សហព័ន្ធខ្មែរកម្ពុជាក្រោម កាលពីថ្ងៃទី ៤ ខែតុលា ឆ្នាំ ២០២១ បានចោទសួររដ្ឋាភិបាលវៀតណាម ជុំវិញការឆ្លើយតប ចំពោះអង្គការសហប្រជាជាតិ ករណីធ្វើទុក្ខបុកម្នេញយុវជនខ្មែរក្រោម យឿង ខាយ ។ សហព័ន្ធខ្មែរកម្ពុជាក្រោម លើកឡើងថា ប្រសិនបើនៅក្នុងប្រទេសវៀតណាម គ្មានជនជាតិដើមនោះទេ ហេតុអ្វីវៀតណាមបញ្ជូនតំណាងរបស់ខ្លួនចូលរួមវេទិកាអចិន្រ្តៃយ៍ អង្គការសហប្រជាជាតិស្តីពីសិទ្ធិជនជាតិដើម (UNPFII) ជារៀងរាល់ឆ្នាំ តាំងពីសហព័ន្ធខ្មែរ កម្ពុជាក្រោមចូលរួម UNPFII តាំងពីឆ្នាំ ២០០៤ នោះមក ? ។ លើសពីនេះ វៀតណាម ថែមទាំងបោះឆ្នោតគាំទ្រអនុវត្តសេចក្តីប្រកាសអង្គការសហប្រជាជាតិ ស្តីពីសិទ្ធិជនជាតិដើមទៀត ប៉ុន្តែ បែរជាបដិសេធថា គ្មានជនជាតិដើម នៅក្នុងប្រទេសវៀតណាម ទៅវិញ ។
ខាងក្រោមនេះ ជាអត្ថបទបកប្រែទាំងស្រុង ពីសេចក្តីប្រតិកម្មរបស់ សហព័ន្ធខ្មែរកម្ពុជាក្រោម (KKF) ដោយលោក ទៀ ថេន ទីប្រឹក្សាសហព័ន្ធខ្មែរកម្ពុជាក្រោម ៖
នៅថ្ងៃទី ១៩ ខែមេសា ឆ្នាំ ២០២១ សហព័ន្ធខ្មែរកម្ពុជាក្រោម (KKF) បានចេញរបាយការណ៍លម្អិត អំពីការចាប់ខ្លួនយុវជនខ្មែរក្រោម ម្នាក់ឈ្មោះ យឿង ខាយ ដោយរដ្ឋាភិបាលវៀតណាម ដោយយុវជននោះ គ្រាន់តែបានទទួល និងចែកចាយនូវសេចក្តីប្រកាសរបស់ អ.ស.ប ស្តីពីសិទ្ធិជនជាតិដើម (UN DRIP) ។
នៅខែមិថុនា ឆ្នាំ ២០២១ អ្នករាយការណ៍ពិសេសរបស់ អ.ស.ប ៤ រូប (Fernand de Varennes, Special Rapporteur on minority issues – ហ្វឺណាន់ ដឹ វ៉ារ៉េនណែស អ្នករាយការណ៍ពិសេស អំពីបញ្ហាជនជាតិភាគតិច; Irene Khan, Special Rapporteur on the promotion and protection of the right to freedom of opinion and expression - អាយរីន ខាន់ អ្នករាយការណ៍ពិសេស អំពីការលើកកម្ពស់ និងការពារសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ និងផ្តល់យោបល់; Mary Lawlor, Special Rapporteur on the situation of human rights defenders – ម៉ារី ល័រឡឺរ អ្នករាយការណ៍ពិសេស អំពីស្ថានភាពអ្នកការពារសិទ្ធិមនុស្ស; José Francisco Cali Tzay, Special Rappor- teur on the rights of indigenous peoples – ហូហ្សេ ហ្រ្វង់ស៊ីសស្កូ កាលី ហ្សៃយ៍ អ្នករាយការណ៍ពីសេសអំពី សិទ្ធិជនជាតិដើម) បានសរសេរលិខិតរួមគ្នាមួយ ចោទប្រកាន់រដ្ឋាភិបាលវៀតណាម ទាក់ទងនឹងការចាប់ខ្លួនលោក យឿង ខាយ ។
នៅថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ ២០២១ ជាលើកដំបូងមិនធ្លាប់មាន រដ្ឋវៀតណាម បានឆ្លើយតបទៅនឹងអ្នករាយការណ៍ពិសេសរបស់ អ.ស.ប ។ កន្លងមក អស់ពេលមួយទសវត្សរ៍ហើយ ដែលវៀតណាមមិនបានអើពើព្រួយបារម្ភ ចំពោះការលើកឡើងណាមួយរបស់ស្ថាប័ននីតិវិធីពិសេសនៃក្រុមប្រឹក្សាសិទ្ធិមនុស្សឡើយ ។ នៅទីបំផុត រដ្ឋវៀតណាម បានទទួលសារភាពថា បានចាប់ខ្លួនលោក យឿង ខាយ ដោយគ្រាន់តែចែករំលែកសេចក្តីប្រកាសរបស់ អ.ស.ប ដែលខ្លួនបានចូលរួមអនុម័តហើយ ។ ពាក្យឆ្លើយដោះសារខ្វះការពិតទាំងអស់ ដែលរដ្ឋវៀតណាម បានប្រើនៅក្នុងលិខិតឆ្លើយតប គឺជាប្រការគួរឲ្យព្រួយបារម្ភ ។ ជាបឋមរដ្ឋវៀតណាម បានដោះសារថា «សញ្ញាណនៃ ក្រុមប្រជាសាសន៍ជនជាតិដើម និងសិទ្ធិរបស់ជនជាតិដើម មិនមានទេ ហើយក៏មិនស្របជាមួយនឹងលក្ខណៈរបស់ក្រុមប្រជាសាសន៍ទាំងឡាយនៃវៀតណាមដែរ ។ រដ្ឋវៀតណាម កំពុងបដិសេធនូវអត្ថិភាពនៃជនជាតិដើមរាប់លាននាក់ នៅក្នុងប្រទេសវៀតណាម ។ មានភ័ស្តុតាងជាច្រើនដែលថា វៀតណាម យល់ដឹងអំពីសិទ្ធិជនជាតិដើម នៅក្នុងច្បាប់អន្តរជាតិ តាមរយៈកិច្ចប្រជុំប្រចាំឆ្នាំរបស់ អ.ស.ប ក៏ដូចជា ការអនុម័តនូវសេចក្តីប្រកាសជាសកលជាដើម ។
ឧបមាថា គ្មានជនជាតិដើម នៅវៀតណាមទេ ។ ហេតុអ្វី បានជាវៀតណាម បញ្ជូនអ្នកតំណាងទៅចូលរួមវេទិកាអចិន្ត្រៃយ៍ អ.ស.ប ស្តីពីសិទ្ធិជនជាតិដើម (UNPFII) ជារៀងរាល់ឆ្នាំ ចាប់តាំងពីសហព័ន្ធខ្មែរកម្ពុជាក្រោម (KKF) បានចូលរួមនៅក្នុងវេទិកា (UN PFII) កាលពីឆ្នាំ ២០០៤ មកម៉្លេះ? ប្រទេសវៀតណាម បានចុះហត្ថលេខា ដើម្បីអនុម័តនូវសេចក្តីប្រកាសរបស់ អ.ស.ប ស្តីពីសិទ្ធិជនជាតិដើមឆ្នាំ ២០០៧ ហើយបន្តបដិសេធពីអត្ថិភាពនៃជនជាតិដើម នៅក្នុងព្រំដែនរបស់ខ្លួនមកទល់សព្វថ្ងៃ ។ វៀតណាម ត្រូវគោរពសិទ្ធិកំណត់អត្តសញ្ញាណខ្លួនឯងរបស់ជនជាតិដើម នៅវៀតណាម ។ តើវៀតណាម មានបានសួរយោបល់ពីជនជាតិដើម ដើម្បីសុំការយល់ព្រមឬ ទេ ក្នុងពេលបំពាក់ស្លាកឲ្យជនជាតិដើមថាជា «ជនជាតិភាគតិច» នោះ ? ។
