ដោយ ស៊ឺន ចែងចើន
របបអាណានិគមយួន នៅថ្ងៃទី ១៩ ខែកុម្ភៈ បានដោះលែង លោក យ័ញ សេត ជាយុវជនខ្មែរក្រោមមួយរូបសកម្មក្នុងការលើកស្ទួយវិស័យសិល្បៈ នៅដែនដីកម្ពុជាក្រោម ឲ្យមានសេរីភាពឡើងវិញហើយ បន្ទប់ពីចាប់យកទៅឃុំឃាំងខ្លួនសួរចម្លើយអស់មួយយប់ពីរថ្ងៃ រួចមក ។

ព្រះតេជព្រះគុណ យ័ញ ផល្លា ត្រូវជាបងប្រុសបង្កើតរបស់យុវជន យ័ញ សេត មានថេរដីកាឲ្យសំឡេងកម្ពុជាក្រោម និងសារព័ត៌មាន ព្រៃនគរដឹងថា អាជ្ញាធរវៀតណាម បានបង្ខំឲ្យយុវជន យ័ញ សេត ផ្ដិតមេដៃធ្វើកិច្ចសន្យាឈប់ធ្វើសកម្មភាពទាំងឡាយណា ដែលទាក់ទងនឹងការតស៊ូមតិ និងទាមទារសិទ្ធិសេរីភាពជូនពលរដ្ឋខ្មែរក្រោមបន្តទៀត ដើម្បីជាថ្នូរបានដោះលែងមានសេរីភាពវិញ។ ព្រះអង្គបន្តថា ដោយសារយុវជន យ័ញ សេត គ្មានជម្រើស ព្រោះបារម្ភភ័យខ្លាចអាជ្ញាធរដាក់សម្ពាធ ដោយធ្វើទុក្ខបុកម្នេញ និងបំបាក់ស្មារតីឪពុកម្តាយ ដែលមានវ័យចាស់ជរាទៅហើយនោះ ។ ក្រៅពីនេះ អាជ្ញាធរវៀតណាម ក៏បានរឹបអូសយកទូរស័ព្ទលោកមួយគ្រឿង ដើម្បីទុកធ្វើការតាមដាន ចំពោះសកម្មភាពទំនាក់ទំនងរបស់លោកជាមួយខ្មែរក្រោម នៅក្រៅប្រទេស ផងដែរ ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី ១៨ ខែកុម្ភៈ យុវជន យ័ញ សេត ត្រូវអាជ្ញាធរវៀតណាម នៅខេត្តឃ្លាំង បានចុះមកឃាត់ខ្លួនភ្លាមៗ ដល់ក្នុងផ្ទះ ដោយពុំមានការបង្ហាញលិខិតស្នាមអ្វីឡើយ ។ ការឃាត់ខ្លួនសកម្មជនខ្មែរក្រោម ជាបន្តបន្ទាប់នេះ កើតឡើង ដោយសារតែពួកគេប្រើប្រាស់បណ្ដាញសង្គម ដើម្បីសំដែងមតិ និងតស៊ូទាមទារសិទ្ធិជនជាតិដើមម្ចាស់ស្រុក ។
យុវជន យ័ញ សេត តែងបង្ហាញសកម្មភាពផ្សេងៗ នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួនពាក់ព័ន្ធនឹងការផលិតវីដេអូបទចម្រៀង ដើម្បីចូលរួមថែរក្សា អភិរក្ស និងលើកស្ទួយសិល្បៈវប្បធម៌ខ្មែរក្រោម ទៅដល់សាធារណជន ឲ្យបានដឹងពីជនជាតិដើមម្ចាស់ស្រុក នៅលើទឹកដីកំណើតកម្ពុជាក្រោម ។
អាជ្ញាធរវៀតណាម នៅដើមឆ្នាំ ២០២២ នេះ បានចាប់ផ្ដើមបើកយុទ្ធនាការរចាប់ខ្លួន សម្លុតបំភ័យ ធ្វើទុក្ខបុកម្នេញពលរដ្ឋ និងយុវជនខ្មែរក្រោមណា ដែលហ៊ានក្រោកឡើងទាមទារសិទ្ធិជនជាតិដើមម្ចាស់ស្រុក និងបង្ហោះព័ត៌មានពិតពីប្រវត្តិទឹកដីកម្ពុជាក្រោម នៅតាមបណ្តាញសង្គម ៕