កិច្ចខិតខំប្រឹងប្រែងមួយ របស់ អន្ដរជាតិ ក្នុងការយកចេញនូវធាតុ អ៊ុយរ៉ានីញ៉ូម ដែលគេបានចំរាញ់ កម្រិតខ្ពស់ចំនួនជាង ១០ គីឡូក្រាម ពីប្រទេសវៀតណាម នោះបានបញ្ចប់ទៅហើយ ។
ប្រទេសវៀតណាម គឺជាប្រទេស ចុងក្រោយគេ នៅក្នុងតំបន់ដែល ទីភ្នាក់ងារ បរមាណូអន្ដរជាតិ បានប្រកាសថាជាប្រទេស ដែល គ្មានធាតុអ៊ុយរ៉ានីញ៉ូម ។
តាំងពីឆ្នាំ១៩៨៣ ម៉ាស៊ីនរ៉េអាក់ទ័រ នុយក្លេអ៊ែរ នៅមជ្ឈមណ្ឌល ស្រាវជ្រាវដាឡាត់របស់វៀតណាម បានដំណើរការដោយសារឥន្ធនៈនុយក្លេអ៊ែរដែលផ្គត់ផ្គង់ដោយអតីតសហភាពសូវៀត ។
ប៉ុន្ដែយ៉ាងណាក៏ដោយ អ្នកស្រី Sarah Dickerson ពីរដ្ឋបាលសន្ដិសុខជាតិនុយក្លេអ៊ែរនៅសហរដ្ឋអាម៉េរិកនិយាយថា កិច្ចព្រមព្រៀងមួយរវាងអាម៉េរិក និងរុស្ស៊ី បានបើកផ្លូវឲ្យមានការដកចេញនូវធាតុអ៊ុយរ៉ានីញ៉ូមដែលគេបានចំរាញ់កម្រិតខ្ពស់ពីប្រទេសវៀតណាម ទោះបីជាការប្រើប្រាស់ធាតុនេះមានសុវត្ថិភាពក៏ដោយ ។
ធាតុអ៊ុយរ៉ានីញ៉ូមដែលគេបានចម្រាញ់កម្រិតខ្ពស់ កំពុងត្រូវគេបញ្ជូនទៅទុកនៅកន្លែងមានសុវត្ថិភាពមួយនៅប្រទេសរុស្ស៊ី ជាទីដែលគេនឹងបម្លែងធាតុនោះឲ្យក្លាយទៅជាអ៊ុយរ៉ានីញ៉ូមដែលមានកម្រិតទាប ៕