វ៉ាស៊ីនតោន — ព្រះសង្ឃខ្មែរមួយអង្គព្រះនាម សឺន ទី ព្រះជន្ម ៣៦ ព្រះវស្សាត្រូវអាជ្ញាធរវៀតណាម នៅក្នុងខេត្ត សុក ត្រាង (Sóc Trăng) សួរចម្លើយ និងដកហូតលិខិតឆ្លងដែន (Passport) ទុកអស់ ១២ ថ្ងៃ មុនពេលប្រគល់ប្រគេនជូនវិញ ។ រឿងនេះ កើតឡើងតែប៉ុន្មានថ្ងៃ បន្ទាប់ពីព្រះសង្ឃខ្មែរនិមន្តទៅដល់ភាគខាងត្បូងប្រទេសវៀតណា មដែលជាតំបន់មានពលរដ្ឋខ្មែរជាច្រើនរស់នៅជាជនជាតិដើមភាគតិចនៅទីនោះ តាំងពីដើមកំណើត ។ ការសួរចម្លើយ និងដកហូតលិខិតឆ្លងដែននេះ បណ្តាលមកពីការមើល និងការបង្ហោះ ឬចែកចាយព័ត៌មានតាមហ្វេសប៊ុក ដែលវៀតណាមចាត់ទុកថាជាការរំលោភច្បាប់សន្តិសុខលើប្រព័ន្ធអ៊ីនធឺណិតហៅថា The Law on Cybersecurity និងការប្រឆាំង នឹងរដ្ឋាភិបាលវៀតណាម ។

ព្រះតេជព្រះគុណ សឺន ទី ដែលគង់នៅក្នុងវត្តអង្គតាម៉ិញ (គោកចំបក់) រាជធានីភ្នំពេញ បាននិមន្តទៅដល់ដែនដីកម្ពុជាក្រោម ដើម្បីទៅលេងស្រុកកំណើត សាច់ញាតិ និងចូលរួមមង្គលការប្អូនស្រី នៅក្នុងឃុំឡុងភូ (Long Phu) ស្រុកឡុងភូ (Long Phu) កាលពីថ្ងៃទី ២៤ ខែមករាកន្លងទៅ ។ ហើយដល់ថ្ងៃទី ២ ខែកុម្ភៈ អាជ្ញាធរវៀតណាម បានកោះហៅទៅសាកសួរ មិនដូចក្នុងលិខិតកោះហៅដែលមិនបានដាក់ថា មានការរំលោភច្បាប់នោះឡើយ ។ ព្រះតេជគុណ សឺន ទី មានសង្ឃដីកាបញ្ជាក់ប្រាប់ VOA យ៉ាងដូច្នេះតាមទូរសព្ទពីប្រទេសវៀតណាម ។
«កាលពីថ្ងៃទី ២ ខែ ២ (កុម្ភៈ) ២០២០ ហ្នឹង អាជ្ញាធរក៏ហៅអាត្មាទៅហ្នឹង ដើម្បីនិយាយពិភាក្សារឿងមួយចំនួនទេ ក៏ប៉ុន្តែអាជ្ញាធរវៀតណាមហ្នឹង បានសួរចម្លើយអាត្មាវិញ ហើយនៅក្នុងហ្នឹងគេចោទប្រកាន់អាត្មា ថាបានធ្វើខុសច្បាប់ប្រទេសវៀតណាម ដូចជាច្បាប់សន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិតហ្នឹង» ។