នៅក្នុងកថាខ័ណ្ឌទី ៣ នៃការឆ្លើយតបវៀតណាម បានលើកឡើងថា «ការឃោសនា អំពីឧបករណ៍ និងអនុសញ្ញាទាំងឡាយ ស្តីពីសិទ្ធិមនុស្សមិនមានការហាមឃាត់ឡើយ នៅក្នុងប្រទេសវៀតណាម» ។ ទីមួយ សិទ្ធិមនុស្ស និងអនុសញ្ញាទាំងអស់របស់ អ.ស.ប មិនមែនជាការឃោសនាទេ ប៉ុន្តែ គឺបង្កើតមូលដ្ឋាននៃបទបញ្ជាផ្ទៃក្នុងនៃច្បាប់ ។ បន្ទាប់មកវៀតណាម បានការលើកឡើង ពីគំនិតផ្ទុយគ្នាគឺ «ច្បាប់វៀតណាម ហាមឃាត់ដាច់ខាតការរំលោភបំពានលើការឃោសនាអំពី ឧបករណ៍ និងអនុសញ្ញានានា ស្តីពីសិទ្ធិមនុស្ស ដើម្បីបង្ខូចសណ្តាប់ធ្នាប់ និងផ្សព្វផ្សាយព័ត៌មានមិនពិតអំពីគោលនយោបាយ លើកកម្ពស់ និងការពារសិទ្ធិមនុស្សរបស់វៀតណាម ដើម្បីបែងចែកបំបែកបំបាក់បំផ្លាញឯកភាពជាតិ» ។ ប្រសិនបើឯកសារនៃអនុសញ្ញាទាំងឡាយរបស់ អ.ស.ប អាចត្រូវបានគេប្រើប្រាស់ ដើម្បី «បំផ្លាញឯកភាពជាតិ» មែននោះ តើរដ្ឋាភិបាលវៀតណាម និយាយក្នុងន័យថា ឯកសារទាំងឡាយ អនុសញ្ញាទាំងឡាយរបស់ អ.ស.ប មិនល្អត្រឹមត្រូវក្នុងការចែកផ្សាយ នៅប្រទេសវៀតណាមទេ ឬយ៉ាងណា ? ។
រដ្ឋាភិបាលវៀតណាម នៅតែប្រើយុទ្ធសាស្ត្រ ដើម្បីចោទជនជាតិដើម នៅវៀតណាម ថា បានតស៊ូមតិបង្កើតរដ្ឋរបស់ខ្លួន នេះគឺជាការបើកផ្លូវឲ្យវៀតណាម អាចប្រើជាហេតុផលផ្លូវច្បាប់ ដើម្បីចាប់ខ្លួនជនជាតិដើម ។ ជនជាតិដើមតែងតែប្រាថ្នាចង់ប្រើសិទ្ធិរបស់ពួកគេ ដែលមានចែងនៅក្នុងសេចក្តីប្រកាសរបស់ អ.ស.ប ស្តីពីសិទ្ធិជនជាតិដើម ដោយវិធីព្យាយាមប្រើសិទ្ធិយ៉ាងសាមញ្ញបំផុតមួយ ក្នុងការចែករំរំលែកព័ត៌មាន ។ ជាអកុសល យុវជនខ្មែរក្រោម ម្នាក់ឈ្មោះ យឿង ខាយ ត្រូវបានចាប់ខ្លួន ។ ក៏ជារឿងដ៏គួរឲ្យភ្ញាក់ផ្អើល ដែលរដ្ឋវៀតណាម បានប្រើយុទ្ធសាស្ត្រដូចគ្នា ដើម្បីពន្យល់ដល់អ្នករាយការណ៍ពិសេស ថា យឿង ខាយ បានចែករំលែកឯកសារដែលមាន «ការឃោសនា ដើម្បីបង្កើតរដ្ឋខ្មែរកម្ពុជាក្រោម នៅលើទឹកដីរបស់វៀតណាម» ។ ប្រសិនបើរឿងនេះ ជាការពិតមែននោះ លោក យឿង ខាយ ត្រូវបានចាប់ខ្លួនដាក់ពន្ធនាគាររួចទៅហើយ ពីព្រោះនោះ គឺជាការរំលោភទៅលើមាត្រាទី ៨៨ នៃក្រមព្រហ្មទណ្ឌ ដែលហាមឃាត់ការ «ឃោសនាប្រឆាំងនឹងសាធារណរដ្ឋសង្គមនិយមវៀតណាម» ។ ដូចដែលគេបានដឹងមកហើយថា រដ្ឋវៀតណាម បានប្រើប្រាស់មាត្រាទី ៨៨ នេះ ដើម្បីចាប់សកម្មជននានាដាក់គុក ។
