អតីតប្រធានធនាគារឯកជនពីរនាក់ នៅវៀតណាម ត្រូវបានអាជ្ញាធរចាប់ឃាត់ខ្លួន បន្ទាប់ពីមានដីកាចាប់ខ្លួន ទាក់ទិន នឹងសំណុំរឿងបង្វិលប្រាក់ខុសច្បាប់ នៅក្នុងធនាគារ ។ នៅមានមនុស្ស ១២ នាក់ផ្សេងទៀត ដែលជាប់ពាក់ព័ន្ធ នឹងរឿងអាស្រូវនេះ ហើយដែលត្រូវបានអាជ្ញាធរវៀតណាម កំពុងតាមចាប់ខ្លួន ។ វិស័យធនាគារវៀតណាម មិនថារដ្ឋ ឬឯកជន ត្រូវបានគេមើលឃើញថា ពោរពេញទៅដោយ សកម្មភាពមិនប្រក្រតី ដែលបានបង្ករឲ្យមានការខាតបង់ប្រាក់ របស់អតិថិជនរាប់រយលានដុល្លារ ។

ក្រសួងមហាផ្ទៃវៀតណាម បានចេញផ្សាយ នៅលើគេហទំព័ររបស់ខ្លួន នូវដីកាចាប់ឃាត់ខ្លួន ដែលក្នុងនោះមានឈ្មោះមនុស្ស ១៤ នាក់ ស្តីពីបទល្មើសធនាគារដ៏ធ្ងន់ធ្ងរ ។ គិតមកត្រឹម ល្ងាចថ្ងៃអង្គារ ទី ១ សីហា ម្សិលមិញនេះ មនុស្សពីរនាក់ត្រូវបានគេចាប់ខ្លួនបានហើយ ដែលជាអតីតប្រធានធនាគាឯកជនវៀតណាមមួយឈ្មោះ Sacombank ។ មនុស្សទីមួយឈ្មោះ ផាន់ ហ្វីខាង ជាអតីតអគ្គនាយកធនាគារនេះ ចាប់ពីឆ្នាំ ២០១២ មុន នឹងត្រូវគេបណ្តេញចេញ កាលពីខែកក្កដា កន្លងទៅ ។ ឯមនុស្សទីពីរឈ្មោះ ត្រាំ បេ អតីតអនុប្រធាន ហើយក៏ជាមនុស្សក្នុងត្រកូលអ្នកមានជាងគេបំផុតនៅវៀតណាម ដែលមានជំនួញអចលនទ្រព្យ និងគ្រឿងអលង្ការ ។
សូមរំលឹកថា នេះគឺជារឿងរ៉ាវបន្ត នៃរឿងអាស្រូវធនាគារ ដែលបានកើតឡើង កាលពីខែកញ្ញាឆ្នាំ ២០១៦ ដែលបានធ្វើឲ្យ បុគ្គលិកធនាគារ Vietnam Construction Bank ចំនួន ៣៦ នាក់ ជាប់ទោស ដែលករណីខ្លះ មានទៅដល់ជាប់គុក ៣០ ឆ្នាំ ។ បុគ្គលិកធនាគារទាំងនោះ បានប្រើវិធីបង្វិលប្រាក់ ចេញពីគណនីរបស់អតិថិជនខ្លួន យកទៅបង្កើតជាកញ្ចប់ប្រាក់ ដើម្បីទទួលបាននូវកំចីឲ្យទៅក្រុមហ៊ុនផ្សេងៗ ។ សកម្មភាពបង្វិលប្រាក់ខុសច្បាប់នេះ បានបង្ករឲ្យខាតបង់ប្រាក់ ប្រមាណ ៥៦០ លានអឺរ៉ូ ។

ករណីមួយទៀត កាលពីខែកក្កដា ឆ្នាំ ២០១៥ អតីប្រធានក្រុមហ៊ុនប្រេងរបស់រដ្ឋវៀតណាម Petro Vietnam ឈ្មោះ ង្វៀន ស្វឹងស៊ឺន ត្រូវបានគេចាប់ឃាត់ខ្លួន បន្ទាប់ពីក្រុមហ៊ុននេះ បានខាតបង់ប្រាក់ប្រមាណ ៣៨ លានដុល្លារ នៅក្នុងធនាគារ Ocean Bank ។ ប្រធានធនាគារនេះ ដែលជាមហាសេដ្ឋីមួយរូបដែរនៅវៀតណាម ក៏ត្រូវបានគេចាប់ឃាត់ខ្លួនផងដែរ ។
សូមបញ្ជាក់ថា ១០ ឆ្នាំចុងក្រោយនេះ កំណើនសេដ្ឋកិច្ចវៀតណាម បានកើនឡើងល្អជាងគេនៅអាស៊ីអាគ្នេយ៍ ។ ក៏ប៉ុន្តែវិស័យធនាគារវៀតណាម នៅមិនទាន់ធ្វើឲ្យគេទុកចិត្តបានទេ ដោយសារតែគ្មានតម្លាភាព និងក្រិត្យក្រមត្រឹមត្រូវ ។ ចាប់ពីឆ្នាំ ២០១១ មក រដ្ឋាភិបាលកុម្មុយនីស្តិវៀតណាម បានប្តេជ្ញាធ្វើកំណែទម្រង់វិស័យធនាគារ ដោយបានខិតខំផ្សាយពាណិជ្ជកម្ម បង្អួតពីការតាមចាប់បកមុខ បុគ្គលិកធនាគារ ឬអ្នកមានៗ ដែលរកស៊ីឃុបឃិតខុសច្បាប់ ក្នុងប្រព័ន្ធធានាគារជាដើម ។ តែយ៉ាងណា លទ្ធផលជាក់ស្តែង នៃការធ្វើកំណែទម្រង់ស៊ីជម្រៅ នៅមិនទាន់ឆ្លើយតប ទៅតាមការចង់បានទេ ៕ ប្រភពព័ត៌មាន៖ RFI