ព្រះតេជព្រះគុណថា នេះជាលើកទីពីរហើយ ដែលវៀតណាមដកលិខិតឆ្លងដែនរបស់ព្រះអង្គ ។ លើកទី ១ បានធ្វើឡើងកាលពីឆ្នាំ ២០០៩ ។ ព្រះតេជព្រះគុណ បានបន្ថែមថាអាជ្ញាធរវៀតណាមបង្ខំឲ្យព្រះតេជគុណនិយាយភាសាវៀតណាម នៅពេលសួរចម្លើយ ដើម្បីរៀបរាប់អំពីការចែករំលែកព័ត៌មាន ការស្តាប់ និងអានព័ត៌មានលើគេហទំព័រហ្វេសប៊ុកនោះ ។ បន្ថែមលើនេះ អាជ្ញាធរវៀតណាម ក៏បានបង្ខំឲ្យព្រះតេជព្រះគុណចុះហត្ថលេខាលើឯកសារ តែព្រះតេជព្រះគុណបានបដិសេធ ដោយសារតែព្រះតេជព្រះគុណជាអ្នកទេសចរ ដែលច្បាប់មិនតម្រូវឲ្យធ្វើដូច្នោះ ។
«ហើយលើកនេះ គេយកច្បាប់សន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិតហ្នឹង គេយកមកហើយឲ្យអាត្មាចុះហត្ថលេខា ដើម្បីឲ្យយើងបានទទួលស្គាល់ថា យើងបានចែករំលែកព័ត៌មាន share បាននេះហ្នឹង គេសួរចម្លើយអាត្មានៅក្នុងហ្នឹង អីចឹងអាត្មាមិនចុះ គេដកម្តងហ្នឹងទៀត» ។
ព្រះតេជព្រះគុណ និងក្រុមអ្នកតស៊ូមតិ បានបង្ហាញឲ្យដឹងថា អ្វីដែលអាជ្ញាធរវៀតណាម មិនសប្បាយចិត្ត ទំនងជាការបង្ហោះលិខិតកោះហៅទៅសាកសួរ ការផ្សព្វផ្សាយលើហ្វេសប៊ុកព្រះអង្គ ហើយ និងការអាន ស្តាប់នូវព័ត៌មានរបស់បណ្តាញព័ត៌មានសេរីមួយចំនួន រួមទាំងសម្លេងសហរដ្ឋអាមេរិក (VOA) វិទ្យុអាស៊ីសេរី ដែលនិយាយទាក់ទង នឹងបញ្ហាប្រឈមរបស់ពលរដ្ឋខ្មែរក្រោម នៅលើទឹកដីកំណើតស្ថិតនៅភាគខាងត្បូងវៀតណាមជាប់ នឹងព្រំដែននៃខេត្តស្វាយរៀង ភាគអាគ្នេយ៍របស់កម្ពុជា ។ ដែនដីកម្ពុជាក្រោម នេះត្រូវបារាំងកាត់ឲ្យស្ថិតនៅក្រោមការគ្រប់គ្រងរបស់វៀតណាម ចាប់តាំងពីឆ្នាំ ១៩៤៩ មក ។

មានប្រតិកម្មជាច្រើនបានកើតឡើង ក្រោយពេលមានការដកហូតលិខិតឆ្លងដែន និងការសួរដេញដោលរាប់ចាប់តាំងពីការមកដល់ពេលណា ស្នាក់នៅទីណា ជួបអ្នកណា ឆាន់ទីណា អ្នកនោះធ្វើអ្វី មានចេតនាយ៉ាងណា ដែលបានបង្ហោះសារ និងព័ត៌មានលើហ្វេសប៊ុកជាដើមនោះ ។
លោក ប្រាក់ សេរីវុធ ប្រធានសហព័ន្ធខ្មែរកម្ពុជាក្រោម មានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានបញ្ជាក់ថា លោកបានជម្រាបខាងក្រសួងការបរទេស អង្គការក្រៅរដ្ឋាភិបាលអន្តរជាតិនានា និងអង្គការសហប្រជាជាតិ ដើម្បីជួយអន្តរាគមន៍អំពីបញ្ហាខ្មែរក្រោមនេះ ។
