ដោយ ស៊ឺន ចែងចើន| VOKK
នៅថ្ងៃទី ៩ ខែមីនា សប្ដាហ៍នេះ អាជ្ញាធរវៀតណាមបានចេញលិខិតកោះហៅ លោក លីវ នី អតីត ព្រះចៅអធិការ វត្តសិរីតាសេក ឲ្យទៅមន្ទីរនគរបាលឃុំ ដើម្បីសួរចម្លើយនូវកិច្ចការមួយចំនួនដែល ទាក់ទងនឹងសាមីខ្លួន បន្ទាប់ពីរដ្ឋាភិបាលយួន បានដោះលែងលោកឲ្យចេញពីពន្ធាការកាលពីឆ្នាំ ២០១៧ កន្លងទៅនេះ ។

ការសួរចម្លើយនេះធ្វើឡើងដោយនគរបាលខេត្តឃ្លាំង ដោយពួកគេបានចោទសួរលោក លីវ នី នូវ បញ្ហាមួយចំនួន ដូចជា ការបញ្ចេញមតិនៅលើបណ្ដាញសង្គម Facebook និង បានគំរាមថា ពួកគេនឹងប្រមូលភស្តុតាងទាំងអស់មក ហើយធ្វើចំណាត់ការលោក លីវ នី សារជាថ្មីម្ដងទៀត ។
លោក លី សឿង ជាអតីតព្រះសង្ឃខ្មែរក្រោមដែលធ្លាប់ត្រូវរដ្ឋាភិបាលយួនចាប់ផ្សឹក ក្នុងព្រឹត្តិការណ៍ ថ្ងៃទី ៨ ខែ កុម្ភៈ ឆ្នាំ ២០០៧ នៅខេត្តឃ្លាំង សព្វថ្ងៃ នៅប្រទេសហូឡង់ ដែលជាអ្នកតាមដាន រឿងនេះយ៉ាងជិតដិត បានប្រាប់វិទ្យុសំឡេងកម្ពុជាក្រោម ថា នគរបាលខេត្តឃ្លាំង នៃរដ្ឋាភិបាលយួន មានគ្មា ៤ នាក់ បានចុះមក សាលាឃុំវិញហាយ ធ្វើការសួរចម្លើយ លោក លីវ នី តាំងពី ៨ ព្រឹក រហូតដល់ថ្ងៃត្រង់ ។ រដ្ឋាភិបាលយួនបានគំរាម លោក លីវ នី អំពីការបញ្ចេញមតិផ្សេងៗតាមរយៈ គណនេយ្យ Facebook ផ្ទាល់ខ្លួន និង ថា ប្រសិនបើ លោក លីវ នី នៅតែបន្តប្រើ Facebook រដ្ឋាភិបាលយួននឹងចាត់វិធានការសារជាថ្មីលើរូប លោក លីវ នី ។
ការសួរចម្លើយនេះធ្វើឡើង បន្ទាប់ពី មន្ទីរនគរបាលខេត្តឃ្លាំង (Soc Trang) និងស្រុកជ្រោញរ (Vinh Chau) បានផ្ញើលិខិតកោះហៅមួយច្បាប់ ចេញថ្ងៃទី ៨ ខែមីនា ឆ្នាំ ២០១៨ ចុះហត្ថលេខា ដោយ លោក ង្វៀង ថាន់ តៀង (Nguyen Thanh Tien) ជាប្រធានមន្ទីរនគរបាលខេត្តឃ្លាំង កោះ ហៅ លោក លីវ នី (Lieu Ny) មានលំនៅអចិន្ត្រៃយ៍នៅភូមិតាសេក ឃុំវិញហាយ ស្រុកជ្រោយញរ ខេត្តឃ្លាំង (Ap Tra Set, Xa Vinh Hai, Huyen Vinh Chau, Tinh Soc Trang) ឲ្យទៅសាលា ឃុំវិញហាយ “ដើម្បីសាកសួរនូវការងារមួយចំនួន ក្រោយពីបានចេញពីពន្ធនាគារ” ។
ការសួរចម្លើយជាមធ្យោបាយមួយរបស់រដ្ឋាភិបាលបក្សកុម្មុយនិស្តយួន ក្នុងការគំរាមកំហែងលើ ពលរដ្ឋខ្មែរក្រោមរូបណា ដែលរដ្ឋាភិបាលចាត់ទុកថា មនុស្សដែលមានគំនិតផ្ទុយពីរដ្ឋាភិបាល ។
លោក លីវ នី កើត នៅ ឆ្នាំ ១៩៨៦ ជាអតីតចៅអធិការ វត្តសិរីតាសេក នាស្រុកជ្រោយញ ខេត្ត ឃ្លាំង ។ កាលនៅជាសង្ឃ លោកត្រូវរដ្ឋាភិបាលយួនចាប់ខ្លួន នៅថ្ងៃទី ១៩ ខែឧសភា ឆ្នាំ ២០១៣ នៅព្រំដែន ខេត្តមាត់ជ្រូក នៃដែនដីកម្ពុជាក្រោម និងខេត្តតាកែវ នៃប្រទេសកម្ពុជា ខណៈដែលលោក កំពុងតែភៀស ខ្លួនទៅប្រទេសកម្ពុជា ដើម្បីគេចពីការធ្វើទុក្ខបុកម្នេញពីសំណាក់រដ្ឋាភិបាលយួន ។ ក្រោយពីដាក់គុក បាន ៥ ខែ ត្រូវតុលាការយួនខេត្តឃ្លាំង ប្រកាសសាលក្រម នៅថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ ២០១៣ ឲ្យ លោកជាប់គុក ៤ ឆ្នាំ ។ ថ្ងៃទី ២១ ខែឧសភា ឆ្នាំ ២០១៧ នេះ លោក លីវ នី បានអាជ្ញាធរយួនដោះលែងចេញពីពន្ធនាគារ បន្ទាប់ពីលោក ត្រូវរដ្ឋាភិបាលយួនចាប់ផ្សឹក និងដាក់គុក អស់រយៈពេល ៤ ឆ្នាំមក ។
មូលហេតុ ដែលនាំឲ្យរដ្ឋាភិបាលយួនចាប់ លោក លីវ នី ផ្សឹក និង ដាក់គុកនោះ ដោយសារ កាលនៅជា ចៅអធិការវត្ត លោកហ៊ានការពារមិនឲ្យអាជ្ញាធរយួនចាប់ផ្សឹក លោក ថាច់ ធឿន ជា អតីតគ្រូពហូស្សូតវត្តសិរីតាសេក ព្រោះ លោក ថាច់ ធឿន មិនបានប្រព្រឹត្តខុសនឹងវិន័យដែលអាចត្រូវចាប់ផ្សឹក ។ ចំណែក លោក ថាច់ ធឿន ដែលត្រូវតុលាការយួនប្រកាសសាលក្រមឲ្យជាប់គុក ៦ ឆ្នាំ ពីបទទាក់ទងខ្មែរក្រោមនៅក្រៅប្រទេសនោះ នៅមិនទាន់បានចេញពីគុកនៅឡើយ ៕