ដោយ ស៊ឺន ចែងចើន
នៅថ្ងៃទី ១០ កុម្ភៈ នេះ សហព័ន្ធខ្មែរកម្ពុជាក្រោម មានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានចេញសេចក្ដីប្រកាសព័ត៌មានបន្ទាន់មួយ ជុំវិញអាជ្ញាធរវៀតណាម ដកហូតលិខិតឆ្លងដែនកម្ពុជា របស់ព្រះតេជព្រះគុណ សឺន ទី ខណៈព្រះអង្គនិមន្តពីប្រទេសកម្ពុជា ដើម្បីទៅសួរសុខទុក្ខញាតិញោមរបស់ខ្លួន ដែលមានស្រុកកំណើត នៅឯខេត្តឃ្លាំង ទឹកដីកម្ពុជាក្រោម កាលពីថ្ងៃទី ២៤ មករា ។ លុះដល់ថ្ងៃទី ២ ខែកុម្ភៈ ក៏ត្រូវបាននគរបាលយួនកោះនិមន្តទៅសួរចម្លើយ និងដកហូតលិខិតឆ្លងដែនរបស់ព្រះអង្គ ដោយអាជ្ញាធរវៀតណាម បានចោទថា ព្រះអង្គបានចែករំលែកព័ត៌មាន ដែលមានខ្លឹមសារ ទាក់ទង នឹងសកម្មភាពរបស់សហព័ន្ធខ្មែរកម្ពុជាក្រោម ដែលមានមូលដ្ឋាន នៅក្រៅប្រទេស ។
សហព័ន្ធខ្មែរកម្ពុជាក្រោម កំពុងតាមដានយ៉ាងយកចិត្តទុកដាក់បំផុត ចំពោះករណីនេះ ។ ជាមួយគ្នានេះដែរ សហព័ន្ធខ្មែរកម្ពុជាក្រោម ក៏បានជូនដំណឹងនេះ ទៅស្ថានទូត អង្គការឃ្លាំមើលសិទិ្ធមនុស្ស (Human Rights Watch) និងក្រសួងការបរទេសសហរដ្ឋអាមេរិក ដើម្បីជួយតាមដាន និងធ្វើអន្តរាគមន៍ក្នុងរឿងនេះ ។
វិទ្យុសំឡេងកម្ពុជាក្រោម និងទូរទស្សន៍ ព្រៃនគរ នឹងធ្វើបច្ចុប្បន្នភាពជុំវិញករណីនេះ ជូនលោកអ្នកឲ្យបានជ្រាបជាបន្តបន្ទាប់ ។ ព័ត៌មានលម្អិត សូមចូលទៅកាន់គេហទំព័រផ្លូវការរបស់សហព័ន្ធខ្មែរកម្ពុជាក្រោម តាមតំណនេះ https://khmerkrom.org