«បើយើងមិនធ្វើការតវ៉ាអីទេ រឿងអស់ហ្នឹងមានបញ្ហារហូត ចេះតែយកលេសចាប់ ហើយការមើលហ្នឹងវាគ្មានប៉ះពាល់អីទេ ការផ្សាយវិទ្យុអាស៊ីសេរី វិទ្យុផ្សាយសំឡេងសហរដ្ឋអាមេរិក VOA ឬមួយវិទ្យុខ្មែរកម្ពុជាក្រោម ផ្សាយតែពីរឿងត្រឹមត្រូវ ច្បាប់ទម្លាប់អន្តរជាតិ ដែលគេផ្តល់សិទ្ធិឲ្យខ្មែរក្រោមយើង ជនជាតិទូទៅ យើងមើល ។ តែអស់ហ្នឹងតើ មានទៅធ្វើស្អីជារឿងភេរវកម្ម តែវៀតណាមយកមធ្យោបាយហ្នឹងទៅធ្វើអីចឹង» ។
លោក សេរីវុធ បានអះអាងបន្ថែមថា ការប្រើច្បាប់សន្តិសុខលើប្រព័ន្ធអ៊ីនធឺណិត ដើម្បីបិទសិទ្ធិសេរីភាពនេះ មិនមែនជារឿងត្រឹមត្រូវទេ ហើយថា នៅប្រទេសជាច្រើនគេប្រើច្បាប់សន្តិសុខតាមប្រព័ន្ធអ៊ីធឺណិតនេះ ដើម្បីតាមដានក្រុមភេរវជនតែប៉ុណ្ណោះ តែលោកថា ការបង្ហោះសារ ឬព័ត៌មាននេះ មិនមែនជាអំពើភេរវកម្មដែលវៀតណាមត្រូវបារម្ភ ឬតាមដាននោះទេ ។
ច្បាប់សន្តិសុខតាមប្រព័ន្ធអ៊ីធឺណិតរបស់វៀតណាម ដែលសភាបានអនុម័តកាលពីថ្ងៃទី ១២ ខែមិថុនា ឆ្នាំ ២០១៨ តម្រូវឲ្យក្រុមហ៊ុនផ្តល់សេវាកម្ម ដូចជា Google និង Facebook លុបចោលខ្លឹមសារណា ដែលអាជ្ញាធរវៀតណាមចាត់ទុកថាជាការវាយប្រហារវៀតណា មក្នុងរយៈពេល ២៤ ម៉ោង ហើយរក្សាទុកទិន្នន័យរបស់អតិថិជនខ្លួនក្នុងប្រព័ន្ធផ្ទុកទិន្នន័យក្នុងប្រទេសវៀតណាម ហើយ និងរក្សាទុកនៅកន្លែងតែមួយ ក្រៅពីការរឹតត្បិតដល់អ្នកប្រើប្រាស់ប្រព័ន្ធទំនាក់ទំនងសង្គម ដែលចែករំលែកព័ត៌មានតាមប្រព័ន្ធអ៊ីនធឺណិត ។
មាត្រាមួយនៃច្បាប់នេះ បានបញ្ជាក់ថា៖ «ច្បាប់នេះ មានគោលបំណង ធ្វើឲ្យត្រឹមត្រូវរាល់សកម្មភាពទាំងឡាយទាក់ទង នឹងកិច្ចការពារសន្តិសុខជាតិ ធានាសណ្តាប់ធ្នាប់សង្គម សុវត្ថិភាពនៃប្រព័ន្ធអ៊ីនធឺណិត ការទទួលខុសត្រូវរបស់ក្រសួងនានា អង្គការនានា និងរូបវន្តបុគ្គលទាំងឡាយដែលពាក់ព័ន្ធ»។