ក្នុងនាមជាជនជាតិដើមនៃដែនដីសណ្តទន្លេមេគង្គ ខ្មែរក្រោម ត្រូវមានសិទ្ធិទទួលបាននូវសិទ្ធិក្នុងការសម្រេចចិត្តដោយខ្លួនឯង ដូចមានចែងនៅក្នុងច្បាប់សិទ្ធិមនុស្ស អន្តរជាតិជាច្រើន ដែលរដ្ឋវៀតណាម បានស្ម័គ្រចិត្តចុះហត្ថលេខា ផ្តល់សច្ចាប័នជាមួយ អ.ស.ប, ជាពិសេស គឺនៅក្នុងមាត្រាទី ៣ នៃសេចក្តីប្រកាសរបស់ អ.ស.ប ស្តីពីសិទ្ធិជនជាតិដើម ។ ដូច្នេះ ប្រសិនបើខ្មែរក្រោម អនុវត្តនូវសិទ្ធិណាមួយ ដែលមានចែងនៅក្នុងមាត្រាទាំង ៤៦ នៃសេចក្តីប្រកាសរបស់ អ.ស.ប ស្តីពីសិទ្ធិជនជាតិដើម (UN DRIP) នោះ រដ្ឋវៀតណាមគួរគប្បីគាំទ្រច្បាប់ផ្ទៃក្នុង និងមិនបន្តរំលោភសិទ្ធិជនជាតិដើមឡើយ ។ លើសពីនេះទៀត ប្រសិនបើខ្មែរក្រោម នៅវៀតណាម ទាមទារសិទ្ធិក្នុងការ «សម្រេចវាសនាដោយខ្លួនឯង » នោះ ក៏គឺជាការទាមទារមួយដោយស្របច្បាប់ មិនមែនជាការឃោសនា បកស្រាយណាមួយឲ្យខុស អំពីខ្លឹមសារ និងស្មារតី នៃសេចក្តីប្រកាសនោះឡើយ ។
នៅក្នុងកថាខណ័្ឌទី ៦ រដ្ឋវៀតណាមបានផ្តល់ភ័ស្តុតាង មិនពិតថា «អាជ្ញាធរមានសមត្ថកិច្ច បានអញ្ជើញ យឿង ខាយ មកកាន់ប៉ុស្តិ៍ប៉ូលីស ដើម្បីបំភ្លឺ (លិខិតអញ្ជើញបានផ្ញើទៅជូន យឿង ខាយ)» ។ ដោយពិត គឺរដ្ឋការបានបំភិតបំភ័យចាប់ខ្លួន និងអូសយុវជនម្នាក់នោះ នាំទៅកាន់ប៉ុស្តិ៍ប៉ូលីសដោយមិនមានហេតុផលត្រឹមត្រូវឡើយ ។ ប៉ូលីសវៀតណាម ប្រមាណ ១០០ នាក់ បានឆ្មក់ចូលផ្ទះរបស់ យឿង ខាយ នៅពេលប្រហែល ម៉ោង ៤ រសៀល ថ្ងៃទី ១៣ ខែមេសា ដោយគ្មានដីកាឆែកឆេរ ។ គ្មានលិខិតអញ្ជើញណាមួយ បានផ្ញើទៅជូន យឿង ខាយ ទេ ។ យឿង ខាយ បានបដិសេធមិនព្រមសហការ ពីព្រោះប៉ូលីសមិនមានដីកាឆែកឆេរ និងឆ្មក់ចូលផ្ទះរបស់គាត់ដោយខុសច្បាប់ ។ អស់រយៈពេល៦ ម៉ោង ក្រុមប៉ូលីសបន្តស្ថិតនៅក្នុងផ្ទះឯកជន (របស់លោក យឿង ខាយ) បានរំអុកយាយី រំខាន ដល់គ្រួសាររបស់គាត់ ។ ប៉ុណ្ណឹងហើយមិនទាន់ចប់ទៀត កាន់តែអាក្រក់ជាងនេះទៀត គឺ យឿង ខាយ ត្រូវបានគេចាប់ឃុំខ្លួនដោយខុសច្បាប់នៅក្នុងប៉ុស្តិ៍ប៉ូលីស រហូតដល់ពេលថ្ងៃត្រង់ នៃថ្ងៃបន្ទាប់ ។
