វៀតណាម​ចេញ​ច្បាប់​គ្រប់គ្រង​សេ​វ៉ា​កម្ម​ឥតគិតថ្លៃ​លើ​អិន​ធើ​ណិ​ត​

ដោយ ថាច់ ប្រីជា គឿន​- សារព័ត៌មាន ព្រៃនគរ​

​រដ្ឋាភិបាល​វៀតណាម មាន​គោលនយោបាយ​គ្រប់គ្រង​សេ​វ៉ា​ព័ត៌មាន​ទាក់ទង​ដែល​មិន​គិតថ្លៃ​នៅលើ​ប្រព័ន្ធ អិន​ធើ​ណិ​ត ដូចជា Viber, Line និង Whatsapp ។​ ការ​ស្រង់​សម្ដី​របស់​នាយករដ្ឋមន្ត្រី​វៀតណាម ដែល​បាន​ចុះផ្សាយ​នៅលើ​ទំព័រ​កាសែត​រដ្ឋ​ក្នុងស្រុក ទី​ភ្នា​ក់ ងារ​ព័ត៌មាន Reuters ដែល​បានចេញ​ផ្សាយ​កាលពី​ថ្ងៃទី ២១ ខែសីហា ថា ទង្វើ​នេះ អាច​បង្កើន​ការ​ព្រួយ បារម្ភ​ដល់​ការត្រួតពិនិត្យ​ព័ត៌មាន​របស់​បក្សកុម្មុយនិស្ត​នៅ​វៀតណាម ។

នគរបាលវៀតណាមហាមអ្នកកាសែតថតរូបពលរដ្ឋធ្វើបាតុកម្ម ។
នគរបាលវៀតណាមហាមអ្នកកាសែតថតរូបពលរដ្ឋធ្វើបាតុកម្ម ។

​កាសែត​រដ្ឋ​នៃ​រដ្ឋាភិបាល​បក្សកុម្មុយនិស្ត​វៀតណាម​បាន​ផ្សាយ​ថា រដ្ឋាភិបាល​អាច​ចេញ “​បំរាម​” រាល់​សេ​វ៉ា កម្ម​ផ្ញើ​សារ​មិន​គិតថ្លៃ នៅលើ​ប្រព័ន្ធ​អិន​ធើ​ណិ​ត ព្រោះ​ជាការ​ខាតបង់​ដល់​ក្រុម​អ្នកផ្ដល់​សេ​វ៉ា​អិន​ធើ​ណិ​ត ។​
​អ្នក​ប្រើ​អិន​ធើ​ណិ​តម្នាក់​នៅ​វៀតណាម អ្នកសរសេរ​ប្លក់ ម៉ា​យ ស្វឹ​ង យ៉ុង (Mai Xuân Dũng) បាន​ប្រតិ កម្ម​នឹង​ដំណឹង​នេះ​ថា​៖ “​មិន​ងាយ​ទេ ។ ការផ្ញើ​សារ ឬ ទូរស័ព្ទ​តាម​អិន​ធើ​ណិ​ត មិន​ងាយ​ត្រួតពិនិត្យ        បានទេ ។ កិច្ចការ​នេះ មិន​ងាយស្រួល​ទេ  និង​មិន​ងាយ​អនុវត្ត​បានឡើយ ” ។​

​ប្រព័ន្ធ​ផ្សា​ព្វ​ផ្សាយ​ក្នុងស្រុក បាន​ស្រង់​សម្ដី​តំណាង​ក្រុមហ៊ុន Viettel ដែលជា​ក្រុមហ៊ុន​ផ្ដល់​សេ​វ៉ា​ទូរស័ព្ទ ធំ​បំផុត​នៅ​វៀតណាម​ថា ក្រុមហ៊ុន​នេះ​នឹង​បាត់បង់​ចំនួន​ពាក់កណ្ដាល​នៃ​អតិថិជន ប្រសិនបើ​មនុស្ស​ចំនួន ៤០ លាន​នាក់​របស់ខ្លួន ងាក​ទៅប្រើ​សេ​វ៉ា Viber ដោយ​ឥតគិតថ្លៃ នៅលើ​ប្រពន្ធ​អិន​ធើ​ណិ​ត​ជំនួស​ឲ្យ​ការហៅ​ទូរស័ព្ទ​តាមរបៀប​ដើម ។

វៀតណាម​ពីមួយថ្ងៃ​ទៅមួយថ្ងៃ ត្រូវបាន​គេ​រិះគន់​អំពី​បញ្ហា​រឹតត្បិត​សិទ្ធិសេរីភាព​បញ្ចេញមតិ និង​ការបង្ក្រាប ទៅលើ​ក្រុម​អ្នកសរសេរ​ប្លក់​ដែល​ហ៊ាន​រិះគន់​រដ្ឋាភិបាល​បក្ស​ក​ម្មុយ​និ​ស្ត ។​

​យោង​យាម​សេចក្ដីសម្រេច​លេខ ៧២ ស្ដីពី​ការគ្រប់គ្រង​អិន​ធើ​ណិ​ត នឹងមាន​ប្រសិទ្ធិភាព​ចាប់ពី​ខែកញ្ញា ឆ្នាំ ២០១៣ នេះ​ទៅ ។ សេចក្ដីសម្រេច​នេះ ហាម​ក្រុម​អ្នកសរសេរ​ប្លក់ និង​អ្នក​ប្រើ​បណ្ដាញ​សង្គម​នៅ​វៀត ណា​ម​ចែករំលែក ឬ ផ្សព្វផ្សាយ​ព័ត៌មាន​ពី​កាសែត និង​គេហទំព័រ​របស់​រដ្ឋាភិបាល ។ ក្នុងនោះ Facebook និង Twitter មាន​សិទ្ធិ​ត្រឹមតែ​ចែករំលែក និង​ជជែក​កម្សាន្ត​អំពី​ព័ត៌មាន​ផ្ទាល់ខ្លួន​តែប៉ុណ្ណោះ ។

​ក្រុម​សមត្ថកិច្ច​យួន​បាន​និយាយថា សេចក្ដីសម្រេច​លេខ ៧២ ធ្វើឡើង​ដើម្បី​ធ្វើ​ឲ្យ​មាន ការរីកចម្រើន​ខាង វិស័យ​អិន​ធើ​ណិ​ត​នៅ​វៀតណាម ពីព្រោះ វា​បានការ​ពារ​ដល់​កម្មសិទ្ធិ​បញ្ញា ។​

ផ្ទុយ​ពីនេះ ក្រុម​អ្នកការពារ​សិទ្ធិមនុស្ស និង​ក្រុម​អ្នក​ប្រើ​បណ្ដាញ​អិន​ធើ​ណិ​ត បាន​រិះគន់​សេចក្ដីសម្រេច​នេះ ថា ជាការ​ខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​វៀត​ណា​ម ដើម្បី​តម្រង់​ដល់​ការ​រឹតបន្តឹង និង​គាបសង្កត់​សេរីភាព ព័ត៌មាន​នៅលើ​អិន​ធើ​ណិ​ត របស់​ប្រជាពលរដ្ឋ ៕​