លោក ហ្វ៊ីល រ៉បប៊ឺសុន (Phil Robertson) នាយករងនៃអង្គការសិទ្ធិមនុស្ស Human Rights Watch ប្រចាំតំបន់អាស៊ី បានចាត់ទុកថា ការដកហូតលិខិតឆ្លងដែន និងការសួរចម្លើយនេះ ជាការរំលោភសិទ្ធិសេរីភាព និងសិទ្ធិមនុស្សរបស់អាជ្ញាធរវៀតណាម ចុងក្រោយមួយទៀត ដោយយោងថាវៀតណាមមិនគួរដកហូតលិខិតឆ្លងដែន និងរឹតត្បិតសិទ្ធិសេរីភាពពលរដ្ឋនិងសិទ្ធិបញ្ចេញមតិ ដោយប្រើច្បាប់សន្តិសុខលើប្រព័ន្ធអ៊ីនធឺណិត ដែលលោកអះអាងថា ជាច្បាប់ធូរលុង សម្រាប់ប្រើជាលេសចោទប្រកាន់ និងដាក់ទោសទណ្ឌលើអ្នកណា ដែលវៀតណាម ចាត់ទុកថាប្រឆាំង នឹងខ្លួនតែប៉ុណ្ណោះ ។
«រឿងនេះបង្ហាញយ៉ាងច្បាស់ណាស់ថា វៀតណាមគឺជាប្រទេស ដែលមានកំណត់ត្រាអាក្រក់បំផុតខាងការរំលោភសិទ្ធិមនុស្សក្នុងតំបន់អាស៊ីអាគ្នេយ៍ ។ រឿងនេះគ្មាននរណាម្នាក់ត្រូវគិតថា ស្ថានភាពសិទ្ធិមនុស្សនៅក្នុងប្រទេសវៀតណាម បានល្អប្រសើរនោះទេ តែជាការពិតវាកាន់តែអាក្រក់ឡើងៗ ។ យើងឃើញការបង្ក្រាបជាច្រើន យើងឃើញមនុស្សជាច្រើនត្រូវកាត់ទោសដាក់គុក ដោយសារតែការអនុវត្តសិទ្ធិជាមូលដ្ឋាន និងសិទ្ធិនយោបាយ ។ ហើយបន្ថែមពីលើនេះទៀត យើងឃើញការយាយីដោយរដ្ឋាភិបាលទៅលើក្រុមសកម្មជនដែលទាមទារយុត្តិធម៌ និងទាមទារការគោរពសិទ្ធិមនុស្ស» ។
លោក រ៉បប៊ឺសុន បានទទូចដល់សហគមន៍អន្តរជាតិថ្កោលទោសវៀតណាមចំ ពោះការ រំលោភសិទ្ធិមនុស្សតាមទ្រង់ទ្រាយធំ ។
«ប្រទេសវៀតណាម បារម្ភអំពីកេរ្តិ៍ឈ្មោះរបស់ខ្លួនលើឆាកអន្តរជាតិ គឺបារម្ភនៅពេលមានការលើកឡើង នៅឯអង្គការសហប្រជាជាតិ ឬនៅឯក្រុមប្រឹក្សាសិទ្ធិមនុស្ស ។ ដូច្នេះវាពិតជាច្បាស់លាស់ណាស់ថា មានវិធីដែលដាក់សម្ពាធលើវៀតណាម ដើម្បីឲ្យធ្វើឲ្យប្រសើរឡើង ។ តែរឿងនេះ ត្រូវតែជាការដាក់សម្ពាធរួមគ្នា ដោយមិនគ្រាន់តែជាការចេញសេចក្តីថ្លែងការណ៍ទីនេះ ឬ ទីនោះទេ ។ វាត្រូវតែមានយុទ្ធនាការទាមទារឲ្យមានការគោរពសិទ្ធិខ្មែរក្រោម និងពលរដ្ឋទាំងអស់នៅក្នុងប្រទេសវៀតណាម» ។
