តយួនឈ្នះសង្គ្រាមលើយួនខាងត្បូង ពួកគេបានចាប់ខ្មែរក្រោម ជាពលទាហានតូចតាច អ្នករដ្ឋការ ខ្មែរក្រោមសាមញ្ញ ដែលគ្មានឋានៈតួនាទីអ្វីយកទៅដាក់ពន្ធនាគារ ទន្ទឹមពេលដែលជនជាតិវៀតណាម ជានាយទាហាន នាយទាហានរងនៃរបបចាស់ មិនត្រឹមតែមិនជាប់ពន្ធនាគារប៉ុណ្ណោះទេ ថែមទាំងមានតួនាទីក្នុងរដ្ឋអំណាចថ្មីរបស់រដ្ឋអំណាចកុម្មុយនិស្តយួនទៀតផង ។
២. ពួកគេបានចាប់ផ្សឹកព្រះសង្ឃ ដែលខ្មែរក្រោមចាត់ទុកថា ជាបុគ្គលមិនអាចរំលោភបាន ជាពិសេសព្រះចៅអធិការ មន្ត្រីសង្ឃថ្នាក់មធ្យមរហូតដល់ថ្នាក់ខ្ពស់យកទៅដាក់ពន្ធនាគារដោយចោទមួលបង្កាច់ លាបពណ៌ថា មាននិន្នាកានយោបាយទៅខាងនេះ ទៅខាងនោះ ដោយពុំមានភស្តុតាងពិតប្រាកដ ។
៣. បង្កើតផែនការជាពិសេស ដើម្បីសម្លាប់ខ្មែរដោយពុំមានហេតុផលដូចជា ផែនការ KC50 នាឆ្នាំ១៩៨៦ ជាដើម ដែលផែនការនោះ មានព្រះសង្ឃរាប់រយអង្គត្រូវចាប់ផ្សឹកយកទៅដាក់ពន្ធនាគាររហូតដល់អង្គខ្លះត្រូវសុគតក្នុងពន្ធនាគារជាច្រើនអង្គទៀតផង និងប្រជាពលរដ្ឋខ្មែរជាច្រើនត្រូវជាប់ពន្ធនាគារ និងស្លាប់ ។
អំពើទាំងប៉ុន្មាននេះ ជាដើម ទើបធ្វើឱ្យអរិភាពនោះ កាន់តែខ្លាំងក្លាឡើងរហូតដល់សព្វថ្ងៃនេះ ។
តើវៀតណាមចង់បន្តអរិភាពបែបនេះ តទៅទៀតឬ? ឬចង់មានភាពសុខដុមរមនារវាងជនជាតិទាំងពីរដែលកំពុងរស់នៅក្នុងទឹកដីជាមួយគ្នានេះ?
គេតែងតែគិតថា រដ្ឋាភិបាលវៀតណាមគ្រប់ជំនាន់ និងគ្រប់និន្នាការតែងតែមានមហិច្ចតាបំបាត់ពូជសាសន៍ខ្មែរក្រោម តាមរយៈផែនការវៀតណាមូបនីយកម្ម ។ តើមហិច្ឆិតានោះ អាចសម្រេចតាមគោលដៅដែរឬទេ? យើងឆ្លើយដោយអត់មានភាពអល់ឯកឡើយថា «ទេ» ព្រោះមានទឡ្ហីករណ៍មួយចំនួន ដូចតទៅ៖
១. ប្រការដែលយើងលើកឡើងខាងលើនោះ សុទ្ធតែស្ថិតនៅក្នុងមហិច្ឆិតា នៃ ការបំបាត់ពូជសាសន៍ខ្មែរក្រោមរបស់រដ្ឋអំណាចវៀតណាម ដែលបានអនុវត្តន៍អស់ជាង ៤សតវត្សមកហើយ តែមិនបានសម្រេច ។ ហើយពេលនោះ ច្បាប់អន្តរជាតិសម្រាប់ការពារខ្មែរក្រោម និងជនជាតិដើម ព្រមទាំងជនជាតិភាគតិច នៅលើពិភពលោកមិនមានផង ។
២. និន្នាការពិភពលោកបច្ចុប្បន្នមានគោលដៅការពារសិទ្ធិរបស់ជនជាតិដើម ជនជាតិភាគតិច ជាអតិបរិមា ។ ដូច្នេះ វៀតណាមកាន់តែមានភាពលំបាកក្នុងការអនុវត្តមហិច្ឆិតារបស់ខ្លួនណាស់ ។
បើរដ្ឋាភិបាលវៀតណាម ព្យាយាមរក្សាមហិច្ឆិតារបស់ខ្លួន វៀតណាមនឹងកាន់តែទទួលភាពអាម៉ាស់នៅលើឆាកអន្តរជាតិ និងអាចឈានទៅដល់ការដាក់ទណ្ឌកម្មដ៏ធ្ងន់ធ្ងររបស់ពិភពលោកទៀតផង។ រីឯការតស៊ូរបស់ខ្មែរក្រោម ដែលកំពុងតែរស់នៅលើទឹកដីកំណើតរបស់ពួកគេក្រោមការគ្រប់គ្រងរបស់វៀតណាម ក៏នៅតែកើតមានឡើង ជាអមតៈមិនសាបសូន្យឡើយ ។
មាគ៌ាតែមួយគត់ ដែលនាំមកនូវភាពសុខដុមរមនារវាងជនជាតិទាំងពីរនេះ គឺស្ថិតលើមាគ៌ា ដូចតទៅ៖
១. វៀតណាមត្រូវក្លាហានហ៊ានទទួលស្គាល់ថា ខ្មែរក្រោម គឺជាជនជាតិដើម នៅលើទឹកដីកម្ពុជាក្រោម ដែលសព្វថ្ងៃក្លាយជាភាគខាងត្បូង នៃ ប្រទេសវៀតណាម ។
២. វៀតណាមត្រូវអនុវត្តន៍ឱ្យបានពេញលេញនូវសេចក្តីប្រកាសរបស់អង្គការសហប្រជាជាតិ ស្តីពីសិទ្ធិជនជាតិដើម ដែលវៀតណាមជាប្រទេសហត្ថលេខីដែរនោះ ។
៣. វៀតណាមត្រូវតែយកគម្រូ នៃ ប្រទេសមួយចំនួន ដែលបានសុំទោស និងផ្ដល់សិទ្ធិជូនជនជាតិដើម ដែលកំពុងរស់នៅក្នុងទឹកដីរបស់ពួកគេដូចជា ប្រទេសឥណ្ឌូនេស៊ី ប្រទេសកាណាដា ប្រទេសអូស្ត្រាលី កោះតៃវ៉ាន់ ប្រទេសមិកស៊ិច និងសហរដ្ឋអាមេរិកជាដើម។
នោះជនជាតិទាំងពីរ នឹងរស់នៅប្រកបដោយសុខដុមរមនាយ៉ាងពិតប្រាកដមិនខានឡើយ ៕