នៅឯប៉ុស្តិ៍ប៉ូលីស យឿង ខាយ បានប្រឈមនឹងការធ្វើទារុណកម្មផ្នែកស្មារតី ដោយសារគាត់ត្រូវប៉ូលីសចំនួន ៥ នាក់សួរចំឡើយជាប់រហូតក្នុងរយៈពេលជាង ១២ ម៉ោង ។ តាមលោក យឿង ខាយ ឲ្យដឹងថា នៅពេលដែលប៉ូលីសសាកសួរគាត់ប៉ូលីស បានថតវីដេអូក្នុងការសន្ទនានេះ ។ នៅពេលប៉ូលីសសម្លុតបំភ័យគំរាមថា នឹងវាយដំគាត់ ដើម្បីឲ្យសារភាពនោះ ប៉ូលីសបានបិទម៉ាស៊ីនបញ្ឈប់ការថតវីដេអូភ្លាមដែរ ដោយការប្រើវិធីសាស្ត្របែបនោះ រដ្ឋវៀតណាម អាចឆ្លើយតបយ៉ាងស្រួលថា «ប៉ូលីសមិនបាន គំរាមកំហែងប្រើកម្លាំងបាយធ្វើបាប យឿង ខាយ ទេ » ។ ប្រការនេះ បង្ហាញឲ្យឃើញ ថា រដ្ឋវៀតណាម បានរំលោភបំបានលើកតិកាសញ្ញាអន្តរជាតិ ស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិធ្វើនយោបាយ ។
រដ្ឋវៀតណាម បានប្រើពាក្យអះអាងថា យឿង ខាយ «មិនបានបញ្ជាក់ពីភាពស្របច្បាប់នៃការបោះពុម្ព និងការបោះពុម្ពផ្សាយ» នូវសេចក្តីប្រកាសរបស់ អ.ស.ប ស្តីពីសិទ្ធិជនជាតិដើម ហើយបានចាត់បញ្ចូលគាត់ទៅក្នុងទោសរំលោភបទប្បញត្តិច្បាប់របស់វៀតណាម ក្នុងវិស័យសារព័ត៌មាន និងការបោះពុម្ពផ្សាយ ។ នៅវៀតណាមសារព័ត៌មាន និងការបោះពុម្ព ត្រូវបានគ្រប់គ្រងដោយរដ្ឋាភិបាល ។ វៀតណាម គួរគប្បីកោតសរសើរនូវអ្វីដែល យឿង ខាយ បានធ្វើ ពីព្រោះគាត់គ្រាន់តែបោះពុម្ពសេចក្តីប្រកាសរបស់ អ.ស.ប ដើម្បីរួមចំណែកឲ្យជនជាតិដើមបានរៀនសូត្រ ។ សកម្មភាពនោះ សមតែត្រូវបានផ្តល់អំណាច ហើយមិនអាចត្រូវបានចាត់ទុកថាជាទោសឧក្រិដ្ឋឡើយ ។ ការបោះពុម្ពសេចប្រកាសរបស់ អ.ស.ប ស្តីពីសិទ្ធិជនជាតិដើម សម្រាប់ជនជាតិដើមបានស្វែងយល់ អំពីសិទ្ធិរបស់ពួកគេនៅវៀតណាម គួរតែជាការទទួលខុសត្រូវរបស់រដ្ឋាភិបាលវៀតណាម ។
ការឆ្លើយតបរបស់វៀតណាម គឺជាភ័ស្តុតាងជាក់ស្តែង ដែលបង្ហាញថា គ្មានសេរីភាពសារព័ត៌មាន និងការបញ្ចេញមតិទេ នៅក្នុងប្រទេសនេះ ។ ជាពិសេស គឺសិទ្ធិក្នុងការកំណត់អត្តសញ្ញាណខ្លួនឯង ឋានៈជាជនជាតិដើម មិនត្រូវបានគេគោរពឡើយ ហើយនៅត្រូវទទួលរងនូវអំពើឃោរឃៅពីប៉ូលីសមកលើជនស្លូតត្រង់ គ្មានកំហុសថែមទៀត ។ ឧប្បត្តិហេតុនេះ បានបង្ហាញប្រាប់ថា សិទ្ធិជាច្រើនត្រូវបានបដិសេធ ជារៀងរាល់ថ្ងៃនៅក្នុងប្រទេសវៀតណាម ។ ដល់ពេលវេលា ដែលសហគមន៍អន្តរជាតិ ត្រូវគិតគូរឡើងវិញ អំពីការធ្វើពាណិជ្ជកម្មជាមួយវៀតណាម ដែលជាប្រទេសមួយមិនគោរពសិទ្ធិជាមូលដ្ឋាន ដែលបានចែងនៅក្នុងសេចក្តីប្រកាស និងសេចក្តីព្រមព្រៀងទាំងឡាយ ដែលរដ្ឋវៀតណាម បានយល់ព្រមអនុម័តចុះហត្ថលេខា និងផ្តល់សច្ចាប័ន ជាមួយ អ.ស.ប ៕