នៅមុនពេលអាជ្ញាធរវៀតណាម ប្រគល់លិខិតឆ្លងដែនប្រគេនជូនព្រះតេជព្រះគុណ សឺន ទី លោក ហ្វ៊ីល រ៉បប៊ឺតសុន បានជំរុញដល់វៀតណាម ឲ្យប្រគល់ជូនលិខិតឆ្លងដែន ប្រគេនដល់ព្រះសង្ឃខ្មែរវិញ ដោយបញ្ជាក់ថា វៀតណាមគួរត្រូវបញ្ជូនព្រះតេជព្រះគុណចេញពីវៀតណាម បើរកឃើញថាមានកំហុស តែគ្មានសិទ្ធិរឹបអូសលិខិតឆ្លងដែនដែលជាកម្មសិទ្ធរបស់កម្ពុជា តាមដាន រឹតត្បិតសេរីភាពពលរដ្ឋទេ ។

លោក កុយ គង់ អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានថ្លែងប្រាប់ VOA កាលពីថ្ងៃ ទី ១៤ ខែកុម្ភៈ ចំថ្ងៃវៀតណាមប្រគល់លិខិតឆ្លងដែនប្រគេនព្រះសង្ឃខ្មែរវិញនោះ ថាបញ្ហានេះបានដោះស្រាយចប់ហើយ ។
«តាមយើងទទួលព័ត៌មានពីថ្ងៃហ្នឹង គឺស្ថានទូតកម្ពុជាយើងបានធ្វើការជាមួយអាជ្ញាធរវៀតណាម ហើយបានប្រគល់លិខិតឆ្លងដែនហ្នឹងប្រគេនទៅព្រះអង្គវិញហើយ» ។
លោក កុយ គង់ នៅពេលសួរពីមូលហេតុដែលព្រះសង្ឃខ្មែរត្រូវអាជ្ញាធរវៀតណាម ដកហូតលិខិតឆ្លងដែន លោកបានបញ្ជាក់ថា៖ «ទទួលព័ត៌មានកន្លងមកថា គេចោទថាព្រះអង្គបានធ្វើអំពើខុសច្បាប់នៅក្នុងប្រទេសគេហ្នឹង ដោយមានការផ្សព្វផ្សាយព័ត៌មានប្រឆាំង នឹងរដ្ឋាភិបាលគេ» ។
ព្រះតេជព្រះគុណ សឺន ទី ដែលបានបដិសេធថា គ្មានធ្វើអ្វីខុស នឹងច្បាប់វៀតណាមនោះ បានបញ្ជាក់ប្រាប់ VOA ផ្នែកខេមរភាសា អំពីការប្រគេនលិខិតឆ្លងដែនវិញដែរ កាលពីថ្ងៃទី ១៤ កុម្ភៈ ឆ្នាំ២០២០ ។ «ស្ថានទូតខ្មែរនៅទីក្រុងហាណូយ គេអន្តរាគមន៍ ហើយទើបតែបានពីល្ងាចមិញម៉ោងជាង ៤ (ថ្ងៃទី ១៤ ខែកុម្ភៈ)» ។
ក្រុមអាជ្ញាធរវៀតណាម ប៉ូលិស ព្រះសង្ឃវៀតណាមផង បន្តគំរាមជាពាក្យសម្តី និងសកម្មភាពនានា មុនពេលបួនថ្ងៃនៃការផ្តល់លិខិតឆ្លងដែនប្រគេនជូនដល់ព្រះតេជគុណវិញ ។
«ថ្ងៃទី ១០ ខែកុម្ភៈ ខាងមន្ត្រីសង្ឃ និងអាជ្ញាធរហ្នឹង គេបានមកវត្ត ហើយគេយកឡានមកដឹកអាត្មាទៅ តែខាងមន្ត្រីសង្ឃហ្នឹង គេបានគំរាមកំហែងដល់អាត្មាប្រាប់ញោមអាត្មាហ្នឹងថា បើសិនជាលោកគ្មានកំហុសអីចឹងអត់អីទេ តែបើទៅជាមួយគេមានកំហុសទេ អីចឹងកន្លែងលោកមិនខ្វះទេអាវ ខោ អីចឹងគេត្រៀមទុកឲ្យហើយ គេគំរាមកំហែង ។ តើគេចង់ផ្សឹក? យើងមិនបានទៅថ្ងៃហ្នុង បើសិនជាទៅ មិនដឹងថាហេតុការណ៍ហ្នឹងវាធ្លាក់ទៅយ៉ាងម៉េចទៀត» ។
ព្រះតេជព្រះគុណ បានពន្យល់ថា ព្រះអង្គបដិសេធមិននិមន្តទៅជាមួយឡានអាជ្ញាធរវៀតណាម ដោយសារថាព្រះតេជព្រះគុណប្រាប់គេថា កំពុងជាប់រវល់ធ្វើការតាមទូរសព្ទជាមួយមន្ត្រីទូតខ្មែរ ។ ហើយជាចុងក្រោយ នៅថ្ងៃប្រគល់លិខិតឆ្លងដែននោះទៀតសោត ក៏មានការគំរាម និងព្រមានមួយលើកទៀត ដែលព្រះតេជព្រះគុណបញ្ជាក់ដោយសង្ឃដីកាថា អាជ្ញាធរវៀតណាមលើកឡើងថា ព្រះតេជគុណ «បានធ្វើហួសហេតុចំពោះការបង្ហោះសារ និងចែករំលែកព័ត៌មានតាមប្រព័ន្ធហ្វេសប៊ុក» ។
ក្រុមមន្ត្រីវៀតណាម នៅក្នុងឃុំ ឡុងភូ ស្រុកឡុងភូ ខេត្តសុកត្រាង បដិសេធធ្វើសេចក្តីអាត្ថាធិប្បាយឆ្លើយតប នឹងសំណួរ VOA ដោយអះអាងថា មិនបានដឹងអំពីរឿងនេះទេ ។
ទាំងព្រះតេជព្រះគុណ សឺន ទី និងសហព័ន្ធខ្មែរកម្ពុជាក្រោម សម្តែងចេញនូវភាពរីករាយ និងអរគុណដល់ស្ថានទូតខ្មែរនៅក្នុងទីក្រុងហាយណូយ ក្នុងប្រទេសវៀតណាម ។ ព្រះតេជព្រះគុណ បានអះអាងដោយមានសង្ឃដីកាថា មិនទាន់និមន្តត្រឡប់មកកម្ពុជាវិញទេ ដោយសារញោមស្រីជាម្តាយ និងសាច់ញាតិនៅមានការភិតភ័យ ក្រោយពីកើតហេតុការណ៍នេះ ដោយសម្រេចបន្តគង់នៅស្រុកឡុងភូមួយរយៈពេលសិន ។
ព្រះតេជព្រះគុណ បានអះអាងបន្ថែមថា គម្រោងដំបូងត្រូវវិលត្រឡប់ទៅប្រទេសកម្ពុជាវិញ នៅថ្ងៃទី ៥ ខែកុម្ភៈ ឆ្នាំ ២០២០ ដើម្បីបន្តការសិក្សា និងជួយដល់កិច្ចការអន្តោប្រវេសន៍មួយចំនួនដល់ញាតិញោម នៅកម្ពុជា ។ តែគម្រោងនោះត្រូវអាក់ខានដោយសារតែការដកលិខិតឆ្លងដែនពីអាជ្ញាធរវៀតណាម ។
ព្រះសង្ឃខ្មែរក្រោម និងពលរដ្ឋនៅលើទឹកដីកម្ពុជាក្រោម រងការធ្វើទុក្ខបុកម្នេញ ការគំរាមកំហែង បំភិតបំភ័យលើសេរីភាពសាសនា ការរំលោភសិទ្ធិមនុស្សដោយសារតែអ្វីមួយដែលក្រុមអ្នកតស៊ូមតិ និងពលរដ្ឋអះអាងថា វៀតណាមបារម្ភជ្រុលពេកចំពោះការងើបប្រឆាំង នឹងរដ្ឋាភិបាលវៀតណាម ៕